កាលពីថ្ងៃអង្គារ អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានចេញសេចក្ដីរាយការណ៍ចុងក្រោយរបស់ខ្លួនស្ដីពីការត្រួតពិនិត្យឡើងវិញរបស់ខ្លួនលើការចោទប្រកាន់ពីបទទទួលសំណូកយ៉ាងច្រើនក្នុងក្រសួងសុខាភិបាល ដែលអង្គការមូលនិធិពិភពលោកបានជួយដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ក្នុងខែវិច្ឆិកា។
កាលពីម្សិលមិញ ក្រុមមន្ត្រីមកពីអង្គភាពប្រឆាំងអំពើពុករលួយមិនបាននិយាយអ្វីពាក់ព័ន្ធនឹងការត្រួតពិនិត្យឡើងវិញឡើយ ហើយក៏មិនបាននិយាយថាតើត្រូវមានផែនការបែបណា ដើម្បីដោះស្រាយសំណើរបស់អង្គការមូលនិធិពិភពលោក ដែលស្នើឲ្យសងសំណងរាប់ម៉ឹនដុល្លារ ដែលត្រូវបានកេងប្រវ័ញ្ចដោយមន្ត្រីពុករលួយ។
បន្ទាប់ពីការធ្វើសវនកម្មរយៈពេលមួយឆ្នាំពីការផ្ដល់មូលនិធិឥតសំណងកន្លងមករបស់ខ្លួនដល់កម្ពុជា អង្គការមូលនិធិពិភពលោកបានចេញរបាយការណ៍លម្អិតមួយនៅក្នុងខែវិច្ឆិកា ដោយចោទប្រកាន់មន្ត្រីសុខាភិបាល ដែលចាប់តាំងពីពេលនោះបានលាលែងតំណែងរបស់ខ្លួនពីបទទទួលសំណូកជាង៤០០.០០០ដុល្លារ ដើម្បីទទួលបានកិច្ចសន្យាពីអ្នកផ្គត់ផ្គង់មុងនៅក្រៅប្រទេស។ អង្គការក្រៅរដ្ឋាភិបាល មេឌីកាំ ក៏ត្រូវបានរកឃើញថា បានកេងប្រវ័ញ្ចជាប្រាក់ពីមូលនិធិពិភពលោកជិត២១.០០០ដុល្លារផងដែរ។
កាលពីម្សិលមិញលោក ប្រាក់ សុខ អនុប្រធានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយដែលគ្រប់គ្រងការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយបានរាយការណ៍ទៅក្រុមប្រឹក្សានេះអំពីការត្រួតពិនិត្យឡើងវិញលើរបាយការណ៍ស្ដីពីការពុករលួយ របស់អង្គការមូលនិធិពិភពលោកនិងការចោទប្រកាន់របស់អង្គការនេះក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ។ លោកបានមានប្រសាសន៍ថា “យើងបានពិភាក្សាយ៉ាងច្រើនអំពីបញ្ហារបស់អង្គការមូលនិធិពិភពលោកនៅក្នុងកិច្ចប្រជុំ ប៉ុន្តែខ្ញុំមិនអាចនិយាយអ្វីច្រើនទាក់ទិននឹងករណីនេះឡើយ។ នេះគឺជាកិច្ចប្រជុំឯកជនមួយ ដូច្នេះខ្ញុំមិនអាចបរិយាយបានទេ”។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។ ចាប់តាំងពីអង្គការមូលនិធិពិភពលោកបានលើកឡើងពីការប្រព្រឹត្តតអំពើពុករលួយនេះរួចមក អង្គការ មេឌីកាំ និងមន្ត្រីសុខាភិបាលបានច្រានចោលការទទួលខុសត្រូវការទទួលសំណូកដែលមានការរៀបចំឯកសារបានយ៉ាងល្អអស់រយៈពេលច្រើនឆ្នាំ ដោយមិនចាត់ទុករឿងនេះជារឿងសំខាន់ និងបានសួរនាំអំពីទំហំនៃអំពើពុករលួយ ដែលត្រូវបានចោទប្រកាន់នេះ។
នៅក្នុងលិខិតមួយចុះថ្ងៃទី៩ ខែធ្នូ ដែលផ្ញើជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង្គការមូលនិធិពិភពលោកបានស្នើឲ្យក្រសួងនិងអង្គការ មេឌីកាំ សងប្រាក់ចំនួន៤៧៣.០០០ដុល្លារក្នុងរយៈពេល៣០ថ្ងៃ ឬបើមិនអ៊ីចឹងទេនឹងប្រឈមមុខនឹងការបាត់បង់ប្រាក់ទាំងអស់ដែលការផ្ដល់មូលនិធិិពិភពលោកបានផ្តល់ក្នុងចំនួន១០៦លានដុល្លារដល់ប្រទេសកម្ពុជានោះ។
មន្ត្រីអង្គការ មេឌីកាំ និងក្រសួងសុខាភិបាលបានបដិសេធចំពោះសំណើសុំការអត្ថាធិប្បាយលើលិខិតនេះម្តងហើយម្តងទៀត និងថាតើពួកគេមានបំណងសងប្រាក់ដែលដាក់ក្នុងហោប៉ៅហើយឬយ៉ាងណានោះទេ។ ទឹកប្រាក់ចំនួន១០៦លានដុល្លារ ដែលអង្គការមូលនិធិពិភពលោកកំពុងតែគំរាមដកយកវិញ នឹងអាចបង្ករផលវិបាកយ៉ាងខ្លាំងដល់វិស័យសុខាភិបាលនៅទូទាំងប្រទេស។
កាលពីសប្ដាហ៍មុន លោក សេត ហ្វេសិន (Seth Faison) អ្នកនាំពាក្យរបស់អង្គការមូលនិធិពិភពលោកបានលើកឡើងថា អង្គការនឹងព្យាយាមមិនឲ្យមានការផ្អាកមូលនិធិនេះទេ ព្រោះវាអាចប៉ះពាល់ដល់ជីវិតពលរដ្ឋ។ លោកបានមានប្រសាសន៍ថា “យើង ជានិច្ចកាលតែងតែប្រុងប្រយ័ត្នមិនឲ្យជីវិតរបស់នរណាម្នាក់ជួបហានិភ័យនោះទេ។ នៅពេលដែលវាចាំបាច់ត្រូវតែផ្អាក ឬកាត់បន្ថយជំនួយឥតសំណងនោះ យើងតែងតែខិតខំស្វែងរកជម្រើសផ្សេងដែលអាចផ្ដល់សេវាកម្មបន្តសម្រាប់អ្នកដែលរងផលប៉ះពាល់”។ ក៏ប៉ុន្តែលោកមិនបានបរិយាយថា តើត្រូវធ្វើបែបណានោះទេ៕ ប៊ុននី