33 C
Phnom Penh

សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​របស់​យុវជន​​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​ច័ន្ទ សាលា​ឧទ្ធរណ៍បាន​បើក​សវនាការ​ជំនុំ​ជម្រះរឿង​​ក្តីរបស់​​យុវជន​ពីរ​នាក់​ដែល​ត្រូវ​បាន​ឃុំ​ឃាំង​ជា​បណ្តោះ​អាសន្នពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​ បំផ្លិច​បំផ្លាញ​​​​​ទ្រព្យ​សម្បតិ្ត​សាធារណៈ​ និង​ប្រមាថ​ដល់​មន្ត្រី​សាធារណៈ​ពេល​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នគរ​​​​បាល​ អំឡុង​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ​កាល​​​​​​​​​​​​​ពី​ខែ​មុន​។

ជនសង្ស័យ​ឈ្មោះ​ មាស​ នុន អាយុ​១៤​ឆ្នាំ​និង​ វន្នី វ៉ាណន អាយុ​១៧​ឆ្នាំ​ ត្រូវ​បាន​ចោទ​​​ប្រកាន់​ភ្លាមៗ​ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ រវាង​នគរ​​បាល​និង​កម្មករ​កាត់​ដេរ​មក​ពី​រោង​ចក្រ​ SL ។ កម្មករ​កាត់​ដេរ​មក​ពី​រោង​ចក្រ​ SL បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​។ យុវជន​ទាំង​ពីរនាក់នេះ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការដោះលែង​នៅ​ក្រៅ​ឃុំ​ ប៉ុន្តែ​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ​​​​​បាន​បដិសេធ​កាល​ពី​ដើម​ខែ​នេះ​។

លោក​ ឃុន​ លាង​​ម៉េង ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជុំនំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ ​ឬ​ក៏​ការបើក​សវនាកា​រជំុនំជម្រះ​ក្តី​កាល​ពី​ថ្ងៃ​ច័ន្ទ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ឡើយ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ លោក​នឹង​​ប្រកាស​ឲ្យ​ដឹង​ពី​សេចក្តី​សម្រេច​របស់​លោក​នៅ​ថ្ងៃ​ទី​៨​ខែ​មករា​។

លោក​ ជិន​ លីដា​ មេធាវី​ ការពារ​ក្តី​របស់​យុវជន​ទាំង​ពី​របាន​ឲ្យ​ដឹង​ថា​ លោក​បាន​ស្នើ​ឲ្យ​វេជ្ជបណ្ឌិត​នៅ​អង្គការ​ភាពញញឹម​នៃ​កុមារ​​វាយ​តម្លៃ​ពី​ស្ថាន​ភាពរបស់​យុវជន​ មាស​ នុន​ ហើយ​បាន​ស្នើ​ឲ្យ​តុលា​ការ​ដោះ​លែង​យុវជន​រូប​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ព្រោះ​ថា​ យុវជន​រូប​​នេះ​​​​​​​​​​​​​មាន​បញ្ហា​សុខ​ភាព​ខួរ​ក្បាល។

លោក​ លីដា​ មាន​ប្រសាសន៍​ថា​ “យើង​​​​​មាន​ភ័ស្តុតាង​ពី​អង្គការ​ដែល​បញ្ជាក់​ថា​ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​នេះ​មាន​បញ្ហា​​សុខភាព​ខួរ​ក្បាល ហើយ​ម្តាយ​របស់​ក្មេង​ប្រុស​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ ក្មេង​ប្រុស​រូប​នេះ​បាន​កើត​ជំងឺ​ខួរ​ក្បាល​តាំង​ពី​គេ​នៅ​ជា​ទារក​មក​ម៉្លេះ”។ លោក​បាន​ប្រាប់​តុលា​ការ​ថា​ យុវជន​ វន្នី​ វ៉ាណន គ្មានភ័ស្តុតាង​​បញ្ជាក់ពី​ជំងឺនេះ​​ទេ​ ហើយ​​​លោក​បាន​ធានា​ចំពោះ​មុខ​ចៅ​ក្រម​ថា​  យុវ​ជន​​​រូបនេះ​នឹង​មិន​គេច​ខ្លួន​ឡើយ​ប្រសិន​បើ​ត្រូវ​បាន​ដោះ​លែង​ពី ពន្ធនា​គារ​នោះ​។ លោក​បន្ថែម​ថា​ “កូន​ក្តី​របស់​ខ្ញុំ​មិន​បាន​​​ប្រព្រឹត្ត​បទ​​​ល្មើស​ទេ​។ ពួក​គេ​គ្រាន​់តែ​ទៅ​មើល​ហេតុ​​ការណ៍​ដែល​បាន​កើត​ឡើង​ប៉ុណ្ណោះ​ ហើយ​នគរបាល​បាន​ចាប់​ខ្លួន​ពួក​គេ​តែ​ម្តង​”។

ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ បាន​ផ្ទុះ​ឡើង​បន្ទាប់​ពី​កម្មករ​កាត់​ដេរ​មក​ពី​រោង​ចក្រ​ SL ព្យាយាម​ដើរ​ក្បូន​ទៅ​កាន់​ភូមិ​​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​រា​រាំង​នៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​។ នៅ​ក្នុង​ការ​ប្រើ​អំពើ​​​ហិង្សា​ នោះរថយន្ត​របស់​នគរបាល​ចំនួន​២​គ្រឿង​និង​ម៉ូតូ​របស់​នគរបាល​ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ត្រូវ​បាន​ដុត​បំផ្លាញ​ ហើយ​មាន​យុវជន​មួយ​ក្រុម​បាន​កប់​ដុំ​ថ្ម​ដាក់​ក្រុម​នគរបាល​ដែល​ឆ្លើយ​តប​វិញ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ គ្រាប់​កាំភ្លើង​ជ័រ​ និង​គ្រាប់​កាំភ្លើង​ពិត​។

អ្នក​ស្រី​ អេង​ សុខុម អ្នក​លក់​បាយ​តាម​ចិញ្ចើម​ផ្លូវ​នៅ​តំបន់​នោះបាន​ត្រូវគ្រាប់​កាំភ្លើង​ស្លាប់​ដោយ​សារ​​ការ​បាញ់​ប្រហារ​មិន​រើស​មុខ​ ពី​សំណាក់​នគរ​បាល​ ហើយ​មាន​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​​​​​បាន​រង​របួស​ធ្ងន់​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ ឲ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ និង​រង​របួស​នេះ​ឡើយ។

យុវជន​ម្នាក់​ឈ្មោះ​ នាង​ សុឃុន ជា​និស្សិត​​​​​ច្បាប់​ដែលមាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការ​ប៉ះ​ទង្គិច​គ្នា​​ បាន​ដាក់​ពាក្យ​បណ្តឹងទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​​ប្តឹង​លោក​ រ័ត្ន​ ស៊្រាង  មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថរាជ​ធានី​​​​​​​​​​ភ្នំពេញ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​បាន​ប៉ុន្នាន​ថ្ងៃ​ ដោយ​ចោទ​ប្រកាន់ថា​ នគរបាល​គួរ​តែ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​ស្ត្រី​លក់​បាយ​រូប​នេះ​។

មិន​ដូច​ករណី​ចាប់​ខ្លួន​យុវជន​ចំនួន​ពីរ​នាក់នោះ​ទេ  ករណី​របស់និស្សិត​ សុឃុន​ ទំនង​ជា​ត្រូវ​​​​បាន​គេ​ផ្អិប​ចោល​។ និស្សិត​​​ឈ្មោះ​​​​ សុឃុន​ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ចុង​ខែ​វិច្ឆិកា​ថា​ ពាក្យ​បណ្តឹង​របស់​ខ្លួន​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​មិន​​​មាន​ការ​ឆ្លើយ​តប​ពី​នរណា​ម្នាក់​នៅ​ឡើយ​ទេ។ និស្សិត​រូបនេះ​បាន​និយាយ​ថា​ “ ខ្ញុំ​គិត​ថា​ តុលាការ​កម្ពុជា​មិន​អាច​បន្ត​ករណី​នេះ​បាន​ទេ​ ព្រោះ​តុលាការ​ខ្លាច​អ្នក​ធំ​ដែល​មាន​អំណាច​”។

ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ ដែល​ជា​ប្រធាន​​​នាយកដ្ឋាន​យុត្តិធម៌​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​​នេះ​ទេ​។

លោក​ សុខ រឿន ព្រះរាជអាជ្ញារង​នៅ​សាលា​ដំបូង​រាជ​ធានី​ ដែល​ដោះ​ស្រាយ​ករណី​​​​​​​របស់​និស្សិត​ សុឃុន​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​។
កាល​ពី​ខែ​កញ្ញា កង​សន្តិសុខ​​បាន​បាញ់​អ្នក​ឈរ​តាម​ផ្លូវ​ម្នាក់​ផ្សេង​ទៀត​ស្លាប់​ផងដែរ​ នៅ​ពេល​ពួក​គេ​បើក​ការ​វាយ​ប្រហារ​លើ​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្បែរ​ស្ពាន​ព្រះ​មុនីវង្ស​។

នគរបាល​បាន​ដោះ​ខ្លួន​ដោយ​មិន​ទទួល​ខុស​ត្រូវ​ណា​មួយ​ចំពោះ​ការស្លាប់​របស់​បុរស​ម្នាក់​នេះ​ឡើយ​ ខណៈ​សាលា​ដំបូង​រាជ​ធានី​បន្ត​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​របស់​នគរបាល​ដែល​ប្តឹង​អ្នក​តវា៉​ចំនួន​៦​នាក់​ពី​បទ​បង្ក​របួស​ស្នាម​​ដោយ​ចេតនា៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស