នៅពេលដែលការធ្វើមហាបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរបានបន្តកាលពីម្សិលមិញ រដ្ឋាភិបាលដាក់ចេញផែនដើម្បីបញ្ចប់ការធ្វើបាតុកម្មនេះក្នុងរយៈពេលបីថ្ងៃទៀត រួមមានការប្ដឹងប្រធានសហជីពទៅតុលាការ និងដាក់កងកម្លាំងសន្តិសុខឲ្យចាត់វិធានការណាមួយ។

ទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្ញើលិខិតជូនលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកាលពីម្សិលមិញ ដោយផ្ដល់ជាយោបល់ថា ប្រសិនបើបាតុកម្មមិនឈប់ទេ ប្រធានសហជីពចំនួនប្រាំដែលដឹកនាំកូដកម្មនេះនឹងត្រូវដកហូតអាជ្ញាប័ណ្ណ និងនាំខ្លួនឡើងតុលាការ រីឯមេដឹកនាំសហជីពគ្មានអាជ្ញាប័ណ្ណទី៦គួរត្រូវផ្ដន្ទាទោសក្នុងតុលាការភ្លាមៗ។
លិខិតដែលចុះហត្ថលេខាដោយលោក ងោ៉ ហុងលី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនេះ បង្ហាញផែនការមួយមានប្រាំដំណាក់កាលដល់ក្រសួងការងារអំពីរបៀបដោះស្រាយកូដកម្មនៅទូទាំងប្រទេសនេះ។
ប្រសិនបើប្រធានសហជីពមិនបញ្ឈប់ការធ្វើបាតុកម្មរបស់ខ្លួនភ្លាមៗទេ ក្រសួងការងារគួរតែដកអាជ្ញាប័ណ្ណសហជីពទាំងនោះ។ប្រសិនបើបាតុកម្មនៅតែបន្ត លិខិតនោះស្នើឲ្យនាំប្រធានសហជីពទាំងនោះទៅតុលាការ។

លិខិតដដែលនេះបានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ឲ្យកម្មករត្រឡប់ចូលធ្វើការវិញ និងស្នើឲ្យរោងចក្របើកទ្វារឡើងវិញ ហើយដោយសារសហភាពការងារកម្ពុជាមិនបានចុះបញ្ជីជាមួយរដ្ឋាភិបាលនោះក្រសួងការងារគួរតែធ្វើពាក្យបណ្តឹងប្ដឹងលោក រ៉ុង ឈុនប្រធានសហជីពនេះ ទៅតុលាការ។
លិខិតនោះក៏ណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ “ រារាំង និងចាត់វិធានការលើអ្នកបង្កភាពអនាធិបតេយ្យ ដែលបានញុះញង់និងគំរាមកម្មករឲ្យឈប់ធ្វើការ និងឲ្យបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រផងដែរ”។
ចុងក្រោយ លិខិតនោះស្នើឲ្យក្រសួងការងាររៀបចំកិច្ចប្រជុំតុមូលដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្អែកតាមលក្ខខណ្ឌដែលអាចទទួលយកបាន។
លិខិតនោះមានខ្លឹមសារថា “ ការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាភ្លាមៗដល់១៦០ដុល្លារនេះមិនអាចទៅរួចទេ”។
កាលពីម្សិលមិញ កម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្មជាង៥.០០០នាក់បានបន្តធ្វើបាតុកម្មដោយហែក្បួនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅម៉ោង១២និង៣០នាទីរសៀល ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែដល់១៦០ដុល្លារ។
នគរបាលប្រឆាំងកុបកម្មជាង២០០នាក់ដែលឈរនៅពីក្រោយរបាំងបន្លាលួសបានបញ្ឈប់អ្នកតវ៉ាទាំងនោះនៅមិនឆ្ងាយប៉ុន្មានពីអគារទីស្ដីការគណៈរដ្ឋមន្ត្រី។
ការធ្វើបាតុកម្មនេះបានចាប់ផ្ដើមមុនម៉ោង៩ព្រឹកនៅក្រសួងការងារ។ ប្រធានសហជីពត្រូវបានកោះហៅឲ្យទៅពិភាក្សាអំពីកូដកម្ម និងការតវ៉ានេះនៅក្រសួងនេះ ហើយការធ្វើកូដកម្មនិងបាតុកម្មនេះ គឺដើម្បីឆ្លើយតបទៅនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីសប្ដាហ៍មុន ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៥ដុល្លារ ដល់៩៥ដុល្លារ។
កម្មករធ្វើកូដកម្មដែលបានហែក្បួនពីរោងចក្រនានានៅទូទាំងទីក្រុងទៅកាន់ក្រសួងការងារនេះមានអ្នកចូលរួមស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិតកន្លះគីឡូម៉ែត្រ ដោយបិទផ្លូវនោះមិនឲ្យធ្វើចរាចរណ៍ទាំងស្រុង និងបិទផ្លូវចូលហាងលក់ទំនិញ អគាររដ្ឋាភិបាល និងសាកលវិទ្យាល័យនៅក្បែរនោះ។
បន្ទាប់ពីកិច្ចប្រជុំរយៈពេលបីម៉ោងនៅក្រសួងនេះលោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានមានប្រសាសន៍ថា មិនមានការវិវឌ្ឍនៅក្នុងការដោះស្រាយការទាមទាររបស់កម្មករទេ ពីព្រោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនបានចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។
លោក អ៊ុំ មាន មានប្រសាសន៍ថា “ យើងមិនបានទទួលលទ្ធផលណាមួយពីកិច្ចប្រជុំនៅថ្ងៃនេះទេ ពីព្រោះភាគីមួយ [សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ] មិនបានចូលរួមជាមួយយើងទេ”។ លោកបានបន្ថែមថា លោកគិតថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាអាចធ្វើទៅបាន។
លោកមានប្រសាសន៍ថា “ ខ្ញុំគិតថា អាចដំឡើងប្រាក់ឈ្នួលអប្បបរមាបន្ថែមទៀតបាន ប៉ុន្តែការដំឡើងប្រាក់ឈ្នួលនោះអាស្រ័យលើការចរចាពីគ្រប់ភាគីទាំងអស់”។ លោកបន្ថែមថា ការប្ដេជ្ញាពីក្រុមហ៊ុនយីហោសម្លៀកបំពាក់ធំៗដើម្បីដំឡើងតម្លៃលក់រាយរបស់ពួកគេអាចជួយដំឡើងប្រាក់ឈ្នួលបាន។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានមានប្រសាសន៍ថា សមាគមនេះនឹងចូលរួមការចរចាពីប្រាក់ឈ្នួលអប្បបរមានេះនៅពេលណាដែលមានសណ្ដាប់ធ្នាប់នៅក្នុងឧស្សាហកម្មនេះឡើងវិញ។
លោក កែន លូ បាននិយាយថា “ យើងគឺជាជនរងគ្រោះ។ មុនពេលយើងចូលរួមនៅក្នុងការពិភាក្សាណាមួយ យើងត្រូវការឲ្យមានការធានាសន្តិសុខដល់កម្មករ និងទ្រព្យសម្បត្តិរបស់យើង”។
មានសេចក្ដីរាយការណ៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងរយៈពេលប្រាំថ្ងៃមកនេះអំពីកម្មករមួយក្រុមដែលបានសម្រុកចូលក្នុងរោងចក្រដើម្បីជំរុញឲ្យកម្មករចូលរួមធ្វើបាតុកម្ម។
បន្ទាប់ពីចេញពីការចរចានៅក្រសួងការងារនៅមុនថ្ងៃត្រង់បន្តិច ប្រធានសហជីពដែលមិនជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលចំនួនប្រាំមួយបាននិយាយទៅកាន់កម្មករដែលមកជួបជុំគ្នាទាំងនោះ។

លោក អាត់ ធន់ ប្រធានសហជីពស៊ីខាវឌូ បាននិយាយពីលើរថយន្តមួយគ្រឿងតាមឧគ្ឃោសនសព្ទថា “ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះអាស្រ័យលើរដ្ឋាភិបាល វាមិនមែនអាស្រ័យលើនិយោជកទេ”។
លោកបានបន្ថែមថា “ រដ្ឋាភិបាលគួរអន្តរាគមន៍ និងដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ។ប្រសិនបើក្រសួងការងារមិនរកដំណោះស្រាយទេ យើងទាំងអស់គ្នានឹងបន្តតវ៉ាទៀត”។
នៅមុនម៉ោង១២និង៣០នាទីរសៀលបន្តិចលោក រ៉ុង ឈុន ប្រធានសហភាពការងារកម្ពុជា បានយកក្បាលមីក្រូនិយាយប្រាប់កម្មករឲ្យហែក្បួនទៅទីស្ដីការគណៈរដ្ឋមន្ត្រី។ កម្មករស្រែកអបអរសាទរ និងចាប់ផ្ដើមហែក្បួនយឺតៗដោយថ្មើរជើង តាមម៉ូតូូរ៉ឺម៉កកង់បី និងរថយន្តតាមមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅទិសខាងកើត។
ប៉ុន្តែកម្មករទៅមុខលែងរួចបន្ទាប់ពីទៅហួសក្រសួងការពារជាតិបន្តិចដោយសារនគរបាលប្រឆាំងកុបកម្មបានយកបន្លាលួសបិទមហាវិថីសហព័ន្ធរុស្ស៊ី។
នៅពេលដែលកម្មករប្រមូលផ្ដុំគ្នានៅពីក្រោយរបាំងបន្លាលួស និងស្រែកទាមទារអ្វីដែលពួកគេចង់បាននោះ នគរបាលក្រុងដែលពាក់ប្រដាប់ការពារពេញខ្លួនបានឈរពីរជួ និងបីជួរស្របតាមរបាំងនោះ។
មានការប្រឈមមុខគ្នាដ៏តានតឹងរយៈពេលពីរម៉ោង ដោយប្រធានសហជីពនិងកម្មករបានរិះគន់រដ្ឋាភិបាលខ្លាំងៗចំពោះការមិនផ្ដល់ប្រាក់ខែសមរម្យដល់កម្មករ។
លោក សំ សុផល មន្ត្រីសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលធ្វើជាអ្នកសម្របសម្រួលរវាងនគរបាល និងអ្នកតវ៉ានោះ បានមានប្រសាសន៍ថានគរបាលបានស្នើសុំឲ្យកម្មករទៅធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែមេដឹកនាំសហជីពបានបដិសេធ។
ពេលកម្មកររាប់ពាន់នាក់ស្ថិតនៅពេញមហាវិថីសហព័ន្ធរុស្ស៊ី និងសួរច្បារនៅជុំវិញនោះ លោក រ៉ុង ឈុន ប្រធានសហជីពបានទាមទារជួបមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់។
នៅម៉ោងប្រហែលបីរសៀល លោក កែវ រ៉េមីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានដើរតាមចន្លោះរបាំងផ្លូវរបស់នគរបាលទៅជួបលោក រ៉ុង ឈុន ដែលកំពុងរង់ចាំនៅផ្នែកម្ខាងទៀត។
នៅពេលនោះគេបានហុចក្បាលមីក្រូឲ្យលោក កែវ រ៉េមី ហើយលោកបានចាប់ផ្ដើមនិយាយប្រាប់ពីគោលជំហររបស់រដ្ឋាភិបាល។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា “ ខ្ញុំនឹងពិភាក្សាជាមួយក្រសួងការងារ ដើម្បីរកដំណោះស្រាយឲ្យបងប្អូន”។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលព្រួយបារម្ភអំពីការរស់នៅរបស់បងប្អូន ប៉ុន្តែរដ្ឋាភិបាលមិនមែនជាម្ចាស់រោងចក្រទេ រដ្ឋាភិបាលមានតែតួនាទីសម្របសម្រួលប៉ុណ្ណោះ” ។ ពេលនិយាយដល់ចំណុចនេះ មានគេគប់ដបទឹកសុទ្ធត្រូវក្បាលគាត់។
លោក កែវ រ៉េមី បានព្យាយាមនៅស្ងៀមមុនពេលដើរត្រឡប់ទៅក្រោយវិញតាមរបាំងផ្លូវនោះ។
លោក រ៉ុង ឈុន មិនចាប់អារម្មណ៍ចំពោះការសន្យារបស់លោក កែវ រ៉េមី ទេ។
លោកបានមានប្រសាសន៍ថា “ នេះគ្រាន់តែជាល្បិចកលមួយដើម្បីពន្យារពេលតែប៉ុណ្ណោះ ហើយរដ្ឋាភិបាលគ្មានបំណងរកដំណោះស្រាយឲ្យកម្មករទេ” ។ លោកបានបន្ថែមថា កម្មករនឹងត្រឡប់មកធ្វើបាតុកម្មនៅទីស្ដីការគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃនេះ។
កម្មករបានចាប់ផ្ដើមបែកគ្នានៅប្រហែលម៉ោងបីរសៀល ហើយនគរបាលបានរុះរើរបាំងផ្លូវរបស់ខ្លួន និងត្រឡប់ទៅវិញនៅម៉ោងបួនល្ងាច៕ គឹមហឿន