កាលពីម្សិលមិញ មានមនុស្សកាន់តែ ច្រើនចូលរួមតវ៉ាចំនួនប្រាំក្រុមដោយឡែកពីគ្នានៅក្នុងទីក្រុងភ្នំពេញ នៅខាងមុខវិមានសន្តិភាព ដែលជាការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានអ្នកតវ៉ាប្រមាណ៥០.០០០នាក់បានហែក្បួនតាមមហាវិថីសហព័ន្ធរុស្ស៊ី ទាមទារឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជាកាន់អំណាចយូររូបនេះ ចុះចេញតំណែង។

ដោយឥឡូវនេះឈានដល់ថ្ងៃទី១៥ហើយនោះ ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញសាជាថ្មី និងការលាលែងរបស់នាយករដ្ឋមន្ត្រី បានកើនឡើងកាន់តែខ្លាំងនៅសប្តាហ៍នេះ ដោយមានការហែក្បួនដ៏ធំបំផុតកាលពីម្សិលមិញប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងរយៈពេល១៥ឆ្នាំមកនេះ។
បាតុកម្មបួនក្រុមដាច់ដោយឡែកពីគ្នាដែលដឹកនាំដោយសកម្មជនប្រឆាំងការបណ្តេញចេញ មន្ត្រីរាជការ កម្មករក្នុងវិស័យក្រៅប្រព័ន្ធនិងព្រះសង្ឃ បានចូលរួមជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅខាងក្រៅសា្ថនទូតចិន ដែលស្ថិតនៅតាមមហាវិថីម៉ៅសេទុងនៅម៉ោង៤និង១៥នាទីល្ងាច ហើយបានហែក្បួនរួមគ្នាកាត់តាមផ្សារដើមគរឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី ឆ្លងកាត់ក្រសួងការពារជាតិ អគារទីស្តីគណៈរដ្ឋមន្ត្រី និងចុងក្រោយបានឆ្លងកាត់ការិយាល័យរបស់លោក ហ៊ុន សែន មុនពេលត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ។
ការហែក្បួនដែលមានរយៈពេលប្រហែល ៤ម៉ោង និងមានប្រវែងជាងបីគីឡូម៉ែត្រនេះស្ទើរតែមិនបានជួបវត្តមានរបស់មន្ត្រីសន្តិសុខ រហូតដល់កំណាត់ផ្លូវចុងក្រោយនៃមហាវិថីសហព័ន្ធរុស្ស៊ី ប៉ុន្តែនៅតែប្រព្រឹត្តទៅដោយសន្តិវិធី។

ការធ្វើបាតុកម្មជាច្រើនក្រុមពេញមួយថ្ងៃម្សិលមិញនេះ មានព្រះសង្ឃ និងអ្នកតវ៉ាមួយក្រុមប្រមាណ៣០០នាក់ដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនទិញ ហែក្បួនពីទីលានប្រជាធិបតេយ្យទៅក្រសួងធម្មការ និងសាសនា ហើយអ្នកហែក្បួនបានទៅដល់ទីនោះម៉ោងប្រហែល៨និង៣០នាទីព្រឹក។
ព្រះសង្ឃដែលចូលរួមជាមួយបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានបិទកំណាត់តីរវិថីសីុសុវត្ថិនៅកន្លែងដែលព្រះសង្ឃទាំងនោះបានបិទកាលពីដើមខែនេះនៅពេលព្រះសង្ឃទាំងនោះបានឡោមព័ទ្ធអនុសំវច្ឆរមហាសន្និបាតសង្ឃដើម្បីទាមទារឲ្យចាត់វិធានការលើការលួចព្រះសារីរិកធាតុព្រះពុទ្ធកាលពីថ្ងៃទី១០ ខែធ្នូ ពីភ្នំឧដុង្គ។
នៅពេលនេះព្រះសង្ឃបានទាមទារឲ្យលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាចុះចេញពីតំណែង ដោយសាររដ្ឋាភិបាលមិនបានចាត់វិធានការចំពោះការលួចព្រះសារីរិកធាតុនេះ ហើយបានប្តូរការស្រែក “ ហ៊ុន សែន អើយចុះចេញទៅ!” ជាឃ្លាដែលគណបក្សប្រឆាំងបានស្រែកនៅពេលធ្វើបាតុកម្មនាពេលថ្មីៗនេះ ទៅជាស្រែកថា “ មិន ឃិន អើយ ចុះចេញទៅ!” វិញ។
ក្រោយម៉ោង៩និង៣០នាទីព្រឹកបន្តិចតំណាងក្រសួងម្នាក់បានចេញមកទទួលញត្តិរបស់ព្រះសង្ឃ ដែលទាមទារឲ្យលោក មិន ឃិន ចុះចេញពីតំណែងក្នុងរយៈពេល១៤ថ្ងៃ ដោយគ្មានលក្ខខណ្ឌ។
ញត្តិនោះលើកឡើងថា “ នៅពេលថ្មីៗនេះលោក មិន ឃិន មិនបានយកចិត្តទុកដាក់ចំពោះការបាត់ព្រះសារីរិកធាតុព្រះពុទ្ធទេ ហើយមិនបានចាត់វិធានការចាប់ខ្លួនចោរលួចមកផ្តន្ទាទោសឡើយ”។
បន្ទាប់ពីឈប់សម្រាកនិយាយរិះគន់មន្ត្រីក្រសួងអប់រំ មន្ត្រីធនាគារជាតិ និងមន្ត្រីក្រសួងកិច្ចការនារី ព្រះសង្ឃទាំងនោះបានមកដល់វត្តភ្នំនៅម៉ោង១១ព្រឹក។ នៅទីនោះ ព្រះសង្ឃបានហែក្បួនកាត់តាមការជួបជុំគ្នារបស់ក្រុមអ្នកតវា៉ផ្សេងទៀត ដែលទាមទារឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ដំឡើងប្រាក់ខែមន្ត្រីរាជការ បញ្ចុះតម្លៃប្រេង បញ្ចប់ការចាប់យកដី និងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ក្នុងចំណោមក្រុមអ្នកតវ៉ាទាំងនោះក៏មានអ្នកតវ៉ាប្រឆាំងការបណ្តេញចេញប្រហែល២០០នាក់ផងដែរ ដែលពាក់អាវប៉ាក់ពណ៌ស និងសំពត់ផាមួង កាន់ផ្កាឈូក ហើយបានចាប់ផ្តើមជួបជុំគ្នានៅម៉ោងប្រហែល៨ និង៣០នាទីព្រឹក និងហែក្បួនទៅកាន់សាលារាជធានី ដែលនៅទីនោះពួកគេបានទាមទារឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញចុះចេញពីតំណែង។
ពេលមកដល់ខាងក្រៅការិយាល័យរបស់លោក បា៉ សុជាតិវង្ស មុនម៉ោង៩ព្រឹកបន្តិច អ្នកតវ៉ាទាំងនោះបានអះអាងថា តំណាងឲ្យសហគមន៍ចំនួន២៨នៅក្នុងទីក្រុងភ្នំពេញដែលត្រូវបានបណ្តេញចេញ ឬប្រឈមមុខនឹងការបណ្តេញចេញ ហើយបានទាមទារឲ្យអភិបាលក្រុងរូបនេះដោះស្រាយជម្លោះរបស់ខ្លួន បើមិនដូច្នោះទេត្រូវចុះចេញ។
អ្នកស្រី សុង ស្រីលាភ អតីតអ្នកភូមិនៅសហគមន៍បឹងកក់បានស្រែកតាមឧបករណ៍បំពងសំឡេងពីលើដំបូលរឺុម៉កមូ៉តូកង់បីថា “ ខ្ញុំសូមស្នើឲ្យលោក បា៉ សុជាតិវង្ស ឈប់ប្រើអំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់។ យើងក៏ស្នើសុំឲ្យគាត់ចុះចេញពីតំណែងផងដែរ ពីព្រោះគាត់ខ្វះសមត្ថភាព”។
មួយសប្តាហ៍បន្ទាប់ពីបានជំនួសលោក កែប ជុតិមា ជាអភិបាលក្រុងភ្នំពេញកាលពីខែឧសភា លោក ប៉ា សុជាតិវង្ស បានជួបតំណាងសហគមន៍បឹងកក់ដោយផ្ទាល់ និងបានសន្យាដោះស្រាយជម្លោះជាមួយក្រុមហ៊ុនរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងមានបាតុករប្រហែល២០.០០០នាក់ និងបានកើនឡើងពីរដងលើសការជួបជុំគ្នាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពីព្រោះគណបក្សប្រឆាំងបានដឹកអ្នកគាំទ្រពីតាមខេត្តឲ្យមកចូលរួម។
កាលពីថ្ងៃសៅរ៍ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដែលខ្លួនលើកឡើងថា ផ្ទុយពីច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងការរស់នៅរបស់ប្រជាពលរដ្ឋ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងនូវកង្វល់ជាច្រើនថា “ ជាពិសេស ការបំពានច្បាប់ធ្វើបាតុកម្មអហិង្សា ការបិទផ្លូវ ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងការរារាំងដល់ការងាររបស់ស្ថាប័នសាធារណៈ”។
ក្រោយពីបានចាកចេញពីសាលារាជធានីកាលពីព្រឹកម្សិលមិញ បន្ទាប់មកអ្នកតវ៉ាប្រឆាំងការបណ្តេញចេញ ទាំងនោះបានែហក្បួនកាត់តាមទីលានប្រជាធិបតេយ្យ ដែលនៅទីនោះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរបីពាន់នាក់បានជួបជុំគ្នា ហើយនិងបានបន្តហែទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅជិតនោះដើម្បីទាមទារឲ្យបរទេសផ្អាកជំនួយដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
អ្នកស្រី ទេព វន្នី ជាអ្នកភូមិម្នាក់ទៀតនៅអតីតសហគមន៍បឹងកក់បាននិយាយថា “យើងហែក្បួននៅថ្ងៃនេះដើម្បីផ្ញើសារទៅលោក ហ៊ុន សែន ឲ្យចុះចេញពីតំណែង ពីព្រោះគាត់គ្មានសមត្ថភាពអភិវឌ្ឍប្រទេសទេ”។ អ្នកស្រីបាននិយាយថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងម្ចាស់ជំនួយជាប់ពាក់ព័ន្ធនៅក្នុងការបណ្តេញពួកគេ។
អ្នកស្រីបាននិយាយថា “ យើងសូមថ្កោល ទោសដល់ម្ចាស់ជំនួយ ពីព្រោះពួកេគរួមគំនិត ជាមួយរដ្ឋាភិបាល បណ្តេញប្រជាពលរដ្ឋខ្មែរដោយយកការអភិវឌ្ឍធ្វើជាលេស”។
នៅពេលរសៀលព្រះសង្ឃបានជួបជុំគ្នាម្តងទៀតរួមជាមួយតំណាងសមាគមប្រជា ធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ភួន សុវណ្ណ ទីប្រឹក្សាសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាបាននិយាយតាមឧបករណ៍បំពងសំឡេងថា “ នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែប្រាប់លោក សុខ គង់ ឲ្យបញ្ចុះតម្លៃប្រេងមកត្រឹម៤.០០០រៀលក្នុងមួយលីត្រ។ ប្រសិនបើគាត់មិនធ្វើដូច្នេះទេយើងនឹងធ្វើបាតុកម្មរៀងរាល់ថ្ងៃអាទិត្យ”។
លោក សុវណ្ណ បានស្រែកថា “ យើងចង់ឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការដល់២លានរៀលក្នុងមួយខែ ដើម្បីឲ្យពួកគេរស់បានស្រួល”។
នៅពេលចាប់ផ្តើមហែក្បួននៅម៉ោងប្រហែល២រសៀល លោក សម រង្ស៊ី និងលោក កឹម សុខា បានហែទៅទិសខាងត្បូងតាម មហាវិថីព្រះមុនីវង្សមុនពេលបត់ទៅទិសខាងលិចតាមមហាវិថីម៉ៅសេទុង និងត្រឡប់មកទីលានប្រជាធិបតេយ្យវិញតាមមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានរយៈពេលជាង៤ម៉ោង។
ឈរនៅផ្នែកខាងក្រោយរថយន្តភីកអាប់ដែលស្ថិតនៅកណ្តាលក្បួន មេដឹកនាំគណបក្ស
ប្រឆាំងទាំងពីរអមដោយលោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដែលបានជិះនៅក្នុងរថយន្តទំនើបមួយគ្រឿង។
ដើរពីក្រោយប្រធានគណបក្ស និងអនុប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មុនីវិទ្យា កូនស្រីរបស់លោក កឹម សុខា និង កញ្ញា សម រ៉ាឆែល កូនស្រីរបស់លោក សម រង្ស៊ី ដែលអង្គុយនៅលើដំបូលរថយន្តទំនើបមួយគ្រឿងទៀត បានគ្រវីដៃស្វាគមន៍ក្រុមមនុស្ស ហើយយូរៗម្តងបានកាន់ដៃគ្នាលើកឡើងលើដូចឪពុករបស់ពួកគេធ្វើអ៊ីចឹងដែរ។
នៅក្នុងការហែក្បួននោះ មេដឹកនាំតវ៉ា បានអង្គុយលើដំបូលរ៉ឺម៉កម៉ូតូកង់បី ហើយនិយាយតាមឧគ្ឃោសនសព្ទ ដឹកនាំក្រុមបាតុករស្រែកទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ពួកគេក៏បានដឹកនាំការស្រែករៀបរាប់ពីទុក្ខលំបាករបស់ខ្លួនទៅកាន់លោក នាយករដ្ឋមន្ត្រីផងដែរ។ អ្នកដឹកនាំស្រែកបានសួរថា “តើនរណាលក់ដី?” ហើយអ្នកតវ៉ាទាំងនោះឆ្លើយថា “ហ៊ុន សែន” ។

នៅពេលការហែក្បួនមកដល់កំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ទន្ទឹមអគាររដ្ឋាភិបាលនោះ ពួកគេបានដើរឆ្លងគន្លងផ្លូវនិងសួនច្បារនៅជាប់គ្នានោះ ហើយបានដើរតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីច្រកទ្វារចូលវិមានសន្តិភាព ស្រែកឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
មន្ត្រីកងរាជអាវុធហត្ថពីរនាក់ប្រដាប់ដោយកាំភ្លើងវែងឈរនៅខាងក្រៅអគារការិយាល័យរបស់លោក ហ៊ុន សែន និងនគរបាលក្រុងជាច្រើននាក់រួមមានមន្ត្រីកងរាជអាវុធហត្ថប្រដាប់ដោយអាវុធគ្រប់ដៃយ៉ាងហោចណាស់១២នាក់ទៀតនោះបានឈរខាងក្នុងច្រកទ្វារចូល ហើយកម្លាំងសន្តិសុខផ្សេងទៀតអង្គុយនៅលើដំបូល។
ត្រឡប់មកកាន់ទីលានប្រជាធិបតេយ្យវិញបន្ទាប់ពីថ្ងៃលិចលោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីលានប្រជាធិបតេយ្យដោយអំពាវនាវឲ្យលោក ហ៊ុន សែន ចេញមកប្រឈមមុខជាមួយប្រជាពលរដ្ឋ។
លោក កឹម សុខា បានមានប្រសាសន៍ថា “ហ៊ុន សែន ឃោរឃៅណាស់ប្រជាពលរដ្ឋលែងគាំទ្រគាត់ទៀតហើយ”។
លោក កឹម សុខា បានមានប្រសាសន៍បន្ថែមថា “យើងមានប្រជាពលរដ្ឋគ្រប់គ្រាន់ក្នុងការឲ្យគាត់ចុះចេញ ប៉ុន្តែយើងអាណិតគាត់ ហើយទុកពេលឲ្យគាត់គិតពីរបីថ្ងៃទៀត”។
លោកបានបន្តថា “កុំគិតថា យើងខ្លាចឲ្យសោះ។ យើងមិនខ្លាចស្លាប់ទេ ប៉ុន្តែយើងខ្លាចបាត់បង់ជាតិរបស់យើង”។
ដោយសំដៅជាក់ស្តែងដល់ភូមិគ្រឹះរបស់លោក ហ៊ុន សែន នោះ លោក កឹម សុខា បានមានប្រសាសន៍ថា “យើងអាចទៅកាន់វិមានឯករាជ្យ ប៉ុន្តែយើងមិនចង់ទៅទេ។ដូច្នេះសូមកុំព្រួយអី។ ដេកឲ្យលក់ស្រួលចុះ”៕
គឹម ហឿន និង សារុន
(រាយការណ៍បន្ថែមដោយ ផន បុប្ផា អូនភាព ម៉ិច ដារ៉ា Alex Willemyns និង Coliin Meyn)