អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សក្នុងស្រុកបានថ្កោលទោសរដ្ឋាភិបាលចំពោះការប្រើអំពើហិង្សាបណ្ដេញអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ ព្រមទាំងការហាមឃាត់មិនឲ្យមានការតវ៉ាជាសាធារណៈនៅក្នុងរាជធានី។
កាលពីថ្ងៃសៅរ៍ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែមករា ពាក់ព័ន្ធនឹងការប្រើអំពើហិង្សារវាងកងរាជអាវុធហត្ថ និងកម្មកររោងចក្រកាត់ដេរដែលធ្វើការតវ៉ានៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃសុក្រ ដែលបានធ្វើឲ្យបាតុករប្រាំនាក់ស្លាប់ និងជាង២០នាក់ទៀតរងរបួសដោយសារគ្រាប់កាំភ្លើងរបស់កងរាជអាវុធហត្ថ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកសម រង្ស៊ី និងលោក កឹម សុខា នឹងគោរពតាមដីកាកោះហៅនេះ និងស្ថិតនៅក្នុងប្រទេសរហូតដល់កាលបរិច្ឆេទរបស់តុលាការ។
នៅម៉ោងប្រហែល១១ និង៣០នាទីព្រឹកថ្ងៃសៅរ៍ បុរសជាង១០០នាក់ ដែលភាគច្រើនពាក់មួកការពារសុវត្ថិភាព និងប្រដាប់ដោយដំបងដែក ដំបងឈើ ពូថៅ និងដំបងឆក់ បានសម្រុកចូលទៅក្នុងទីលានប្រជាធិបតេយ្យ ដេញអ្នកគាំទ្រ និងព្រះសង្ឃពីរបីរយនាក់ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឲ្យចេញពីទីលាននេះ និងបានវាយអ្នកព្យាយាមរត់គេចខ្លួន។
នគរបាលប្រឆាំងកុបកម្មនិងកងរាជអាវុធហត្ថរាប់រយនាក់បានបិទទីលាននេះ និងឃ្លាំមើលនៅពេលដែលជនសីុវិលជាច្រើនក្រុមដែលពាក់បូរដៃពណ៌ក្រហមនិងសន្ដិសុខក្រុងបានវាយអ្នកនៅក្នុងទីលាននេះនិងរុះរើតង់ វេទិកា និងកន្លែងដុតទៀនធូប ដែលបាតុករគាំទ្រគណបក្សសង្គ្រោះជាតិបានបង្កើតឡើងជាងបីសប្ដាហ៍មកហើយ ដើម្បីធ្វើជាកន្លែងជួបជុំគ្នាទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
អាជ្ញាធរក្រុងភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍ដំណាលគ្នាចំនួនពីរកាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា ទោះបីជាបាតុកម្មនៅទីលានប្រជាធិបតេយ្យធ្វើឡើងដោយអហិង្សាក៏ដោយ ក៏ការតវ៉ារបស់គណបក្សសង្គ្រោះជាតិកំពុងក្លាយជាហិង្សានៅកន្លែងផ្សេងទៀតដែរ។
សេចក្ដីថ្លែងការណ៍នោះលើកឡើងថា “ផ្អែកតាមស្ថានភាពនេះសាលារាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ឬហែក្បួនតាមផ្លូវនៅក្នុងទីក្រុងភ្នំពេញទេចាប់ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤នេះ រហូតដល់មានការធានាថា មានសន្ដិសុខនិងសណ្ដាប់ធ្នាប់សាធារណៈឡើងវិញ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ទី២ សាលារាជធានីបានបដិសេធថា មិនបានប្រើអំពើហិង្សាដើម្បីបោសសម្អាតទីលានប្រជាធិបតេយ្យទេ ថ្វីបើសាក្សីនិងរូបថតបង្ហាញថា ព្រះសង្ឃត្រូវបានសន្ដិសុខក្រុងវាយនឹងដំបងក៏ដោយ។ ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃសៅរ៍ដើម្បីពន្យល់ប្រាប់ថា សេរីភាពក្នុងការជួបជុំនៅក្នុងទីក្រុងត្រូវផ្អាកជាបណ្ដោះអាសន្ន។
ក្រសួងនេះបានលើកឡើងថា “នៅក្នុងបរិបទនេះនិងដើម្បីធានាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ការធ្វើបាតុកម្ម និងការហែក្បួនត្រូវបញ្ឈប់ជាបណ្ដោះអាសន្នរហូតដល់ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់វិលមករកភាពធម្មតាវិញ”។ បន្ទាប់ពីមានការដេញអ្នកតវ៉ាចេញពីទីលានប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិបានលុបចោលការហែក្បួនដែលបានគ្រោងទុកនៅក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ ដែលគណបក្សប្រឆាំងអះអាងថា គឺជាការហែក្បួនដ៏ធំបំផុតនៅក្នុងរាជធានី។
លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ចំពោះសកម្មភាពរបស់រដ្ឋាភិបាលក្នុងការគាបសង្កត់សិទ្ធិសេរីភាពនៃការជួបជុំដោយអហិង្សា។ លោក ស៊ូបេឌី បានសរសេរតាមអីុម៉េលថា “ខ្ញុំគិតថា វិធានការណាមួយរបស់រដ្ឋាភិបាលត្រូវស្របតាមច្បាប់ ភាពចំាបាច់និងភាពសមស្រប”។
ប្រេសិតអង្គការសហប្រជាជាតិរូបនេះបានលើកឡើងថា “នៅពេលមានការបោសសម្អាតទីលានប្រជាធិបតេយ្យកាលពីម្សិលមិញ និងការបាញ់ទៅលើបាតុករស្លាប់មនុស្សប្រាំនាក់កាលពីថ្ងៃសុក្រ គឺជាការព្រួយបារម្ភនោះ ពួកគេដូចជាមិនធ្វើតាមគោលការណ៍ទាំងនេះទេ ហើយគួរតែមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់និងគួរឲ្យទុកចិត្តទៅលើសោកនាដកម្មទាំងនេះ”។
ទោះជាមានការដោះស្រាយភាពទាល់ច្រកផ្នែកនយោបាយ ដែលកំពុងបន្តកើតមាន ដោយវិធីណាក៏ដោយ ក៏លោក ស៊ូបេឌី បានមានប្រសាសន៍ថា “ត្រូវធ្វើការកែទម្រង់ឲ្យបានហ្មត់ចត់លើប្រព័ន្ធអភិបាលកិច្ចឲ្យបានកាន់តែឆាប់”។ អង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍បន្ទោសរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំពោះទង្វើបណ្ដេញបាតុករនេះ។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា “យើងស្រងាកចិត្តចំពោះការប្រើអំពើហិង្សានេះ។ បន្ទាប់ពីមានការស្លាប់មនុស្សកាលពីថ្ងៃសុក្រ យើងសង្ឃឹមថា រដ្ឋាភិបាលនឹងចាប់ផ្ដើមអត់ធ្មត់ ប៉ុន្តែទង្វើរបស់ពួកគេនៅថ្ងៃនេះ បង្ហាញថា គ្មានការគោរពសិទ្ធិមនុស្សនិងការរស់នៅរបស់ប្រជាពលរដ្ឋខ្លួនឡើយ”។ ស្ថានទូតអាមេរិកជំរុញឲ្យរដ្ឋាភិបាលកែប្រែសេចក្ដីសម្រេចរបស់ខ្លួនលើការហាមឃាត់មិនឲ្យមានការតវ៉ានេះ។
លោក ស៊ាន ម៉ាកគីនតុស អ្នកនាំពាក្យស្ថានទូតអាមេរិកបានមានប្រសាសន៍ថា “យើងមានការខកចិត្តខ្លាំងណាស់ចំពោះសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញក្នុងការហាមឃាត់មិនឲ្យគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម។ ទង្វើនេះគឺជាការដើរថយក្រោយនៅក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា”។
លោក ម៉ាកគីនតុស បានសរសេរតាមអ៊ីម៉េលថា “យើងសូមជំរុញឲ្យរាជ រដ្ឋាភិបាលកម្ពុជាពិចារណាពីគោលជំហររបស់ខ្លួនឡើងវិញ និងជួយសម្របសម្រួលដល់ការប្រើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយអហិង្សាឡើងវិញ ដូចដែលខ្លួនបានធ្វើក្នុងរយៈពេលប៉ុន្មានខែមុននេះ”។
ក្រសួងមហាផ្ទៃក៏បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរថា ការបោសសម្អាតទីលានប្រជាធិបតេយ្យនេះធ្វើឡើងដោយអហិង្សា។
សេចក្ដីថ្លែងការណ៍នោះលើកឡើងថា “ប្រតិបត្តិការនេះធ្វើឡើងដោយសន្ដិវិធីដោយគ្មានការប៉ះទង្គិច ហើយអាជ្ញាធរបានបំបែកការជួបជុំគ្នា និងការកាន់កាប់ទីលានប្រជាធិបតេយ្យដោយខុសច្បាប់”។
ទោះជាយ៉ាងណា ប៉ុន្មានម៉ោងបន្ទាប់ពីការបំបែកបាតុករដោយហិង្សានេះ អ្នកកាសែតនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សបានផ្សព្វផ្សាយរូបថតជាច្រើនតាមអ៊ីនធើណិតបង្ហាញពីជនស៊ីវិលប្រដាប់ដោយបំពង់ទីប និងដំបងឈើ ដេញវាយអ្នកតវ៉ា ហើយសន្ដិសុខប្រដាប់ដោយដំបងដេញវាយព្រះសង្ឃ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានអះអាងថា សកម្មភាពហិង្សារបស់នគរបាលកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ គឺជាការចាំបាច់ដើម្បីស្ដារសណ្ដាប់ធ្នាប់នៅក្នុងរាជធានី។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ការស្ដារនីតិរដ្ឋគឺជាការសម្រេចរបស់រដ្ឋាភិបាល ដើម្បីនាំសុភមង្គលមកឲ្យប្រជាជនវិញ។ យើងចាត់វិធានការណាមួយ ដើម្បីធ្វើឲ្យមានភាពធម្មតាសម្រាប់ប្រជាជនវិញ” ហើយលោកបានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះអំពើហិង្សានេះ ហើយបានព្រមានថា ឥឡូវនេះពួកគេត្រូវតែចូលសភា។ លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិមានជម្រើសដោយសេរីក្នុងការចរចា ប៉ុន្តែផ្ទុយទៅវិញពួកគេញុះញង់ប្រជាជន។ អ្នកមានសំឡេងភាគតិចមិនអាចបង្កសង្គ្រាមបានទេ។ ពួកគេត្រូវចូលរដ្ឋសភា”។
បន្ទាប់ពីការបង្សុកូលនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញឲ្យបាតុករប្រាំនាក់ ដែលកងរាជអាវុធហត្ថបានបាញ់ស្លាប់កាលពីថ្ងៃសុក្រនោះ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងផ្អាកការតវ៉ាជាសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ដើម្បីទៅស្វែងរកការគាំទ្រនៅតាមខេត្ត។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ឲ្យតែនៅមានការគាំទ្រពីប្រជាជន និងមានការគាំទ្រកាន់តែច្រើននោះ យើងមិនចាំបាច់ធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃ ឬជារៀងរាល់សប្ដាហ៍ទេ។ ឥឡូវនេះលោក កឹម សុខា និងខ្ញុំនឹងចុះទៅតាមខេត្ត ដើម្បីពង្រឹងការគាំទ្រនៅតាមជនបទ”។
លោកបានបន្តទៀតថា “ បន្ទាប់ពីការបាញ់នេះ គណបក្សប្រជាជនបានបង្ហាញមុខពិតប្រាកដរបស់ខ្លួន។ អំពើហិង្សានេះចប់ហើយពេលនេះ។ ប្រទេសផ្ដល់ជំនួយដឹងថា ត្រូវធ្វើអ្វីហើយ។ យើងមិនអាចបិទភ្នែកបានទេ។យើងមិនអាចទទួលយកលទ្ធិប្រជាធិបតេយ្យដែលមានតែឈ្មោះនេះទេ”។
លោក កឹម សុខា បានមានប្រសាសន៍ថា លុះត្រាតែរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាឈប់បំភិតបំភ័យមេដឹកនាំគណបក្សប្រឆាំងនិងអ្នកគាំទ្ររបស់ខ្លួន តាមរយៈការប្រើអំពើហិង្សានិងការគំរាមចាត់វិធានការផ្លូវច្បាប់ ទើបគណបក្សសង្គ្រោះជាតិជួបចរចាបន្តទៀតជាមួយគណបក្សកាន់អំណាច។
លោក កឹម សុខា បានថ្លែងថា “រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រើអំពើហិង្សា វាយដំ គំរាមកំហែង និងប្រើប្រព័ន្ធតុលាការឲ្យចោទប្រកាន់យើង។ យើងមិនអាចចូលចរចាជាមួយពួកគេក្នុងបរិយាកាសមិនស្មើភាពនេះបានទេ។ យើងមិនលេងជាមួយទេ”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិមិនទទួលខុសត្រូវចំពោះការប្រើអំពើហិង្សារបស់បាតុករនៅជិតផ្លូវវេងស្រេងទេ។
លោកបានមានប្រសាសន៍ថា “យើងមិនព្រួយបារម្ភអំពីពាក្យបណ្ដឹងទេ ពីព្រោះយើងគ្រាន់តែផ្ដល់ជំនួយមនុស្សធម៌ដូចជា អាហារនិងទឹកទៅឲ្យកម្មករ។ យើងមិនបានជំរុញឲ្យពួកគេប្រើអំពើហិង្សាទេ ដូច្នេះនេះមិនមែនជាបញ្ហាឡើយ”។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានមានប្រសាសន៍ថា កម្លាំងសន្ដិសុខរបស់រដ្ឋនឹងបន្តល្បាតទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មជាសាធារណៈរហូតដល់គណបក្សសង្គ្រោះជាតិអាចចរចានិងយល់ពីរដ្ឋាភិបាល។ លោកបានមានប្រសាសន៍ថា “កងកម្លាំងត្រូវប្រចាំការឃ្លាំមើលស្ថានភាពនៅតាមកន្លែងនានាដូចជាទីលានប្រជាធិបតេយ្យ។ យើងក៏មានក្រុមចល័តតាមម៉ូតូនិងរថយន្តបើកត្រឡប់ទៅត្រឡប់មកផងដែរ”។
លោកបានមានប្រសាសន៍ថា “យើងមិនអាចប្រាប់បានថា ការធ្វើបែបនេះនឹងបញ្ចប់នៅពេលណាទេ។ ស្ថានភាពត្រឡប់ទៅរកធម្មតាវិញឬយ៉ាងណានោះគឺអាស្រ័យលើអ្នកនយោបាយ។ ប្រសិនបើពួកគេធ្វើឲ្យក្ដៅ វានឹងក្ដៅ។ ប៉ុន្តែប្រសិនបើពួកគេធ្វើឲ្យត្រជាក់ វានឹងត្រជាក់”៕គឹមហឿន