27 C
Phnom Penh

គម្រោង​​​​​​ផ្ដល់សៀវភៅ​​​សិក្សា​​​ដែលឧបត្ថម្ភ​​​ដោយ​​​ធនាគារ ADB ពោរពេញ​​​ដោយ​​​អំពើ​​​ពុក​​​រលួយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ក្នុង​​​វិស័យ​​​អប់​​​រំ​​​បាន​​​ធ្វើ​​​បទ​​​បង្ហាញ​​​​​​ពី​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​​​​សិក្សា​​​ស្រាវជ្រាវ​​​​​​របស់​​​ខ្លួន​​​​​​អំពី​​​ការ​​​​​​ចែក​​​ចាយ​​​សៀវភៅ​​​សិក្សា​​​ផ្ទុយ​​​គោល​​​ដៅ​​​សម្រាប់​​​សិស្ស​​​កម្រិត​​​ទុតិយភូមិ​​​​​​​​​ក្រោម​​​​​​គម្រោង​​​​​​មួយ​​​ដែល​​​ទទួល​​​បាន​​​មូលនិធិ​​​ពី​​​ធនា​​​គារ​​​អភិ​​​វឌ្ឍ​​​អាសីុ​​​ ហៅ​​​កាត់​​​ថា ADB។  

វិទ្យាស្ថាន​​​​​​ខ្មែរ​​​​​​សម្រាប់​​​អភិវឌ្ឍ​​​ជាតិ​ ហៅ​​​កាត់​​​ថា KIND ​​និង​​​សម្ព័ន្ធ​​​គណនេយ្យ​​​ភាព​​​សង្គម​​​​​​ អាសីុបូពា៌ និង​​​ប៉ាសីុហ្វិក​ ហៅ​​​កាត់​​​ថា  ANSA-EAP ​បាន​​​ឲ្យ​​​ដឹង​​​ថា ​លទ្ធផល​​​​​​នៃ​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​ដែល​​​ធ្វើ​​​ឡើង​​​​​​នៅ​​​​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​​​​និង​​​ខេត្ត​​​ចំនួន​​​​​​បី ​​​​​​បង្ហាញ​​​ថា សៀវភៅ​​​សិក្សា​​​គោល​​​​​​ក្រោម​​​ការ​​​​​​ឧបត្ថម្ភ​​​របស់​​​ធនាគារ​​​អភិវឌ្ឍ​​​អាសីុ​​​ត្រូវ​​​បាន​​​បន្លំ​​​យក​​​​​​និង​​​លក់​​​នៅ​​​តាម​​​ទីផ្សារ​​​។

អង្គការ​​​ KIND និង​​​ ANSA-EAP បាន​​​លើក​​​​​​ឡើងនៅ​​​​​​​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ថា “សៀវភៅ​​​សិក្សា​​​គោល​​​ជាច្រើន​​​​​​ជា​​​កម្មសិទ្ធិ​​​របស់​​​រដ្ឋ​​​​​​ត្រូវ​​​បាន​​​លក់​​​ដោយ​​​ខុស​​​ច្បាប់​​​​​​ទៅ​​​ឲ្យ​​​អាជីវករ​​​សម្រាប់​​​ការ​​​លក់​​​ដូរ​​​នៅ​​​តាម​​​ទី​​​ផ្សារ​​​នានា​​​ក្នុង​​​រាជធានីភ្នំពេញ​​​​​​និង​​​បណ្ដា​​​ខេត្ត​​​នានា”។

គួររំឭក​​​ថា នៅ​​​ឆ្នាំ​​​២០០៨ ធនាគារ​​​អភិ​​​វឌ្ឍ​​​អាសីុ​​​បាន​​​សន្យា​​​​​​ផ្ដល់​​​ប្រាក់​​​​​​២៧,១​​​លាន​​​ដុល្លារ​​​​​​សម្រាប់​​​គម្រោង​​​​​​ EEQP ដែល​​​ជា​​​គម្រោង​​​​​​រួម​​​គ្នា​​​ជាមួយ​​​ក្រសួង​​​អប់រំ។

ក្រោម​​​គម្រោង​​​នេះ​​​ ADB ផ្ដល់​​​មូល​​​និធិ​​​សម្រាប់​​​ការ​​​​​​បោះពុម្ព​​​និង​​​ចែក​​​ចាយ​​​សៀវភៅ​​​សិក្សា​​​គោល​​​ដែល​​​មាន​​​តម្លៃ​​​ជា​​​ទឹក​​​ប្រាក់​​​ចំនួន​​​១,៣​​​លាន​​​ដុល្លារ​​​​​​។ តាម​​​កិច្ច​​​ព្រមព្រៀង​​​សៀវ​​​ភៅ​​​សិក្សា​​​គោល​​​​​​ទាំង​​​នេះគឺ​​​​​​​​​ត្រូវ​​​​​​​​​ដឹក​​​ជញ្ជូន​​​​​​ដោយ​​​គ្រឹះស្ថាន​​​បោះពុម្ព​​​និង​​​ចែក​​​ផ្សាយ​​​ឲ្យ​​​ដល់​​​សាលា​​​រៀន​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្ដង​​​​​​តាម​​​មធ្យោបាយ​​​របស់​​​ខ្លួន​​​។

អង្គការ KIND និង​​​ ANSA-EAP បាន​​​ធ្វើ​​​ការ​​​​​​ស៊ើប​​​អង្កេត​​​នៅ​​​សាលា​​​រៀន​​​សរុប​​​ចំនួន​​​៣៣​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ កំពង់ចាម កំពង់​​​ស្ពឺ និង​​​ខេត្តកំពត​​​ ដោយ​​​សាលា​​​ភាគ​​​ច្រើន​​​មិន​​​បាន​​​ទទួល​​​សម្ភារសិក្សា​​​ដែល​​​ខ្លួន​​​ត្រូវ​​​ទទួល​​​បាន​​​ឡើយ​​​។

គ្រូ​​​បង្រៀន​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​ស៊ើប​​​អង្កេត​​​​​​ថា ​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ទៅ​​​យក​​​​​​សៀវ​​​ភៅ​​​សិក្សា​​​គោល​​​នៅ​​​ការិយាល័យ​​​អប់រំ​​​ស្រុក​​​​​​ ពួក​​​គាត់​​​​​​ច្រើន​​​តែ​​​ត្រូវ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​ទុក​​​សៀវ​​​ភៅ​​​១០​​​ក្បាល​​​ក្នុង​​​មួយ​​​មុខ​​​វិជ្ជា​​​​​​នៅ​​​ការិយា​​​ល័យ​​​នោះ​​​​​​។ មាន​​​​​​ពេល​​​ខ្លះ​​​​​​សាលា​​​រៀន​​​​​​បែរ​​​​​​ជា​​​ទទួល​​​បាន​​​សៀវភៅ​​​​​​សិក្សា​​​គោល​​​​​​ខុស​​​មុខ​​​វិជ្ជា​​​ដែល​​​ខ្លួន​​​បាន​​​ស្នើ​​​សុំ​​​ទៅ​​​វិញ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​នេះ​​​​​​មាន​​​ការ​​​​​​​​​ធ្វើ​​​សេចក្ដី​​​សន្និដ្ឋាន​​​ថា “ទង្វើ​​​នេះ​​​ផ្ទុយ​​​ទៅ​​​នឹង​​​​​​កិច្ច​​​សន្យា​​​និង​​​គោល​​​ការណ៍​​​​​​ដែល​​​គ្រឹះស្ថាន​​​​​​បោះ​​​ពុម្ព​​​ និង​​​ចែក​​​ផ្សាយ​​​បាន​​​អះអាង​​​ ហើយ​​​នេះ​​​​​​ជាមូល​​​ហេតុ​​​ដែល​​​នាំ​​​​​​ឲ្យ​​​សៀវ​​​ភៅ​​​សិក្សា​​​គោល​​​មួយ​​​ចំនួន​​​ត្រូវ​​​បាត់​​​បង់​​​​​​”។

លោក​​​ សន ជ័យ តំណាង​​​ ANSA-EAP នៅ​​​កម្ពុជា​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ភាគ​​​ច្រើន​​​នៃ​​​សៀវ​​​ភៅ​​​ដែល​​​បាត់​​​បង់​​​គឺ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​តាម​​​ផ្សារ​​​​​​ក្នុង​​​មូលដ្ឋាន​​​​​​បន្ទាប់ពី​​​សៀវភៅ​​​ទាំង​​​នេះ​​​​​​ត្រូវ​​​បាន​​​​​​​​បន្លំ​​​យក​​​​​​ដោយ​​​មន្ត្រី​​​ថ្នាក់​​​ស្រុក​​​។

ការ​​​សិក្សា​​​ស្រាវជ្រាវ​​​នេះ​​​​​​ក៏​​​បាន​​​​​​រក​​​ឃើញ​​​ផង​​​ដែរ​​​​​​ថា ក្នុង​​​ចំណោម​​​សាលា​​​រៀន​​​ទាំង​​​៣៣​​​កន្លែងដែល​​​អង្គការ​​​ទាំង​​​នេះ​​​បាន​​​​​​ស៊ើប​​​អង្កេត​​​​​​មាន​​​តែ​​​សាលា​​​រៀន​​​ចំនួន​​​១០​​​ប៉ុណ្ណោះ​​​​​​ដែល​​​បាន​​​ទទួល​​​សៀវភៅ​​​សិក្សា​​​គោល​​​នៅ​​​មុន​​​ថ្ងៃ​​​ទី​​​១ ខែ​​​តុលា​​​ ដែល​​​ជា​​​ពេល​​​ចាប់​​​ផ្ដើម​​​បវេសន​​​​​​កាល​​​​​​​​​ឆ្នាំ​​​ថ្មី​​​។

លោក​​​ ជ័យ មាន​​​ប្រសាសន៍​​​ថា “សា​​​លា​​​រៀន​​​ [ចំនួន​​​] ​​២០​​​កន្លែង​​​ផ្សេង​​​ទៀត​​​បាន​​​ទទួល​​​​​​សៀវភៅ​​​សិក្សា​​​គោល​​​របស់​​​ខ្លួន​​​​​​នៅ​​​ខែ​​​វិច្ឆិកា​​​ និង​​​ខែ​​​ធ្នូ​​​។

ទាំងមន្ត្រី​​​ធនាគារ​​​អភិវឌ្ឍ​​​អាស៊ី​​​និង​​​​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​​​​​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​ការ​​​អត្ថា​​​ធិ​​​ប្បាយ​​​បាន​​​ឡើយ​​​៕ សេរីរុធ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស