កងយោធពលខេមរភូមិន្ទនឹងចាប់ផ្តើមសាកល្បងកាំភ្លើងប្រតិកម្មថ្មីនៅក្នុងការធ្វើលំហាត់បាញ់គ្រាប់ពិតរយៈពេល៥ថ្ងៃនៅក្នុងថ្ងៃនេះក្នុងខេត្តកំពង់ស្ពឺ។ ការធ្វើលំហាត់បាញ់់គ្រាប់ពិតនេះគឺជាព្រឹត្តិការណ៍លើកទី៣ហើយរបស់កងយោធពលខេមរភូមិន្ទនៅក្នុងឆ្នាំនេះ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងធ្វើជាអធិបតីនៅក្នុងការសាកល្បងកាំភ្លើងប្រតិកម្ម RM-70 ជាលើកដំបូងដែលមិនធ្លាប់មាននេះ។កាំភ្លើងប្រតិកម្ម RM-70 គឺផលិតនៅប្រទេស ឆែក ដោយបំពាក់បច្ចេកវិទ្យាបន្ថែមពីលើកាំភ្លើងប្រតិកម្ម BM-21 ដែលផលិតនៅប្រទេសរុស្ស៊ី ។
ឧត្តមសេនីយ៍ឯក ណុប រតនា មេញ្ជាការនៅទីបញ្ជាការកងរថក្រោះ ACO ក្នុងស្រុកភ្នំស្រួចកន្លែងលំហាត់បាញ់គ្រាប់ពិតនឹងត្រូវធ្វើឡើងបានមានប្រសាសន៍ថា “គ្រាប់រ៉ុកកែត ដែលយើងនឹងបាញ់លើកនេះមិនមែនជា BM-21 ទេវាគឺជាកាំភ្លើងប្រតិកម្មទំនើបជាងនេះហេតុដូច្នេះយើងចាំបាច់ត្រូវតែធ្វើការហ្វឹកហាត់”។
កាំភ្លើងប្រតិកម្មBM-21 គឺវាដូចគ្នាបេះបិទនឹង កាំភ្លើងប្រតិកម្ម RM-70 ប៉ុន្តែវាខុសគ្នាតែត្រង់ផ្នែកខាងមុខរបស់កាំភ្លើងប្រតិកម្ម RM-70 និងសមត្ថភាពផ្ទុកគ្រាប់រ៉ុកកែតបាន៤០គ្រាប់បន្ថែមទៀតពីលើគ្រាប់រ៉ុកកែតចំនួន៤០ផ្សេងទៀតដែលដាក់ចូលក្្នុងកាណុងរួចហើយ។
កាំភ្លើងប្រតិកម្ម RM-70 អាចបាញ់បានចម្ងាយ២០គីឡូម៉ែត្រដូចកាំភ្លើងប្រតិកម្ម BM-21ដែរហើយអាចដាក់បញ្ចូលគ្រាប់រ៉ុកកែតទាំង៤០គ្រាប់ចូលទៅក្នុងកាណុងត្រឹមតែរយៈពេល២០វិនាទីប៉ុណ្ណោះ។
ឧត្តមសេនីយ៍ឯក រតនា បានបដិសេធមិននិយាយថា តើលំហាត់បាញ់គ្រាប់ពិតរយៈពេល៥ថ្ងៃនេះនឹងត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ ប៉ុន្តែលោកបានលើកឡើងថាអាចនឹងមានការបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់។
លោកបានមានប្រសាសន៍ថា “កាំភ្លើងប្រតិកម្ម RM-70 នឹងបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប ់ហើយថ្ងៃដែលបាញ់ច្រើនបំផុតនោះគឺនៅថ្ងៃទី៣០ ខែធ្នូ”។
យោងតាមគេហទំព័រមួយចំនួនបានឲ្យដឹងថា គ្រាប់រ៉ុកកែត ១២២ មីល្លីម៉ែត្រដែល នឹងបាញ់ចេញពីកាំភ្លើងប្រតិកម្ម RM-70 អាចមានតម្លៃពី១.២០០ ដុល្លារដល់៣.៨០០ដុល្លារក្នុងមួយគ្រាប់។ ហើយដោយយោងតាមតួលេខនេះ រាល់ការបាញ់គ្រាប់រ៉ុកកែតចេញពីកាំភ្លើងប្រតិកម្ម RM-70 មួយលើកៗ ប្រទេសកម្ពុជាអាចចំណាយប្រាក់យា៉ងតិច ៤៨.០០០ដុល្លារ។ ឧត្តមសេនីយ៍ឯក រតនា បានបដិសេធមិននិយាយថាកាំភ្លើងប្រតិកម្មថ្មីនេះទិញមកពីទីណានោះឡើយ។
កងយោធពលខេមរភូមិន្ទនឹងធ្វើលំហាត់បាញ់គ្រាប់ពិតនៅកន្លែងដដែល ដែលធ្វើឡើងកាលពីខែមេសា។ កាលពីខែតុលា កងរាជអាវុធហត្ថបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលមួយថ្ងៃនៅខេត្តកំពង់ឆ្នាំង៕ ស៊ុយឈាង