មន្ត្រីសហជីពម្នាក់បានអះអាងកាលពីម្សិលមិញថា បុរសប្រាំនាក់ដែលត្រូវកងរាជអាវុធហត្ថបាញ់ស្លាប់ដោយប្រើកាំភ្លើងអាកា-៤៧អំឡុងការតវ៉ាតាមបណ្តោយផ្លូវវេងស្រេងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃសុក្រគឺជាកម្មកររោងចក្រកាត់ដេរដែលបានធ្វើកូដកម្មទាំងអស់។
មន្ត្រីកងរាជអាវុធហត្ថបានបើកការបាញ់ប្រហារនៅតាមផ្លូវដែលមានរោងចក្រជាច្រើនកាលពីព្រឹកថ្ងៃសុក្រអំឡុងការប៉ះទង្គិចគ្នាជាមួយកម្មករ-កម្មការិនីដែលធ្វើកូដកម្មប្រដាប់ដោយដំបង ដុំថ្ម និងដបសាំង ដោយបណ្តាលឲ្យបុរសប្រាំនាក់ស្លាប់ និងយ៉ាងហោចណាស់៣០នាក់ទៀតរបួស។
លោក អ៊ុំ វិសាល មន្ត្រីផ្នែកច្បាប់នៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មកររោងចក្រកាត់ដេរកម្ពុជា (ស៊ីខៅឌូ) បានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតមកពីសហជីពស៊ីខៅឌូបានស្គាល់អត្តសញ្ញាណបុរសទាំងប្រាំនាក់ដែលគេបញ្ជាក់ថា ត្រូវបានកងរាជអាវុធហត្ថបាញស្លាប់នោះគឺសុទ្ធតែជាកម្មកររោងចក្រកាត់ដេរទាំងអស់។
លោក វិសាល បានបន្ថែមថា កម្មករ-កម្មការិនីរោងចក្រកាត់ដេរ៣៥នាក់ទៀតព្រមទាំងនិស្សិតពីរនាក់ផងក៏ត្រូវបានសហជីពស៊ីខៅឌូ បញ្ជាក់អំឡុងការចុះពិនិត្យមើលតាមមន្ទីរពេទ្យចំនួនបីក្នុងរាជធានីភ្នំពេញថា បានរងរបួសនៅតាមផ្លូវវេង ស្រេង។
មន្ទីរពេទ្យដែលស៊ីខៅឌូ បានសាកសួរនោះ គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកុសុមៈ។ លោក វិសាល មានប្រសាសន៍ ថា សហជីពស៊ីខៅឌូនឹងចេញផ្សាយលទ្ធផលទាំងស្រុងស្តីពីការស៊ើបអង្កេតរបស់ខ្លួននៅថ្ងៃនេះ។
លោក ហូរ វ៉ាន់ សមាជិកសភាគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញមានប្រសាសន៍ថា ការស៊ើបអង្កេតរបស់គណបក្សប្រឆាំងបានបញ្ជាក់ថា បុរសទាំងប្រាំនាក់ដែលបានស្លាប់នោះគឺជាកម្មករដែលបានធ្វើកូដកម្មមែន ហើយថា បីនាក់ត្រូវបានបាញ់នៅសួនឧស្សាហកម្ម កាណាឌីយ៉ា។ លោកបានមានប្រសាសន៍ថា បុរសបួននាក់ដែលបានស្លាប់នោះមានឈ្មោះ គឹម ផាលីន អាយុ២៩ឆ្នាំ យ៉ាន់ រិទ្ធី អាយុ២៦ឆ្នាំ ស្រេង វិបុល អាយុ២២ឆ្នាំ និង អ៊ុក ភ័ក្រ្ត អាយុ២៣ឆ្នាំ ត្រូវបានដឹកទៅកាន់សាលតម្កល់សពនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចំណែកឯអ្នកស្លាប់ទី៥ឈ្មោះ សំ រ៉ាវី អាយុ២៦ឆ្នាំត្រូវបានដឹកទៅកាន់សាលតម្កល់សពនៅមន្ទីរពេទ្យព្រះកុសុមៈ។
នៅឯមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត កាលពីម្សិលមិញ ខា ស្រីអូន អាយុ២៣ឆ្នាំជាកម្មការិនីរោងចក្រកាត់ដេរបាននិយាយថា នាងប្រញាប់ធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួនវិញដើម្បីគេចពីអំពើហិង្សា ស្រាប់តែពេលនោះត្រូវគ្រាប់កាំភ្លើងអាកា-៤៧មួយគ្រាប់លើក្បាលជង្គង់ខាងឆ្វេងតែម្តង។
កម្មការិនីរូបនេះបាននិយាយថា “ខ្ញុំមានផ្ទៃពោះ ដូច្នេះខ្ញុំត្រូវប្រញាប់ទៅស្រុកកំណើតវិញដើម្បីព្យាយាមចៀសវាងបញ្ហាទាំងអស់នេះ ប៉ុន្តែខ្ញុំទៅមិនរួច”។
កម្មករឈ្មោះ ប៊ុត នឿន អាយុ២៥ឆ្នាំបាននិយាយថា ខ្លួនបានចូលរួមក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលនោះដែរ ប៉ុន្តែបាននិយាយថា ខ្លួនមានតែដំបងប៉ុណ្ណោះ ស្រាប់តែគ្រាប់កាំភ្លើងបានហោះមកត្រូវចំកជើងខាងឆ្វេងរបស់ខ្លួន។
គាត់បាននិយាយទៀតថា “ខ្ញុំនៅចម្ងាយប្រហែល២០ម៉ែត្រពីកងរាជអាវុធហត្ថ នៅពេលដែលពួកគេបានចាប់ផ្តើមបាញ់កាំភ្លើងឡើងលើ បាញ់ទៅលើចិញ្ចើមថ្នល់ និងបាញ់តម្រង់ជើងមនុស្សតែម្តង”។ គាត់បន្ថែមទៀតថា “ប្រាក់ខែរបស់គាត់ដែលជាកម្មកររោងចក្រកាត់ដេរនោះ មិនគ្រប់គ្រាន់ក្នុងការចំណាយថ្លៃថ្នាំពេទ្យឡើយ។ គាត់បាននិយាយថា “ខ្ញុំគ្មានប្រាក់ទេ។ ខ្ញុំមិនដឹងថា ខ្ញុំបានប្រាក់ពីណាមកចំណាយថ្លៃថ្នាំពេទ្យឡើយ”៕ សារុន
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា)