25 C
Phnom Penh

នៅ​​​ពេល​​​កម្មករ​​​កំពុង​​​​​​ធ្វើ​​​កូដកម្ម​​​​​​រដ្ឋាភិបាល​​​​​​​​​ដំឡើង​​​​​​ប្រាក់​​​ឈ្នួល​​​​​​ប្រាំ​​​​​​ដុល្លារ​​​បន្ថែមទៀត​​​​​​ដល់​​​​​​១០០ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​​​​បន្ទាប់​​​ពី​​​​​​កម្មករ​​​​​​បាន​​​ចាប់​​​ផ្ដើម​​​​​​ធ្វើកូដកម្ម​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​ប្រឆាំង​​​​​​សេចក្ដី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​​​​​​​ថា ដំឡើង​​​​​​ប្រាក់​​​ឈ្នួល​​​អប្បរមា​​​​​​​​​​​​ចំនួន​​​១៥ដុល្លារ​​​ដល់​​​​​​៩៥​​​ដុល្លារ​​​​​​សម្រាប់​​​វិស័យ​​​កាត់​​​ដេរនោះ​​​​​​ កាលពី​​​ម្សិលមិញ​​​​​​ ក្រសួង​​​ការ​​​ងារ​​​​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​​​​បាន​​​ប្រកាស​​​ថា ​​​ឥឡូវ​​​នេះ​​​ខ្លួន​​​​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ប្រចាំ​​​ខែ​​​នេះ​​​​​​​​​ចំនួន​​​ប្រាំ​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​​​​ ពោល​​​គឺ​​​​​​ដំឡើង​​​​​​ឲ្យ​​​ដល់​​​១០០ដុល្លារ​​​​​​។

កម្មករ​​​​​​ម្នាក់​​​លើ​​​កបដា​​​​​​​​ខាងមុខការិយាល័យ​​​របស់​​​​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ​​​កាល​​​ពី​​​ម្សិលមិញ ក្នុង​​​រាជធានីភ្នំពេញ​​​ំ  ដែលសរសេរថាប្រាក់ខែគោល១៦០​​​ដុល្លារ​​​​​​។ សីុវ ចាន់ណា
កម្មករ​​​​​​ម្នាក់​​​លើ​​​កបដា​​​​​​​​ខាងមុខការិយាល័យ​​​របស់​​​​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ​​​កាល​​​ពី​​​ម្សិលមិញ ក្នុង​​​រាជធានីភ្នំពេញ​​​ ដែលសរសេរថាប្រាក់ខែគោល១៦០​​​ដុល្លារ​​​​​​។ ស៊ីវ ចាន់ណា

ទោះ​​​ជាយ៉ាង​​នេះ​​​ក៏​​​ដោយ​​​​​​ មេដឹកនាំ​​​សហ​​​​​​ជីព​​​​​​​​​ប្រាំ​​​មួយ​​​​​​​​​ដែល​​​​​​​​​មិន​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​​​​ និង​​​បាន​​​ដឹកនាំ​​​កម្មករ​​​​​​រោងចក្រ​​​កាត់​​​​​​ដេរ​​​ជា​​​ច្រើន​​​ពាន់​​​នាក់​​​​​​​​​ក្នុង​​​សកម្ម​​​ភាព​​​បាតុ​​​កម្ម​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​​​​ឈ្នួល​​​​​​​​​​​​អប្បបរមា​​​១៦០​​​ដុល្លារ​​​ ច្រាន​​​ចោល​​​​​​ប្រាក់​​​ឈ្នួល​​​​​​​​​​​​ថ្មី​​​១០០​​​ដុល្លារ​​​នេះ​​​។

នៅ​​​ក្នុង​​​សេចក្ដី​​​ប្រកាស​​​​​​ដែលចុះ​​​ហត្ថលេខា​​​​​​​​​ដោយ​​​លោក​​​ អ៊ិត​​​ សំហេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការងារ​​​​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​ រដ្ឋាភិ​​​​​​បាល​​​ក៏​​​បាន​​​ប្រកាស​​​ផង​​​ដែរ​​​​​​ថា ចំនួន​​​ប្រាក់​​​ឈ្នួល​​​​​​ថ្មី​​​​​​ចំនួន​​​​​​១០០​​​ដុល្លារ​​​​​​សម្រាប់​​​កម្មករ​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​នេះ​​​ ត្រូវ​​​តែ​​​អនុវត្ត​​​ដោយ​​​ចាប់​​​ផ្ដើម​​​​​​ក្នុង​​​ខែ​​​កុម្ភៈ​​​ មិនមែន​​​​​​ខែ​​​មេសា​​​ ដូចផែន​​​ការ​​​​​​កាល​​​ពី​​​ដំបូង​​​​​​ដែល​​​មាន​​​​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​​​​១៥​​​ដុល្លារ​​​នោះ​​​ទេ​​​។ ក្នុង​​​រយៈ​​​ពេល​​​ប្រាំបួន​​​ខែ​​​កន្លង​​​មក​​​នេះ​​​ រដ្ឋាភិបាល​​​​​​​​​​​បាន​​​​​​​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​អប្បបរមា​​​​​​ក្នុង​​​វិស័យ​​​​​​កាត់​​​ដេរ​​​​​​៦៤​​​ភាគ​​​រយ​​​ ពី​​​​​​៦១​​​ដុល្លារ​​​​​​។

លោក​​​ ប្រាក់​​​ ចាន់ធឿន​​​ អគ្គ​​​នាយក​​​​​​ដ្ឋាន​​​​​​វិវាទ​​​ការងារ​​​នៃ​​​ក្រសួង​​​ការងារ​​​ និង​​​បណ្ដុះ​​​​​​បណ្ដាល​​​វិជ្ជាជីវៈ​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ប្រាំ​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​​​​មាន​​​គោល​​​​​​បំណង​​​ធ្វើ​​​ឲ្យ​​​​​​កម្មករ​​​​​ដែល​​​​​​ធ្វើ​​​កូដកម្ម​​​ទ្រង់​​​ទ្រាយ​​​ធំ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​​​​នៅ​​​មុខ​​​ក្រសួង​​​​​​​​​នេះ​​​ ស្ថិត​​​នៅ​​​​​​តាម​​​បណ្ដោយ​​​មហា​​​វិថី​​​សហព័ន្ធ​​​រុស្ស៊ី​​​​​​ មាន​​​អារម្មណ៍​​​ស្ងប់​​​។ លោក​​​ ចាន់​​​ ធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា  “ឯកឧត្តម​​​រដ្ឋ​​​មន្ត្រី​​​​​​ [អិុត សំហេង​​​] បាន​​​សម្រេច​​​​​​ចិត្ត​​​​​​​​​ផ្លាស់​​​ប្ដូរ​​​ប្រាក់​​​ឈ្នួល​​​​​​អប្បបរមា​​​នេះ​​​​​​ ដោយ​​​សារ​​​តែ​​​ឯក​​​ឧត្តម​​​​​​​​​ចង់​​​បញ្ឈប់​​​​​​សកម្មភាព​​​តវ៉ា​​​”។

លោក​​​ស្រី ម៉ម ញឹម​​​ ប្រធាន​​​សហព័ន្ធ​​​​​​សហ​​​​​​ជីព​​​កាត់​​​ដេរ​​​​​​ឯករាជ្យ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ថា ប្រាក់​​​ឈ្នួល​​​​​​ថ្មី​​​នេះ​​​នៅ​​​ខ្វះ​​​ច្រើន​​​ណាស់​​​​​​ទើប​​​​​​គ្រប់​​​​​​១៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​​​​។ លោក​​​​​​ស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ឃើញ​​​ថា រដ្ឋាភិបាល​​​បាន​​​បន្ទន់​​​​​​ជំហរ​​​របស់​​​ខ្លួន​​​​​​ក្នុង​​​ការ​​​ស្វែ​​​ង​​​រក​​​ដំណោះស្រាយ​​​​​​ហើយ​​​​​​ ក៏​​​ប៉ុន្តែ​​​យើង​​​មិន​​​អាច​​​ទទួ​​​ល​​​យក​​​សេចក្ដី​​​សម្រេច​​​នេះ​​​បាន​​​ទេ​​​​​​ ពីព្រោះ​​​​​​ការ​​​​​​ដំឡើង​​​នេះ​​​​​​មាន​​​​​​ចំនួន​​​តិច​​​​​​ណាស់​​​​​”។ លោកស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​​​​ថា “យើង​​​នឹង​​​រក្សា​​​ជំហរ​​​​​​របស់​​​យើង​​​​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​ឈ្នួលអប្បបរមា​​​១៦០​​​ដុល្លារ​​​ ហើយ​​​យើង​​​​​​នឹង​​​តវ៉ា​​​បន្ត​​​ទៀត​​​​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​មិន​​​យល់​​​ព្រម​​​​​​​​​តាម​​​ការ​​​ទាមទារ​​​របស់​​​កម្មករ​​​ទេ​​​នោះ​​​”។

លោក​​​ កែន លូ អគ្គលេខា​​​ធិការ​​​​​​សមា​​​គម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ (GMAC) បាន​​​លើក​​​ឡើង​​​ថា សមា​​​គម​​​នេះ​​​​​​មិន​​​ទទួល​​​បាន​​​ការ​​​​​​ពិគ្រោះ​​​យោបល់​​​​​​អំពី​​​សេចក្ដី​​​សម្រេច​​​​​​ឯកតោ​​​ភាគី​​​របស់​​​​​​រដ្ឋមន្ត្រី​​​ក្រសួង​​​ការងារ​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​ថា ដំឡើង​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ប្រាំ​​​ដុល្លារ​​​នេះ​​​ទេ​​​។ លោក​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ស្ថានភាព​​​នឹង​​​កាន់​​​តែ​​​យ៉ាប់​​​យឺន​​​ជាង​​​នេះ​​​ទៀត​​​ ដោយ​​​សារ​​​តែ​​​ការ​​​ធ្វើ​​​បែប​​​នេះ​​​​​​”។ ក៏​​​ប៉ុន្តែ​​​ លោក​​​បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​​​​ថា តើ​​​​​​ស្ថានភាព​​​​​​នឹង​​​កាន់​​​តែ​​​យ៉ាប់​​​យឺន​​​​​​​​​ដោយ​​​របៀប​​​ណាទេ​​​។ លោក​​​​​​បាន​​​បន្ត​​​ថា “យើង​​​មិន​​​ដឹង​​​​​​ថា នឹង​​​​​​មាន​​​​​​រឿង​​​អ្វី​​​កើត​​​ឡើង​​​ទៀត​​​​​​ទេ​​​”។

លោក កែន លូ បាន​​​លើក​​​ឡើង​​​​​​កាល​​​ពី​​​ដើម​​​សប្ដាហ៍​​​នេះ​​​ថា សកម្មភាព​​​​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​របស់កម្មករ​​​​​​ក្នុង​​​ការ​​​ជំរុញ​​​ឲ្យ​​​ក្រសួង​​​ការងារ​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​​​​ មិន​​​មាន​​​ប្រយោជន៍​​​ទេ​​​ ពីព្រោះ​​​​​​មាន​​​តែ​​​ក្រុម​​​ប្រឹក្សា​​​ទីប្រឹក្សា​​​ការងារ​​​​​​ ជា​​​​​​ស្ថាប័ន​​​ត្រី​​​ភាគី​​​​​​ ដែល​​​​​​មាន​​​​​​​​​តំណាង​​​​​​មកពី​​​សមាគម​​​​​ GMAC និង​​​សហជីព​​​​​​ផង​​​ដែរ​​​ប៉ុណ្ណោះ ​​​​​​ទើប​​​​​​អាច​​​អនុម័ត​​​ការ​​​ផ្លាស់​​​ប្ដូរ​​​​​​​​​ប្រាក់ឈ្នួល​​​​​​អប្ប​​​បរមា​​​នេះ​​​បាន​​​​​​។

លិខិត​​​​​​របស់​​​ទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​​​​ផ្ញើជូន​​​​​​ក្រសួង​​​ការងារ​​​ និង​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​​​​ចុះ​​​ថ្ងៃ​​អង្គារ​​​ បាន​​​លើក​​​ឡើង​​​​​​ថា មេដឹកនាំ​​​​​​សហ​​​ជីព​​​ដែល​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​គួរ​​​តែ​​​​​​ត្រូវ​​​បាន​​​​​​ដកហូត​​​​​​​​​អាជ្ញាប័ណ្ណ​​​ និង​​​ប្រឈម​​​​​នឹង​​​​ចំណាត់​​​ការ​​​​​​ច្បាប់​​​​​​នៅ​​​ក្នុង​​​​តុលាការ​​​។

លោក​​​ ចាន់​​​ រឿន​​​ នៅ​​​ក្រសួង​​​​​​ការងារ​​​ និង​​​​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មាន​​​​​​សុទិដ្ឋិនិយម​​​​​​ថា រោងចក្រ​​​ជា​​​ច្រើន​​​​​​រយ​​​កន្លែង​​​​​​​​​ដែល​​បាន​​​បិទ​​​ទ្វារ​​​​​​​​​ដោយ​​​សារ​​​​​​ស្ថាន​​​ភាព​​​ចលាចល​​​ដែល​​​កំពុង​​​កើត​​​ឡើ​​​ង​​​នឹង​​​​បើក​​​​​​ដំណើ​​​រការ​​​ឡើ​​​ង​​​វិញ​​​​​​នៅ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​​​​ ជា​​​ហេតុ​​​នាំ​​​ឲ្យ​​​​​​កម្ម​​​ករ​​​​​​ប្រមាណ​​​៦០០​​​.០០០​​​នាក់​​​​​​ប្រហែល​​​ជា​​​​​​ត្រឡប់​​​ចូល​​​ធ្វើការ​​​វិញ​​​។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “អាជ្ញាធរ​​​នឹង​​​ចាត់​​​​​​វិធាន​​​ការ​​​យ៉ាង​​​តឹង​​​រឹង​​​ ដើម្បី​​​ប្រឆាំង​​​​​​បុគ្គល​​​​​​​​​ណា​​​​​​​​​ដែល​​​​​​បង្ក​​​ការ​​​រំខាន​​​​​​ដល់​​​​​​អ្នក​​​​​​ទៀតដែល​​​ចង់​​​ធ្វើ​​​ការ​​​​​​ ឬ​​​ក៏​​​បំផ្លាញ​​​​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​​​​ឬ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​រោង​​​ចក្រ​​​​​​ បន្ទាប់​​​ពី​​​​​​រោងចក្រ​​​​​​នានា​​​​​​បើកទ្វារ​​​​​​ដំណើ​​​រការ​​​ឡើង​​​វិញ​​”។​​​

សមាគម​​​ GMAC បាន​​​ចេញ​​​លិខិត​​​បើក​​​​​​ចំហរ​​​មួយ​​​ច្បាប់​​​​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ ដោយ​​​អះអាង​​​ថា​​​ មេដឹកនាំ​​​សហជីព​​​​​​​​​ប្រាំមួយ​​​ដែល​​​​​​​​​មិន​​​មាន​​​​​​ទំនាក់​​​ទំនង​​​ជាមួយ​​​រដ្ឋាភិបាល​​​​​​​​​​​​នោះ​​​ ទទួល​​​ខុសត្រូវ​​​​​​​​​​​​ចំពោះ​​​​​ “ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​រោង​​​ចក្រ​​​​​​ គំរាម​​​​​​កម្មករ​​​ដែល​​​ចង់​​​ធ្វើ​​​ការ​​​​​​” និង​​​​​​ “ញុះ​​​ញង់​​​​កម្ម​​​ករ​​​​​​ឲ្យ​​​ធ្វើ​​​​​​កូដកម្ម​​​”។

លោក​​​ មឺន តុលា​​​ ប្រធាន​​​កម្មវិធី​​​ការ​​​ងារ​​​​​​នៅ​​​​​​​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​​​​សម្រាប់​​​សហ​​​​​​គមន៍​​​ ដែល​​​ជា​​​អង្គការ​​​​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ក្នុង​​​​​​ស្រុក​​​មួយ​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​គំរាម​​​​​​កំហែង​​​​​​មេដឹកនាំ​​​សហជីព​​​តាម​​​ផ្លូវ​​​តុលាការ​​​​​​នឹង​​​​​​មិន​​​មែន​​​ជា​​​យុទ្ធ​​​សាស្ត្រ​​​ដែល​​​មិន​​​មាន​​​ប្រសិទ្ធ​​​ភាពក្នុង​​​ការ​​​​​​​​​បំបែក​​​កូដកម្ម​​​​​​​​​នៅ​​​ក្នុង​​​វិស័យ​​​​​​កាត់​​​​​​ដេរ​​​​​​​​​ទេ​​​។

លោក​​​ តុលា បានមាន​​​ប្រសាសន៍​​​ដូច្នេះ​​​ថា “ប្រសិន​​​បើ​​​យើង​​​​​​ពិនិត្យ​​​ចលនា​​​​​​ [​ពល​​កម្ម​​​​​​នៅ​​​​​​ក្នុង​​​​​​វិស័យ​​​​​​កាត់​​​ដេរ​​​] ក្នុង​​​ពេល​​​​​​បច្ចុប្បន្ន​​​នេះ​​​​​​ កម្មករ​​​​​​ក្រោក​​​ឈរ​​​​​​ឡើ​​​ង​​​ដោយ​​​ខ្លួន​​​ឯង​​​មិន​​​មែន​​​​​​ដោយ​​​សារ​​​សហជីព​​​បំផុស​​​បំផុល​​​ពួក​​​គេ​​​ទេ​​​​​​។ កម្មករ​​​​​​ពិត​​​ជា​​​ត្រូវ​​​ការ​​​​​​​​ដំឡើ​​​ងប្រាក់​​​ឈ្នួល​​​​​​មែន​​”។ លោក​​​​​​បាន​​​បន្ត​​​​​​ថា “សហជីព​​​ក៏​​​មាន​​​​​​ផល​​​វិបាក​​​​​​​​​ផង​​​ដែរ​​​​​​​​ ពោល​​​គឺ​​​​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​យល់​​​ព្រម​​​​​​​​​​​​បញ្ឈប់​​​​​​កម្មករ​​​​​​​​​ឲ្យ​​​លែង​​​ធ្វើ​​​កូដកម្ម​​​តាម​​​ដង​​​​​​ផ្លូវ​​​សហជីព​​​អាច​​​នឹង​​​បាត់​​​បង់​​​​​​សមាជិក​​​”។

លោក​​​ស្រី​​​ ជីល​​​ តាក់ឃ័រ (Jill Tucker) ទីប្រឹក្សា​​​បច្ចេកទេស​​​នៅ​​​​​​​​​ក្នុង​​​គម្រោង​​​​​​រោង​​​ចក្រ​​​កាន់​​​តែ​​​ប្រសើ​​​រ​​​នៅ​​​កម្ពុជា​​​​​​ នៃ​​​​​​អង្គការ​​​​​​ពល​​​​​​កម្ម​​​អន្តរជាតិ​​​​​​​​​ (ILO) បានលើក​​​ឡើ​​​ង​​​​​​ថា កិច្ច​​​ចរចា​​​បន្ថែម​​​ទៀត​​​​​​ មិន​​​មែន​​​​​​​​​ការ​​​​​​ដាក់​​​ចំណាត់​​​ការ​​​​​​​​​ច្បាប់​​​​​​ទៅ​​​លើ​​​សហជីព​​​​​​អាច​​​ជា​​​វិធី​​​​​​មាន​​​ប្រសិទ្ធ​​​ភាព​​​បំផុត​​​​​​​​​​​​សម្រាប់​​​សម្រួល​​​ស្ថាន​​​ភាព​​​​​​ច្របូក​​​ច្របល​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​។

លោកស្រី​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “ទាក់ទង​​ទៅ​​​នឹងការ​​​ដកហូត​​​​​​អាជ្ញាប័ណ្ណ​​​សហជីព​​​​​​…​​​ ខ្ញុំ​​​គិត​​​ថា ​​​រឿង​​​នេះ​​​​​​អាច​​​ជា​​​​​​ចំណាត់​​​ការ​​​​​​​​​​​​ដ៏​​​ចម្រូង​​​ចម្រាសមួយ​​​​​​”។
លោក​​​ កែន លូ បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​​​​ថា មេដឹកនាំសហជីព​​​ដែល​​​រៀប​​​ចំ​​​ការ​​​ធ្វើ​​​​​​បាតុ​​​កម្ម​​​​​​ត្រូវ​​​តែ​​​ទទួលខុសត្រូវ​​​ចំពោះ​​​ឥរិយា​​​បទ​​​​​​របស់​​​សមាជិក​​​ខ្លួន​​​។

លោក​​បានមាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​​​​នឹង​​​មិន​​​​​​ [ទទួល​​​ខុស​​​ត្រូវ​​​​​​ក្នុង​​​ផ្លូវ​​​ច្បាប់​​​ទេ​​​​​​]​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​បាន​​​រៀប​​​ចំ​​​បាតុកម្ម​​​ ប៉ុន្តែ​​​ពួកគេ​​​​​​បាន​​​​​​រៀប​​​ចំ​​​បាតុកម្ម​​​​​​ទាំង​​​​​​នេះ​​​ ហើ​​​យ​​​សកម្ម​​​ភាព​​​ទាំង​​​នេះ​​​​​​កើត​​​ឡើង​​​​​​ដោយ​​​សារ​​​តែ​​​​​​បាតុ​​​កម្មទាំង​​​នេះ​​​”។ លោក​​​​​​បាន​​​​​​មាន​​​ប្រសាសន៍​​បន្ថែមថា “តើ​​​ពួក​​​គេ​​​ទទួល​​​ខុស​​​ត្រូវ​​​​​​ដោយ​​​ផ្ទាល់​​​ទេ​​​? ពិត​​​ណាស់​​​”។

លោក​​​ស្រី​​​ យ៉ាង​​​ សុភ័ណ្ឌ​​​ ប្រធាន​​​​​​សម្ពន្ធ​​​សហជីព​​​កម្ពុជា​​​​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​ជឿ​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​អនុវត្ត​​​តាម​​​ចំណាត់​​​ការ​​​​​​​​​ច្បាប់​​​ទៅ​​​លើ​​​មេដឹកនាំ​​​សហជីព​​​ទេ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា នេះ​​​គ្រាន់តែ​​​​​​ជា​​​ការ​​​គំរាម​​​ប៉ុណ្ណោះ​​​ ក៏​​​ប៉ុន្តែ​​​យើង​​​​​​មិន​​​បារម្ភ​​​អំពី​​​រឿង​​​នេះ​​​ទេ​​​។ យើង​​​នឹង​​​បន្ត​​​សកម្មភាព​​​តវ៉ា​​​ រហូត​​​ទាល់​​​តែ​​​យើង​​​ទទួល​​​​​​ជោគជ័យ​​​”។

តំណាង​​​សហជីព​​​​​​​​​នានា​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​​​​ដែល​​​ធ្វើ​​​បាតុកម្ម​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​​​​ចំនួ​​​ន​​​ប្រាំ​​​ មួយ​​​រយៈ​​​ពេល​​​ខ្លី​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ហើយ​​​កម្មករ​​​ជាច្រើន​ពាន់​​​នាក់​​​​​​បាន​​​ធ្វើ​​​​​​បាតុ​​​កម្ម​​​ទ្រង់​​​ទ្រាយ​​​ធំ​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​ក្រសួង​​​ការងារ​​​នឹង​​​បណ្ដុះបណ្ដាល​​​វិជ្ជាជីវៈ​​​ ដោយ​​​បិទ​​​មហា​​​វិថី​​​សហព័ន្ធ​​​រុស្ស៊ី​​​អស់​​​រយៈ​​​ពេល​​​ពេញ​​​​​​មួយ​​​ថ្ងៃ។

កម្មករ​​​ទាំង​​​ឡាយ​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​១ ២ ៣ ៤ និង​​​លេខ​​​៥ អស់​​​រយៈ​​​ពេល​​​៣​​​ម៉ោង​​​​​​ ដោយ​​​ចាប់​​​ផ្ដើម​​​​​​នៅ​​​ម៉ោង​​​៩​​​ព្រឹក​​​​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​សកម្មជន​​​សហជីព។
កញ្ញា​​​ ជុំ សុខលីន​​​ ដែល​​​ស្ថិត​​​ក្នុង​​​​​​ចំណោម​​​​​​កម្មករ​​​​​​៦០​​​នាក់​​​​​​មក​​​ពី​​​រោងចក្រ​​​​​​  Evergreen Garment Co., Ltd. ​ដែល​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​ប្រាំ​​​​​​​​​បាន​​​លើក​​​​ឡើ​​​ងថា កញ្ញា​​​​​​ចង់​​​ឲ្យ​​​កម្ម​​​ករ​​​​​​នៅ​​​រោងចក្រ Golden Mile (Cambodia) Limited ដែល​​​នៅ​​​ក្បែរ​​​គ្នា​​​នោះ​​​ចូល​​​រួម​​​ធ្វើ​​​បាតុកម្ម​​​​​​​​​ជាមួយ​​​គ្នា​​​​​​ ដើម្បី​​​ទាមទារ​​​ប្រាក់​​​ឈ្នួល​​​ប្រចាំ​​​ខែ​​​១៦០​​​ដុល្លារ​​​។

កញ្ញា សុខលីន បាន​​​​​​និយាយ​​​ថា “យើង​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥ ដើម្បី​​​ហៅ​​​កម្មករ​​​​​​​​​នៅ​​​ខាង​​​ក្នុង​​​ [រោងចក្រ​​​] ឲ្យ​​​ចេញ​​​មក​​​ក្រៅ​​​ និង​​​ចូល​​​រួម​​​ធ្វើ​​​កូដកម្ម​​​ ពីព្រោះ​​​យើង​​​មិន​​​ពេញ​​​ចិត្ត​​​​​​​​​នឹង​​​ការ​​​ដំឡើ​​​ងប្រាក់​​​ឈ្នួល​​​១៥​​​ដុល្លារ​​​​​​ទេ​​​”។

កម្មករ​​​ជាង​​​១.០០០​​​នាក់​​​ ដែល​​​បាន​​​ចំណាយ​​​ពេល​​​មួយ​​​ថ្ងៃ​​​ ដើម្បី​​​តវ៉ា​​​​​​​​​នៅ​​​មុខ​​​ក្រសួង​​​ការ​​​ងារ​​​ និង​​​បណ្ដុះ​​​បណ្ដាល​​​វិជ្ជាជីវៈ​​​នោះ​​​​​​​​​ បាន​​​ដើរ​​​ក្បួន​​​​​​នៅ​​​តាម​​​បណ្ដោយ​​​​​​មហា​​​វិថី​​​សហព័ន្ធ​​​រុស្ស៊ី​​​​​​មុន​​​ម៉ោង​​​៣​​​រសៀល​​​បន្ដិច​​​។

ទោះបី​​​ជា​​​នគរបាល​​​ក្រុង​​​​​​ដែល​​​ឈរ​​​នៅ​​​​​​​​​ពីក្រោយ​​​របាំង​​​ពី​​​​​​ក្រោយ​​​​​​របាំង​​​បន្លាលួស​​​​​​បាន​​​ទប់​​​ស្កាត់​​​​​​ដំណើ​​​រ​​​ហែក្បួនស្រដៀង​​​​​​គ្នា​​​មួយ​​​​​​ទៅ​​​កាន់​​​អគារ​​​ទីស្ដីការ​​​គណៈរដ្ឋ មន្ត្រី​​​​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ក៏​​​ដោយ​​​ ក៏​​​កម្មករ​​​នានា​​​​​​កាលពី​​​ម្សិល​​​មិញ​​​នេះ​​​​​​ត្រូវ​​​បាន​​​អនុញ្ញាត​​ឲ្យ​​​ដើរក្បួន​​​​​​ដោយ​​​មិន​​​មាន​​​​​​​​​ការ​​​​​​បង្អាក់​​​ សំដៅ​​​ទៅ​​​កាន់​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​​​​ ក៏​​​ប៉ុន្តែ​​​នៅ​​​ពីក្រោយ​​​​​​ដំណើរ​​​ហែក្បួន​​​នោះ​​​​​​ មាន​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រមាណ​​​ជា​​​​​​៣០០​​​នាក់​​​​​​ ដែល​​​​​​មាន​​​​​​កម្លាំង​​​​​​បង្ក្រាប​​​កុបកម្ម​​​​​​គ្រប់​​​គ្រាន់​​​​​​។

លោក​​​ ម៉ក់ ជីតូ ស្នងការ​​​ស្ដីទី​​​នគរ​​​បាល​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ដរាប​​​ណា​​​​​​កម្ម​​​​​​ករ​​​​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​តែ​​​រក្សា​​​សណ្ដាប់ធ្នាប់​​​ នគរបាល​​​នឹង​​​នៅតែ​​​​​​​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​បាតុកម្ម​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​មិន​​​ចាត់​​​វិធាន​​​ការ​​​​​​ទៅ​​​លើ​​​​​​ដំណើរ​​​​​​ហែក្បួន​​​​​​ធម្មតាៗ​​​ដែល​​​​​​មិន​​​បង្ក​​​អំពើ​​​ហិង្សា​​​ ឬ​​​ក៏​​​អ​​​សន្ដិ​​​សុខ​​​ទេ​​​ ពីព្រោះ​​​​​​នោះគឺ​​​ជា​​​សិទ្ធិ​​​​​​របស់​​ [កម្ម​​​ករ​]។ ក៏​​​ប៉ុន្តែ​​​យើង​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​បង្ក​​​ចលាចល​​​​​​នៅ​​​ក្នុង​​​ទីក្រុង​​​​​​​​​ ពីព្រោះ​​​​​​នេះ​​​គឺ​​​ជា​​​ភារ​​​កិច្ច​​​របស់​​​នគរបាល​​​”៕សុធា

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃួន ណារីម)​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស