28 C
Phnom Penh

​ប្អូន​ស្រី​លោក ​​ ហ៊ុន សែន ប្រៀប​ធៀប​លោក​ សម រង្ស៊ី ​ទៅ​នឹង​ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ហ៊ុន ស៊ីណាត ត្រូវជាប្អូន​ស្រីពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពីថ្ងៃ​ច័ន្ទបាន​ក្លាយ​ជា​មន្ត្រី​រដ្ឋាភិបាល​ចុង​ក្រោយ​​ម្នាក់​ដែល​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​រូប​លែង​ជឿទុក​ចិត្ត​ចំពោះកា​រ​បង្ហោះរូប​ភាព​ឃោរ​ឃៅ​​តាម​ហ្វេស​ប៊ុក​។

អ្នកស្រី ស៊ីណាត ដែល​ជា​អនុរដ្ឋលេខា​ធិការ​មកពីគណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច​បាន​ចែក​រំ​លែក​​រូបភាព​ពីរ​នៅ​លើទំព័រ​ហ្វេស​ប៊ុក​​របស់​គាត់​ដែល​បាន​ភ្ជាប់​លោក សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​ទៅនឹង​មេដឹកនាំជាន់​ខ្ពស់​របស់​ខ្មែរ​ក្រហម​ ព្រម​ទាំង​ អាដុល អ៊ីត្លែ។

ដំបូង​រូប​ភាព​ដែល​បង្ហោះ​នៅ​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ច័ន្ទនេះ បង្ហាញ​រូប​លោក សម រង្ស៊ី នៅ​ពីលើ​ផ្ទៃ​មុខ​របស់​សមាជិក​ខ្មែរ​ក្រហម​​ប្រាំបួន​នាក់ រួម​ទាំង​ អៀង សារី ខៀវ សំផន និង​ ប៉ុល ពត។ អក្សរ​ដែល​សរសេ​រ​នៅ​ពីលើ​ផ្ទៃ​មុខ​របស់​​​លោក សម រង្ស៊ី នេះ​មាន​ខ្លឹម​សារ​ថា “បញ្ញ​វន្ត​​មក​ពីទីក្រុង​បារីស សុទ្ធតែ​ជា​អ្នក​បំផ្លាញ​ជាតិ​”។

ប៉ុល ពត អៀង សារី និង​ ខៀវ សំផន ព្រម​ទាំង​​មន្ត្រី​របប​ខ្មែរ​ក្រហម​មួយ​ចំនួន​ទៀត​ បាន​ទៅរៀន​ថ្នាក់​អាហារូបករណ៍​​ពី​ក្រុម​​កុម្មុយ​នីស្ត​នៅ​​បារីស​ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ដែល​ឧបត្ថម្ភ​ដោយ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម  សីហនុ។

អ្នកស្រី​ ស៊ីណាត បាន​សរ​សេរ​សំដៅ​ដល់​លោក​ សម រង្ស៊ី ថា “ខ្ញុំគាំទ្រ​រូប​នេះពី​ព្រោះ​ទាំង​នេះ​គឺ​ជាពាក្យ​ពិត​អំពី​របប​ខ្មែរ​ក្រហម​​ដែល​មាន​​មនុស្ស​​ស្លាប់​​ជាង​១​លាន​នាក់​។ ​លោក​ សម រង្ស៊ី បាន​រស់​នៅ​ក្នុង​ទីក្រុង​បារីស បន្ទាប់ពី​គ្រួសារ​របស់​​​​លោក​​បាន​និរទេ​ស​ទៅ​ទីនោះ​នៅក្នុង​ជំនាន់​​ សីហនុ កាល​ពី​ទស​វត្សរ៍​ឆ្នាំ​១៩៦៥​ និង​ត្រឡប់​មក​​​កម្ពុជា​វិញ ធ្វើ​ជា​រដ្ឋមន្ត្រី​​​ក្រសួង​ហិរញ្ញវត្ថុ​​នៅ​ឆ្នាំ​១៩៩២​។ សព្វ​ថ្ងៃ​នេះ​​ មាន​មនុស្ស​ម្នាក់​​​ទៀត​​បាន​មក​ពី​ប្រទេស​បារំាង​” ។

​យោង​តាម​លោក ហារីស និង​ ជូលី មេត្តា​អ្នក​សរសេរ​ជីវ​ប្រវត្តិរបស់​លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា អ្នកស្រី ស៊ីណាត ខ្លួនគាត់​ផ្ទាល់​បាន​ចូល​ព្រៃ​ម៉ាកគី​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧១​ប្រហែល​ជា​នៅពេល​ដំណាល​គ្នា​​ជា​មួយ​​​​​លោក ហ៊ុន សែន ដែរ​។ លោក សម រង្ស៊ី ដែល​មិន​ធ្លាប់​ធ្វើ​ជា​សមា​​ជិក​ខ្មែរ​ក្រហម​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អ្វីដែល​បង្ហោះ​នៅតាម​ហ្វេស​ប៊ុក​របស់​អ្នក​ស្រី​ ស៊ីណាត ទេ​។

ការ​បង្ហោះ​នោះ​មាន​រូប​​លោក សម រង្ស៊ី លើក​ដៃ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​គោរព​​របស់​របប​ ណាហ្ស៊ី។ អ្នក​ស្រី​ ស៊ីណាត សរសេរ​នៅ​ពីក្រោម​រូប​លោក សម រង្ស៊ី ថា “ គាត់​ចង់​ធ្វើតាម​មេដឹកនាំ​ អ៊ីត្លែ ដើម្បី​​​យក​មក​អនុវត្ត​ក្នុង​ប្រទេស​យើង​”។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​​មិន​ចង់​ឆ្លើយ​តប​ទៅនឹង​ការ​​ប្រមាថ​ប្រភេទ​នេះ​ទេ​។ ហេតុ​អី​បាន​ជា​​ខ្ញុំ​​ត្រូវ​ឆ្លើយ​តប​ចំពោះ​​ការ​រិះគន់​ជាទូទៅ​ចំពោះ​អ្នក​រៀន​នៅ​ក្នុង​ទីក្រុង​បារីស​? វា​ពិត​ជាមាន​ន័យ​ណាស់​”។ គេ​មិន​អាច​ទាក់​ទង​អ្នកស្រី​ ស៊ីណាត សុំ​ការ​អត្ថាធិប្បាយ​បានទេ​។

កាលពីសប្ដាហ៍​មុន ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ចែក​រំលែក​រូប​នៅ​តាម​ទំព័រហ្វេស​ប៊ុក​ដែល​​ពណ៌នា​មិន​ពិត​អំពី​​ព្រះតេជគុណ ប៊ុត ប៊ុន​ទិញ ដែល​ជា​​​ព្រះ​សង្ឃ​​ប្រឆាំង ​ថើប​ស្ត្រី​បរទេស​ម្នាក់​ ប៉ុន្តែ​ក្រោយ​មក​រូបនោះ​ត្រូវ​បាន​លុប​ចេញ​វិញ​។ លោក ខៀវ កាញារីទ្ធ មិន​សូម​ទោស​ឬ​ធ្វើ​​ការ​កែតម្រូវ​អំពី​រូប​នេះទេ​ ហើយ​​នោះគឺ​ជា​រូប​​​ព្រះសង្ឃ​នៅ​​ប្រទេស​ស្រីលង្កា ដោយ​លោក​មាន​ប្រសាសន៍​ថា បណ្ដាញ​ទំនាក់​ទំនង​​សង្គម​មិន​មែន​ជា​ប្រភព​ព័ត៌មាន​ផ្លូវ​ការ​ទេ​។

​កាលពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​បាន​យល់​ស្រប​​​ថា ហ្វេស​ប៊ុ​ក​​គឺ​ជា​ល្បែង​កម្សាន្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​​​ច្បាប់​​សម្រាប់​វិនិច្ឆ័យ​ទោស​លើ​កា​រប្រើ​ប្រាស់​​​ហ្វេស​ប៊ុក​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​នរណា​ម្នាក់​បង្ហោះ​នៅតាម​ហ្វេស​ប៊ុក​ថា គេ​ចង់​សម្លាប់​នាយ​ក​រដ្ឋមន្ត្រី​នោះ យើង​មិន​អាច​ធ្វើ​អ្វី​បានទេ​ គឺ​គ្រាន់​តែ​ហៅ​​គេ​មក​សាក​សួរ​ថា តើ​គេ​ចង់​និយាយ​អំពី​អ្វី៕​គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស