ប្រធានភូមិម្នាក់នៅក្នុងខេត្តកំពង់ធំបានចាប់ផ្តើមដើរប្រមូលហត្ថលេខាធ្វើញត្តិដកព្រះគ្រូចៅអធិការវត្តរបស់លោកដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង ដោយលោកបានចោទប្រកាន់ថា ព្រះគ្រូចៅអធិការអង្គនេះបានកិបកេងបច្ច័យវត្ត។
លោក ឃាង ឃាន ប្រធានភូមិក្រចាប់នៅក្នុងឃុំអាចារ្យលក្ខណ៍ ស្រុកស្ទឹងសែនបានមានប្រសាសន៍កាលពីម្សិលមិញថា ព្រះតេជគុណ ព្រះនាម អាន់ មុនី ព្រះគ្រូចៅអធិការវត្តក្រចាប់ប្រឈមនឹងការចោទប្រកាន់ពីសំណាក់អ្នកភូមិថាបានកិបកេងបច្ច័យវត្តដែលព្រះអង្គគ្រប់គ្រង។
លោកបានមានប្រសាសន៍ថា “អ្នកភូមិមិនសប្បាយចិត្តជាមួយព្រះគ្រូចៅអធិការអង្គនេះទេ ដោយសារព្រះអង្គគ្រប់គ្រងវត្តមិនបានត្រឹមត្រូវ បានកិបកេងបច្ច័យវត្តនិងមិនបានកសាងវត្តឲ្យបានរីកចម្រើនឡើយ”។លោកបានពន្យល់ថា អ្នកភូមិបានទាមទារឲ្យផ្សព្វផ្សាយញត្តិនេះ។ លោក ឃាង ឃាន បានអះអាងថា “នេះមិនមែនជារឿងនយោបាយទេ។ យើងមិនមែនរើសអើងទេ…បើទោះជាព្រះអង្គបានចូលរួមការហែក្បួនជាមួយគណបក្សសង្គ្រោះជាតិក៏ដោយ”។
លោកប្រធានភូមិបានមានប្រសាសន៍បន្ថែមទៀតថា លោកប្រមូលស្នាមមេដៃបានចំនួន៣៧៧មេដៃហើយ ហើយលោកបានមានប្រសាសន៍ថា ញត្តិនេះនឹងត្រូវបញ្ជូនទៅអាជ្ញាធរខេត្តនៅពេលឆាប់ៗនេះ។ ព្រះតេជគុណ អាន់ មុនី បានបដិសេធថា ព្រះអង្គមិនដែលចំណាយបច្ច័យវត្តមិនត្រឹមត្រូវឡើយ ហើយព្រះតេជគុណមានសង្ឃដីកាថា ញត្តិនេះជាការឆ្លើយតបទៅនឹងការដែលព្រះអង្គបានទៅចូលរួមតវ៉ានៅក្នុងរាជធានីភ្នំពេញ។
ព្រះតេជគុណមានសង្ឃដីកាថា “អាត្មា មិនបានធ្វើរឿងដូចនេះទេ ដោយសារបច្ច័យទាំងអស់ប្រគល់ឲ្យអាចារ្យជាអ្នកចាត់ចែងទុកដាក់ ហើយអាចារ្យចាំបាច់ត្រូវសួរអាត្មា មុនពេលគាត់យកបច្ច័យទាំងនេះទៅប្រើប្រាស់”។
ព្រះតេជគុណបានមានសង្ឃដីកាបន្ថែមថា “ពួកគេចង់កម្ចាត់អាត្មា ដោយសារអាត្មាបានចូលរួមក្នុងការហែក្បួនរបស់គណបក្សសង្គ្រោះជាតិ។ពួកគេមិនសប្បាយចិតិនៅពេល ពួកគេឃើញអាត្មាចូលរួមហែក្បួនជាមួយគណបក្សសង្គ្រោះជាតិ ហើយពួកគេនិយាយថា ព្រះសង្ឃមិនគួរពាក់ព័ន្ធនឹងនយោបាយឡើយ”។
លោក សុខ ប៉េងសេង មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងធ្វើការស៊ើបអង្កេតអំពីករណីនេះ។លោកបានមានប្រសាសន៍ថា “អ្នកភូមិមួយចំនួនបានផ្តិតមេដៃដោយមិនដឹងមូលហេតុថា ពួកគេប្រមូលដើម្បីធ្វើអ្វីឡើយ”៕ សារុន