ខណៈប្រទេសកម្ពុជាជិតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ ជាលើកទី២របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅខែឧសភានោះ សមាជិកក្រុមប្រឹក្សាជាស្ត្រីប្រហែល២០០នាក់មកពីថ្នាក់ក្រោមជាតិ បានចូលរួមនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃសុក្រដើម្បីអំពាវនាវឲ្យគណបក្សនយោបាយបង្កើនចំនួនបេក្ខជនជាស្ត្រី ឲ្យបានកាន់តែច្រើននៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោកស្រី ធីតា ឃឹះ នាយិកា អង្គការសីលការ ដែលបើកសិក្ខាសាលារួមគ្នាជាមួយអនុគណៈកម្មាធិការស្តីពីការអភិវឌ្ឍសមត្ថភាពដើម្បីលើកកម្ពស់ស្ត្រីនៅក្នុងឆាកនយោបាយបានឲ្យដឹងថា សព្វថ្ងៃ សមាជិកក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិជាស្ត្រីមានតែ១២ ភាគរយ ប៉ុណ្ណោះ ហើយខេត្តខ្លះគ្មានតំណាងជាស្ត្រីទាល់តែសោះ។
លោកស្រី ធីតា ឃឹះ បានលើកឡើងថានៅថ្នាក់ខេត្ត មានសមាជិកក្រុមប្រឹក្សាជាស្ត្រីតែចំនួន៣៧នាក់ប៉ុណ្ណោះក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន៣៧៤នាក់ ហើយនៅថ្នាក់ស្រុកខណ្ឌ មានសមាជិកក្រុមប្រឹក្សាជាស្ត្រីតែចំនួន៣៦០នាក់ប៉ុណ្ណោះក្នុងចំណោមសមាជិកក្រុមប្រឹក្សាចំនួន២.៨៨០នាក់។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា ក្នុងចំណោមសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំង១៦.០០០ នាក់នៅទូទាំងប្រទេស មាន១៨ភាគរយជាស្ត្រី។
លោកស្រីមានប្រសាសន៍ថា “ចំនួនដ៏តិចតួចនៃតំណាងជាស្ត្រីនេះបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើសមត្ថភាពសមាជិកក្រុមប្រឹក្សាដើម្បីធ្វើការងាររបស់ខ្លួននៅគណៈកម្មាធិការដើម្បីស្ត្រីនិងកុមារដែលមានចំនួន៥២ភាគរយ”។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ស្រុកខណ្ឌ ជាលើកដំបូងរបស់ប្រទេសកម្ពុជា គឺនៅក្នុងឆ្នាំ២០០៩ ហើយការបោះឆ្នោតជាលើកទី២នេះនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា។ រយៈពេលនៃការធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែឧសភា។
លោកស្រី ធីតា ឃឹះ បានឲ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីជំរុញឲ្យគណបក្សនយោបាយបង្កើនចំនួនស្ត្រីចូលរួមឲ្យបានកាន់តែច្រើននៅក្នុងការបោះឆ្នោតរាជធានី ខេត្ត ស្រុក ខណ្ឌ នេះ នឹងដើម្បីកែទម្រង់គោលនយោបាយជាតិ ក្នុងគោលបំណងដាក់បញ្ចូលស្ត្រីជាបេក្ខជនអាទិភាពក្នុងបញ្ជីបោះឆ្នោតក្នុងឆ្នាំ២០១៤។
លោកស្រី ចាន់ សោភ័ណ្ឌ អ្នកសម្របសម្រួលកម្មវិធីសម្រាប់ស្ត្រីនៅក្នុងយុទ្ធនាការនយោបាយនៅអង្គការសីលការ បានលើកឡើងថា ទោះបីជាស្ត្រីមួយចំនួនត្រូវបានបោះឆ្នោតជ្រើសរើសឲ្យមានតំណែងនៅថ្នាក់ក្រោមជាតិក៏ដោយ ក៏ពួកគាត់បានដើរតួបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងការធ្វើការ ការសម្រេចចិត្តណាមួយ។
លោកស្រីបានមានប្រសាសន៍ថា “តំណាងជាស្ត្រីនៅតែមានចំនួនកំណត់នៅក្នុងការធ្វើការសម្រេចចិត្តនៅថ្នាក់ក្រោមជាតិ ព្រោះតំណាងជាស្ត្រីមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ”។ លោកស្រីបានបន្តថា “បញ្ហារបស់ស្ត្រីនិងកុមារ ពាក់ព័ន្ធនឹងអំពើហិង្សាគ្រប់ប្រភេទ កុមារីបោះបង់ចោលការសិក្សា ពលករចំណាកស្រុក និងសុខុមាលភាពរបស់ស្ត្រីគឺកំពុងតែមានការកើនឡើង ហេតុដូច្នេះការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងឆាកនយោបាយនិងការសម្រេចចិត្ត គឺមានសារៈសំខាន់ណាស់”។
អ្នកចូលរួមម្នាក់ ឈ្មោះ ឡេង លក្ខិណា សមាជិកក្រុមប្រឹក្សាស្រុកមកពីគណបក្សប្រជាជនកម្ពុជានៅស្រុក បាភ្នំ ខេត្តព្រៃវែង បានគាំទ្រផែនការដាក់បញ្ចូលស្ត្រីឲ្យមានចំនួនស្មើបុរសនៅក្នុងតំណែងជាសមាជិកក្រុមប្រឹក្សា។
អ្នកស្រីបានមានប្រសាសន៍ថា “ស្ត្រីចាំាបាច់ត្រូវតែបង្កើនសមត្ថភាព និងគួរតែបត់បែនប្រកបដោយភាពវៃឆ្លាតនៅក្នុងទំនាក់ទំនងជាមួយសមភាគីជាបុរសនៅថ្នាក់ក្រោមជាតិដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាស្ត្រីកំពុងតែទទួលបានជំនួយ”៕ ស៊ុយឈាង