31 C
Phnom Penh

អង្គភាព​ព័ត​៌មាន​និង​ប្រតិកម្ម​រហ័ស​លុបអត្ថ​បទ​ស្តីពី​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ពី​គេហទំព័ររបស់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ អង្គភាព​ព័ត៌មាន ​និង​​ប្រតិកម្ម​រហ័សរបស់​ទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​បានលុបអត្ថ​បទ​ចេញពីគេហទំព័រ​របស់​​ខ្លួន​ភា្លាម​ៗ​ដែល​អត្ថបទ​នោះ​និយាយ​​​លម្អិត​ពី​កា​រ​ហែក្បួន​របស់​គណបក្ស​ប្រឆាំង​កាល​ពី​ម្សិល​មិញនៅក្នុង​​រាជ​ធានី​ភ្នំពេញ​ដែល​មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​៥០.​០០០នាក់​ចូលរួម​ទាម​ទារ​ឲ្យ​លោក​នាយ​ក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​។

អត្ថ​បទរបស់ទី​ភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ​ដែល​មាន​ចំណង​ជើង​ថា “ ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​ម៉ឺននាក់​ជួប​ជុំគ្នា​កាល​ពី​ថ្ងៃអាទិត​្យ​ទាម​ទារ​ឲ្យ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង” ត្រូវ​បាន​អង្គ​ភាព​ព័ត៌មាន​និង​ប្រត​ិកម្ម​រហ័សយក​ទៅ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់ខ្លួន​ភ្លាម​ៗ​បន្ទាប់ពី​​​ការ​តវ៉ា​នោះ​បាន​បញ្ចប់​។

អត្ថបទ​នោះ​មាន​ខ្លឹម​សារ​ថា “ អ្នកគាំ​ទ្រ​គណបក្ស​ប្រឆាំង​រាប់​ម៉ឺន​នាក់​ដែល​បាន​ទទួល​ការ​​គាំ​ទ្រ​ពី​​​កម្ម​ករ​រោង​ចក្រ​កាត​់​ដេរ​ដែល​បាន​ធ្វើ​កូដកម្ម​នោះ បាន​ជួប​ជុំគ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​​​កាន់​អំណាច​យូរ​រូប​នេះ​​ចុះ​ចេញ​ពី​ត​ំណែង ហើយ​​ទាម​ទារ​ឲ្យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ”។

អត្ថ​បទ​នៅលើ​គេហទំព័រ​របស់​អ​ង្គ​ភាព​​ព័ត​៌មាននិង​ប្រតិកម្ម​រហ័ស​ត្រូវ​បាន​កែ​សម្រួល​​ពី​អត្ថបទ​ដើម​ ប៉ុន្តែ​បាន​រក្សា​ទុក​សម្រង់​សម្តី​​ដើមរបស់​លោក សម រង្ស៊ី មេដ​ឹក​នាំ​​គណបក្ស​​ប្រឆាំង​ ដែលបាន​ដឹក​នាំ​ការ​ហែក្បួននិង​ការ​ធ្វើ​បាតុកម្ម​នា​ពេល​​ថ្មី​ៗ​នេះ ដើម្បី​​ទាម​​ទារ​ឲ្យ​លោក​ ហ៊ុន ​សែន ចុះ​ចេញ​ពី​តំណែង។

លោក សម រង្ស៊ី ត្រូវ​បាន​ដក​ស្រង់​សម្ត​ី​ដែល​និយាយ​នៅ​ក្នុង​កថាខណ្ឌទី​៣ថា“ ហ៊ុន សែន និង​រដ្ឋាភិបាល​ខុស​ច្បាប់​របស់​លោក​អាច​ស្តាប់​យើង​ឮហើយ ពួកគេ​​មិន​អាចមិន​​អើ​ពើ​​នឹង​យើង​​បាន​ឡើយ ប្រជា​ពល​រដ្ឋ​បង្ហាញ​នូវ​ឆន្ទៈ​របស់ខ្លួន​​ដើម្បី​ផ្លាស់​​ប្តូរ។យើង​ទាម​ទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញពី​តំណែង​ និង​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ”។

​ពេល​ជូន​ដំណឹង​​អំពីការ​ចុះ​ផ្សាយ​អត្ថ​បទ​នៅលើ​គេហទំព័រ​របស់​អង្គ​ភាព​ព័ត​៌​មាន​និង​ប្រតិកម្ម​រហ័ស​កាល​ពី​ម្សិល​​មិញ លោក ឯក ថា អ្នក​នាំពាក្យ​អង្គ​ភាព​នេះ​បាន​សុំឲ្យ​អ្នក​យក​ព័ត​៌មាន​ទូរស័ព្ទ​មក​វិញ។

បន្ទាប់មក អត្ថ​បទ​នោះ​ត្រូវ​បា​នលុប​ចេញ​​​​ពី​គេហទំព័រ​នេះ​ ហើយ​លោក ឯក ថា មិន​អាច​​​ទាក់​ទង​បាន​ឡើយ។

លោក ទិត សុធា​ អ្នក​នាំពាក្យ​អង្គភាព​ព័ត​៌មាន​និង​ប្រតិកម្ម​រហ័ស​ម្នាក់​ទៀត​មិន​បាន​លើក​ទូរស័ព្ទ​អ្នក​យក​ព័ត៌មាន​ឡើយ។

ទោះជា​​យ៉ាងណា ក្នុង​បទ​សម្ភាស​តាម​​វិទ្យុកាល​ពី​ម្សិល​មិញ លោក ទិត សុធា បាន​និយាយ​ការ​ពារ​ការ​ចុះ​ផ្សាយ​អត​្ថបទ​នេះ។

លោក​បាន​មាន​ប្រសាសន៍ថា “ ​នៅ​ក្នុង​ការ​ចុះ​​​ផ្សាយ​អត្ថ​បទ​នេះ​ រដ្ឋាភិបាល​គ្រាន់​តែ​ចង់​បង្ហាញអំពី​​​​របៀប​រាយការណ៍​ពី​​ស្ថាន​ភាព​នយោបាយរបស់​​កម្ពុជានៅក្នុង​សារព័​ត៌​មាន​​បរទេស​ប៉ុណ្ណោះ​។ ទី២ យើង​ចង​់​បង្ហាញ​​​​អំពី​ការ​ពង្រីក​សេរី​ភាព​​ព័ត៌មាន​របស់​យើង​​។ នេះគឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន”។

អង្គភាព​ព័ត​៌មាន​និង​ប្រតិកម្ម​រហ័ស​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ស្ថិត​ក្រោម​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ដែល​គ្រប់​គ្រង​ដោយ​លោកឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ថា លោក​បាន​ឮ​​អំពី​អត្ថ​បទនេះ​ពី​អ្នក​ផ្សេង​ ពីព្រោះ​លោក​ជាប​់​រវល់​ឃ្លាំ​មើល​​ការ​តវ៉ា​កាល​ពី​ម្សិល​មិញ។
លោក​មាន​ប្រសាសន៍ថា “ ប្រជា​ពល​រដ្ឋ​មួ​យ​ចំនួន​ប្រាប់​ខ្ញុំថា គេហទំព័រ​របស់​អង្គភាព​ព័ត​៌មាន​និងប្រតិកម្ម​រហ័ស​ត្រូវ​បាន​គេ​លួច​ចូល”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស