សមាគមរោងចក្រកាត់ដេរ និងស្បែកជើងកម្ពុជា (GMAC) បានឲ្យដឹងកាលពីម្សិលមិញថា រោងចក្រកាត់ដេរជាង៤០០នៅក្នុងប្រទេសកម្ពុជា នឹងនៅតែបិទទ្វាររហូតទាល់តែរដ្ឋាភិបាល និងសហជីពដែលធ្វើកូដកម្ម អាចធានាសុវត្ថិភាពរបស់រោងចក្រទាំងនេះ ព្រមទាំងកម្មករទាំងអស់ដែលចង់ធ្វើការ។
សេចក្តីសម្រេចនៅក្នុងលិខិតបើកចំហដែលសមាគម GMAC ចេញផ្សាយបន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានជួបប្រជុំគ្នា កាលពីព្រឹកម្សិលមិញ នឹងផ្អាកជាផ្លូវការនូវសកម្មភាពនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលបាននាំមកនូវប្រាក់ចំណូលប្រហែល៥.០០០លានដុល្លារក្នុងរយៈពេល១១ខែដើមឆ្នាំនេះ។
ដោយមិនពេញចិត្តការដំឡើងប្រាក់ឈ្នួលប្រចាំខែ១៥ដុល្លារ ដល់៩៥ដុល្លារ ដែលរដ្ឋាភិបាលបានអនុម័តសម្រាប់កម្មករកាត់ដេរទាំងអស់កាលពីសប្តាហ៍មុន សហជីពមួយចំនួនបានរៀបចំធ្វើកូដកម្ម និងតវ៉ា ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលទ្វេដងឲ្យឡើងដល់១៦០ដុល្លារ។
កាលពីថ្ងៃសុក្រ សកម្មភាពតវ៉ាមួយនៅតំបន់ជាយរាជធានីភ្នំពេញ បានបណ្តាលឲ្យអំពើហិង្សាកើតឡើង នៅពេលកម្មករបានប៉ះទង្គិចគ្នាមួយប៉្រាវជាមួយនគរបាល ជាហេតុបណ្តាលឲ្យបង្អួចជាច្រើនបែកខ្ទេច ហើយអ្នកតវ៉ាយ៉ាងតិចបីនាក់ជាំមុខជាំមាត់។
សមាគម GMAC បានចោទប្រកាន់សហជីពប្រាំមួយថា បានញុះញង់សមាជិករបស់ខ្លួនឲ្យបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបង្ខំកម្មករផ្សេងៗទៀតឲ្យចូលរួមក្នុងសកម្មភាពតវ៉ារបស់ខ្លួន។ សហជីពទាំងប្រាំមួយនោះក៏មានសហជីពសេរីកម្មករ និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខាវឌូ) ដែលជាសហជីពដ៏ធំបំផុតពីរនៅក្នុងប្រទេសកម្ពុជាដែលមិនគាំទ្ររដ្ឋាភិបាល។
ទាក់ទងទៅនឹងឥរិយាបថមិនសមរម្យរបស់សហជីពទាំងប្រាំមួយនេះ លិខិតរបស់សមាគម GMAC មានខ្លឹមសារថា “ ឥរិយាបថទាំងនេះនាំឲ្យយើងមិនមានជម្រើសណាក្រៅពីបិទទ្វារទេ”។
សមាគម GMAC ក៏បានស្នើឲ្យសហជីពទាំងនេះ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការពារទ្រព្យសម្បត្តិរោងចក្រ និងធានាសុវត្ថិភាពរបស់កម្មករដែលចង់ធ្វើការ។
សមាគម GMAC បានលើកឡើងថា “ នៅពេលលក្ខខណ្ឌទាំងនេះត្រូវបានឆ្លើយតប យើងនឹងរីករាយទទួលការអញ្ជើញសមាជិក សមាគម GMAC ឲ្យដំណើរការឡើងវិញ ហើយបន្ទាប់មកយើងនឹងអាចចូលរួមក្នុងកិច្ចពិភាក្សាជុំវិញបញ្ហាដែលកំពុងកើតឡើង”។
លិខិតដដែលក៏បានលើកឡើងផងដែរថា បញ្ហាឈប់ធ្វើការអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះអាចនឹងនាំឲ្យរោងចក្រនានារងការពិន័យពីសំណាក់អតិថិជនរបស់ខ្លួន ហើយកម្មករឈប់ពីការងារដោយមិនមានប្រាក់ឈ្នួល។ លិខិតនេះបានដាក់បន្ទុកទាំងស្រុងទៅលើសហជីពទាំងប្រាំមួយនេះថា “ពួកគេនឹងត្រូវទទួលខុសត្រូវទាំងស្រុងលើការបាត់បង់ប្រាក់ឈ្នួល ការបាត់បង់ការងារ និងការបាត់បង់វិនិយោគនៅប្រទេសកម្ពុជា”។
លោក គង់ អាទិត្យ អនុប្រធានសហជីព ស៊ីខាវឌូ បានលើកឡើងថា លោកមិនអាចបញ្ឈប់សកម្មភាពតវ៉ាទាំងនេះបានទេ ហើយបានបដិសេធថា សហជីពទាំងនេះមិនបានញុះញង់កម្មករទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំមិនមែនជាអ្នកគ្រប់គ្រងកម្មករទេ ដូច្នេះ នៅពេលកម្មករតវ៉ា តើខ្ញុំអាចបញ្ឈប់ពួកគេយ៉ាងម៉េចទៅ ដោយសារតែគ្មានដំណោះស្រាយសម្រាប់ពួកគេ”។
លោកបានលើកឡើងបន្តថា សហជីពរបស់លោកនឹងមិនបញ្ឈប់កូដកម្មទេ លុះត្រាតែរដ្ឋាភិបាលយល់ព្រមដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១៦០ដុល្លារនាពេលនេះ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រសួងនេះនឹងជួបប្រជុំជាមួយមេដឹកនាំសហជីពឡើងវិញក្នុងថ្ងៃនេះ ដើម្បីចរចាបញ្ចប់កូដកម្ម និងពន្យល់អំពីមូលហេតុដែលមិនអាចដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ។
លោកថ្លែងថា “ កិច្ចប្រជុំនេះ…មិនមែនធ្វើឡើងដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរប្រាក់ឈ្នួលទេ។ យើងគ្រាន់តែពន្យល់សហជីព និងអ្នកដែលពាក់ព័ន្ធ ឲ្យពួកគេយល់អំពីស្ថានភាព និងការលំបាកនានារបស់សមាគម GMAC”។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដើម្បីសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចរបស់សមាគម GMAC ថា មិនចូលរួមក្នុងកិច្ចប្រជុំក្នុងខែនេះជាមួយសហ ជីពនៅក្រសួងនេះ។
ក្រសួងនេះបានលើកឡើងថា “ និយោជកបានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃច័ន្ទ ទី៣០ ខែធ្នូ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។ ក្រសួងដដែលក៏បានលើកឡើងបន្តទៀតថា “ ក្រសួងសូមសម្តែងការសោកស្តាយចំពោះការបដិសេធរបស់សមាគម GMAC ថា នឹងមិនចូលរួមក្នុងកិច្ចប្រជុំនេះ។ ជាមួយគ្នាផងដែរ ក្រសួងក៏សូមសម្តែងការសោកស្តាយចំពោះការខូចខាត និងផលប៉ះពាល់ផ្សេងៗទៀត ដែលកើតឡើងដោយសារតែបាតុករប្រើអំពើហិង្សាកាលពីប៉ុន្មានថ្ងៃមុននេះ”៕ សុធា