នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា កម្មករកាត់ដេរដែលកំពុងធ្វើកូដកម្មនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកំពុងធ្វើការតវ៉ា គួរតែគោរពប្រជាជាតិផ្សេងៗនិងគួរតែបញ្ជាក់ឲ្យបានច្បាស់ថា ខ្លួនធ្វើអ្វីៗនៅក្នុងព្រំដែនច្បាប់។
ថ្លែងនៅក្នុងពិធីសម្ពោធមន្ទីរពិសោធន៍វិទ្យាសាស្ត្រថ្មីចំនួនបីរបស់កងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងថា ការធ្វើបាតុកម្មគឺស្របច្បាប់ ប៉ុន្តែអ្នកតវ៉ាមិនគួរបិទផ្លូវឡើយ ហើយលោកបានចោទប្រកាន់គណបក្សប្រឆាំងដែលប្រកាន់ជំហរប្រឆាំងវៀតណាមពីបទប្រកាន់ពូជសាសន៍។
នាយឧត្តមសេនីយ៍ ទៀ បាញ់បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិបានញុះញង់ពលរដ្ឋខ្មែរឲ្យស្អប់ពូជសាសន៍ផ្សេង។ ប្រទេសវៀតណាម គឺសំខាន់ខ្លាំងណាស់ ហេតុដូច្នេះយើងគួរតែរក្សាមិត្តភាពជាមួយគ្នាដូចដែលយើងធ្លាប់មានជាយូរមកហើយ”។ នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានលើកឡើងដែរថា ខណៈការធ្វើបាតុកម្មសព្វថ្ងៃ គឺស្របច្បាប់ កម្មករកាត់ដេរនិងគណបក្សប្រឆាំងគួរតែប្រុងប្រយ័ត្នដោយកំុធ្វើអ្វីហួសព្រំដែនឆ្ងាយពេក។
លោកបានមានប្រសាសន៍ថា “ពួកគេជ្រើសរើសការតវា៉ដើម្បីផ្តល់ផលអវិជ្ជមានដល់ប្រទេសកម្ពុជានិងដើម្បីធ្វើឲ្យកម្ពុជាខូចកេរ្តិ៍ឈ្មោះ ប៉ុន្តែវាគឺជាសិទ្ធិរបស់ពួកគេនៅក្នុងការធ្វើបាតុកម្ម។ការធ្វើបាតុកម្ម គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែចូរកុំធ្វើអ្វីឲ្យហួសពីព្រំដែនច្បាប់ឆ្ងាយពេក”។
លោកបានបន្តថា “ពលរដ្ឋខ្មែរបានរងទុក្ខវេទនាជាច្រើនមកហើយកាលពីអតីតកាល ហេតុដូច្នេះចូរកុំធ្វើឲ្យពលរដ្ឋខ្មែររងទុក្ខវេទនាតទៅមុខទៀត។ ច្បាប់មិនអនុញ្ញាតឲ្យពួកគេបិទផ្លូវឡើយ ខ្ញុំចង់ប្រាប់បាតុករទាំងអស់ថា គួរតែបញ្ឈប់ការធ្វើបាតុកម្មទៅ”។
ដោយឆ្លើយតបនឹងការលើកឡើងរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានលើកឡើងកាលពីថ្ងៃសុក្រថា បាតុករគាំទ្រគណបក្សសង្គ្រោះជាតិមានតួនាទីការពារជាតិរបស់ខ្លួនពីអំពើអយុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា។
លោកបានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជាបានលក់ដីខ្មែរ អនុញ្ញាតឲ្យមានការកាប់ឈើនិងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ហេតុដូច្នេះពួកគេបានក្លាយជាអ្នកមាន រីឯអ្នកផ្សេងនៅតែក្រ”។ លោកបានបន្តថា “គណបក្សសង្គ្រោះជាតិនឹងឈប់ [ធ្វើបាតុកម្ម] ប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់ [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] ហើយរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ និងប្រសិនបើរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ខែកម្មករកាត់ដេរដល់ ១៦០ដុល្លារនោះ”។
ទោះបីជាមានការព្រមានពីនាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏ដោយ ក៏កម្មករកាត់ដេររាប់ពាន់នាក់ នៅតែបិទផ្លូវចំនួនពីរនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ខណៈកម្មករកាត់ដេរនិងអ្នកគាំទ្រគណបក្សប្រឆាំងជាង ១០.០០០នាក់ផ្សេងទៀតបានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដែលជាចំណុចចាប់ផ្តើមសម្រាប់ការហែក្បួនជារៀងរាល់ថ្ងៃនៅទូទាំងរាជធានីភ្នំពេញដើម្បីអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។ កាលពីល្ងាចថ្ងៃសុក្រ អ្នកតវា៉បានហែក្បួនតាមមហាវិថីព្រះមុនីវង្ស មុនីរ៉េត និងមហាវិថីកម្ពុជាក្រោម មុនពេលវិលត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏បានបដិសេធការអះអាងរបស់នាយឧត្តមសេនីយ៍ ទៀ បាញ់ ដែលថាគណបក្សប្រឆាំងនៅពីក្រោយសកម្មភាពកូដកម្មរបស់កម្មករកាត់ដេរនិងការតវា៉ជាសាធារណៈផងដែរ។
លោកបានមានប្រសាសន៍ថា “អាជ្ញាធរនិងរដ្ឋាភិបាលបានចោទប្រកាន់ខ្ញុំពីបទញុះញង់កម្មករឲ្យតវា៉ ប៉ុន្តែខ្ញុំមិនបានធ្វើដូច្នោះទេ។កម្មករនាំគ្នាតវ៉ា ព្រោះពួកគេទទួលបាន
ប្រាក់ខែមិនគ្រប់ការចំណាយ និងរងការឈឺចាប់ដោយសារនិយោជករបស់ខ្លួន”។ លោកមានប្រសាសន៍បន្តថា “ប្រសិនបើក្រុមហ៊ុនកាត់ដេរមិនបានផ្តល់សំណូកឲ្យមេដឹកនាំពុករលួយទេនោះ ពួកគេអាចនឹងមានប្រាក់គ្រប់គ្រាន់ដំឡើងប្រាក់ខែឲ្យកម្មករដល់២០០ដុល្លារក្នុងមួយខែ”។
លោកបន្ថែមទៀតថា “ពួកគេចោទប្រកាន់ខ្ញុំថាជាមេដឹកនាំការតវ៉ា ប៉ុន្តែពួកគេជាមេដឹកនាំកាប់ និងបំផ្លាញព្រៃឈើ លក់ដី និងប្រព្រឹត្តអំពើពុករលួយ។ ពួកគេថោកទាបណាស់”៕ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ មុិច ដារា៉)