27.5 C
Phnom Penh

អ្នករត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​ម៉ូតូ​កង់​បី​នាំ​គ្នា​តវ៉ា​នៅ​ក្នុងក្រុង​សៀម​រាប​ដើម្បី​ប្រឆាំង​នឹង​រថយន្ត​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​​ម៉ូតូ​​​កង់​បី​ប្រហែល​១.០០០​នាក់​ បាន​នាំ​គ្នា​តវ៉ា​​​​តាម​​​ផ្លូវ​ក្នុង​ក្រុង​សៀម​រាប​ដើម្បី​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​ និងការ​ចេញ​បម្រាម​មិន​​​ឲ្យ​ប្រើ​រថយន្ត​អគ្គិសនី​នៅ​ឧទ្យាន​បុរាណ​អង្គរ​។

ការ​តវ៉ា​ ដែល​រៀប​ចំ​ដោយ​សមាគម​​ប្រជា​ធិ​​​បតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចាប់​​​ផ្តើម​នៅ​ម៉ោង៨ព្រឹកក្នុង​សង្កាត់គោកចក ​​ភាគ​ខាង​ត្បូងនៃ​​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ហើយ​បាន​បន្ត​ដំណើរ​ទៅ​កាន់​ផ្សារ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ក្រុង​សៀម​រាប​​ មុន​ពេល​ដាក់​ញត្តិ​​​ជូន​សាលា​ខេត្ត​។

លោក​ វ៉ន​ ពៅ​ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ប្រាប់​ទៅ​កាន់​អ្នក​​តវ៉ា​នេះ​ថា​ “ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ប្រាសាទ​អង្គរវត្ត​មិន​មែន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​អ្នក​រត់​ម៉ូតូ​ឌុប​និង​អ្នក​រត់​រ៉ឹម៉កម៉ូតូ​កង់​បី​ ឬ​ក៏​អ្នក​រក​ស៊ី​តូច​តាច​ផ្សេង​ៗ​ទៀត​ឡើយ។ប្រាក់​ភាគ​ច្រើន​ គឺ​ធ្លាក់​ចូល​ក្នុង​ដៃ​អ្នក​រក​ស៊ី​ធំៗ​”។ លោក​បន្ត​ថា​ “ ហេតុ​ដូច្នេះ​ហើយ​ ថ្ងៃ​នេះ​​​​​​​​យើង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​អប្សរាលុប​បំបាត់​រថយន្ត​អគ្គិសនី​ ព្រោះ​ធ្វើ​ដូច្នេះ​[អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​ម៉ូតូ​កង់​បី​] អាច​រក​បាន​ប្រាក់​ខ្លះ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​របស់​ខ្លួន​”។

លោក​ វ៉ន​ ពៅ​​ បាន​និយាយ​តាម​ទូរស័ព្ទ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ថា អ្នក​តវ៉ា​ទាំង​នេះ​ត្រូវ​បាន​គាំ​ទ្រ​ដោយ​ព្រះ​សង្ឃ​ជាច្រើន​អង្គ​មក​ពី​បណ្តាញ​ព្រះ​សង្ឃ​​​ឯករាជ្យ​ដើម្បី​យុត្តិ​​ធម៌សង្គម​ ក៏​ដូច​ជា​សមាជិក​នៃ​សហជីព​និង​អង្គការ​ក្រៅ​រដ្ឋាភិបាលផ្សេងៗ ដូច​ជា​​អង្គ​​ការ​​​សិទ្ធិស្ត្រី​ឈ្មោះ​បន្ទាយ​ស្រីជាដើម​។

លោក​ ភាង​ សាម៉េត ប្រធាន​សមាគម​ប្រជា​​​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រ​ចាំ​ខេត្ត​សៀម​រាប​បាន​ឲ្យ​ដឹង​ថា​ ញត្តិ​ស្នើ​សុំ​ឲ្យ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​​​​​ដើម្បី​ដឹក​ភ្ញៀវ​ទេសចរ​ពី​សណ្ឋាគារ​នីមួយៗ​នៅ​ក្នុង​ក្រុង​សៀម​រាប​ទៅ​កាន់​ប្រាសាទ​អង្គរ​​វត្ត​គឺដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​សិទ្ធិ​ជា​ពិសេស​ទៅ​ឲ្យ​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ដ៏​ធំ​ដែល​មាន​ឈ្មោះ​ថា​ ក្រុម​ហ៊ុន​ ៧មករា​ នៅ​​ក្នុង​ក្រុង​សៀម​រាប​។ លោក​ សាម៉េត​ បាន​មាន​ប្រសាសន៍​ថា​ “ រថ​​យន្ត​អគ្គិសនី​ គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ការ​រក​ស៊ី​របស់​យើង​”។

លោក​បាន​ពន្យល់​ថា​ “រថយន្ត​អគ្គិសនី​ ត្រូវ​បាន​អនុញ្ញាតឲ្យ​ចត​និង​ដឹក​ភ្ញៀវ​ទេស​ចរ​​នៅ​កន្លែង​ណា​ក៏​បាន​ដែរ​ តាម​តែ​ចិត្ត​ រីឯពួក​យើង​វិញ​ គឺមិន​ត្រូវ​បានអនុញ្ញាតឲ្យ​ធ្វើ​ដូច្នោះ​​​​​ទេ​”។ លោក​បាន​បន្ថែម​ថា​ អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​ម៉ូតូ​កង់​បី​ នៅ​ក្នុង​ក្រុង​ទេសចរណ៍​នេះ​នឹង​​​បិទ​ផ្លូវ​ ប្រសិន​បើ​គ្មានដំណោះ​ស្រាយ​នៅ​​​៦​ថ្ងៃ​ក្រោយ​នោះ​ទេ​។

លោក​ ប៊ុន​ណារិទ្ធ​ អគ្គនាយក​អាជ្ញាធរ​អប្សរា​​​​​​បាន​លើក​ឡើង​ថា​ លោក​នឹង​មិន​ពិចារ​ណា​អំពី​ញត្តិ​របស់​អ្នក​រត់​ម៉ូតូ​ឌុប​និង​រ៉ឹម៉ក​ម៉ូតូ​កង់​បី​ឡើយ​ ហើយ​លោក​បាន​ច្រាន​ចោល​ការ​​​ទាម​ទារ​របស់​ពួក​គេ​ ដោយ​ចោទ​ប្រកាន់​ពួក​គេ​កំពុង​តែ​ដើរ​នយោបាយ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “បញ្ហា​​​​នេះ​​​​​វា​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ព្រោះ​​​ការ​ធ្វើ​បាតុកម្ម​កំពុងកើត​ឡើង​​នៅ​ក្នុង​រាជ​​ធានី​ភ្នំពេញ​ ហេតុដូច្នេះ​ពួក​គេ​ចង់​បង្ក​ឲ្យ​មាន​​បាតុកម្ម​នៅ​ទី​នេះ​ទៀត​”។ លោក​បាន​បន្ថែម​ថា​ ក្រុម​ហ៊ុន​​​រថយន្ត​អគ្គិសនី​ ៧​មករា​ គឺ​ជា​កម្ម​សិទិ្ធ​របស់​រដ្ឋ​៕​ ស៊ុយ​ឈាង​
(រាយការណ៍​បន្ថែម​ដោយ​ ផាន់​ អាណា​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស