អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទបានចូលរួមធ្វើជាអធិបតីក្នុងសមយុទ្ធបាញ់គ្រាប់ពិតមួយដែលប្រើប្រាស់រថក្រោះថ្មីៗនិងទម្របាញ់រ៉ុក្កែតលើរថយន្តទំនើបៗ ដើម្បីសម្ដែងកម្លាំងកាំភ្លើងធំរបស់ខ្លួនកាលពីម្សិលមិញ។

លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទបានមានប្រសាសន៍ថា រថក្រោះនិងទម្របាញ់កាំជ្រួច RM-70 ផលិតនៅសាធារណរដ្ឋឆែក ដែលយោធាទទួលបានថ្មីៗ បានបាញ់ចំ “គោលដៅ១០០ភាគរយ”។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍បន្ទាប់ពីសមយុទ្ធនៅទីបញ្ជាការកងរថក្រោះ ACO ក្នុងខេត្តកំពង់ស្ពឺថា “សមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃនេះធ្វើឡើងក្នុងគោលបំណងការពារប្រទេសជាតិរបស់យើងដែលជាភារកិច្ចរបស់យើង។ យើងមិនចង់ឈ្លានពានប្រទេសដទៃទេ ហើយយើងក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយឈ្លានពានប្រទេសរបស់យើងដែរ”។
ដោយចាត់ទុកយោធាជា “ឆ្អឹងខ្នងរបស់ប្រទេស” នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា សមយុទ្ធនេះគឺជាសមយុទ្ធប្រចាំឆ្នាំ ហើយស្រដៀងគ្នាទៅនឹងសមយុទ្ធរបស់យោធានៅក្នុងប្រទេសផ្សេងៗទៀត។
តែទោះជាយ៉ាងណា ការចំណាយលើសមយុទ្ធបាញ់គ្រាប់ពិតដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រ និងជាសមយុទ្ធបាញ់គ្រាប់ពិតលើកទី៣ ដោយកងទ័ពនិងកងរាជអាវុធហត្ថនៅឆ្នាំនេះ គឺជាបញ្ហាមួយដែលនាយឧត្តមសេនីយ៍រូបនេះបដិសេធមិនឆ្លើយបំភ្លឺអំពីទំហំនៃការចំណាយ។
ឧត្តមសេនីយ៍ឯក អិុត សារ៉ាត់ ដែលមានវត្តមាននៅក្នុងសមយុទ្ធនោះ មានប្រសាសន៍ថា កំាជ្រួចសរុបទាំងអស់១៤៥គ្រាប់ត្រូវបានបាញ់អំឡុងសមយុទ្ធរយៈពេល៣៥នាទី។ កាំជ្រួចនីមួយៗសម្រាប់ RM-70 ដែលអាចបាញ់កាំជ្រួចចំនួន៤០គ្រាប់បានក្នុងរយៈពេល២០វិនាទី មានតម្លៃចន្លោះពី១.២០០ដុល្លារទៅ៣.៨០០ដុល្លារ ហើយគ្រាន់តែរ៉ុក្កែតមានតម្លៃ១៧៤.០០០ដុល្លារ់។
នាយឧត្តមសេនីយ៍រូបនេះបានមានប្រសាសន៍អំពីការចំណាយលើសមយុទ្ធនេះថា សមយុទ្ធនេះត្រូវបានធ្វើឡើងស្របតាមការលៃទុកនៅក្នុងថវិកាជាតិ។
ថវិកាជាតិចំនួន៣,៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៤រួមមានទាំង៤៨៩លានដុល្លារសម្រាប់ក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃផងដែរ ពោលគឺកើនឡើង១៧ភាគរយលើការចំណាយពាក់ព័ន្ធនឹងសន្ដិសុខនៅក្នុងថវិកាជាតិឆ្នាំ២០១៣៕ សុខុម