41.3 C
Phnom Penh

ពុទ្ធប្បដិមាធ្វើ​ពីស្ពាន់​និង​ថ្មកែវ​​ចំនួន​២០អង្គត្រូវ​បានចោរ​លួច​ពី​វត្ត​មួយ​នៅ​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព្រះ​សង្ឃនិង​នគរបាល​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ពុទ្ធ​ប្បដិមា​ចំនួន​២០​អង្គ​ត្រូវ​​បាន​លួច​​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ពី​វត្ត​ឧត្ត​មារ៉ាម ក្នុង​ស្រុក​ វើន​សៃ​ ខេត្ត​រតនគិរី​។

លោក​ ទឺ នូ​ថាង​ អធិការ​នគរបាល​ស្រុក​ វើន​សៃ​ បាន​មាន​ប្រសាសន៍​ថា​ “ពុទ្ធ​ប្បដិមា​ធ្វើ​ពី​ស្ពាន់ចំនួន១​៩​អង្គនិង​ពុទ្ធ​ប្បដិមា​ធ្វើ​ពី​ថ្មកែវ​មួយ​អង្គត្រូវ​បានលួច​ពី​វត្ត​នេះ ​ហើយ​​បាន​បាត់​ភ្លាម​ៗ​នៅ​ពេល​នោះ​តែ​ម្តង​”។ លោក​បន្ថែម​ថា​ ពុទ្ធ​ប្បដិមាទាំង​អស់​មាន​ទម្ងន់ពី​៨ទៅ​៩​គីឡូ​ក្រាម​។

លោក​បាន​លើក​ឡើង​ថា​ វត្ត​នេះ​មាន​ពុទ្ធ​ប្បដិមា​សរុប​៥៣​អង្គ​ ក្នុង​នោះ​មាន​៣៩​អង្គ​ធ្វើ​ពី​ស្ពាន់​។ លោក​បន្ថែម​ថា លោក​មិន​ដឹង​ថា តើពុទ្ធ​ប្បដិមា​ដែល​ត្រូវ​បាន​លួច​មាន​អាយុ​​​កាល​ឬ​ក៏​មាន​តម្លៃ​ប៉ុន្នាន​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ​ដែល​​​​​​​​​​​តែង​តែ​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ទុក​ពុទ្ធ​ប្បដិមា​​​ បាន​និមន្តចេញ​ពីកន្លែង​​ទុក​ពុទ្ធ​ប្បដិមា​នៅ​ម៉ោងប្រហែល​៩យប់​ ប៉ុន្តែមិន​បាន​ចាក់​សោ​ទ្វារទេ​ ហើយ​ពុទ្ធ​ប្បដិមា​ត្រូវ​បាន​លួច​នៅ​យប់​នោះ​តែ​ម្តង​។

លោក ​ទឺ នូ​ថាង​ បាន​មាន​ប្រសាសន៍​ថា​ “បន្ទាប់​ពី​សាក​​សួរ​ [អ្នក​ដែល​រស់​នៅ] ក្នុង​វត្ត​នេះ​យើង​សនិ្ន​ដ្ឋានថា ​ពុទ្ធ​ប្បដិមា​ត្រូវ​បាន​លួច​ដោយ​ជន​សង្ស័​យ​ដែល​គេ​មិន​ស្គាល់​អតសញ្ញាណ​នៅ​ចន្លោះ​ពាក់​កណ្តាល​អធ្រាត្រ​  ថ្ងៃ​អង្គារ ​និង​​ម៉ោង​​​១រំលង​អធ្រាត្រ​ឈាន​ចូលព្រឹក​ថ្ងៃ​ពុធ​”។

លោក​បាន​លើក​ឡើង​ថា នគរ​​​បាល​​​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​កំណត់​ទី​តាំង​​​ជន​សង្ស័យ​ទាំង​ពីរ​ដែល​ទំនង​ជា​​ស្គាល់​វត្ត​នេះ​យ៉ាង​ច្បាស់​​ ហើយ​ទំនង​ជា​មាន​ផែន​​​ការ​​​រត់​ពន្ធ​ពុទ្ធ​ប្បដិមា​ទាំង​នេះ​ទៅ​ប្រទេស​ឡាវ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “យើង​កំពុង​​​​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​តាម​ព្រំ​ដែន​ឡាវ​ ព្រោះ​វត្ត​នេះ​នៅ​ក្បែរ​នោះ”។

ព្រះតេជគុណ ញ៉េង នូហ្វាង ​ព្រះ​ចៅ​អធិ​ការ​វត្ត​ឧត្តមារ៉ាម​ មានសង្ឃដីកាថា “ព្រះ​សង្ឃគង់​នៅ​វត្ត​នេះ​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ថា​ ពុទ្ធ​ប្បដិមា​ទាំង​នេះ​ត្រូវ​បាន​គេ​លួច​”។

កាល​ពី​ថ្ងៃ​ទី​១០​ខែធ្នូ​ ព្រះ​សារីរិកធាតុ​ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​លួច​ពី​ព្រះសក្យ​មុនីចេតិយ ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ឧដុង្គ។
កាល​ពី​ម្សិល​មិញ ​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​បុរស​ចំនួន​៥នាក់​ នៅ​ជាប់​ឃុំ​ឃាំង​​​ជាបណ្តោះ​អាសន្ន​នៅឡើយ​ទាក់​​ទិននឹង  ​ការ​លួច​​​ព្រះសារីរិក​ធាតុព្រះ​ពុទ្ធ​​ ដែល​ត្រូវ​បាន​នាំ​​​ពី​ប្រទេស​​​​​​ស្រីលង្កាមកកាន់​​ប្រទេស កម្ពុជានៅ​ក្នុង​ទស​វត្សរ៍​​ឆ្នាំ​១៩៥០ក៏ដោយ​ ក៏​អាជ្ញាធរ​នៅ​មិន​ទាន់​​​​​​មាន​តម្រុយ​ពីព្រះ​សារី​រិកធាតុ​នៅ​ឡើយ​ទេ​។

លោក​ លឹម​ សុគន្ថា​ ចៅ​ក្រុម​ស៊ើប​សួរ​នៅ​​​សាលា​ដំបូង​ខេត្ត​កណ្តាល​ទាក់​ទិន​នឹង​ករណី​នេះ​បាន​មាន​ប្រសាសន៍ថា​ “នៅ​មិន​ទាន់​មាន​ដំណឹង​ ហើយ​ក៏នៅ​មិន​ទាន់​មាន​នរណា​ផ្សេង​​​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ឬ​បញ្ជូន​ទៅ​តុលាការ​ដែរ​”។

ជន​សង្ស័យ​ទាំង​៥​នាក់​រួម​មាន​ឆ្មាំ​ការពារ​ចំនួន​៣នាក់ដែល​យាម​ព្រះ​សក្យមុនីចេតិយ ប្រធាន​ឆ្មាំ​ម្នាក់និង​អ្នក​រត់​ម៉ូតូ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឃើញ​ផឹកស៊ីជាមួយ​ឆ្មាំ​ការពារ​ម្នាក់​នៅ​យប់​ ដែល​ការ​លួច​ព្រះ​សារីរិក​ធាតុនេះ​។ លោក​ អ៊ាវ ចំរើន​ ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា​​ “​​ នគរបាល​កំពុង​ធ្វើ​ការ​យ៉ាង​សស្រាក់សស្រាំដើម្បី​ស្វែង​ព្រះ​សារីរិក​ធាតុ​ ហើយ​នគរបាល​ក៏​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ទូទាំាង​ប្រទេស​ផង​ដែរ”៕ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស