32 C
Phnom Penh

ព្រះ​បរមរាជវាំង​​បដិសេធលិខិត​ក្លែង​ក្លាយ​ដែល​បំផុស​បំផុល​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ ក្រសួង​ព្រះ​បរម​រាជវាំង​ បាន​ប្រកាស​បដិសេធ​លិខិត​ក្លែង​ក្លាយ​មួយ​ដែល​មាន​​ខ្លឹមសារ​ទាក់​ទង​ទៅ​នឹង​ព្រះ​បរម​រាជ​វាំង​ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​គេហ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​ហ្វេស​ប៊ុក​ (Facebook)។ លិខិត​នោះ​អំពាវ​នាវ​ឲ្យ​ប្រជាជន​កម្ពុជា “ ក្រោក​ឈរ​ឡើង​” ដើម្បី​ប្រឆាំង​នឹង​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លិខិត​ក្លែង​ក្លាយ​នោះ​ត្រូវ​បាន​ចុះ​កាល​បរិច្ឆេទ​នៅ​ថ្ងៃ​សុក្រសប្តាហ៍​មុន និង​មាន​ហត្ថ​លេខា​ក្លែង​បន្លំ​របស់​ព្រះ​មហា​ក្សត្រ នរោត្តម​ សីហមុនី​  នេះ​បើ​យោង​តាម​ច្បាប់​ថត​ចម្លង​លិខិត​នេះ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​បន្ត​នៅ​ក្នុង​កាសែត​រស្មី​កម្ពុជា​កាលពី​ម្សិលមិញ​។

លិខិត​នោះ​មាន​ខ្លឹម​សារ​ថា “ អស់​រយៈ​ពេល​​៣០ឆ្នាំ​មក​ហើយ​ ប្រទេស​កម្ពុជា​យើង​បាន​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​។ យើង​ជា​ប្រជាជន​ខ្មែរ​ រងនូវការ​សង្កត់​សង្កិន​ពី​សំណាក់​ ជន​បរទេស​យួន​។ លោក ហ៊ុន សែន បាន​ប្រើ​​​ប្រាស់​អំណាច​របស់​ខ្លួន​ទៅ​ដាក់​សម្ពាធ​ខ្លាំង​លើ​ព្រះ​មហា​ក្សត្រ​ ហើយ​ប្រជាជន​កំពុង​រង​ទុក​្ខ​វេទនា​ និង​យំ​ស្រែក​ជា​រៀងរាល់​ថ្ងៃ​”។

លិខិត​នោះ​មាន​ខ្លឹម​សារ​បន្ត​ថា​ “ យើង​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ នៅ​ពេល​នេះ​យើង​អំពាវ​នាវ​ឲ្យ​ជន​រួម​ជាតិ​ និង​អ្នក​ស្រឡាញ់​សន្តិ​ភាព​ យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​ រួម​កម្លាំង​គ្នា​ និង​ក្រោក​ឈរ​ឡើង​ទាំង​អស់​គ្នា​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជាតិ​ខ្មែរ​យើង​”។

លិខិតក្លែង​ក្លាយ​នេះ​ត្រូវ​បាន​លុប​ចេញ​ពី​គេ​ហទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ កាលពីម្សិលមិញ។

គួរបញ្ជាក់​ថា លិខិត​នោះ​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារ​ណៈនៅ​លើ​ទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​ឈ្មោះ​ ចាន់ សីហា អ្នក​ប្រើ​ប្រាស់​គណនី​​ទំព័រ​នេះ ដែល​កាសែត​រស្មី​កម្ពុជា​បាន​លើក​ឡើង​ថា ​​បាន​បង្ហោះ​លិខិត​នេះ​មុនគេ​។

ក្រសួង​ព្រះ​បរម​រាជ​វាំង​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាសរបស់​​ខ្លួន​ថា លិខិត​នោះ​គឺ​ជា​លិខិត​ក្លែ​ង​ក្លាយ​ដ៏​សាហាវ​មួយ​ និង​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្ក​បញ្ហា​សម្រាប់​លោក​ ហ៊ុន សែន បន្ទាប់​ពី​លោក​​ត្រឡប់​ពី​ប្រទេស​វៀតណាម​វិញ កាល ពី​ថ្ងៃ​សៅរ៍។

ក្រសួង​ព្រះ​បរម​រាជវាំង​បាន​លើក​ឡើង​ថា “ ក្រសួង​ព្រះ​បរម​រាជវាំង​សូម​បដិសេធ​សេចក្តី​ប្រកាស​នៅ​ក្នុង​លិខិត​ក្លែង​ក្លាយ​ដែល​មាន​ហត្ថលេខា​ព្រះ​មហាក្សត្រ​នេះ​… លិខិត​នេះ​មាន​ខ្លឹម​សារ​ញុះ​ញង់​ និង​បង្ក​ចលាចល​ ព្រម​ទាំង​អស្ថិរភាព​ ដល់​ប្រទេស​កម្ពុជា​នៅ​ពេល​សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ បន្ទាប់​ពី​បាន​បំពេញ​ភារកិច្ច​របស់​សម្តេច​នៅ​​ប្រទេស​វៀតណាម​”។

សេចក្តី​ប្រកាស​របស់​ក្រសួង​នេះ​មាន​ខ្លឹម​សារ​បន្ត​ថា “ ក្រសួង​ព្រះ​បរ​ម​រាជវាំង​សូម​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ តាម​ចាប់​ជន​ល្មើស​ដែល​ក្លែង​លិខិត​របស់ព្រះ​មហាក្សត្រ​ និង​នាំ​មក​ផ្តន្ទា​ទោស​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស