29 C
Phnom Penh

​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើនឡើង​​ក្នុង​ឆ្នាំមុន​ ហើយ​​ទំនង​ជាកើន​ឡើង​ថែម​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ដែល​ចេញ​ផ្សាយ​កាល​​ ពីម្សិលមិញបា​ន​ឲ្យ​ដឹង​ថា  ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក​់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​តែ​ប្រាំពីរ​នាក់​​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​អង្គ​ការ​សុវត្ថិ​ភាព​ចរា ចរណ៍​​​បាន​លើក​​ឡើង​ថា តួលេខ​ពិត​​ប្រាកដ​ទំនង​ជា​ខ្ពស់​ជាង​នេះ។

លោក ព្រាប ច័ន្ទ​វិបុល ប្រធាន​នាយក​ដ្ឋាន​​​ដឹកជញ្ជូន​ផ្លូវ​គោក​នៅ​ក្រសួង​សាធា​រ​ណការ​ និង​ដឹកជញ្ជូនបាន​មាន​ប្រសា​សន៍​ថា ចំនួន​អ្នក​ស្លាប់​នៅ​ទូទាំង​​ប្រទេស​ដោយ​សា​រ​គ្រោះ​​ ថ្នាក់​ចរាចរណ៍​ចាប់​ពីថ្ងៃទី​១១ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មាន​ចំនួន​១.៩០១​នាក់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​​ចន្លោះ​​ឆ្នាំ​២០១១​ដល់​​ឆ្នាំ​២០១២មាន​ចំនួន​​១.៨៩៤​នាក់​។

យោង​តាម​តួលេខ​របស់​ក្រសួង​នេះ​ដែល​​ផ្ដល់​ឲ្យ​ដោយ​នគរ​បាល​ចរាចរបាន​ឲ្យ​ដឹង​​ថា ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​​ត្រឹម​តែ​ប្រាំពីរ​នាក់​នោះ ចំនួន​​គ្រោះ​ថ្នាក់​ចរាចរណ៍​សរុប​ក៏​បាន​កើន​ឡើង​ត្រឹម​តែ​១៧​ករណី​ផង​ដែរ​ គឺ​កើនឡើង​ពី​៤.៣០៥​ករណី ដល់​៤.៣២២​ករណី ចំណែក​ឯ​ចំនួន​​អ្នក​រង​របួស​ធ្ងន់​សរុប​បាន​ថយ​ចុះ​១៨៣​នាក់​គឺ​ថយចុះពី​៤.៣៣៨​នាក់​នៅ​ក្នុង​ឆ្នាំ​២០១២មក​៤.២០៥នាក់។

លោក​ ជាវ ហាក់ ប្រធាន​នគរ​បាល​ចរា​​​ចរ​​​​រាជធានីភ្នំពេញ​ បាន​បញ្ជាក់​​ពី​តួលេខ​របស់​នគរ​បាល​។​លោក​បាន​មាន​ប្រសាសន៍​ថា​ “ចំនួន​អ្នក​ស្លាប់​​ទាំង​អស់​កើន​ឡើង​តែ​​៧​នាក់​ប៉ុណ្ណោះ​…នេះ​គឺ​​តួលេខ​ដែល​យើង​បាន​បូក​សរុប​។ វា​មិន​ច្រើន​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ ទោះ​ជា​យ៉ាង​ណា ក្រុម​មន្ត្រី​ នៅ​អង្គ​ការ​ជន​ពិការ​អន្តរជាតិ​បែល​ហ្ស៊ិក មាន​ប្រសា​​​សន៍​​​​ថា ពួកគេ​សង្ឃឹម​ថា ចំនួន​អ្នក​ស្លាប់​និង​អ្នក​រង​របួស​នៅ​តាម​ផ្លូវ​នឹង​កើន​ឡើង​នៅ​ពេល​​ស្ថិតិ​​​​របស់​នគរ​បាល​ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយ​តួ​​​លេខ​មក​ពីអង្គការ​របស់​ពួកគេ​ និង​ក្រសួង​សុខា​ភិបាល​។

លោក អ៊ា ចរិយា មន្ត្រី​កម្មវិធី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក នៅ​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បែល​ហ្ស៊ិក បាន​មាន​ប្រសា​សន៍​ថា​​ “ខ្ញុំ​មិន​​​​អាច​និយាយ​ថា តួលេខ​ទាំ​ង​នេះ​ត្រឹម​​ត្រូវ​១០០​ភាគរយ​ទេ។នេះ​គឺ​គ្រាន់​តែ​ជា​​តួលេខ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ។ យើង​ត្រូវ​ប្រៀប​ធៀប​តួលេខ​នេះ​ជាមួយ​តួលេខរបស់​យើង ហើយ​ផ្ទៀង​ផ្ទាត់​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​តួ​លេខ​នោះ​”។

លោក ចរិយា មាន​ប្រសាសន៍​ថា សេចក្ដី​​សម្រេច​របស់​នគរ​បាល​ចរាចរ​កាល​ពីដើម​ឆ្នាំ​នេះ​​ក្នុង​ការ​ផ្អាក​ការ​​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​អំឡុង​ការ​បោះ​ឆ្នោត​កាល​​​​​​ពីខែ​កក្កដានោះ​ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​កើន​ឡើង​ ដោយសារ​អ្នក​បើក​បរ​យាន​យន្ត​មិន​គោរ​ព​ច្បាប់​ចរាចរណ៍​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​សង្កេត​ឃើញថា ការ​ពាក់​មួក​សុវត្ថិភាព​ចាប់​តាំង​ពី​​​ការ​​​​​​​បោះ​ឆ្នោត​ខែ​កក្កដានោះ​​ ជាក់​ស្តែង​​​មិន​មាន​ការ​ពាក់មួក​សុវត្ថិភាព​ទេ​ ពីព្រោះ​​មិនមាន​ការ​​​​​​​អនុវត្ត​ច្បាប់​។ មួក​សុវត្ថិភាព​អាច​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​បាន​៤០​ភាគរយ​ និង​របួស​ធ្ងន់​ប្រហែល​៧០​ភាគរយ​”។

លោក​ ចរិយា មាន​ប្រសាសន៍​ថា លោក​រំពឹង​ថា នឹង​ផ្សព្វ​ផ្សាយ​តួលេខ​របស់​អង្គការ​លោក​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​​ចំនួន​អ្ន​ក​ស្លាប់​នៅ​ខែមេសា​ខាងមុខ។

លោក សៅ សុវណ្ណរតនៈ មន្ត្រី​ជំនាញ​ថ្នាក់​​​​​​​ជាតិ​ទទួល​បន្ទុក​សុវត្ថិភាព​​ចរា​ចរណ៍​ផ្លូវ​គោក និង​ទប់​ស្កាត់​ការ​រង​របួស​នៅ​អង្គ​​​ការ​សុខភាព​ពិភព​លោក​បាន​​មាន​ប្រសាសន៍​ថា កង្វះ​​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ “នឹង​ធ្វើ​ឲ្យ​មាន​ផល​លំបាក​កាន់តែខ្លាំង​​”៕ សារុន

(រាយការណ៍​បន្ថែម​ដោយ Joshua Wilwohl)​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស