30.1 C
Phnom Penh

ហាង​លក់​កាហ្វេ​រ​វៀតណាម​នៅក្បែរ​កន្លែងតវ៉ា​ត្រូវ​បានក្រុម​បាតុករលួច​និង​​​បំផ្លិច​បំផ្លាញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​បីថ្ងៃ​កន្លង​មក​ ឈ្មោះ សុខ មីន ​អាយុ​ ២៧ឆ្នាំ​ ជាម្ចាស់​ហាង​កាហ្វេ​មួយ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ដែល​រក​ចំណូល​បាន​ពី៥០០ទៅ​៦០០ដុល្លារ​ក្នុង​មួយ​ខែ​។ ពេល​​នេះគាត់​មាន​តែ​ហាង​ទទេ​មួយ​ ដែល​ពាស​ពេញ​ទៅ​ដោយ​អំបែង​កែវ​ និង​សំរាម។

ក្រុម​អ្នក​តវ៉ា​សំដៅ​​ហាង​របស់ សុខ មីន នៅ​លើ​ផ្លូវ​វ៉េង​ស្រេងក្នុងសង្កាត់​ចោម​ចៅ​ កាលពី​រសៀលថ្ងៃ​សុក្រ ជាអ្វី​ដែល​គាត់​និង​អ្នកក្បែរខាង​និយាយ​ថា ជា​ការ​វាយ​ប្រហារ​លើ​ជន​ជាតិ​ភាគ​តិច​មួយ​។ គាត់​ជា​ជន​ជាតិ​វៀតណាម​ ក៏​ប៉ុន្តែ គាត់​ដាក់​ឈ្មោះ​ខ្មែរ បន្ទាប់​ពី​មក​នៅ​ទីនេះ​រយៈ​ពេល​១០ឆ្នាំ​មកនេះ​។

សុខ មីន ​​និយាយ​ថា “ពួកគេ​គ្រាន់​តែ​ស្វែង​រក​ទី​កន្លែង​វៀតណាម​ប៉ុណ្ណោះ​។ ពួក​គេ​​មិន​បាន​ប៉ះ​ពាល់​ទីកន្លែង​ដែល​មិន​មែន​ជា​ជន​ជាតិ​វៀតណាម​ឡើយ​”។
នៅ​ពេល​ដែល​ក្រុម​អ្នក​យក​ព័ត៌មាន​ចុះ​ទៅ​ដល់​ហាង​នេះ​កាលពី​ម្សិលមិញ បុរស​ក្នុង​ស្រុក​ដែល​ទំនង​ជា​ស្រវឹង​ជោក​ម្នាក់​ កំពុង​តែ​​​បត់​ជើង​ធំ​នៅលើ​កម្រាល​ឥដ្ឋ។ អំបែង​កែវ និង​ថង់កាហ្វេ​ទទេ​នៅ​រាយ​ប៉ាយ​គ្រប់​ទីកន្លែង​ទាំង​អស់​ សម្លៀក​បំពាក់​នារី​ និងខោ​អាវ​ទ្រនាប់​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ និង​ញាត់​ក្នុង​បង្គន់​។

សុខ មីន បាន​ឲ្យ​ដឹង​ថា “ពួកគេ​បាន​យក​អ្វី​ៗ​ទាំង​អស់​ រួមមាន​សម្លៀក​បំពាក់ ទូរ​ទស្សន៍​ចំនួន​បួន​គ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿងសរុប​ប្រហែល​៤០.០០០ដុល្លារ​​​​។ ពេល​នេះខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ”។ អ្នក​ជិត​ខាង​ម្នាក់​ដែល​បាន​ឃើញ​ការ​វាយ​ប្រហារ​នេះ ឈ្មោះ តាន់ ឃាង អាយុ​៦០ឆ្នាំ បាន​ឲ្យដឹង​ថា បុរស​មួយក្រុម​មាន​គ្នា​ប្រមាណ​១០០នាក់​បាន​​ដើរ​បែក​ចេញ​ពី​ក្បួនតវ៉ា​ដ៏​ធំ​នេះ​ និង​បាន​ដើរជា​ក្បួន​​ចូល​ទៅ​ក្នុង​សង្កាត់​បុរី​ត្រពាំង​ក្រឡឹង​ ដោយ​និយាយ​ថា ពួកគេ​នឹង​បំផ្លាញ​ហាង​វៀតណាម​ទាំង​អស់​នៅ​ក្នុង​តំបន់​នេះ​។

សុខ មីន បាន​និយាយ​ថា បុគ្គលិកនារី​បី​នាក់នៅ​ក្នុង​ហាង​នេះ​ នៅ​ពេល​នោះ​បាន​លោត​​​​​តាម​បង្អួច​ជាន់​ទី​ពីរដើម្បី​​គេចខ្លួន​។ អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ដែល​គ្រាន់​តែ​ប្រាប់ថា ឈ្មោះ​ ថា នោះ​ ដោយ​សារភ័យ​ខ្លាចមាន​ការ​​​​តាម​សង​សឹក​ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឃើញ​ការ​លួច​និង​បំផ្លិច​បំផ្លាញ​នេះ​ពី​ចម្ងាយ​ ហើយ​ថា ជន​ដៃ​ដល់​ទាំង​នោះ​មិន​មែន​ជា​កម្មករ​ធ្វើ​កូដកម្ម​ទេ​។ អ្នក​រត់​ម៉ូតូឌុប​រូប​នេះបាន​និយាយ​ថា “អ្នក​ដែល​បំផ្លាញ​ហាង​នេះ​មិន​មែន​ជា​កម្មករ​កាត់​ដេរ​ទេ​ ពីព្រោះ​ ខ្លះ​ក្នុង​ចំណោម​ពួក​គេ​ជិះ​ម៉ូតូ​ ចំណែក​កម្មករ​ដើរ​ជាជួរ​ ដោយ​រាំ និង​ស្រែក​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​របស់​ខ្លួន​”។

លោក យឹម សារ៉ន នាយនគរបាល​ប៉ុស្តិ៍​សង្កាត់​ចោម​ចៅ​បាន​អះ​អាង​អំពីហេតុ​ការ​ណ៍​លួច​នេះ​​ ក៏​ប៉ុន្តែ លោក​ថ្លែង​ថា លោកមិន​​ច្បាស់​នៅ​ឡើយ​ថា​ តើ​ការ​វាយ​ប្រហា​រ​ស្រដៀង​​​គ្នា​ផ្សេង​ទៀត​បាន​កើត​ឡើង​ក្នុង​តំបន់​នេះ​ទេ​។ លោក​បន្ត​ថា “ខ្ញុំ​កំពុង​តែ​ប្រមូល​របាយ​ការណ៍​។ ខ្ញុំ​មិន​ដឹង​ថា តើ​នរណា​បង្ក​ហេតុ​ការណ៍​នេះ​នៅ​ឡើយ​ទេ​”។

នៅ​តាមកន្លែងតវ៉ា​ក្នុង​រាជធានី​ភ្នំពេញ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មាន​ព្រឹត្តិការណ៍​ប្រឆាំង​វៀត​ណាម​ក្នុង​ចំណោម​បាតុករ​ ដែល​ខ្លះ​ក្នុង​ចំណោម​អ្នក​តវ៉ា​និយាយ​ឥត​សំចៃ​ចំអក​ឲ្យ​នគរបាល​ និង​កង​រាជអាវុធ​ហត្ថ​ដោយស្រែក​ថា “យួន” ជា​ពាក្យ​ដែល​គេ​ចាត់​ទុក​ថា ជាការ​ប្រមាថ​ដល់​ជន​ជាតិ​វៀតណាម។
ការ​ប្រឆាំង​ចំពោះ​អន្តោប្រវេសន៍​ និង​ផល​ប្រយោជន៍ជំនួញ​ គឺ​ជា​កម្ម​វិធីសំខាន់​នៃ​គោល​នយោបាយរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ កាលពី​ក្នុង​ខែ​កក្កដា បើ​ទោះ​ជា​មេដឹក​នាំ​របស់​គណបក្ស​នេះ​បាន​ពោល​សង្កត់​ថា ខ្លួន​មិន​បណ្តោយ​ឲ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​វៀតណាម​នៅក្នុង​កម្ពុជា​ក៏ដោយ​។

ទោះ​ជា​យ៉ាង​ណា​ ឪពុក​របស់​ សុខ មីន ឈ្មោះ​ ដូន បា ខាំ បាន​​ឲ្យ​ដឹង​ថា មិត្តភក្តិ​ និង​អ្នក​​​ស្គាល់​គ្នា​ជាច្រើន​របស់​គាត់​​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​មួយ​រយៈ​ដោយ​​សារ​តែ​ការ​តវ៉ា​។ ហាង​វៀតណាម​មួយ​ទៀត​នៅ​ក្នុង​តំបន់​នោះដែរ កាលពី​ម្សិលមិញ​​បិទ​នៅ​ឡើយ​ចាប់​តំាង​ពី​អំពើ​ហិង្សា​កាលពី​ថ្ងៃ​សុក្រ។
អ្នក​ក្បែរខាង​ម្នាក់​បាន​និយាយ​អំពី​ម្ចាស់​ហាង​ដែល​បិទ​នោះ​ថា “គាត់​ខ្លាច​អ្នក​តវ៉ា​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស