28.4 C
Phnom Penh

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ច្រាន​ចោល​ការ​ទាមទារ​​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​​ចុះ​ចេញ​ពីតំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​រដ្ឋាភិបាល​ជាន់​ខ្ពស់​បាន​និយាយ​កាល​​​ពី​ម្សិល​មិញ​ថា ពួក​គេ​នឹង​មិន​ធ្វើតាម​ការ​​ទាម​ទារ​របស់អ្នក​តវ៉ា​​គណបក្ស​ប្រឆាំង​ឲ្យ​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​​​ឡើយ ប៉ុន្តែ​មិន​ប​ង្ហើប​ប្រាប់​ពីការ​ឆ្លើយ​តប​របស់​រដ្ឋា​ភិបា​ល​​ ប្រសិន​បើ​នៅ​តែ​បន្ត​មាន​ការ​​តវ៉ា​រាល់​ថ្ងៃ​នោះ​។

គណបក្ស​សង្គ្រោះជាតិ ដែល​បាន​ច្រាន​ចោល​លទ្ធផល​ផ្លូវការ​នៃការ​បោះ​ឆ្នោត​​កាល​ពីថ្ងៃ​ទី​២៨ ខែកក្កដានោះ បាន​ដឹក​នាំ​បាតុកម្ម​រយៈ​ពេល​ពីរ​សប្ដាហ៍​មក​ហើយ ហើយ​​​បាន​ហែក្បួន​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញពីតំណែង​ បើ​មិន​​ដូច្នោះ​ទេ ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​​វិញ។

កម្មករ​រោងចក្រ​កាត់​ដេរ​រាប់ពាន់​នាក់​បាន​​ចូលរ​ួម​ជាមួយ​ការ​ជួប​ជុំ​គ្នា​របស់​គណ​បក្ស​​ប្រឆាំង​ដោយសារ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​កាលពីសប្ដាហ៍​មុន ដំឡើង​ប្រាក់​ខែ​អប្បបរមា​ត្រឹម​តែ​៩៥​ដុល្លារ​​ប៉ុណ្ណោះក្នុង​មួយ​ខែ​ ហើយ​បាន​បន្ត​ធ្វើ​ការ​​តវ៉ា​នៅ​ក្នុង​រាជ​ធានីភ្នំពេញ កាល​ពី​ម្សិល​មិញ។

លោក ឈាង វុន សមាជិក​សភា​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសា​សន៍​​​ថា​​​​​​​​​​​​​​ មនុស្ស​ប្រហែល​៥០​.០០០​នាក់​បាន​ហែ​ក្បួន​​ក្នុង​រាជធានីភ្នំពេញ​ ដោយ​ស្រែក​ថា “ ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ​” ​នោះ មាន​​ចំនួន​តិច បើ​ប្រៀប​ធៀប​ទៅនឹង​មនុស្ស​៣,២​លាន​នាក់​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជា​​ជន​កម្ពុជា​ កាលពីខែ​កក្កដានោះ។

លោក​​មាន​ប្រសាសន៍​ថា “ នៅ​ពេល​យើង​​​ធ្វើ​យុទ្ធ​នាការ យើង​មាន​ឈ្មោះ​របស់​​សម្ដេច ហ៊ុន សែន នៅ​ក្នុង​កម្ម​វិធី​នយោបាយ​របស់​​​​បក្ស​យើង​។ ឥឡូវ​នេះ​យើង​​មាន​សំឡេង​ឆ្នោត​​​៥៥​ភាគរយ​។ តើ​ឲ្យយើង​ធ្វើ​តាម​ការ​ដាក់​សម្ពាធពី​សំឡេង​ឆ្នោត​តិ​ច​ទៅលើ​សំឡេង​​​​​​​ឆ្នោត​ច្រើនដូច​ម្ដេច​?”។

លោក ឈាង វុន ​បាន​មាន​ប្រសាសន៍​ថា “ យើង​អនុ​វត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យើង​​​គ្មាន​ភារកិច្ច​ធ្វើតាម​​​ភាសា​​តាម​ផ្លូវ​ទេ”។

លោក ឈាង វុន បាន​បន្ថែម​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​តែ​បើក​ចំហឲ្យ​មាន​ការ​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​ដើម្បី​បញ្ចប់​ការ​តវា៉​ ប៉ុន្តែ​លោក​​​មាន​ប្រសា​សន៍​ថា គណបក្ស​ប្រឆាំង​បាន​ដាក់​លក្ខខណ្ឌ​ច្រើន​ពេក​នៅ​ពេល​ជួប​ប្រជុំ​ម្ត​ងៗ។

លោក កឹម សុខា អនុ​​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ឡើង​វិញ​ថា គណ​បក្ស​ប្រឆាំងនឹង​​ចូល​រួម​ការ​ចរចា​​ប្រសិន​​បើ​អនុ​ញ្ញាតឲ្យ​មាន​ការ​ចូល​រួម​ពី​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល ព្រះ​សង្ឃ និង​បញ្ញ​វន្ត​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​អនុញ្ញា​ត​​ឲ្យ​មាន​អ្នក​ហែក្បួន​ និង​បាតុករ​​ជាច្រើន​បិទ​ផ្លូវ​ក្នុង​រាជ​ធានី ពីព្រោះ​រដ្ឋា​ភិបាល​ទទួ​ល​​ស្គាល់​សេរីភាព​ក្នុង​ការ​តវ៉ា​​ដូច​មាន​​ចែង​នៅ​​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

លោក​មាន​ប្រសាសន៍​ថា“ យើង​មិន​ដែល​​​ចាត់​ទុក​ប្រជា​ពល​រដ្ឋ​ជាសត្រូវ​ឡើយ ប៉ុន្តែ​យើង​គ្រប់​គ្រង​បញ្ហា​តាម​ដែល​យើង​អាច​ធ្វើ​បាន​ ដើម្បី​បញ្ចៀស​កា​រ​ប្រើ​អំពើ​ហិង្សា។ យើង​យល់​ថា ការ​ធ្វើ​បាតុ​កម្ម​គឺ​ល្អ​ហើយ​សម្រាប់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ”។

ទោះ​ជាយ៉ាង​ណា លោក​បាន​បន្ថែម​ថា ពេល​ខ្លះ​អាជ្ញាធរត្រូវ​រារាំង​ការ​តវ៉ា​ណា​ដែល​​គ្មាន​​ច្បាប់​អនុញ្ញាត​។

លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសា​សន៍​ថា “យើង​យល់​ផង​ដែរ​ថា ក្នុង​នាម​រដ្ឋាភិបាល​យើង​ត្រូវ​ពង្រឹង​ច្បាប់​ និង​សណ្ដាប់​ធ្នាប់​តាម​មធ្យោបាយ​មួយ​ចំនួន ហើយ​យើង​នឹង​អនុវត្ត​​ច្បាប់​​នៅពេល​ណាមួយ​”។

លោក​បន្ថែមថា “ យើង​មិន​ទាន់​ធ្វើ​​ទេ​នៅ​​​ពេលនេះ។ ឥឡូវ​នេះ​​មាន​អារម្មណ៍​ល្អ​​សម្រាប់​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​​ប្រជា​ជន​កម្ពុជា​”៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស