កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា ក្រុមការងារដែលមានសមាជិកជាន់ខ្ពស់បីរូបមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីរបៀបវារៈសម្រាប់ការចរចាជាថ្មីម្តងទៀត។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកពីគណបក្សប្រជាជនកម្ពុជាដែលដឹកនាំគណបក្សកាន់អំណាចនៅក្នុងការចរចាលើកមុនៗបន្ទាប់ពីការបោះឆ្នោត បានឲ្យដឹងថា គណបក្សទាំងពីរ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រវេលាម៉ោង៩ព្រឹកនៅអគារព្រឹទ្ធសភា។
លោក សុខា បានលើកឡើងថា លោកស្វាគមន៍ការវិលត្រឡប់មករកតុចរចាវិញរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការធ្វើបាតុកម្មអស់រយៈពេលជិតមួយខែនិងការទាមទារយ៉ាងម៉ឹងម៉ាត់របស់គណបក្សប្រឆាំង ដែលថា ពួកគេនឹងមិនចរចាឡើយ រហូតទាល់តែមានការរៀបចំឲ្យមានការបោះឆ្នោតសារជាថ្មីនោះ។
លោកបានមានប្រសាសន៍ថា “យើងនៅមិនទាន់រៀបចំរបៀបវារៈសម្រាប់ការចរចានៅឡើយទេ ប៉ុន្តែជំហរ [របស់គណបក្សប្រជាជនកម្ពុជា] គឺមិនផ្លាស់ប្តូរឡើយ។ មធ្យោបាយតែមួយគត់និងវិធីសាស្ត្រប្រសើរបំផុតដើម្បីដោះស្រាយបញ្ហានៃវិបត្តិក្រោយការបោះឆ្នោត គឺតាមរយៈការចរចាដោយសន្តិវិធី”។
លោក សុខា បានលើកឡើងថា ការជួបប្រជុំគ្នានៅថ្ងៃសុក្រ គឺជាថ្ងៃរៀបចំរបៀបវារៈសម្រាប់ការជួបប្រជុំគ្នានៅថ្ងៃអនាគតរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា លោកជឿជាក់ថា ការជួបប្រជុំគ្នានឹងត្រូវធ្វើឡើងដោយសម្ងាត់ ទោះបីជាគណបក្សរបស់លោក បានទាមទារម្តងហើយម្តងទៀតថា រាល់កិច្ចប្រជុំណាមួយ រវាងគណបក្សទាំងពីរ ត្រូវតែមានការផ្សព្វផ្សាយជាសាធារណៈក៏ដោយ។លោក យឹម សុវណ្ណ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងជំរុញឲ្យមានរបៀបវារៈផ្តោតលើកំណែទម្រង់ និងការអំពាវនាវឲ្យមានការបោះឆ្នោតសារជាថ្មី ក៏ដូចជាជំរុញឲ្យមានការជួបប្រជុំគ្នានៅពេលខាងមុខរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ដែលមានការផ្សាយជាសាធារណៈផងដែរ។ លោកបានច្រានចោល នូវគំនិតដែលថា មន្ត្រីមកពីគណបក្សកាន់អំណាច មិនបើកចំហសម្រាប់ការទាមទាររបស់គណបក្សប្រឆាំង ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “រហូតមកដល់ពេលឥឡូវ យើងនៅមិនទាន់មានការជួបប្រជុំគ្នានៅឡើយទេ។ យើងនឹងលើកឡើងពីបញ្ហាទាំងនេះ ហើយរង់ចាំមើលថាតើនឹងមានអ្វីកើតឡើង”។
រីឯ លោក សុខា វិញបានលើកឡើងថា គណបក្សប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យមានកិច្ចប្រជុំជាមួយលោក ហ៊ុន សែន ដែលនឹងត្រូវបើកចំហជាសាធារណៈឡើយ។ លោកបានមានប្រសាសន៍ថា “វាមិនអាចទៅរួចទេ ព្រោះវាការចរចាគ្នា។ បើពុំដូច្នោះទេ វេទិកាសាធារណៈអាចត្រូវបានគេប្រើដូចជាយុទ្ធនាការបោះឆ្នោតម្តងទៀតអ៊ីចឹង។ បន្ទាប់ពីយើងជួបប្រជុំគ្នារួច យើងអាចចេញសេចក្តីប្រកាសព័ត៌មានស្តីពីការជួបប្រជុំនេះ”៕ ស៊ុយឈាង