30 C
Phnom Penh

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​​ការ​បោះឆ្នោត​មួយ​ទៀត​​រក​ឃើញ​​គុណវិបត្តិនៅ​ក្នុង​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​តម្លាភាព​កម្ពុជា (TIC) ​បាន​លើក​ឡើង​ថា ខ្លួន​​មិន​អាច​ធានា​បាន​ថា លទ្ធផល​ផ្លូវ​ការ​​នៃ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ ត្រឹម​ត្រូវ​​នោះ​​ទេ​ ដោយសារ​តែ​​សន្លឹក​ឆ្នោត​​យ៉ាង​ច្រើន​ត្រូវ​បាន​​​​បោះ​​ដោយ​អ្នកដែល​​គ្មាន​ឯកសារ​​ឬ​ទម្រង់​ត្រឹម​ត្រូវ​ជំនួស​​ឲ្យ​អត្ត​សញ្ញាណ​ប័ណ្ណ​​ ហើយ​នេះជា​របាយ​ការណ៍​ឯករាជ្យ​មួយ​ទៀត​ ដែល​​បង្ហាញ​ពី​មន្ទិល​​ចំពោះ​ជ័យ​ជម្នះ​របស់​​គណ​បក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច​​។

នៅ​ក្នុង​​​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​តម្លា​ភាព​កម្ពុ​ជា​បាន​ប្រមូល​ចង​​ក្រង​លទ្ធផល​របស់​​ខ្លួន​​បាន​ពី​​អ្នក​សង្កេត​ការណ៍​ចំនួន​៩០៦​រូប​ ដែល​ខ្លួន​បាន​បញ្ជូ​ន​ទៅ​​តាម​​ការិយាល័យ​បោះឆ្នោត​​​ចំនួន​​៤០៩​ការិយាល័យ​​នៅ​​ទូទាំង​២៤ខេត្ត​-រាជ​ធានី​សម្រាប់​​ការ​បោះឆ្នោត​ជាតិ​​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា។

របាយការណ៍​​នេះ​បាន​លើក​ឡើ​ងថា “ដោយ​សារ​តែ​មាន​ស្ថានភាព​​​មុន​ការ​បោះ​ឆ្នោត​​​និង​​ភាព​មិន​ប្រក្រតី​ជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​ដំណើ​រការ​បោះឆ្នោត​​ TIC ​មិន​អាច​​​បង្ហាញ​ការ​​ជឿ​ទុក​ចិត្ត​ថា លទ្ធផល​នៃ​ការ​​បោះឆ្នោត​​នេះ​​ឆ្លុ​ះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​​ប្រ​ជា​ពល​រដ្ឋកម្ពុជា​​បាន​ឡើយ”។

អង្គការ​តម្លាភាព​​​កម្ពុជា​​​បាន​លើក​ឡើ​ង​ថា ​សូម្បី​មុន​ថ្ងៃ​​បោះ​ឆ្នោត ​​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.) “បាន​រារាំង​​យ៉ាង​សកម្ម​” មិន​ឲ្យ​ប្រជាពល​រដ្ឋ​​ទៅ​បញ្ជាក់​​ឈ្មោះ​​បោះឆ្នោត​​របស់​ខ្លួនបន្ថែម​​តាម​​រយៈ​ការ​​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោ​បាយ​កាន់​ឯកសារ​ថត​ចម្លង​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត បិទប្រព័ន្ធ​ទិន្ន​​ន័យ​តាម​អីុន​ធើណិត​​សម្រាប់​​សាធារណ​ជន​​ និង​​ការ​មិន​​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​​នៅ​តាម​ភូមិ​​មុន​ពេល​បោះឆ្នោត​។

អង្គការ​នេះ​​បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត​ចំនួន​៦០​ភាគ​រយ​ក្នុង​ចំណោម​​ការិយាល័យ​បោះ​ឆ្នោត​​ជាង​៤០០​កន្លែង​  ហើយ​បាន​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ដែល​មា​ន​អត្ត​សញ្ញាណ​​ប័ណ្ណ​ត្រឹម​ត្រូវ​ រក​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​មិន​ឃើញ​។ ទោះ​ជា​យ៉ាង​ណា​នៅ​​តាម​​ការ​ិយាល័យ​បោះ​ឆ្នោត​​​១ភាគ​៤​គេ​ឃើញ​មាន​​អ្នក​បោះឆ្នោត​​ដែល​​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រឹម​ត្រូវ។

អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​លើក​ឡើ​ង​​ដែរ​​ថា ទម្រង់​ ដែល​គេ​ស្គាល់​ថា ជា​ប័ណ្ណ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​ ដែល​ប្រើប្រាស់​​ដោយ​​អ្នក​ខ្វះ​អត្ត​សញ្ញាណប័ណ្ណ​​​​ ត្រូវ​បាន​ប្រើប្រាស់​​នៅតាម​ការិយាល័យ​បោះ​ឆ្នោត​​ចំនួន​៩៣ភាគរយ​ ដែល​ខ្លួន​បាន​សង្កេត​ការ​ ណ៍​​ហើយ​ថា ប័ណ្ណ​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​​ត្រូវបាន​ប្រើប្រាស់​​ ដើម្បី​បោះ​ឆ្នោ​តជាង​ពាក់​កណ្ដាល​នៅ​​តាម​​ការិយា​ល័យ​បោះឆ្នោ​ត​ចំនួន​​១១​ភាគរយ។

នៅ​ក្នុង​របាយការណ៍​បោះឆ្នោត​​ដាច់​ដោយ​ឡែក​មួយ​ដែល​អង្គការ​តម្លា​ភាព​កម្ពុជា​បាន​សហការ​ធ្វើ​​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​ និង​​ដែល​​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ ​ត្រូវ​បាន​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​​​នៅ​ក្នុង​របាយការណ៍​​ចុង​ក្រោយ​នេះ។​ អង្គ​ការ​តម្លាភាព​កម្ពុជា​បាន​លើក​​ឡើង​ថា ពេល​ប័ណ្ណ​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​ការ​​បោះ​ឆ្នោត​​​​ត្រូវ​បាន​ប្រើប្រាស​់​កាន់​តែ​ច្រើន​នៅ​តាម​​ការិយា​ល័យ​បោះឆ្នោត​នោះ​ មាន​ន័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​​បាន​សន្លឹក​ឆ្នោត​គាំទ្រ​​កាត់​តែ​ច្រើន​​។ ប័ណ្ណ​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​​ប្រើប្រាស់​​ដោយ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ដែល​ភាគ​ច្រើន​​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​។

លោក​ ទេព​ នីថា អគ្គលេខាធិការ​​គ.ជ.ប. បាន​ចាត់​ទុក​​ការ​អះអាង​របស់​​អង្គការ​តម្លា​ភាព​កម្ពុជា​ ដែល​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​​ត្រឹម​ត្រូវ​មិន​អាច​បោះឆ្នោត​​បាន​​នៅ​តាម​ការិយាល័យ​​បោះ​ឆ្នោត​ចំនួ​ន​៦០​ភាគ​រយ​​ដែល​ខ្លួន​បាន​សង្កេត​ការ​ណ៍​នោះ​ថា ជា​ “ការ​បំផ្លើស” ហើយ​បាន​ច្រាន​ចោល​​​លទ្ធផល​​សិក្សា​ផ្សេង​ទៀត​​របស់​អង្គការ​នេះ​ដូច​ជា​ការ​​លើក​ឡើ​ង​ថា គ.ជ.ប. មាន​​និន្នាការ​នយោបាយ​ជា​ដើម​​។

លោក​បាន​លើក​​​ឡើង​អំពី​​របាយការ​ណ៍​ចុង​ក្រោយ​នេះ​ថា “ ប្រសិន​បើ​ការ​វាយ​តម្លៃ [របស់​ TIC ] ចំពោះ​ការ​បោះឆ្នោត​​​ធ្វើ​ឡើង​​តាម​បច្ចេកទេស​​​ មិន​មាន​​លក្ខណៈ​នយោ​បាយ​នោះ​ វា​នឹង​អាច​ទទួល​យក​បាន​ ប៉ុន្តែ​អង្គការ​មួយ​ចំនួន​គ្រាន់តែ​ធ្វើ​ការ​វាយ​តម្លៃ​​ពាក់​ព័ន្ធ​តែ​នយោបាយ​ប៉ុណ្ណោះ​”៕ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស