កាលពីម្សិលមិញ នគរបាលបានចាប់ខ្លួនបុរសឈ្មោះ វ៉ាឌីម ស្កុត អាយុ៤៣ឆ្នាំជាជនជាតិកាណាដា ក្នុងខេត្តបាត់ដំបង បន្ទាប់ពីបុរសរូបនេះជាប់ចោទថា បានទិញពេស្យាចារកុមារ។
យោងតាមលោក កុយ ហ៊ាង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា នគរបាលប្រឆាំងការជួញដូរមនុស្សបានចាប់ខ្លួន វ៉ាឌីម ស្កុត នៅក្នុងបន្ទប់សណ្ឋាគាររបស់ជននេះតែម្តងដែលស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីពួកគេទទួលបានពាក្យបណ្ដឹងពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានចោទប្រកាន់ជនជាតិកាណាដារូបនេះថា បានរំលោភផ្លូវភេទខ្លួន។
លោក កុយ ហ៊ាង បានមានប្រសាសន៍ថា អំឡុងការសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនបានឲ្យប្រាក់ក្មេងប្រុសជំទង់រូបនេះដើម្បីរួមភេទមែន ប៉ុន្តែបានអះអាងថា គាត់មិនដឹងថា ក្មេងប្រុសរងគ្រោះរូបនេះជាអនីតិជនឡើយ។ លោកបានបន្ថែមថា “ជនសង្ស័យរូបនេះបានឲ្យប្រាក់ក្មេងប្រុសរូបនោះចំនួន២ដុល្លារ”។ បុរសរូបនេះបានសារភាពថា គាត់ពិតជាបានប្រព្រឹត្តអ៊ីចឹងមែន ហើយនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃច័ន្ទ”។ យោងតាមនគរបាលបានឲ្យដឹងថាវ៉ាឌីម ស្កុត បានចូលមកប្រទេសកម្ពុជា កាលពីខែមុន៕សារុន