នគរបាលបាននិយាយថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់បុរសអាយុ៣៤ឆ្នាំម្នាក់ពីបទចាប់រំលោភកូនចុងរបស់ខ្លួនអាយុ១៣ឆ្នាំនៅក្នុងខណ្ឌសែនសុខ ចំណែកឯបុរសម្នាក់ទៀតត្រូវបានចោទប្រកាន់ពីបទចាប់រំលោភកូនចុងរបស់ខ្លួនអាយុ១៥ឆ្នាំផងដែរនៅក្នុងខេត្តក្រចេះ។
លោក ញាណ ណុន នាយប៉ុស៌្តិសង្កាត់ឃ្មួញបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួន បុរសឈ្មោះ វង ហឿន ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី កាលពីថ្ងៃអាទិត្យ។ លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនបុរសរូបនេះបន្ទាប់ពីយើងទទួលបានពាក្យបណ្តឹងពីជីដូនរបស់ក្មេងស្រីរងគ្រោះកាលពីថ្ងៃអាទិត្យ ដែលបានចោទជនសង្ស័យរូបនេះថា បានចាប់រំលោភចៅស្រីរបស់គាត់ជាច្រើនដង”។
លោក សោម លីថុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានមានប្រសាសន៍ថា ជនសង្ស័យរូបនេះត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីកាលពីម្សិលមិញដើម្បីធ្វើការចោទប្រកាន់។ បន្ទាប់ពីការចាប់ខ្លួន បុរសឈ្មោះ វង ហឿន បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរូបនេះពីរលើកមែន ប៉ុន្តែបាននិយាយថា ខ្លួនស្រវឹងស្រាទាំងពីរលើក។
លោក ញាណ ណុន បានមានប្រសាសន៍ថា “ជនសង្ស័យរូបនេះបាននិយាយថា រាល់លើកដែលខ្លួនចាប់រំលោភក្មេងស្រីនេះគឺខ្លួនស្រវឹងស្រាហើយប្រពន្ធរបស់ខ្លួនទុកឲ្យខ្លួននៅផ្ទះតែម្នាក់ឯងជាមួយកូនចុងនោះ”។ លោកបានបន្ថែមថា “ក្មេងស្រីរងគ្រោះបានប្រាប់នគរបាលថា បុរសឈ្មោះ វង ហឿន បានគំរាមសម្លាប់នាង ប្រសិនបើនាងនិយាយប្រាប់គេអំពីការចាប់រំលោភនេះ។
ជីដូនរបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងអំពីការចាប់រំលោភនេះដែលបានកើតឡើងកាលពីថ្ងៃទី២០ និងថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីប្អូនប្រុសរបស់នាងបានយករឿងនេះប្រាប់គាត់។ លោក ញាណ ណុន បានមានប្រសាសន៍ថា “ក្មេងប្រុសដែលមានអាយុ៧ឆ្នាំបានប្រាប់ជីដូន និងម្តាយរបស់ខ្លួនកាលពីថ្ងៃទី២៤ខែធ្នូ ហើយបន្ទាប់មកពួកគាត់បានដាក់ពាក្យបណ្តឹង”។
នគរបាលបាននិយាយថា នៅក្នុងករណីដាច់ដោយឡែកមួយទៀត កាលពីម្សិលមិញ សាលាដំបូងខេត្តក្រចេះបានចោទប្រកាន់បុរសអាយុ៥២ឆ្នាំម្នាក់ពីបទចាប់រំលោភកូនចុងរបស់ខ្លួនអាយុ១៥ឆ្នាំជាច្រើនលើក។
លោក ស្រ៊ឺ ជាលី អធិការរងនគរបាលស្រុកចិត្របុរីបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួន បុរសឈ្មោះ ឡុង ថុល កាលពីថ្ងៃច័ន្ទនៅក្នុងឃុំថ្មី។
លោកមានប្រសាសន៍ថា “ជនសង្ស័យរូបនេះបានចាប់រំលោភក្មេងស្រីរងគ្រោះជាច្រើនលើកក្នុងពេលកន្លងមក ហើយបានចាប់រំលោភនាងម្តងទៀតកាលពីយប់ថ្ងៃអាទិត្យ”។
កាលពីថ្ងៃអាទិត្យ ក្មេងស្រីរូបនេះបានប្រាប់ម្តាយនាងអំពីការចាប់រំលោភជាបន្តបន្ទាប់នេះ ហើយនាងខ្លាចមិនហ៊ាននិយាយពីមុនមក ពីព្រោះឪពុកចុងរបស់នាងបានគំរាមសម្លាប់នាង។លោក ជាលី មានប្រសាសន៍ថា បន្ទាប់មក ស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹងទៅនគរបាល។ លោកបន្តថា “ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនចុងរបស់ខ្លួនមែន ហើយបុរសរូបនេះត្រូវបាននាំខ្លួនទៅសាលាដំបូងខេត្តកាលពីម្សិលមិញដើម្បីចោទប្រកាន់”៕ សារុន