30 C
Phnom Penh

ចោទប្រកាន់​បុរសបីនាក់​ពី​បទកាប់ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​​ក្នុង​ខេត្ត​ពោធិ៍សាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិល​មិញ​ថា កាលពីថ្ងៃ​អង្គារ​សាលា​ដំបូង​ខេត្ត​ពោធិ៍​​សាត់ បាន​ចោទ​ប្រកាន់​បុរស​បីនាក់​ពី​បទ​​រាន​ដីព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ដែល​​ត្រូវ​បាន​ការ​ពារ​ ហើយ​អាជ្ញា​ធរ​កំពុង​​តាម​ចាប់​ខ្លួន​បុរស​​ម្នាក់​ដែល​តាម​ចោទ​​ថា ​បាន​ជួល​​បុរស​​ទាំង​​នេះ​។

លោក តន់ សីហតេជះ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ​​​ពោធិ៍​​សាត់ ​បានមាន​ប្រសា​សន៍​ថា បុរស​​ទាំង​បីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​នោះមាន​​ឈ្មោះដូចជា  ប៉ក់ អ៊ឹម អាយុ​​៤១​ឆ្នាំ គង់​ ពុធ អាយុ​២០​ឆ្នាំ និង​ រឿន រ៉ុប អាយុ​៣១​​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ច័ន្ទ ខណៈ​ពេល​ពួកគេ​កំពុង​​​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស ជាប់​​ព្រំដែន​ថៃ។

លោក​បាន​មាន​ប្រសាសន៍​ថា “តុលា​ការ​បាន​ចោទ​ប្រកាន់​បុរស​ទាំង​បីនាក់​នេះ​ ពីបទ​រាន​ដីព្រៃ​ខុស​ច្បាប់​ ហើយ​ឥឡូ​វនេះ​បុរស​ទាំង​នេះ​កំពុង​ត្រូវ​​បាន​ឃុំខ្លួន​ក្នុង​ពន្ធ​នាគារ​ខេត្ត ហើយ​លោក​បាន​អះអាង​ថា ពួកគេ​បាន​​​សារភាព​​ចំពោះ​បទ​ឧក្រិដ្ឋ​ដូច​ដែល​​បាន​ចោទ​​​ប្រកាន់​។ បទ​ឧក្រិដ្ឋ​នេះ​មាន​ទោស​ជាប់​ពន្ធនា​គារ​ចាប់​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​។

លោក ចាប ស៊ាត ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ បាន​មាន​ប្រសាសន៍​ថា បុរស​ទាំង​បីនាក់​នេះ​បាន​រាន​ដីព្រៃ​ទំហំ​ប្រហែល​​​៥​ហិកតា នៅ​​​​​​ក្នុង​ឃុំ​អូរ​សោម ស្រុក​​វាល​វែង ហើយ​ថា ពួកគេ​ធ្វើ​ការ​ឲ្យ​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ញ៉ាន ឌឹម ។ លោក​មាន​ប្រសាសន៍​ថា “ពួក​គេ​បាន​​​​​រាន​ដីព្រៃ​ទំហំ​៥​ហិក​តា​ ហើយ​ពួកគេ​បាន​សារ​ភាព​ថា ពាណិជ្ជករ​ក្នុង​ស្រុក​ម្នាក់​ឈ្មោះ​ថា ញ៉ាន ឌឹម បាន​ជួល​ពួកគេ​ឲ្យ​រាន​ដីព្រៃ​នេះ ហើយ​សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ឲ្យ​ពួកគេ​២០០​ដុល្លារ​ក្នុង​មួយ​ហិកតា”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ យើង​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​​ឈ្មោះ ញ៉ាន ឌឹម ដែល​បានគេ​ច​ខ្លួន​”។

គេ​មិន​អាច​ទាក់​ទង​មន្ត្រី​មូល​ដ្ឋាន​ម្នាក់​ធ្វើ​ការ​​នៅ​រដ្ឋបាល​ព្រៃ​ឈើ​បាន​ទេ។ លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​បាន​មាន​ប្រសា​សន៍​ថា វា​មិន​យុត្តិធម៌​ទេចំពោះ​តុលាការ​​ក្នុង​ការ​​ផ្ដន្ទាទោស​បុរស​ទាំង​បីនាក់​នេះ​នោះ នៅ​ពេល​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​ និង​ពាណិជ្ជករ​មាន​អំណាច​ជា​ច្រើន​ទៀត​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​ពីបទ​ឧក្រិដ្ឋ​រាន​ដីព្រៃ​ធំជាង​​នេះទៅទៀត​នោះ។

លោក​ អំ សំអាត បាន​មាន​ប្រសាសន៍​ថា “តុលាការ​គួរ​ពិចារណា​ដោះ​លែង​បុរស​ទាំង​បីនាក់​ដែល​ត្រូវ​​បាន​ចោទ​ប្រកាន់​នេះ​វិញ​ ហើយ​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ដែល​នៅ​ពីក្រោយ​ពួក​គេ​។ លោក អំ សំអាត បាន​មាន​ប្រសាសន៍​​បន្ថែម​ថា “ វា​មិនយុត្តិ​ធម៌​សម្រាប់​ពួកគេ​ទេ ពីព្រោះ​យើង​មិន​ដែល​ឃើញ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​អ្នក​មាន​អំណាច​ប្រឈម​​​នឹង​កា​រ​ផ្ដន្ទា​ទោស​នៅ​ពេល​​ពួកគេ​រំលោភ​ច្បាប់​​​ព្រៃ​ឈើ​ឡើយ​”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស