27.5 C
Phnom Penh

កម្មករកម្មការិនី​​​រោងចក្រ​​​កាត់​​​ដេរ​​​​​​នាំគ្នា​​​ចូលរួម​​​ក្នុង​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ជាថ្មី​​​ម្ដង​​​ទៀត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ ​កម្មការិនី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ជាង​​​១០.០០០​​​នាក់​​​​​​បាន​​​​​​មកប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​នៅ​​​ឯ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ពេញ​​​មួយ​​​ថ្ងៃ​​​​​​កាលពីម្សិលមិញ​​​ដើម្បី​​​ចូល​​​រួម​​​​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​​​​ឈាន​​​ចូល​​​ថ្ងៃ​​​ទី​​​១២របស់​​​គណបក្ស​​​ប្រឆាំង​​​ ហើយ​​​បាន​​​ដង្ហែក្បួន​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពីតំណែង​​​និង​​​រៀប​​​ចំ​​​​​​ការ​​​បោះឆ្នោត​​​​​​សា​​​ឡើង​​​វិញ​​​។

កម្មករ​​​កម្មការិនី​​​​​​ដែល​​​បាន​​​ធ្វើ​​​កូដកម្ម​​​​​​ចាប់​​​តាំង​​​​​​ពី​​​ថ្ងៃ​​​អង្គារ​​​មក​​​​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់ខែ​​​អប្បបរមា​​​ពី​​​៨០​​​ដុល្លារ​​​ ទៅ​​​១៦០​​​ដុល្លារ​​​នោះ​​​បាន​​​មក​​​ដល់​​​បន្ត​​​កន្ទុយគ្នា​​​​​​ពេញ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​មុន​​​ពេល​​​​​​បាយ​​​ថ្ងៃ​​​ត្រង់​​​ជាមួយ​​​នឹង​​​សម្រែក​​​​​​យ៉ាង​​​កង​​​រំពង​​​។

កម្មករ​​​កម្មការិនី​​​រាប់​​​ពាន់​​​នាក់​​​​​​​​​ក៏​​​បាន​​​មក​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវ៉ា​​​​​​របស់​​​គណបក​​្ស​​​សង្គ្រោះ​​​ជាតិ​​​ផង​​​ដែរ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​ ហើយ​​​ថ្នាក់​​​ដឹកនាំ​​​កំពូល​​​របស់​​​គណបក្ស​​​នេះ​​​​​​រួម​​​ទាំង​​​​​​លោក​​​ សម រង្ស៊ី​​​ ផង​​​​​​ បាន​​​ចំណាយ​​​ពេល​​​ពេញ​​​មួយ​​​ព្រឹក​​​​​​​​​ ​​​ចុះ​​​តាម​រោងចក្រ​​​កាត់​​​ដេរ​​​នានា​​​នៅ​​​ឯ​​​ខេត្ត​​​កណ្ដាល​​​ កំពង់ស្ពឺ និង​​​ខេត្ត​​​កំពង់​​​ចាម​​​ ​​​​​ដើម្បី​​​លើក​​​ទឹក​​​ចិត្ត​​​​​​ពួក​​​គេ​​​​​​​​​​​​ឲ្យ​​​មក​​​ចូល​​​រួម​​​ក្នុង​​​ការ​​​តវ៉ា​​​​​ឲ្យ​​​​​​បាន​​​កាន់​​​តែ​​​ច្រើន​​​។

នៅ​​​ក្នុង​​​ព្រឹក​​​នោះ​​​​​​មាន​​​ការ​​​​​​រាំ​​​លេង​​​​​​កម្សាន្ត​​​ និង​​​ការ​​​ថ្លែង​​​​​​សាទុក​​្ខ​​​​​​បង្ហាញ​​​ពី​​​​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​រដ្ឋាភិបាល​​​លោក ហ៊ុន សែន​​​ ព្រម​​​ទាំង​​​​​​ការ​​​អំពាវនាវ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​អប្បបរមា​​​​​​ឲ្យ​​​ដល់​​​១៦០​​​ដុល្លារ​​​​​​ជា​​​បន្ទាន់​​​។

គួរ​​​បញ្ជាក់​​​ថា រដ្ឋាភិបាល​​​បាន​​​សន្យា​​​ថា ខ្លួន​​​នឹង​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​អប្បបរមា​​​របស់​​​កម្មករ​​​កម្មការិនី​​​រោងចក្រ​​​កាត់​​​ដេរ​​​​​​​​​ឲ្យ​​​ដល់​​​១៦០​​​ដុល្លារ​​​​​​ត្រឹម​​​ឆ្នាំ​​​២០១៨។

នៅ​​​វេលា​​​ម៉ោង​​​​​ប្រហែល​​​ជា៣និង​​​២០​​​នាទី​​​រសៀល​​​ កម្មករ​​​កម្មការិនី​​​​​​ដែល​​​ធ្វើ​​​កូដ​​​កម្ម​​​​​​ក្រោម​​​ការ​​​ដឹកនាំ​​​របស់​​​លោក​​​ សម រង្ស៊ី និង​​​លោក​​​ កឹម សុខា បាន​​​​​​នាំគ្នា​​​ដង្ហែ​​​ក្បួន​​​តាម​​​ផ្លូវ​​​លេខ​​​៥១​​​មុន​​​ពេល​​​​​​ធ្វើ​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​ផ្សារ​​អូរប្ញស្សី និងដើរ​​​តាម​​​​​​​​​មហាវិថី​​​កម្ពុជា​​​ក្រោម​​​ និង​​​មហា​​​វិថី​​​នេរុហ៍​​​ នៅក្នុង​​​ដំណើរ​​​ឆ្ពោះ​​​ទៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​វិញ​​​។ ពេល​​​មក​​​ដល់​​​កន្លែង​​​​​​តវ៉ា​​​​​​ លោក​​​ សម រង្ស៊ី បាន​​​ប្រាប់​​​កូដករ​​​ថា ពួក​​​​​​គេ​​​មាន​​​​​​ប្រៀប​​​លើ​​​​​​ថៅ​​​កែ​​​​​​រោងចក្រ​​​កាត់​​​ដេរ​​​នានា​​​​​​ដែល​​​​​​លោក​​​​​​និយាយ​​​ថា គ្មាន​​​កន្លែង​​​ណា​​​ផ្សេង​​​​​​សម្រាប់​​​​​​ផលិត​​​​​​សម្លៀក​​​បំពាក់​​​​​​ក្រៅ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទេ​​​​​​ ប្រសិន​​​បើ​​​ថៅ​​​កែ​​​រោង​​​ចក្រ​​​ទាំង​​​នោះ​​​មិន​​​ព្រម​​​ផ្ដល់​​​ប្រាក់ខែ​​​អប្ប​​​បរមា​​​១៦០​​​ដុល្លារ​​​នោះ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ប្រទេស​​​ចិន​​​​​​កំពុង​​​មាន​​​បញ្ហា​​​​​​​​​រឿង​​​​​​កម្មករ​​​កម្មការិនី​​​ទាម​​​ទារ​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​មុន​​​ ហើយ​​ពួក​​​គេ​​​​​​ក៏​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​​​​ទ្វេ​​​ដង​​​​​​កាល​​​ពី​​​​​​​​​ប៉ុន្មាន​​​ខែ​​​មុន​​​នេះ​​​ឯង​​។ ពួក​​​គេ​​​ [ថៅកែរោងចក្រ​​​ចិន​​​] ត្រូវ​​​ការ​​​កម្លាំង​​​ពល​​​កម្ម​​​​​​កម្ពុជា​​​​​​ ដូច្នេះ​​​ហើយ​​​​​​បាន​​​ជា​​​​​​មាន​​​តម្រូវ​ការ​​​កម្មករ​​​កម្មការិនី​​​ខ្មែរ​​​ខ្ពស់​​​នោះ​​​។ កុំ​​​ជឿ​​ថា ពួក​​​គេ​​​នឹង​​​បិទ​​​រោងចក្រ​​​ ព្រោះ​​​ពួក​​​គេ​​​កំពុង​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​ច្រើន​​​​​​ណាស់​​​។ ពេល​​​កម្ម​​​ករ​​​កម្មការិនី​​​មិន​​​ធ្វើ​​​ការ​​​ ពួក​​​គេ​​​​​​ [ថៅកែ​​​រោង​​​ចក្រ​​​] បាត់​​​បង់​​​ប្រាក់​​​ចំណេញ​​​នេះ​​​​​​ច្រើន​​​ណាស់​​​។

ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ចង់​​​​​​បាត់បង់​​​ប្រាក់​​​ចំណេញ​​​នេះ​​​ទេ​​​នោះ​​​ ពួក​​​គេ​​​​​​គួរ​​​តែ​​​ឲ្យ​​​យើង​​​១៦០​​​ដុល្លារ​​​”៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស