34 C
Phnom Penh

ទៀ បាញ​់​​​ ព្រមាន​​​អ្នក​​​តវ៉ា​​​កុំឲ្យ​​​បិទផ្លូវ​​​និង​​​ធ្វើ​​​អ្វី​​​ហួស​​​ព្រំ​​​ដែន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយឧត្តម​​​សេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា​​​ កម្មករ​​​កាត់​​​ដេរ​​​ដែលកំពុង​​​ធ្វើ​​​កូដកម្ម​​​និង​​​អ្នក​​​គាំ​​​ទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​កំពុង​​​ធ្វើការ​​​តវ៉ា ​​​គួរ​​​តែ​​​គោរព​​​ប្រជា​​​​​​ជាតិ​​​ផ្សេង​​​ៗ​​​និង​​​គួរ​​​តែ​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា​​​ ខ្លួន​​​ធ្វើអ្វី​​​ៗ​​​នៅ​​​ក្នុង​​​ព្រំ​​​ដែន​​​ច្បាប់​​​។

ថ្លែង​​​នៅ​​​ក្នុង​​​ពិធី​​​សម្ពោធមន្ទីរ​​​ពិសោធន៍​​​វិទ្យាសាស្ត្រ​​​ថ្មីចំនួនបីរបស់កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ  នាយឧត្តម​​​សេនីយ៍​​​ ទៀ បាញ់ បាន​​​លើក​​​ឡើង​​​ថា​​​ ការធ្វើបាតុកម្ម​​​គឺ​​​ស្រប​​​ច្បាប់​​​ ប៉ុន្តែ​​​អ្នក​​​តវ៉ា​​​មិន​​​គួរ​​​បិទផ្លូវ​​​ឡើយ​​​ ហើយ​​​លោក​​​បាន​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ប្រកាន់​​​ជំហរ​​​ប្រឆាំង​​​វៀតណាម​​​​​​ពី​​​បទ​​​ប្រកាន់​​​ពូជ​​​សាសន៍។

នាយឧត្តម​​​សេនីយ៍​​​ ទៀ បាញ់បានមាន​​​ប្រសាសន៍​​​ថា​​​ “គណ​​​បក្សសង្គ្រោះ​​​ជាតិ​​​បាន​​​ញុះញង់​​​ពលរដ្ឋ​​​ខ្មែរ​​​ឲ្យ​​​ស្អប់​​​ពូជ​​​សាសន៍​​​ផ្សេង។ ប្រទេស​​​វៀតណាម​​​ គឺ​​​សំខាន់​​​ខ្លាំង​​​ណាស់​​​ ហេត​​​ុដូច្នេះ​​​យើង​​​គួរ​​​តែ​​​រក្សា​​​មិត្ត​​​ភាព​​​ជាមួយ​​​គ្នា​​​ដូច​​​ដែល​​​យើង​​​ធ្លាប់​​​មាន​​​ជា​​​យូរ​​​មក​​​ហើយ​​​”។
នាយឧត្តមសេនីយ៍ ទៀ បាញ់​​​ ក៏​​​បាន​​​លើក​​​ឡើង​​​ដែរថា​​​ ខណៈ​​​ការ​​​ធ្វើ​​​បាតុកម្ម​​​សព្វ​​​ថ្ងៃ​​​ គឺ​​​ស្រប​​​ច្បាប់​​​ កម្មករ​​​កាត់​​​ដេរ​​​និង​​​គណបក្ស​​​ប្រឆាំង​​​គួរ​​​តែ​​​ប្រុង​​​ប្រយ័ត្ន​​​ដោយ​​​កំុធ្វើ​​​អ្វី​​​ហួស​​​ព្រំដែន​​​ឆ្ងាយ​​​ពេក។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “​​​ពួកគេ​​​ជ្រើសរើស​​​ការ​​​តវា៉​​​ដើម្បី​​​ផ្តល់​​​ផល​​​អវិជ្ជមាន​​​ដល់​​​ប្រទេស​​​កម្ពុជា​​​និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​កម្ពុជា​​​ខូច​​​កេរ្តិ៍ឈ្មោះ​​​ ប៉ុន្តែ​​​វា​​​គឺ​​​ជា​​​សិទ្ធ​​​ិ​​របស់​​​ពួក​​​គេ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​។ការធ្វើ​​​បាតុកម្ម​​​ គឺ​​​ជា​​​សិទ្ធ​ិ​​​របស់​​​ប្រជា​​​ពលរដ្ឋ ប៉ុន្តែ​​​ចូរ​​​កុំ​​​ធ្វើអ្វី​​​ឲ្យ​​​ហួស​​​ពី​​​ព្រំ​​​ដែន​​​ច្បាប់​​ឆ្ងាយ​​​ពេក”។

លោក​​​បាន​​​បន្ត​​​ថា​​​ “ពលរដ្ឋ​​​ខ្មែរ​​​បាន​​​រង​​​ទុក្ខ​​​វេទនា​​​ជាច្រើន​​​មក​​​ហើយ​​​កាល​​​ពី​​​អតីតកាល​​​ ហេតុដូច្នេះ​​​ចូរកុំធ្វើ​​​ឲ្យ​​​​​​ពលរដ្ឋ​​​ខ្មែររង​​​ទុក្ខ​​​វេទនា​​​តទៅមុខ​​​ទៀត​​។ ច្បាប់​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​បិទ​​​ផ្លូវ​​​ឡើយ​​​ ខ្ញុំ​​​ចង់​​​ប្រាប់​​​បាតុករ​​​ទាំង​​​អស់​​​ថា​​​ គួរ​​​តែ​​​បញ្ឈប់​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ទៅ​​​”។

ដោយ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​លើក​​​ឡើង​​​របស់​​​នាយឧត្តមសេនីយ៍​​​ ទៀ បាញ់​​​ លោក​​​ យឹម​​​ សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា​​​ បាតុករ​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​តួនាទី​​​កា​​រ​​​ពារ​​​ជាតិ​​​របស់​​​ខ្លួន​​​ពី​​​អំពើ​​​អយុត្តិធម៌​​​របស់​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​លក់​​​ដី​​​ខ្មែរ ​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​កាប់​​​ឈើ​​​និងការ​​​ធ្វើ​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ក្លាយ​​​ជា​​​អ្នក​​​មាន​​​ រីឯអ្នក​​​ផ្សេង​​​នៅ​​​តែ​​​ក្រ”។ លោក​​​បាន​​​បន្ត​​​ថា​​​ “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ឈប់​​​ [ធ្វើបាតុកម្ម​​​] ប្រសិន​​​បើ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ [គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​] ហើយ​​​រៀបចំ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើងវិញ​​ និង​​​ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​យល់​​​ព្រម​​ដំឡើងប្រាក់​​​ខែ​​​កម្មករ​​​កាត់​​​ដេរ​​​​​​​​​ដល់​​​ ១៦០ដុល្លារនោះ​​​”។

ទោះបី​​​ជា​​​មាន​​​ការ​​​ព្រមាន​​​ពី​​​នាយ​​​ឧត្តម​​​សេនីយ៍​​​ ទៀ បាញ់​​​ ក៏ដោយ​​​ ក៏​​​កម្មករ​​​កាត់​​​ដេរ​​​រាប់​​​ពាន់​​​នាក់ នៅ​​​តែ​​​បិទ​​​ផ្លូវ​​​ចំនួន​​​ពីរ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ខណៈ​​​កម្មករ​​​កាត់​​​ដេរ​​​និង​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ជាង​​​ ១០.០០០​​​នាក់​​​ផ្សេង​​​ទៀត​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅទីលាន​​​ប្រជាធិបតេយ្យ ដែល​​​ជា​​​ចំណុច​​​ចាប់​​​ផ្តើម​​​សម្រាប់​​​ការ​​​ហែ​​​ក្បួន​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​នៅ​​​ទូទាំង​​​រាជធានី​​​ភ្នំពេញ​​​ដើម្បី​​​អំពាវនាវ​​​ឲ្យ​​​លោក​​​ ហ៊ុន សែន​​​ ចុះចេញ​​​ពី​​​តំណែង។ កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​សុក្រ អ្នក​​​តវា៉​​​បាន​​​ហែ​​​ក្បួន​​​តាម​​​មហាវិថី​​​ព្រះមុនីវង្ស​​​  មុនីរ៉េត និង​​​មហាវិថី​​​កម្ពុជា​​​ក្រោម​​​ មុនពេល​​​វិល​​​ត្រឡប់​​​ទៅ​​​ទីលាន​​​ប្រជាធិបតេយ្យវិញ។

លោក​​​ សម រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ក៏បាន​​​បដិសេធ​​​ការ​​​អះ​​​អាង​​​របស់​​​នាយ​​​ឧត្តមសេនីយ៍​​​ ទៀ បាញ់ ដែល​​​ថា​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ពី​​​ក្រោយ​​​សកម្មភាព​​​កូដកម្ម​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​និង​​​ការ​​​តវា៉ជា​​​សាធារណៈ​​​ផង​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “អាជ្ញាធរ​​​និង​​​រដ្ឋាភិបាល​​​បាន​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​ពី​​​បទ​​​ញុះ​​​ញង់​​​កម្មករ​​​ឲ្យ​​​តវា៉​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​ដូច្នោះ​​​ទេ​​​។កម្មករនាំ​​​គ្នា​​​តវ៉ា​​​ ព្រោះ​​​ពួក​​​គេ​​​ទទួល​​​បាន

​​​ប្រាក់​​​ខែ​​មិន​​​គ្រប់​​​ការ​​​ចំណាយ​​​ និងរង​​​ការ​​​ឈឺ​​​ចាប់​​​ដោយសារ​​​និយោជក​​​របស់​​​ខ្លួន​​​”។
លោក​​​មាន​​​ប្រសាសន៍បន្ត​​​ថា​​​ “ប្រសិន​​​បើ​​​ក្រុម​​​ហ៊ុន​​កាត់​​​ដេរ​​​មិន​​​បាន​​​ផ្តល់​​​សំណូក​​​ឲ្យ​​​មេ​​​ដឹកនាំ​​​ពុក​​​រលួយ​​​ទេ​​​នោះ​​​ ពួក​​​គេ​​​អាច​​​នឹង​​​មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ដំឡើង​​​ប្រាក់ខែឲ្យ​​​កម្មករ​​​ដល់​​​២០០ដុល្លារក្នុង​​​មួយខែ​​​”។

លោក​​​បន្ថែម​​​ទៀត​​​ថា​​​ “​​ពួកគេ​​​ចោទ​​​ប្រកាន​​​់​​​ខ្ញុំ​​​ថា​​​ជា​​​មេ​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​ ប៉ុន្តែ​​​ពួក​​​គេ​​​ជា​​​មេដឹក​​​នាំ​​​កាប់​​​​​​ និង​​​បំផ្លាញ​​​ព្រៃឈើ លក់​​​ដី​​​ និង​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​។ ពួក​​​គេ​​​ថោក​​​ទាប​​​ណាស់”៕ស៊ុយឈាង

(រាយការណ៍​​​បន្ថែមដោយ​​​ មុិច ដារា៉)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស