26 C
Phnom Penh

សកម្ម​ជន​ជា​ព្រះ​សង្ឃ​និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវបាន​ឃុំ​ខ្លួននៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​តេជ​គុណ​ ប៊ុត​ ប៊ុន​ទិញ សកម្ម​ជន​ជា​ព្រះ​សង្ឃ​ដ៏​លេច​ធ្លោនិង​ជា​ប្រធាន​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​សម្រាប់​យុត្តិធម៌​​សង្គម ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​កាល​ពី​ម្សិលមិញ​ ជាមួយ​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត​និងបុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​​​ចំនួន​បីនាក់ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​នេះ ដើម្បី​ជួយ​ដល់​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​គួយ មួយ​ក្រុម​ ដែលកំពុងតវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញចេញ​ដែល​ជិត​កើត​មាន​។

ដោយ​មាន​សង្ឃដីកា​នៅ​អធិការ​ដ្ឋាន​​នគរបាល​ស្រុក​ ត្បែង​មាន​ជ័យ​ កាល​ពី​ល្ងាច​ម្សិលមិញ ព្រះ​តេជគុណ ប៊ុត ប៊ុន​ទិញ​ បាន​បញ្ជាក់ថា  ព្រះតេជ​គុណ​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​និង​ឃុំឃាំងនៅ​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល​នៅ​ពេល​ព្រះ​តេជ​គុណ​ត្រឡប់​ពីការ​តវ៉ាដោយ​សន្តិវិធី​នៅ​ក្នុង​ឃុំ​ ប្រមេរុ ។ អំឡុង​ពេល​នោះ​ព្រះតេជគុណ​មួយអង្គ​ផ្សេង​ទៀត​ព្រះ​នាម ប៊ុន ថេង​ និង​លោក​ បូ​ ពៅ​ ប​ុគ្គលិក​នៅ​មជ្ឈមណ្ឌល​អប់រំ​​ច្បាប់សម្រាប់​សហគមន៍​ លោក​ ឯម​ សារុំ​ និង​លោក​ ឈិន សំបូរ​ ក៏​ត្រូវបាន​ចាប់​ខ្លួន​ផង​ដែរ​។

ព្រះ​តេជគុណ​ ប៊ុត ប៊ុន​ទិញ​ បាន​លើក​ឡើង​តាម​ទូរស័ព្ទ​ថា “ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ស្រុក​ ត្បែង​មានជ័យ​ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​បាន​កើត​នេះ​ឡើយ។ ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​​បូជា​ជីវិត​របស់​ខ្ញុំ​សម្រាប់​ពលរដ្ឋ​របស់​ខ្ញុំ​” ។

កាល​ពី​យប់​មិញ​ ព្រះសង្ឃ​ចំនួន​ពីរ​អង្គត្រូវ​បាន​ដោះលែង​ឲ្យ​ទៅ​គង់​នៅ​ក្នុង​វត្ត​មួយ​ក្បែរ​​​​នោះ​មួយ​យប់ ​ ប៉ុន្តែ​គេ​​នៅ​មិន​ទាន់ច្បាស់​ទេ​ថា​  តើ​ព្រះ​សង្ឃទាំងពីរអង្គនោះនឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សេរី​ភាព​វិញ​នៅ​ព្រឹកនោះ”។

ព្រះ​តេជគុណ​ ប៊ុត ប៊ុន​ទិញ​ មាន​សង្ឃ ដីកា​ថា​  បន្ទាប់​ពី​ការ​តវ៉ា​កាល​ពី​ម្សិលមិញ ​កង​រាជ​អាវុធ​ហត្ថ​ប្រហែល​២០​នាក់​បាន​ទៅ ​ឡោម​ ​​​​ព័ទ្ធ​ក្រុម​របស់​ព្រះ​តេជគុណ ​ហើយ​បាន​បណ្តើរ ​​ដោ​យ​​​យកកា​ំ​ភ្លើង​​ភ្ជង់ក្រុម​របស់​​​ព្រះ​​​តេជ​​គុណទៅ​កាន់​អធិការ​ដ្ឋាននគរបាល​ដោយ​​​គ្មាន​ប្រាប់​ហេតុ​ផល​។

ព្រះតេជ​គុណ​មាន​សង្ឃដីកា​ថា “ ពួក​គេ​បាន​បង្វែរ​កាណុង​កាំភ្លើង​មក​រក​អាត្មា​ ហើយ​បាន​នាំ​អាត្មា​ទៅអធិការ​ដ្ឋាន​នគរបាល​និង​បាន​ព្យាយាម​សួរ​អាត្មា​​ថា​ ហេតុ​អ្វី​បាន​ជា​អាត្មា​មក​ទី​នេះ​”។ ព្រះ​​តេជ​​​គុណ​បា​ន​បន្ត​ថា “ អាត្មា​មិន​ដឹង​ថា​ ហេតុ​អ្វី​នោះ​ទេ​ប៉ុន្តែ​ប្រសិន​បើ​នគរ​បាល​បម្រើ​ប្រជា​ពល​រដ្ឋ​ ពួក​គេ​មិន​គួរ​ឃុំ​ឃាំង​អាត្មា​ឡើយ​ ព្រោះ អាត្មា​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ ហើយ​អាត្មា​គ្រាន​់តែ​បាន​តវ៉ា​សម្រាប់​ដី​ធ្លី​របស់​សហគម​ន៍ប៉ុណ្ណោះ​”។

ព្រះ​តេជ​គុណ​បាន​មាន​សង្ឃដីកា​ទៀតថា​ នគរបាល​បាន​គំរាម​អាត្មា​  ហើយ​បង្ខំអាត្មា​បើក​ស្បង់​ជីពរ​ហើយ​ដោះ​ទុក្ខសត្វ នៅ​ចំពោះ​មុខ​គេដោយ​មិន​អនុញ្ញាត​ឲ្យ​ព្រះតេជគុណ​ប្រើ​បន្ទប់​បន្ទោរបង់សាធារណៈ​ឡើយ។ លោក យ៉េង​  វីរៈនាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​​​​​ អប់រំ​ច្បាប់​សម្រាប់​សហគម​ដែល​​​បា​ន
​និយា​យ​​​​ថា​  មេធាវី​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​​​​​​ព្រះ​វិហារ​ បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​នេះ​។ លោក​​លើកឡើងថា “ពួក​គេ​បាន​ចាប់​ខ្លួន​ព្រះ​តេជ​គុណ​​ ប៊ុត​ ប៊ុ​ន​ទិញ​ និង​សហការី​របស់​ខ្ញុំ​បន្ទាប់​ពី​ពួ​កគេ​បាន​ទៅ​មើល​ព្រឹត្តិ​ការណ៍​របស់​សហគមន៍”។

លោក​បានប្រសាសន៍​បន្ត​ទៀត​ថា “ខ្ញុំមិន​ចង់​សន្និដ្ឋាន​​​អ្វី​​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ពួកគេ​នឹង​មិន​ធ្វើ​ អ្វី​ឲ្យ​មានផល​​ប៉ះពាល់​ណាមួយឡើយ ហើយខ្ញុំ​​ជឿជាក់​ថា ពួក​គេ​មិន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ច្បាប់​នោះ​ទេ​”។ លោក​បន្ថែម​ថា  ខ្ញុំ​គិត​ថា ពួកគេ​នឹង​មិន​ធ្វើ​អ្វី​ក្រៅប្រព័ន្ធច្បាប់ឡើយ ហេតុ​ដូច្នេះ​ហើយ​វា​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ឃុំ​ខ្លួន​ក្រុម​ព្រះ​តេជគុណ​នោះ​ទេ។ វា​ពិត​ជា​ការ​បំភិត​បំភ័យ​។

លោក​ ប៉ាង​ យ៉ាត​ អភិបាល​ស្រុក​ ត្បែង​មាន​ជ័យ​បាន​បដិសេធ​ថា មិនការ​ចាប់​ខ្លួន​បុរស​និង​ព្រះ​​​សង្ឃនោះ​ឡើយដោយ​អះអាង​ថា ​ព្រះ​​សង្ឃនិង​បុរស​​ទាំ​ង​​​នោះ​ ​គ្រាន់​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​អធិការដ្ឋាន នគរបាល​ដើម្បី​​សាកសួរ​ថា ​តើហេតុអ្វី​បាន​ជា​ពួ​កគេ​ចូល​រួមកា​រ​តវ៉ា​​​​​។លោក​បាន​សួរ​ថា “ ព្រះ​ សង្ឃ​គ្មាន​ដី​ធ្លី​នៅ​ទី​នេះ​ទេ  ចុះ ហេតុ អ្វី​បាន ​ជា​ព្រះ​សង្ឃ​​មក​តវ៉ា​​?។ លោក​បាន​បដិ សេធ​មិន​រៀប​រាប់​ច្រើន​ឡើយ​។

អ្នក​ភូមិ​បាន​និយាយ​ថា ពួ​ក​គាត់​ធ្វើ​ការ​តវ៉ា​នេះ​ដោយ​សារ​មាន​ជម្លោះ​ដី​ធ្លី​ទំហំ​៥.០០០​ហិកតាជាមួយ​ក្រុម​ហ៊ុន​ចិន​មួយ​ឈ្មោះ​ថា​ Lan Feng ដែល​បាន​លួច​ និង​កាប់​រាន​ដី​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់។ ឈ្មោះ ផាន់​ សុខេត អាយុ​២៥​ឆ្នាំ​ជា​សមាជិក​សហគមន៍​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ឡោមព័ទ្ធ​អ្នក​ភូមិ​មួយក្រុម​មាន​​គ្នា​ប្រហែល​១០០នាក់​ ភ្លាម​ៗ​បន្ទាប់​ពីពួកគេ​បាន​មក​ដល់​ ដើម្បី​តវ៉ា​នៅទីកន្លែង​មាន​ជម្លោះ​នេះ​។

លោក​បាន​ឲ្យដឹង​ថា “ នៅពេល​នោះ​​ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ និង​ព្រះតេជ​គុណ ប៊ុនថេង បាន​មាន​សង្ឃដី​កាទៅកាន់​ប្រជា​ពល​រដ្ឋ​ទាំង​នោះថា “ វា​ជាការ​ល្អ​ដែល​ប្រជា​ ពល​រដ្ឋ​តវ៉ា​ប្រឆាំ​ង​នឹង​ក្រុម​ហ៊ុន និង​អាជ្ញា​ធរ​សម្រាប់​សិទ្ធិ​កាន់​កាប់​ដី​របស់​ខ្លួន​​​។ បន្ទាប់​ពី​បញ្ចប់​​កា​រ​​ជួ​ប​​ជុំ​គ្នា​ ព្រះសង្ឃ​ និង​សកម្ម​ជន​ទាំ​ង​នេះបាន​ចាក​ចេញពី​ដីមាន​ជម្លោះ​ហើយ​នៅ​តាម​ផ្លូវ​នគរបាល​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ម៉ោង​ប្រហែល​៣​និង​៣០​នាទីរសៀល​”។

លោក ស៊ី គិរី ស្នង​ការ​នគរបាល​ខេត្ត​ និង​លោក​ កែវ​ ចំរើន ស្នង​ការ​រង​នគរបាល​ខេត្ត​​បាន​បដិសេធមិន​ធ្វើ​ការ​អត្ថាធិប្បាយ​អំពីការ​ឃាត់ព្រះសង្ឃ​ និ​ងបុគ្គលិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទេ​។

កាល​ពីយប់​ម្សិលមិញ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមាន​សង្ឃដី​កា​ថា ព្រះ​អង្គ និង​ព្រះ​តេជគុណ​ ប៊ុន ថេង ត្រូវ​បាន​ដោះ​លេង​នៅ​យប់​នោះ​ឲ្យគង់នៅ​វត្ត​ចាយ៉ា​ព្រឹក​្ស ​។ ព្រះ​តេជគុណបាន​មាន​សង្ឃ​ដី​កាថា ព្រះ​អង្គ មិន​ដឹង​ថា តើ​ព្រះ​អង្គ​ទាំង​ពីរ​អង្គ​នឹង​ត្រូវ​ដោះ​លែង​នៅព្រឹក​នេះ​ ឬ​យ៉ាង​ណា​ទេ​ ហើយថា បុគ្គលិក​បី​នាក់​របស់​​មជ្ឈម​​ណ្ឌល​​​​អ​ប់​រំ​ច្បាប់​សម្រាប់​សហ​​​គមន៍ ស្ថិត​នៅក្នុង​​​អធិ​កា​រ​​ដ្ឋាន​នគរបាល​នៅ​ឡើយ​។

ព្រះតេជគុណបាន​មាន​សង្ឃដីកាថា “ពួក ​គេ​ដោះលែង​យើង​ ប៉ុន្តែ ពួកគេ​មិន​អនុ​ញ្ញាត​​ ឲ្យយើង​ហែ​ហម​គ្នា​​ឡើយ​” ។ព្រះ​អង្គ​សំដៅ​​ ដល់​សមាជិក​របស់​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​។ ព្រះតេជគុណបាន​បន្ត​ថា “ចាំ​​មើល​ទៅ។ អ្វី​ៗនឹ​ងផ្លាស់​ប្តូរ​ឆាប់​ៗ​ ពីព្រោះ​គំនិត​របស់​​មនុស្ស​នេះ​ជានិច្ច​កាល​តែង​តែ​ផ្លាស់​ប្តូរ”។

ព្រះ​តេជគុណ ប៊ុនទិញ បានលេច​ព្រះ​ភ័ក្ត្រយ៉ា​​ង​ខ្លាំ​ង​​ក្លា​កា​ល​​​ពី​​​ពីរ​​បី​ខែ​មុ​ននេះ​​ដោយ​រៀប​ចំ​ និង​បង្កើត​ការ​តវ៉ា​ជាច្រើន​​ប្រឆាំ​ងនឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​គ្រប់​គ្រង​អំណាច​។ ក្នុង​ខែធ្នូ ព្រះ​អង្គ​បាន​ដឹក​នាំ​សកម្ម​​ជ​ន​ជា​ព្រះ​សង្ឃ​មួយ​ក្រុម​និមន្ត​ជា​​ក្បួន​​នៅក្រៅ​សាល​​​មហោស្រព​ចតុមុខ​ ជាទី​ដែល​មា​ន​ការ​​ប្រារព្ធ​សន្និ​សីទ​ទូទាំង​ប្រទេស​មួយ​​​ ដើម្បី​តវ៉ា​ចំពោះ​ការ​លួច​ព្រះសារីរិកធាតុ​ដែល​ព្រះ​តេជ​គុណ​​ចាត់​​​ទុក​​ថា មា​ន​​​ជា​​ប់ទាក់​ទិន​​​នឹ​ង​​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​។​

កាល​ពីសប្តាហ៍​មុន ​បណ្តាញ​ព្រះសង្ឃ​របស់​ព្រះអង្គបាន​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តវ៉ា​មក​ពី​សហ​គមន៍​បឹងកក់​ ដោយ​ដុត​កង់​ឡាន​នៅ​មុខសាលារាជ​ធានី​ភ្នំពេញ​ រារាំង​ផ្លូវ​​មន្ត្រី​នៅក្នុង​នោះ​ និង​ឈាន​ទៅរក​ការប៉ះ​ទង្គិច​គ្នា​មួយ​ប្រ៉ាវ​ជាមួយ​នគរបាល​។ ព្រះ​អង្គបានមាន​សង្ឃដី​កា​កាលពី​យប់​មិញ​ថា ព្រះ​អង្គ​មិន​ខ្លាច​គេ​ផ្សឹក​ព្រះ​អង្គ​នោះ​ទេ​ ដែល​ធ្វើ​ឡើង​ចំពោះ​ព្រះ​សង្ឃ​ខ្មែរ​ដទៃ​ទៀត​ដែល​ចូល​រួម​ក្នុង​​នយោបាយ​នោះ​។​ ព្រះ​អង្គ​បន្ត​ថា “ មិន​អាច​ទៅ​រួច​ឡើយ​​។ ពួកគេ​មិន​អាច​និយាយ​​ពាក្យ​ [​ផ្សឹក​] ​  ចំពោះ​​ អាត្មា​នោះ​ទេ​ ពីព្រោះ​អាត្មា​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​”៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស