27 C
Phnom Penh

​ក្រុម​កម្មករធ្វើ​កូដកម្ម​​មានកំហឹង​ដេញ​វាយ​សន្តិសុខ​ឲ្យ​រង​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកតវ៉ាមួយ​ក្រុម​ដែល​បាន​​ទៅស្រែក​​នៅ​ខ្លោង​ទ្វារ​ចូល​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ​នៅ​​ខណ្ឌ​មានជ័យ​ ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​​​ពីម្សិលមិញ​ បាន​ដេញ​ចាប់​វាយ​សន្តិសុខ​សង្កាត់​ម្នាក់​ និង​​វាយ​កម្ទេច​ម៉ូតូ​របស់​គាត់​។

យោង​តាម​សន្តិសុខ​ម្នាក់​នៅ​ស្ថានីយ​ទូរ​​ទស្សន៍​បាយ័ន​​បាន​ឲ្យ​ដឹង​ថា  អ្នក​តវ៉ា​ប្រហែល​​​២០០​នាក់​ដែល​ដើរ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ខា​ង​មុខ​ក្រសួង​ការ​ងារ​បាន​ឈប់​នៅ​ការិយាល័យ​សាខា​ស្ថានីយ៍​ទូរ​ទស្សន៍​បាយ័ន​ នៅ​ស្ទឹង​មាន​ជ័យ​ ដែល​ជា​ស្ថា​នីយ​ទូរទស្សន៍​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​អ្នកស្រី​ ហ៊ុន ម៉ាណា  កូន ស្រី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​​បាន​ចាប់​ផ្ដើម​ស្រែក​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​។

សន្តិសុខ​ស្ថានីយទូរទស្សន៍​បាយ័ន​ ដែល​បដិសេធ​មិន​​ប្រាប់​ឈ្មោះរូប​នេះ​បាន​និយាយ​​​ថា “ពួកគេ​បាន​ជេ​រយើង​ និង​ហែក​បដាពីរ​ចង​នៅ​លើ​ច្រក​ចូល​ស្ថានីយទូរទស្សន៍​នេះ​”។​ សន្ដិសុខ​​រូប​នេះ​បាន​និយាយ​ថា “ពួក​គេ​ស្រែក​ឲ្យ​ប្ដូរ​ឈ្មោះ​ទូរទស្សន៍​បាយ័ន​ ទៅ​ជា​បាយ​​ក្ដាំង​វិញ​”។​

នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​ គឺប្រហែ​ល​១​ម៉ោង​បន្ទាប់​ពី​អ្នក​តវ៉ា​បាន​ទៅដល់​​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​នេះ សន្ដិសុខ​សង្កាត់​ស្ទឹង​​មាន​ជ័យ ឈ្មោះ តាំង ម៉េង​ងី បាន​មក​ថត​វីដេអូ​​ការ​ឈ្លោះ​ប្រកែក​​គ្នា​នេះ​ ប៉ុន្តែ​​ក្រុម​អ្នក​តវ៉ា​បាន​ងាក​ទៅរកគាត់​ និង​ចោទ​គាត់​ថា បាន​វាយ​​​ព្រះសង្ឃ​នៅពេល​ធ្វើ​បាតុកម្ម​លើ​ក​មុន​។

​សាក្សី​បាន​និយាយ​ថា នៅពេល​​ក្រុម​​អ្នក​តវ៉ា​​មាន​​កំហឹង​ទៅ​លើ​លោក ម៉េងងី សន្ដិ​សុខ​​សង្កាត់​រូប​នេះ​ប៉ុន​ប៉ង​ជិះម៉ូតូ​​គេច​ចេញ​ពី​មនុស្ស​​ដែល​មាន​កំហឹង​ទាំង​នោះ ប៉ុន្តែ​បាន​ជាប់​នៅ​ផ្លូវ​ទាល់​ ​ធ្វើ​ឲ្យ​បាតុករ​ចាប់​គាត់​បាន​​តែម្តង​។ អ្នក​ឈរ​មើល​ហេតុការណ៍​​នេះ​ម្នាក់​ដែល​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​ដោយសារ​ខ្លាច​គេ​​សង​សឹក​នោះ​​បាននិយាយ​ថា “ខ្ញុំ​ឃើញ​មនុស្ស​ប្រហែល​​​ប្រាំ​នាក់​ចាប់​បុរស​នេះ​ដាល់​​ពីរ​បីដៃ​​ រីឯ​មនុស្ស​ផ្សេង​ទៀត​បាន​យក​ដុំថ្ម​វាយ​កម្ទេច​ម៉ូតូរបស់​គាត់​។
​ប្រជា​ជន​ម្នាក់​ទៀត​ដែល​រស់​នៅ​តាម​ផ្លូវ​នៅ​កន្លែង​កើត​ហេតុ​នោះ​និយាយ​ថា សាក្សី​ជា​ច្រើន​មិន​ហ៊ាន​ចូលទៅជិត​កន្លែង​នោះទេ​។

ស្ត្រី​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​​ដោយ​សារ​ខ្លាច​មាន​ការ​សង​សឹក​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​ឃើញ​បុរស​នោះ​និយាយ​តាម​វិទ្យុទាក់​ទង​ហៅ​ឲ្យ​គេ​ជួយ​ និង​ហៅ​ឲ្យ​​អ្នក​ជិត​ខាង​ជួយគាត់​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ជួយ​គាត់​ទេ។ យើង​គ្រាន់​តែ​ស្រែក​ឲ្យ​ពួក​គេ​ឈប់​ប៉ុណ្ណោះ” ។

លោក ម៉ៅ សាវឿន នាយ​ប៉ុស្ដិ៍​នគរ​បាល​សង្កាត់​ស្ទឹង​មានជ័យ ​ជាកន្លែង​ដែល​ហេតុ​ការណ៍​នេះ​​កើ​ត​ឡើង​បាននិយាយ​ថា អ្ន​ក​​​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​វាយ​តប់​នេះ​ គឺ​ជា​កម្មករ​​ធ្វើ​​​កូដកម្ម​​មក​ពី​រោងចក្រ​ អេស​អិល នៅ​ក្បែរ​​នោះ​ ហើយ​លោក​​បាន​បង្វែ​សំណួរ​​ទៅ​សាលា​សង្កាត់​។ កាលពីល្ងាច​ម្សិលមិញ លោក សេង សាញ់ ចៅសង្កាត់​នេះ​បាន​មាន​ប្រសាសន៍​ថា លោក ម៉េងងី សម្រាក​នៅ​ផ្ទះ​​ មាន​ស្នាម​រង​របួស​បន្តិច​បន្តួច​ និង​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​។

លោក សាញ់ បាន​មាន​ប្រសាសន៍​ថា “អភិបាល​ខណ្ឌ​​មាន​ជ័យ បាន​ឧបត្ថម្ភ​លោក ម៉េងងី ចំនួន​១លាន​រៀល ហើយ​សាលា​សង្កាត់​​បាន​ឧបត្ថម្ភចំនួន​២៨០.០០០​រៀល​” ៕ គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស