31 C
Phnom Penh

លោក សម រង្ស៊ី និយាយ​ថា នឹង​មាន​ការ​ចរចារវាង​តំណាង​គណបក្ស​ទាំង​ពីរ​នៅ​ពេល​ខាង​មុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​​បា­­­­­­­­­­ន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា​​តំណាង​​​​គណបក្ស​សង្គ្រោះ​ជាតិ និងគណ​បក្ស​ប្រជា​ជន​កម្ពុជា​ ​កំពុង​រៀប​ចំ​ផែន​ដើម្បី​ជួប​គ្នា​​ពិភាក្សា​អំពី​លទ្ធភាព​នៃការ​ចរចា​ថ្មី​រវាង​គណ​បក្ស​ទាំង​ពីរ។

លោក សម រង្ស៊ី បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យថា  គណបក្ស​សង្គ្រោះ​ជាតិ​ ​ផ្អាក​​ការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​ដែលមាន​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺ​ននាក់ហែ​ក្បួន​ទាម​ទារ​ឲ្យ​លោក​នាយក​រ​ដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​​ ដើម្បី​​ទុក​​​ពេល​ឲ្យ​គណបក្ស​ទាំង​ពីរ​ត្រៀម​​ខ្លួន​​សម្រាប់​ការ​​ពិភាក្សា​គ្នា​​។ កាលពីយប់​ថ្ងៃ​ច័ន្ទ លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះ​អាង​ថា ការ​ជួបប្រជុំ​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក​ សម រង្ស៊ី បាន​បដិសេធ​ថា មិន​មាន​​​ជំនួប​នៅ​ថ្ងៃ​ច័ន្ទ​ទេ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោកនឹង​ជួប​ជាមួយ​ “ ប្រធាន​​អង្គការ​មួយ​ចំនួន​” ដើម្បី​​ពិភាក្សា​​ឲ្យមាន​​ការ​​​ផ្សាព្វ​ផ្សាយ​ជា​សាធារណ​ៈ​​អំពី​កិច្ច​ប្រជុំ​នោះ។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ផែនការ​ពិភាក្សា​អំពី​ការ​ចរចា​នៅ​ពេល​អនាគត ប៉ុន្តែ លោក​បាន​មាន​​ប្រសាសន៍​បន្ថែម​ថា លោក​មិន​ដឹង​
ថា តើ​កិច្ច​ប្រជុំ​ដំបូង​នឹង​ធ្វើឡើង​នៅ​ពេល​ណា​នោះទេ។

លោក សម រង្ស៊ី ​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ជូន​ផែនការ​នេះទៅ​ឲ្យ​ក្រុម​ការ​ងារ​[​រួម​របស់​គណបក្ស​] ដើម្បី​កំណត់​អំពី​បែប​បទ​ និង​​គោល​ការណ៍​ក្នុង​ការ​ចរចា​នោះ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ដំបូង​យើង​ត្រូវ​យល់​ព្រម​ជា​គោលការណ៍​ទៅ​លើ​បញ្ហា​ដែល​យើង​ត្រូវ​ពិភាក្សា​ជាមុន​សិន”។

ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ លោក សម រង្ស៊ី និង​លោក​​កឹម សុខា បាន​ដាក់លក្ខ​​ខណ្ឌ​ជា​ច្រើន​​អំពីការ​ចរចា​នៅ​ពេល​អនាគត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ រួម​មាន​ការ​ផ្សាយ​អំពីការ​ចរចា វត្តមាន​របស់​អ្នក​សង្កេត​ការ​ណ៍​ឯករាជ្យ រួ​ម​មាន​ព្រះ​សង្ឃ និង​បញ្ញវន្ត​ ហើយ​ដំបូង​ឲ្យ​​លោក​ ហ៊ុន សែន រៀប​ចំ​​ការ​បោះឆ្នោត​ជាតិ​ឡើង​វិញ​​​នៅ​ពេល​ណា​មួយ​នៅ​ឆ្នាំ​នេះ។

មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​រួម​មាន​ លោក ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ លោក ឈាង វុន សមាជិក​សភា លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​បាន​អះ​អាង​ដដែលៗថា គណ​បក្ស​កាន់​អំណាច​បើក​ចំហ​ឲ្យ​មានការ​ចរចា​ជានិច្ច​ ប៉ុន្តែ នឹង​មិន​ធ្វើតាម​លក្ខខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។

​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​បើក​ចំហ​ឲ្យ​មានការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរជា​សេចក្តីសម្រេច​រួម​។ លោក​បាន​មាន​ប្រសាសន៍​ថា “តាម​ធម្មតា ​ខ្ញុំ​បាន​ទាក់​ទង​លោក ស ខេង អំពី​បញ្ហា​​សន្តិសុខ​ ហើយ​យើង​បាន​សម្រេច​រួម​គ្នាថា យើង​នឹង​ស្នើ​ឲ្យ​ក្រុម​ការងារ​ជួប​ប្រជុំ​គ្នា​​ដើម្បី​កំណត់​នូវ​របៀបវារៈ​”។

លោក ខៀវ កាញារីទ្ធ ដែល​លោក ផៃ ស៊ីផាន បាន​​មាន​ប្រសាសន៍​​​កាលពី​ម្សិលមិញ​​ថា ជា​អ្នក​​ទទួល​ខុស​ត្រូវ​ចំពោះ​ព័ត៌​មាន​ពី​គណបក្ស​កាន់​អំណាច​​អំពី​ការ​ចរចា​នោះ​ មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បន្ថែម​​បាន​ឡើយ​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស