30.7 C
Phnom Penh

ក្រសួង​អប់​រំ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ នឹង​ស៊ើប​អង្កេត​ករណី​លួច​សៀវភៅ​អាន​នៅ​តាម​សាលារៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា ខ្លួន​បាន​ចាប់​ផ្តើមធ្វើ​ប្រតិបត្តិការ​ស៊ើប​​អង្កេត​រួម​គ្នា​ ទៅ​លើ​សកម្ម​ភាព​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នូវ​សៀវ​ភៅ​អាន​សម្រាប់​​សិស្ស​វិទ្យាល័យ​ ​ក្នុង​គម្រោង​ផ្តល់​មូលនិធិ​ដោយ​ធនាគារ​នេះ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​តាម​វិទ្យាល័យ​ចំនួន​៣៣​ថា មន្ត្រី​អប់​រំ​ថ្នាក់​ស្រុក​បាន​លួច​សៀវ​ភៅ​អាន​ដែល​ផ្តល់​មូលនិធិ​ដោយ​ធនាគារ​ ADB។ គួរ​បញ្ជាក់​ថា សៀវ​ភៅទាំង​នេះ​ស្ថិត​​ក្នុង​គោល​បំណង​ប្រគល់​ឲ្យ​សិស្ស​ដោយ​ផ្ទាល់​ និង​ឥត​គិត​ថ្លៃ​។ លើស​ពី​នេះ​ទៅ​ទៀត​ មន្ត្រី​ទាំង​នោះ​ក៏​បាន​លក់​សៀវ​ភៅ​អាន​ទាំង​នេះនៅ​ក្នុង​បណ្ណាគារ​ និង​ទីផ្សារ​នានា​។

លោក ហង្ស ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សេចក្តី​រាយការណ៍​នៅក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ បាន​ធ្វើ​ឲ្យ​លោក​ភ្ញាក់​អារម្មណ៍​ចំពោះ​បញ្ហា​នេះ​។ លោក​​បាន​លើក​ឡើង​ថា នឹង​មាន​ប្រតិបត្តិ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​នេះ​ ប្រសិន​បើ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ទាំង​នេះ​គឺ​ជា​រឿង​ពិត​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​យើង​ស្គាល់​អត្ត​សញ្ញាណ​របស់​មន្ត្រី​អប់​រ​ំដែល​បាន​យក​សៀវ​ភៅ​ទាំង​នោះ​ទៅ​លក់​ នោះ​យើង​នឹង​ចាត់​វិធាន​ការ​”។

លោក​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ក៏​ប៉ុន្តែ ដំបូង​យើង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា អ្វី​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​​ពិត​ជា​ត្រឹម​ត្រូវ​ និង​មិន​លម្អៀង​ ព្រោះ​សៀវ​​​ភៅ​ខ្លះ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​សម្រាប​់​ផ្តល់​ជូន​សិស្ស​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ សៀវ​ភៅ​ខ្លះ​ទៀត​ត្រូវ​បាន​បោះ​ពុម្ព​សម្រាប់​លក់​”។

នៅ​ក្នុងបណ្ណា​គារ​ជាច្រើន​នៅ​តាម​ផ្លូវ​នានានៅ​ជុំ​វិញ​វិទ្យាល័យ​បាក់​ទូក​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ សៀវ​ភៅ​អាន​ដែល​មានកត់​សម្គាល់​អក្សរ​នៅ​ក្នុង​ប្រអប់​ក្រហម​និង​លឿង​ថា “ ​ហាម​​លក់ ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​” ត្រូវ​បាន​ដាក់​លក់​នៅ​ក្បែរ​សៀវភៅ​ផ្សេង​ៗទៀត​ ដែល​មាន​កំណត់​សម្គាល់​ថា “ សម្រាប់​លក់​” ។

សៀវ​ភៅ​អាន​ “ សម្រាប់​លក់​” ត្រូវ​បាន​លក់​រាយ​ក្នុង​តម្លៃ​ចាប់​ពី​៨.០០០រៀលទៅ​១០.០០០រៀល (២ដុល្លារ​ទៅ២,៥0ដុល្លារ​​) ចំណែក​ឯ​សៀវ​ភៅ​ដែល​មាន​កំណត់​សម្គាល់​ថា “ ហាម​លក់​” មាន​តម្លៃ​ចាប់​ពី​៥.០០០ទៅ​៨.០០០រៀល។

នៅ​ក្នុង​បណ្ណាគារ​មួយ​លោក ថៃ គឹមនាង អ្នក​លក់​សៀវ​ភៅ​បាន​ឲ្យ​ដឹង​ថា សៀវ​ភៅ​អាន​ដែល​មានកំណត់​សម្គាល់​ថា “ ហាម​លក់​” ​ត្រូវ​បាន​លក់​ដាច់​យ៉ាង​ច្រើន​។

លោក គឹម​នាង​ ដែល​បាន​អស់​ទឹក​ចិត្ត​លក់​ដោយ​ដឹង​ថា សៀវភៅ​អាន​ទាំង​នេះ​ត្រូវ​បាន​​គេ​យក​មក​ដោយ​ខុស​ច្បាប់​នោះ បាន​និយាយ​​ថា “ សៀវភៅ​អាន​ដែល​មាន​កំណត់​សម្គាល់​ថា ‘ ហាម​លក់​’ មាន​តម្លៃ​ថោក​ជាង​”។

លោក​បាន​និយាយ​បន្ត​ទៀត​ថា “ យើង​តែង​តែ​ដឹង​ថា តើ​សៀវភៅ​អាន​ដែល​មាន​កំណត់​សម្គាល់​ថា ‘ សម្រាប់​លក់​’ មាន​តម្លៃ​ប៉ុន្មាន​ ក៏​ប៉ុន្តែ សៀវ​ភៅ​ដែល​មាន​កំណត់​សម្គាល់​ថា ‘ ហាម​លក់​’ មាន​តម្លៃ​អាស្រ័យ​ទៅ​លើ​អ្នក​យកមក​លក់​​មក​ពី​ក្រសួង​អប់​រំ​ នៅ​ក្នុង​បណ្ណាគារ​នេះ​”។

នៅបណ្ណាគារបាក់​ទូក​ ដែល​ផ្គត់​ផ្គង់​សៀវ​ភៅ​ឲ្យ​តូប​​លក់​សៀវភៅ​តូចៗនៅ​ជុំ​វិញ​វិទ្យា​ល័យ​បាក់​ទូក​ អ្នក​ស្រី ឆាយ មួយ​វួច អ្នកគ្រប់​គ្រង​បណ្ណាគារ​នេះ​បាន​ឲ្យ​ដឹង​ថា សៀវភៅ​អាន​ដែល​មាន​កំណត់​សម្គាល់​ថា “ ហាម​លក់​”  ត្រូវ​បាន​គេ​យក​មក​ឲ្យ​អ្នក​ស្រី​ដល់​ទីកន្លែង​តាម​សំណើ​របស់​អ្នក​ស្រី​។ អ្នកស្រី​​បាន​និយាយ​ថា “ សៀវភៅ​ទាំង​នោះ​មក​ពី​ក្រសួង​​អប់​រំ​។ អ្នក​យក​មក​លក់​មក​ទី​នេះ​នៅ​ពេល​ខ្ញុំ​ទូរស័ព្ទ​ហៅ​ឲ្យ​យក​សៀវភៅ​មក​”។

លោក ភីធ័រ ប្រ៊ីម​បល (Peter Brimble) នាយក​រង​ធនាគារ​ ADB ប្រចាំ​ប្រទេ​ស​កម្ពុជា​ដែល​កាលពី​ឆ្នាំ​២០០៨ បាន​ផ្តល់​​មូលនិធិ​១,៧លាន​ដុល្លារ​សម្រាប់​បោះ​ពុម្ព​ និង​ចែក​ចាយ​សៀវភៅ​អាន​ទាំង​នេះ​ បាន​បញ្ជាក់​ថា លោក​កំពុងតែ​ធ្វើការ​ជាមួយ​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​ ក្នុងប្រតិបត្តិការ​ស៊ើប​អង្កេត​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ បច្ចុប្បន្ន​យើង​កំពុង​ធ្វើការតាម​ដាន​បន្ត​ជាមួយ​ក្រុម​ការងារ​គម្រោង​ ដើម្បី​ឲ្យ​ដឹង​ថា តើ​ពួកគេ​ដឹង​អ្វី​ខ្លះ​អំពី​ការប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នេះ”៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស