31 C
Phnom Penh

ពល​រដ្ឋ​និង​កម្មករ​​នៅ​ផ្លូវ​វ៉េង​ស្រេង រំឭក​ពី​ការ​បង្ក្រាប​​យ៉ាង​ព្រៃ​ផ្សៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករដែលនៅ​សេស​សល់​មួយ​ចំនួន​តូច​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង ដែល​ជា​កន្លែង​កង​កម្លាំង​ប្រដាប់​អាវុធ​បាញ់​កម្មករ​ប្រាំនាក់​ស្លាប់​កាលពីថ្ងៃសុក្រ​នោះ បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា កម្មករ​កម្មការិនី​ភាគ​ច្រើន​បាន​នាំគ្នា​រត់​ទៅស្រុក​កំណើត​វិញ​​​អស់​ចាប់​តាំង​ពីពេល​នោះមក​។

កង​ទ័ព​មកពី​កងពល​តូច​លេខ​៧០​​​បាន​ធ្វើ ការ​ល្បាត​តាម​រថយន្ត​បំពាក់​កំាភ្លើង​យន្ត​​​នៅ​​​តំបន់​នេះ​កាលពីចុង​សប្ដាហ៍​ ខណៈ​រថ​យន្ត​ឈ្នួល​​​ដឹក​កម្មករ​កម្មការិនី​រោងចក្រ​បន្ត​កន្ទុយ​គ្នា​ទៅ​​ស្រុក​កំណើត​វិញ​ដើម្បីសុវត្ថិ​ភាព​។

លោក ខៀវ ខន អាយុ​៥៦​ឆ្នាំ​ជា​ម្ចាស់​អគារ​​​ផ្ទះ​ជួល​កម្ពស់​បីជាន់​ដែល​កង​រាជ​អាវុធ​ហត្ថ​បាន​ប៉ុន​ប៉ង​សម្រុក​ចូល​កាលពីថ្ងៃ​សុក្រ​នោះ​បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ទាំង​៤៣​នាក់​ដែល​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុង​អគារ​ផ្ទះជួល​របស់​លោក​​បាន​វិល​ត្រឡប់​ទៅ​​ស្រុក​កំណើត​វិញ​អស់​​ចាប់​តំាង​ពី​ថ្ងៃ​អំពើ​ហិង្សា​បាន​បញ្ចប់​ទៅវិញ​ម៉្លេះ។

លោក​ ខន បាន​និយាយ​ថា “ខ្ញុំ​ថាពួកគេ​ជា​ច្រើន​មិន​ទាំង​ហ៊ាន​វិល​មក​បើក​ប្រាក់​ខែ​របស់​ខ្លួន​វិញ​ទេ។ ភាគច្រើន​ជឿថា ប្រសិន​បើ​ពួកគេ​មក​វិញ​​ រដ្ឋាភិបាល​អាច​បាញ់​ពួក​គេ​ម្ដង​ទៀត​”។ លោក ខន បាន​ចង្អុល​ទៅ​ជញ្ជាំង​និង​បង្អូច​​​ដែល​បាន​ធ្លុះ​ធ្លាយ​ដោយ​សារ​គ្រាប់​កាំ​​ភ្លើង​របស់​នគរ​បាល ​​ដែល​លោក​និយាយ​ថា មាន​ការ​ខក​ចិត្ត​ដោយ​សារ​ពុំ​​អាច​ចូល​មក​ក្នុង​អគារ​​​ផ្ទះ​ជួល​របស់​លោក​បាន​។

នៅ​លើ​ផ្លូវ​មួយ​ទៀត​ចេញពី​ផ្លូវ​វេង​ស្រេង​ ក្បែ​​កន្លែង​ដែល​អ្នក​យក​ព័ត៌មាន​ឃើញ​កង​រាជ​អាវុធ​ហត្ថ​​វាយ​ដំ​​ដោយ​ផ្ទាល់​ភ្នែក​​កាល​ពី​ថ្ងៃ​សុក្រ​នោះ ប្លុក​ផ្ទះ​ល្វែង​ចំនួន​២០​ក៏ឃើញ​មាន​ស្នាម​​ធ្លុះ​ធ្លាយ​​នៅខាង​មុខ​ផ្ទះ​ និង​ទ្វារ​ដែក​​​ជាប់​សោរ​ដែរ​។

សុក ខុម ជា​កម្មការិនី​​រោងចក្រ​កាត់​ដេរ​អាយុ​៣៣​ឆ្នំាបាននិយាយ​ថា នាង​ជា​អ្នក​ចុង​ក្រោយ​ក្នុង​ចំណោម​អ្នកជួល​បន្ទប់​មួយ​ក្នុង​ចំណោម​បន្ទប់​ទំហំ​បួន​ម៉ែត្រ​ក្រឡា​ក្នុង​ប្លុក​នេះ​ដែល​មិន​បាន​គេច​ខ្លួន​ ឬ​ចូល​មន្ទីរ​ពេទ្យ​ចាប់​តាំង​ពីថ្ងៃ​​កើត​មាន​អំពើ​ហិង្សា​នោះ​មក។ ខុម បាន​និយាយ​ថា “ខ្ញុំ​បាន​ក្រាប​ទៅ​លើ​ដីពេល​ពួកគេ​ចូល​មកបាញ់​នៅ​ក្នុង​ផ្ទះ​” ដោយ​​​នាង​បាន​ចង្អុល​ទៅ​ទ្វារ​ដែក​ត្រូវ​គ្រាប់​សុស​នៅ​​ទល់​មុខ​ផ្លូវ​ដើរ​តូ​ច​មួយ​​ពីបន្ទប់​របស់​នាង​។ ​នាង​បាន​​និយាយ​ថា “ខ្ញុំ​ចង់​ទៅ​ផ្ទះ​ដែរ​ ក៍ ប៉ុន្តែ​អត់​មាន​លុយ​។ ខ្ញុំ​កំពុង​រង់​ចាំ​បើក​ប្រាក់​ខែ​ ប៉ុន្តែ​មិន​ច្បាស់​ថា ពួកគេ​នឹង​បើក​ឲ្យ​ឬ​អត់​ទេ​។ ខ្ញុំ​មិន​ដែល​ឃើញ​រឿង​អ៊ីចឹង​ទេ​មួយ​ជីវិត​នេះ​។ ប្រសិន​បើ​បុរស​ពី​ពីរ​ទៅ​បី​នាក់​​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ផ្លូវ​ កង​ទ័ព​នឹង​សំដៅ​មក​រក​ពួកគេ​ ហើយ​បំបែក​ពួកគេ​មិន​ខាន”។

នៅ​ពេល​រសៀល​​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​​ដែល​បំពាក់​ដោយ​ឧគ្ឃោសនសព្ទ​អម​ពីខាង​​ក្រោយ​ដោយ​រថយន្ត​បំពាក់​កាំភ្លើង​យន្ត​​បាន​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​នេះ​ ជាមួយ​នឹ​ង​សារ​ជូន​​​ដំណឹង​ផ្លូវ​ការ​អំពី​បម្រាម​គោចរ​នៅ​ពេល​​​យប់​ និង​អំពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​​ក្នុង​ការ​​​ដំឡើង​ប្រាក់​ខែ​ដល់​១០០​ដុល្លារ​ក្នុង​មួយ​ខែ​។
គួរ​រំឭក​ថា កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ​​បាន​នាំគ្នា​តវ៉ា​តាម​ផ្លូវ​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​​បាញ់​បំបែក​កាល​ពីថ្ងៃ​សុក្រ។

លោក ព្រំ សុភាព វ័យ​៣៨​ឆ្នាំ​ ដែល​​កំពុង​ឈរ​ជាមួយ​គ្រួសារ​ក្បែ​កង​ទ័ព​ប្រដាប់​ដោយ​កំាភ្លើង​អាកា​មួយ​ក្រុម​ បាន​បញ្ជាក់​ថា កង​ទ័ព​ពិត​ជា​បាន​បំបែក​ការ​ជួប​ជុំ​គ្នា​ចាប់​ពីរ​នាក​ឡើង​​​ទៅ​មែន​។ លោក សុភាព បា​ន​និយាយ​ថា លោកជឿ​ថា កម្មករ​កម្មការិនី​ប្រហែល​៩០​ភាគ​រយ​ដែល​រស់​នៅ​ក្នុង​តំបន់​វេងស្រេង បាន​រត់​គេច​​​ខ្លួន​​អស់​ហើយ។

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​បន្ទរ​ដោយ​កម្មករ​កម្មការិនី​ជាង​១០​នាក់​ផ្សេង​ទៀត ដែល​ភាគ​ច្រើន​បាន​និយាយ​ថា ខ្លួន​ក៏​ប្រាកដ​ជា​គេច​រត់​ដែរ​ប្រសិន​បើ​មាន​លុយ​ ហើយ​ឥឡូវ​កំពុង​រង់ចាំ​បើក​​ប្រាក់​ខែ​។ តំបន់​ដែល​ជា​មូល​ដ្ឋាន​នៃ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា និង​វឌ្ឍនៈ​នេះ​ ផលិត​សម្លៀក​​​បំពាក់​យីហោ​ Adidas, Puma និង​​ H&M ។

លោក​ កែន​ លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហៅកាត់​ថា GMAC ​បាន​ប៉ាន់​ប្រមាណ​ថា រោងចក្រ​កាត់​ដេរ​ប្រហែល​ជា​១០០​​នៅ​ជុំវិញ​តំបន់​វេង​ស្រេង​ មាន​កម្មករ​កម្មការិនី​បម្រើ​ការ​ងារ​ប្រហែល​១០ម៉ឺន​នាក់​ ប៉ុន្តែ​បាន​​​និយាយ​ថា លោកជឿ​ថា ក្នុង​​នោះ​មាន​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ដែល​បា​ន​រត់​ទៅ​ខេត្ត​។

ប៉ាង សំណាង អាយុ​៣០​ឆ្នាំ និង​ប្អូន​ស្រី​របស់​នាង​ឈ្មោះ ប៉ាង ស្រីមុំ អាយុ​២១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ខ្លួន​ក៏ចង់​ចា​ក​ចេញ​ពីតំបន់​នេះ​ដែរ​ ប៉ុន្តែ​អត់​មាន​ផ្ទះទៅ​ទេ។ សំណាង បា​ន​ឲ្យ​ដឹង​ថា នគរ​បាល​បាន​ឆ្មក់​ចូល​ក្នុង​ផ្ទះ​របស់​ពួកគេ​កាលពីល្ងាច​ថ្ងៃ​សុក្រ ហើយ​បាន​ចាប់​​បង​ប្រុស​អាយុ​៣៨​ឆ្នាំ​របស់​ខ្លួន​ឈ្មោះ វណ្ណី ទៅជាមួយ​។

នាង​បាន​និយាយ​ថា “កាលពីព្រឹក​ថ្ងៃ​សៅរ៍ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​គាត់​ ហើយ​គាត់​បាន​និយាយ​​​ថា កំពុង​ប្រញាប់​ទៅ​កន្លែង​មួយ​ ប៉ុន្តែ​មិន​ដឹង​ថាទៅ​ណាទេ​ ហើ​យ​ក៏បាត់​ដំណឹង​របស់​គាត់​​​ឈឹង​តាំង​ពីពេល​នោះ​មក​តែម្ដង។ គាត់​ជា​អ្នក​ចិញ្ចឹម​គ្រួសារ​។ ឥឡូ​វខ្ញុំ​គ្មាន​សល់​អ្នក​ណា​ទៀត​ទេ​”។

លោក កែវ មុន្នី ចៅក្រម​ស៊ើប​សួរ​សាលា​​​ដំបូង​រាជ​ធានីភ្នំពេញ បាន​បញ្ជាក់​ថា ​កម្មករ​ចំនួន​បីនាក់​នៅ​ផ្លូវ​វេងស្រេង ត្រូវ​កង​រាជ​អាវុធ​​ហត្ថ​ចាប់​ខ្លួន​កាលពីថ្ងៃ​សុក្រ ហើយ​​បាន​ចោទ​​​ប្រកាន់ពួកគេ​កាលពីថ្ងៃ​សៅរ៍ ពីបទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេត​នា​ ដែល​ជា​បទ​ល្មើស​មាន​ស្ថាន​ទម្ងន់​ទោស​។

ប៉ុល វុធ អាយុ​២៣​ឆ្នាំ បាន​និយាយ​ថា ខ្លួន​ក៏​នឹង​ចាក​ចេញដែរ​​នៅពេល​ទទួល​បាន​ប្រាក់​ខែ​រួច​ ហើយ​នឹង​មិន​វិល​មក​វិញ​ឡើយ​ រហូត​ទាល់​តែ​កង​ទ័ព​ដក​ថយ​វិញ​អស់​។ វុធ និយាយ​​​ថា “ពួកគេ​នៅ​តែ​មាន​កង​កម្លាំង​យ៉ាង​ច្រើន​ ប៉ុន្តែ​អត់​មាន​ក​ម្មករ​នៅសល់​ទៀត​ទេ​។ តើ​ពួក​គេ​ចង់​បង្ក្រាប​អ្នក​ណាទៀត​”៕ សេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស