40.9 C
Phnom Penh

កង​​រាជ​អាវុធហត្ថ​ចាប់​បាន​អ្នក​ជួ​ញដូរ​ថ្នាំញៀន​ពីរនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃច័ន្ទ​ កង​រាជ​អាវុធ​ហត្ថបាន​ចាប់​ខ្លួន​អ្នកជួញ​ដូរ​គ្រឿង​ញៀន​ពីរ​នាក់​ ប៉ុន្តែ​​​ចាប់​ខ្លួន​ជន​ទី​៣មិន​បាន​ឡើយ​​បន្ទាប់ពី​ជិះ​រថយន្ត​​ប្រដេញ​រួ​ច​មក ដែល​នៅពេល​នោះកង​រាជ​​​​អាវុធ​ហត្ថ​​បាន​បាញ់​បំបែក​កង់​រថយន្ត​​របស់​ជន​ល្មើសនៅក្នុង​​ក្រុង​​កំពង់​ចាម។

យោង​​តាម​លោក សែម ឃាង​ ប្រធាន​អង្គភាព​ប្រឆាំ​ងគ្រឿង​ញៀននៃ​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​​បាន​តម្រុយ​ កង​​រាជ​អាវុធ​ហត្ថ​បាន​ដាក់​របាំ​ង​ផ្លូវ​នៅ​ផ្លូវ​ជា​តិ​លេខ​៧ ដើម្បី​ចាប់ខ្លួន​ជន​សង្ស័យ​ទាំង​នោះ ដែល​តាម​ការ​រាយការ​ណ៍​ថា បាន​ជួញ​ដូរ​ថ្នាំ​មេតំហ្វេតាមីន​ពី​រាជ​ធានី​ភ្នំពេញ​ទៅខេត្ត​កំពង់​ចាម។

ក្រុម​ជន​ល្មើស​បាន​បុក​របាំង​​ផ្លូវ​ ប៉ុន្តែ​ត្រូវ​បាន​កង​រាជ​អាវុធហត្ថដេញ​តាម ហើយ​ចាប់​ខ្លួន​បាន​ឈ្មោះ ជា ហុក​ថៃ អាយុ​២៣ឆ្នាំ និង​ ទិន ហាស​រី អាយុ​២៧ឆ្នាំ​ ចំណែក​ឯ​មេខ្លោង​ឈ្មោះ ទិត្យ​ ហារិទ្ធ អាយុ​៣៣ឆ្នាំ​បាន​រត់​គេច​ខ្លួន​រួច​។ លោកអនុ​សេនី​យ៍ឯក សែម ឃាង​ មាន​​ប្រសាសន៍ថា “ពួកគេ​បើក​រថយន្ត​លឿន​ណាស់​ ​​ដូច្នេះ​កង​រាជ​អាវុធ​ហត្ថរបស់យើង​បាន​ព្យាយាម​បាញ់​បំបែក​ង់​រថយន្ត​​តែ​ម្តង ហើយ​ថា បាន​បណ្តាល​ឲ្យ​ជនសង្ស័យម្នាក់​រង​របួស”។

លោក​បានបន្ថែម​ថា “យើង​ចាប់ខ្លួន​បាន​ជននេះ​និង​បុរស​ម្នាក់ទៀត​ ប៉ុន្តែ​បុរ​ស​ជា​មេខ្លោង​ដែល​ជា​អ្នក​បើក​រថយន្ត​បាន​គេ​ច​ខ្លួន​រួច​ដោយ​សារតែ​ងងឹត​ពេក”។
នគរបាល​ដកហូត​បាន​ថ្នាំ​មេតំ​ហ្វេតា​មីន​២៥ក្រាមពី​ជន​ទាំង​នេះ។ បុរស​ឈ្មោះ ហុក​ថៃ ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ផ្នែក​ខាង​​​​លើ​ចង្កេះ​នោះ ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ចាម​មក​រាជ​ធានី​ភ្នំពេញដោយ​សារ​​​តែ​របួស​ធ្ងន់ធ្ងរ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស