29 C
Phnom Penh

​​​វត្ត​​​លង្កា​​​មាន​​​អធិករណ៍​​ជាមួយ​​​អគ្គិសនី​​​កម្ពុជា​​​ដោយសារ​​​​​​ការ​​​សាង​​​សង់​​​​​​កាប៊ីន​​​​​​ភ្លើង​​​​​​ក្នុង​​​វត្ត​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​កាល​​​ពី​​​ម្សិលមិញ​​​ ព្រះសង្ឃ​​​ប្រហែល​​​២០០​​​អង្គ​​​​​​គង់​​​នៅ​​​វត្ត​​​លង្កា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​​​​​​​ផ្អាក​​​​​​ការ​​​តវ៉ា​​​​​​ប្រឆាំង​​​ការ​​​សាង​​​សង់​​​កាប៊ីន​​​ភ្លើង​​​មួយនៅ​​​ក្នុង​​​វត្ត​​​នេះ​​​​​​​​​សម្រាប់​​​ការ​​​ចែក​​​ចាយ​​​អគ្គិសនី​​​បន្ត​​​​​​​​ដោយ​​​អគ្គិសនី​​​កម្ពុជា​​​​​​ ដែលជា​​​ក្រុម​​​ហ៊ុន​​​​​​ផ្គត់​​​ផ្គង់​​​​​​​​​អគ្គិសនី​​​របស់​​​​​​រដ្ឋ​​​ ​​​រង់ចាំ​​​ការ​​​ចរចា​​​ជាមួយ​​​ក្រុមហ៊ុន​​​​​​នេះ​​​។

ដោយ​​​​​​ជួប​​​ជុំ​​​គ្នា​​​ដើម្បី​​​​​​ធ្វើ​​​បដា​​​​​​សម្រាប់​​​​​​​​​ការ​​​​​​ហែក្បួន​​​​​​តវ៉ា​​​​​​ទៅ​​​កាន់​​​ភូមិគ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ព្រះសង្ឃ​​​ទាំង​​​នេះ​​​បាន​​​​​​យល់​​​ព្រម​​​​​​ពន្យា​​​រពេល​​​តវ៉ា​​​ បន្ទាប់ពី​​​​​​​​​ចៅ​​​​​​សង្កាត់​​​​​​បាន​​​លើក​​​ឡើង​​​ថា អគ្គិសនី​​​កម្ពុជា​​​​​​បាន​​​យល់ព្រម​​​​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​​​​កាប៊ីន​​​ភ្លើង​​​​​​​​​ ដែល​​​កំពុង​​​​​​ស្ថិត​​​ក្នុង​​​​​​ដំណាក់កាល​​​​​​ដំបូង​​​។

ព្រះតេជគុណ សៅរ៍​​​ ចន្ទថុល្ល ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​​​​​​​លង្កា​​​បាន​​​​​​មាន​​​​​​សង្ឃដីកា​​​ថា “យើង​​​មិន​​​ដែល​​​យល់​​​ព្រម​​​​​​ឲ្យ​​​អគ្គិសនី​​​​​​កម្ពុជា​​​ប្រើ​​​ប្រាស់​​​ដី​​​វត្ត​​​ដើម្បី​​​សាង​​​សង់​​​​​​​​​កាប៊ីន​​​ភ្លើង​​​​​​នេះ​​​ទេ​​​។ ពួ​​​ក​​​គេ​​​មិន​​​បាន​​​​​​ជូន​​​ដំណឹង​​​​​​​​​មក​​​ព្រះ​​​សង្ឃ​​​គង់​​​​​នៅ​​​ទីនេះ​​​ទេ​​​”។ ព្រះ​​​តេជគុណ​​​​​​បាន​​​បន្ត​​​ថា ការ​​​​​​​​​ដើរ​​​ក្បួន​​​​​​នឹង​​​​​​នៅ​​​តែ​​​​​​​​​ធ្វើ​​​ ប្រសិន​​​បើ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​ទេ​​​នោះ​​​។

លោក​​​ស្រី ប្រាក់ ម៉ាលី ចៅ​សង្កាត់​​​​​​បឹង​​​​​​កេង​​​កង​​​១ បាន​​​មានប្រសាសន៍​​​ថា លោក​​​ស្រី​​​​​​បានជួប​​​​​​ពិភាក្សា​​​ជាមួយ​​​លោក​​​ ហង់​​​ ទូច​​​ តំណាង​​​​​​របស់​​​​​​អគ្គិសនី​​​កម្ពុជា​​​រួច​​​ហើយ​​​។​ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​បាន​​​ចរចា​​​​​​ជាមួយ​​​ព្រះ​​​សង្ឃ​​​ និង​​​​​​ EdC ហើយ​​​​​​បាន​​​ប្រាប់​​​​​​ឲ្យ EdC ពិភាក្សា​​​ជាមួយ​​​ព្រះ​​​សង្ឃ​​​មុន​​​ពេល​​​សាង​​​សង់​​​។ យើង​​​គិត​​​ថា EdC ធ្វើ​​​ខុស​​​ហើយ​​​ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​បាន​​​ជូន​​​ដំណឹង​​​​​​ដល់​​​ព្រះសង្ឃ​​​​​​ជាមុន​​​”។

ព្រះ​​​តេជគុណ សៅរ៍  ចន្ទថុល្ល បាន​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​​​អគ្គិសនី​​​កម្ពុជា​​​​​​ដោះ​​​ស្រាយ​​​​​​ដោយ​​​ការ​​​​​​​​​ព្រម​​​ព្រៀង​​​​​​ផ្គត់​​​ផ្គង់​​​អគ្គិសនី​​​​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​​​​ដល់​​​វត្ត​​​នេះ​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​សាង​​​​​​សង់​​​​​​កាប៊ីន​​​ភ្លើង​​​។

លោក​​​ ហង់ ទូច​​​ ប្រធាន​​​សាខា​​​អគ្គិសនី​​​របស់​​​អគ្គិសនី​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ថ្នូរ​​​បែប​​​នេះ​​​មិន​​​អាច​​​​​​ទៅ​​​រួច​​​ឡើយ​​​ ដោយ​​​លោក​​​​​​បក​​​ស្រាយ​​​ថា សូម្បី​​​តែ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ក៏​​​ត្រូវ​​​​​​ចេញ​​​ថ្លៃ​​​ប្រើប្រាស់​​​អគ្គិសនី​​​នៅ​​​ភូមិគ្រឹះ​​​​​​របស់​​​លោក​​​ដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ “យើង​​​សាង​​​សង់​​​កាប៊ីន​​​ភ្លើង​​​នេះ​​​សម្រាប់​​​​​​សាធារណជន​​​​​​ មិន​​​មែន​​​សម្រាប់​​​ EdC ឬ​​​សម្រាប់​​​ខ្លួន​​​ខ្ញុំ​​​ផ្ទាល់​​​នោះ​​​ទេ​​​។ យើង​​​​​​មិន​​​អាច​​​ចែក​​​ចាយ​​​អគ្គិសនី​​​​​​ឥត​​​​​​គិត​​​ថ្លៃ​​​ដល់​​​វត្ត​​​នេះ​​​បាន​​​ទេ​​​។ វា​​​ជា​​​ច្បាប់​​​របស់​​​​​​ EdC  សូម្បី​​​សម្រាប់​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​ដោយ​​​”។

លោក​​​បាន​​​បន្ថែម​​​​​​ថា លោក​​​សង្ឃឹម​​​ថា ព្រះសង្ឃ​​​នឹង​​​​​​ដឹង​​ថា ការ​​​ចែក​​​ចាយ​​​អគ្គិសនី​​​គឺ​​​ដើម្បី​​​​​​បម្រើ​​​ផល​​​ប្រយោជន៍​​​សាធារណៈ​​​។ “វត្ត​​​ជា​​​​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​ ហើយ​​​ EdC ត្រូវ​​​តែ​​ចែក​​​ចាយ​​​​​​អគ្គិសនី​​​ដល់​​​​​​សាធារណ​​​ជន”៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស