សាកសពបុរសបស្ចិមប្រទេសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានរកឃើញកាលពីម្សិលមិញ អណ្តែតនៅក្នុងបឹងយក្ខឡោម ខេត្តរតនគិរី ជាទីកន្លែងទាក់ទាញទេសចរដ៏ច្រើន និងជាទីសក្ការរបស់ជនជាតិដើមភាគតិចទំពួន។
នគរបាលបានឲ្យដឹងថា បុរសរូបនេះទំនងជាត្រូវបានធ្វើឃាត ពីព្រោះករបស់គាត់បាក់ មានស្នាមដាច់នៅលើមុខរបស់គាត់ និងមានថង់ច្រកដុំថ្មមួយចងភ្ជាប់នឹងចង្កេះគាត់សណ្តូនទៅក្នុងទឹក។
លោក ណាប់ ឆុន នាយនគរបាលឃុំយក្សឡោម បានឲ្យដឹងថា “ខណៈដែលមន្ត្រីអភិរក្សល្បាតនៅជុំវិញនោះ ពួកគេបានប្រទះឃើញសាកសពជនរងគ្រោះ ស្លៀកសម្លៀកបំពាក់និងស្បែកជើងនៅឡើយ អណ្តែកលើទឹកក្នុងបឹងយក្ខឡោម។ នគរបាលកំពុងពិនិត្យសាកសពជនរងគ្រោះ ហើយយើងមិនទាន់បានធ្វើការសន្និដ្ឋានចុងក្រោយអំពី ករណីនេះនៅឡើយទេ”។
លោក ទិត្យ សាខឿន នាយរងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ពិបាកកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយសារតែសាកសពស្អុយរលួយ ប៉ុន្តែទំនងជាបុរសបស្ចិមប្រទេសអាយុខ្ទង់៥០ឆ្នាំ ហើយថា ពេលនេះ នគរបាលកំពុងទាក់ទងទៅស្ថានទូតបរទេសឲ្យជួយបញ្ជាក់អត្តសញ្ញាណបុរសរូបនេះ៕ ប៊ុននី