34 C
Phnom Penh

គណបក្ស​ប្រឆាំង​​លុប​ចោល​ការ​ចរចា​​បន្ទាប់ពី​ទាហាន​ឆត្រយោង​បង្ក្រាប​ការ​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លុប​ចោល​ការ​ជួប​ប្រជុំ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែលបាន​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​​​នេះបន្ទាប់ពី​អង្គភាពទាហាន​ឆត្រ​យោងបាន​បង្ក្រាប​ការ​តវ៉ា​ដ៏​ហិង្សា​របស់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែលបាន​ធ្វើ​កូដកម្ម​។ គម្រោង​ជួប ​ប្រជុំ​ ដែល​គ្រោង​ធ្វើ​នៅ​ម៉ោង​៩ព្រឹក​នៅ​អគារ​​ព្រឹទ្ធ​សភា​នេះ​​ គឺដើម្បី​​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​ចរចា​បន្ថែម​រវាង​មេ​ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​ជុំវិញ​​ជម្លោះ​ក្រោយ​ការ​បោះ​ឆ្នោត​​​នេះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​​​ជាតិ​បាន​ប្រកាស​ពី​ការ​លុប​ចោល​​ការ​ជួប​ប្រជុំនោះ​ដល់​ក្រុម​បាត​ុករ​កាល​​ពី​យប់មិញ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​​។ លោក សម រង្ស៊ី បាន​និយាយ​ទៅកាន់​ក្រុម​មនុស្សទាំង​នោះ​ថា “ក្នុង​កាលៈ​ទេសៈ​នេះ​ យើង​មិន​អាច​ចរចា​ជាមួយ​អ្នក​​ធ្វើ​បាប​ប្រជា​ពល​រដ្ឋខ្មែរ​បាន​ឡើយ”​។

យ៉ាងហោច​ណាស់​អ្នក​ត​វ៉ា​១៥នាក់​ត្រូវ​បាន​ឃាត់ខ្លួនបន្ទាប់ពី​ទាហាន​ឆត្រ​យោង​បាន​ប្រើ​ដំបង​ឆក់ ដែក​បំពង់ទីប និង​ចំពាម​កៅ​​​ស៊ូ​​​ដើម្បីបង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែលបាន​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​រោង​ចក្រយ៉ាកជីនក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​​​​​​​​​​ធានី​ភ្នំពេញ។ អ្នក​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ។

លោក សម រង្ស៊ី បាន​មាន​ប្រសា​សន៍​ថា​ “មិន​មាន​ការ​ចរចា​ទៀតទេ។ យើង​បាន​​លុប​​ចោល​ការ​ចរចា​ទាំង​នេះរហូត​ដល់​​​លែង​មាន​ការ​ធ្វើ​បាប ការ​វាយដំ  ការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ ការ​បង្ក​បញ្ហា​និង​​ការ​ប្តឹង​ផ្តល់​ [ពី​រដ្ឋា​​​ភិបាល]”។ លោក សម រង្ស៊ី បាន​បន្ថែម​ថា ការ​តវ៉ា​​ជាប់ៗគ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កាលពីថ្ងៃ​អាទិត្យ​មុន​មាន​អ្នក​ចូល​រួម​៥០.០០០​​​​​​​នាក់​ហែក្បួន​ក្នុង​រាជធានីភ្នំពេញ​នោះ​នឹង​បន្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដូច​ដែល​បាន​គ្រោង​ទុក​ ហើយជាថ្មី​ម្ត​ងទៀតនឹង​​ធ្វើ​កាន់​តែ​ធំនៅ​ទូទាំង​ប្រទេស​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណ​បក្ស​សង្គ្រោះជាតិ​ បាន​មាន​ប្រសាសន៍​ថា ការ​ចរ​​​ចា​​​​ត្រូវ​បាន​លុប​ចោល​ ពីព្រោះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​រំលោភ​​ការ​សន្យា​ដែ​ល​ខ្លួន​បាន​ធ្វើ​អំឡុង​ពេល​ចរចា​កាល​ពី​ឆ្នាំ​មុន​ថា អាជ្ញាធរ​នឹង​ឈប់​ប្រើ​អំពើ​ហិង្សា​ ដើម្បី​​បង្ក្រាប​​​អ្នកតវ៉ា​​ប្រឆាំង​​រដ្ឋា​ភិបាល​ទៀត​នោះ។

លោក យឹម សុវណ្ណ បាន​មាន​ប្រសា​សន៍​បន្ថែម​​ទៀត​ថា “ អ្វីដែល​ពួកគេ​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​បាន​រំលោភ​ចំណុច​ទី១​ ដែល​បាន​ធ្វើ​ អំឡុង​ការ​ជួប​ប្រជុំ​កាល​ពីថ្ងៃ​ទី​១៦ ខែ​កញ្ញា​​​ថា ឈប់​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​”។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​ចរចា​ក្រោម​បរិយាកាស​គាប​សង្កត់​បែប​នេះ​បានទេ។ វា​មិនមែន​ជា​ការ​ចរចា​ដោយ​សន្តិវិធី​ឡើយ​”។

លុះ​ណាតែ​ការ​ប្រើ​អំពើ​​ហិង្សា​កាល​ពី​ម្សិលមិញ​ពីសំណាក់​ទាហាន​ឆត្រ​យោង​ នគរ​បាល​ មន្ត្រី​កង​រាជ​អាវុធហត្ថ​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ​ដូច​អំឡុង​ការ​តវ៉ា​រាល់​ថ្ងៃ​របស់​គណបក្ស​ប្រឆាំង​​ដែល​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ។

លោក ព្រំ​ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​បាន​ដឹកនាំ​គណបក្ស​ប្រជា​ជន​ អំឡុង​ការ​ចរចា​​លើក​មុន​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​​មា​ន​ប្រសា​សន៍​កាល​​​ពី​​​ម្សិលមិញ​ថា លោក​ខក​ចិត្ត​ចំពោះ​​ការ​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​លុប​ចោល​ការ​ចរចា​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “សម្រាប់​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ យើង​សោក​ស្ដាយ​ណាស់​ដោយ​ឃើញ​ការ​លុប​ចោល​នេះ​”។

លោក​បន្ថែម​ថា “ ជំហរ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​ផ្លាស់​ប្ដូ​រឡើយ​។ មធ្យោ​​​បាយ​ដ៏ល្អ​បំផុត​ និង​មធ្យោ​បាយ​តែ​មួយ​​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត​​​​​​​គឺការ​ចរចា​ដោយ​សន្ដិវិធី​។ ការ​ប៉ះ​​​ទង្គិច​គ្នា​បន្តិច​បន្តួច​ដែល​បាន​កើត​ឡើង​កាល​​​ពីព្រឹក​មិញ​នេះ យើង​មាន​ការ​សោក​ស្ដាយ​ណាស់​ ប៉ុន្តែ​តើ​ឲ្យ​យើង​ធ្វើ​ដូចម្តេច​ចំពោះ​បញ្ហា​នេះ​?”។​ ទោះ​ជាយ៉ាង​ណា លោក ព្រំ សុខា បាន​គាំទ្រ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​​ ដោយ​ថ្លែង​ថា វា​ជាការ​ចាំាបាច់​។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​មែន​​​ត្រឹម​តែ​ចាប់​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​​​​ចាប់​តំាង​ពីមាន​វិបត្តិ​នេះ​មក​​​គណបក្ស​ប្រជា​​ជន​កម្ពុជា​ ជា​ពិសេស​ក្រសួង​​មហា​ផ្ទៃ​មាន​ការ​អត់​ធ្មត់​ខ្លាំង​ណាស់​ ហើយ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​មិនមែនកើត​ចេញពី​កម្លាំង​នគរបាល​របស់​យើង​ទេ វា​កើត​ឡើង​ដោយ​សារ​អ្នក​តវ៉ា​ជ្រុល​និយម​​​នេះឯង​”។

លោក​ សម រង្ស៊ី បាន​អំពាវ​នាវ​ឲ្យ​មន្ត្រី​រាជការ​ អាជីវករ និង​​និស្សិត​​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំងក្នុង​ពេល​ឥឡូវ​នេះ​ និង​ជាមួ​យ​កម្មករ​រោងចក្រ​កាត់់ដេរ​ដែល​កំពុង​ធ្វើ​កូដកម្ម​ រួមគ្នា​​ទាម​ទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះចេញ​ពីតំណែង​។

លោក សម រង្ស៊ី​ បាន​និយាយ​ទៅកាន់​ក្រុម​​​​​​​មនុស្ស​​ទាំង​នោះថា “កម្មករ​បាន​ចេញ​ពី​រោង​ចក្រ​​ហើយ។ ឥឡូវ​នេះ​បង​ប្អូន​ទាំង​អស់​គ្នា​សូម​ចេញពី​ទីផ្សារ​ ផ្ទះ​សំបែងរបស់​ខ្លួន​ តូប​លក់​ដូរ​ និង​សាលា​រៀន។ សូម​ចេញ​មក​​ពី​គ្រប់​​ទិស​ទី ​ដើរ​ជាមួយ​គ្នា​”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស