27.5 C
Phnom Penh

គ្រូ​បង្រៀន​​ផ្អាក​ការបង្រៀន​សិស្ស​ដើម្បី​តវ៉ា​​ទាម​ទារ​ប្រាក់​ខែ​២៥០​ដុល្លារ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​គ្រូ​បង្រៀន​សាលា​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​​និង​​នៅ​តាម​បណ្ដា​ខេត្ត​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ​ បាន​ចាប់​ផ្ដើម​​ធ្វើ​កូដកម្ម​កាលពី​ម្សិលមិញ​ ដោយ​បដិសេធ​មិន​ព្រម​បង្រៀន​សិស្សទេ​ ខណៈ​ពេល​ពួ​កគាត់​ទាមទារសុំ​​​ដំឡើង​ប្រាក់​ខែ​​២៥០​ដុល្លារ​​ក្នុង​មួយ​ខែ​។

លោក​ នី​ ចាន់តារាវុធ​ ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​អាង​ឈូក​ក្នុង​ស្រុក​​ត្រាំ​កក់​ ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា “ពួក​យើង​ពី​៣០​ទៅ៤០​នាក់មក​​សាលា​នៅ​ព្រឹក​នេះ​ប៉ុន្តែ​មិន​បាន​បង្រៀន​ទេ​”។ លោក​បាន​​លើក​ឡើ​ងទៀត​ថា ក្រោយ​ពី​ធ្វើ​ជា​គ្រូ​បង្រៀន​អស់​រយៈ​ពេល​២១​ឆ្នាំ​​ ប្រាក់​ខែ​របស់​លោក​បាន​ត្រឹម​តែ​ប្រហែល​៧៥​ដុល្លារ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ស្រុក​​គងពិសី ខេត្ត​កំពង់​ស្ពឺ លោក​​ សេង ឃី ជា​គ្រូ​បង្រៀន​​ម្នាក់​នៅ​សាលា​នរោត្តមរណប្ញទ្ធិ​ បាន​​មាន​ប្រសាសន៍​ថា គ្រូ​បង្រៀ​ន ភាគ​ច្រើន​នៅ​សាលា​របស់​លោក​ក៏​បដិសេធ​មិន​ព្រម​បង្រៀន​សិស្ស​ដែរ​កាល​ពី​ម្សិលមិញ​។ លោក​មាន​ប្រសាសន៍​ថា “គ្រូ​បង្រៀន​ភាគ​ច្រើន​មក​សាលា​នៅ​ថ្ងៃ​នេះ​ ប្រហែល​​៣០​ទៅ​៤០​នាក់​ ប៉ុន្តែ​យើង​​មិន​ព្រម​បង្រៀន​ទេ​ លុះ​ត្រា​តែ​យើង​ទទួល​បាន​ប្រាក់​ខែ​គ្រប់​គ្រាន់​សម្រាប់​​ទំនុក​បម្រុង​គ្រួសារ​របស់​យើង។ តើ​យើង​អាច​​ទំនុក​បម្រុង​គ្រួសារ​​ដោយ​ពឹង​លើ​​ប្រាក់​ខែ​​តិច​ជាង​១០០​ដុល្លារ​​បាន​ដោយ​របៀប​ណា​? ហើយ​តើ​វា​សម​នឹង​រំពឹង​ថា យើង​ធ្វើ​បែប​នេះ​ទេ​?”។

គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង​​ក្នុង​រាជធានីភ្នំពេញ​​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ពួក​គាត់​​បាន​បដិសេធ​​មិន​ព្រម​បង្រៀន​ឡើយ​ ដើម្បី​តវ៉ា​ចំពោះ​ប្រាក់​ខែ​តិច​តួច​របស់​​ពួក​គាត់​។ លោក​ អាក ថន ដែល​បង្រៀន​​គណិត​វិទ្យា​នៅ​វិទ្យាល័យ​នេះ​​បាន​មាន​ប្រសាសន៍​ថា គ្រូ​បង្រៀន​​ប្រហែល​១៥០​នាក់​ក្នុង​​ចំណោម​គ្រូ​បង្រៀន​២០០​នាក់​នៅ​ទីនោះ​​បាន​មក​ដល់​សាលា​ ហើយ​ចាប់​ផ្ដើម​បង្រៀន​ ប៉ុន្តែ​បាន​​ផ្អាក​បង្រៀន​​វិញ​​មិន​យូរ​ប៉ុន្មាន​​បន្ទាប់ពី​ចាប់​ផ្ដើម​។​ ក្រុម​គ្រូ​បង្រៀន​​នៅ​​ខេត្ត​ស្វាយ​រៀង​ និង​​ខេត្ត​សៀម​រាប​​ក៏​បាន​ដើរ​ចេញ​មិន​ព្រម​បង្រៀន​សិស្ស​ដែរ​។

តែ​ទោះ​ជាយ៉ាង​ណា​ លោក​ រស់​ សាលីន​ ប្រធាន​ខុទ្ទកាល័យ​នៃ​ក្រសួង​​អប់​រំ​យុវជន​និង​កីឡា បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា គ្មាន​គ្រូ​បង្រៀន​ណា​​ផ្អាក​ការ​បង្រៀន​ដើម្បី​តវ៉ា​នោះ​ទេ​។​ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​របាយ​ការណ៍​ពី​​គ្រប់​​មន្ទីរ​អប់រំ​ខេត្ត​ទាំង​អស់​​ ហើយ​អ្វី​ៗ​ស្ងាត់​ស្ងៀម​​ធម្មតា​។​ គ្មាន​​បញ្ហា​និង​គ្មាន​កូដកម្ម​ទេ​។​ ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ទី​៥​នេះ​ យើង​​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ [ប្រាក់​ខែ​គ្រូបង្រៀន​] ពេល​នោះ​យើង​នឹង​អាច​​ដំឡើង​ប្រាក់​ខែ​បាន​នៅ​ឆ្នាំ​ក្រោយ​ ឬ​ឆ្នាំ​បន្ទាប់​នោះ​”។

កាល​ពី​សប្ដាហ៍​មុន​ សមាគម​គ្រូប​ង្រៀន​កម្ពុជា​ឯក​រាជ្យ​​ដែល​មាន​សមាជិក​ជាង​១០.០០០​នាក់​ បាន​អំពាវនាវ​ឲ្យ​គ្រូ​បង្រៀន​ធ្វើ​កូដកម្ម​។​ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ រ៉ុង ឈុន​ ដែល​ជា​មេដឹកនាំ​សហជីព​​ត្រូវ​បាន​​ក្រសួង​មហាផ្ទៃ​​ព្រមាន​​មិន​ឲ្យ​ធ្វើ​បាតុកម្ម​បែប​នេះ​។ ចាប់​តាំ​ង​ពី​នោះ​មក​​លោក​ រ៉ុង ឈុន​ ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​​ដែរ​នោះ​ ត្រូវ​បាន​​ព្រះ​រាជអាជ្ញា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាក​សួរ​​ពាក់​ព័ន្ធ​នឹង​​ហេតុ​ការណ៍​​ដែល​បាន​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​​បង្ហូរឈាមទៅលើ​កម្មករ​កម្មការិនី​កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម​​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​មិន​អាច​​ទាក់ទង​បាន​ទេ​​នៅ​សប្ដាហ៍នេះ​។

លោក​ស្រី​​ ហ្គ្រេស ផាក​ (Grace Park) ទីប្រឹក្សា​ផ្នែក​តស៊ូ​មតិ​នៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ និ​ងលោក​ រ៉ុង បញ្ញា ប្រធាន​ផ្នែក​តស៊ូ​មតិ​នៅ​សមាគម​គ្រូប​ង្រៀន​កម្ពុជា​ឯករាជ្យ​​ និង​​ដែល​ត្រូវ​​ជា​ក្មួយ​ប្រុស​បង្កើត​របស់​លោក​ រ៉ុង​ ឈុន​ បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា កូដកម្ម​​បាន​បន្ដ​ទូទាំង​ប្រទេស​ ប៉ុន្តែ​​មិន​អាច​​ប៉ាន់ប្រមាណ​ដឹង​ថា​ តើ​​សាលា​រៀន​ប៉ុន្មាន​នឹង​​រង​ផល​​ប៉ះពាល់​ ឬនឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​​បន្ទាប់​​។​

ដោយ​គ្មាន​សេចក្ដី​ណែនាំ​ផ្លូវ​ការ​ពី​លោក​ រ៉ុង​ ឈុន​ ក្រុម​គ្រូបង្រៀន​កាល​ពី​ម្សិលមិ​ញ​​​ ​ មិ​ន​ច្បាស់​ថា តើ​ពួក​គាត់​នឹង​បន្ត​កូដ​កម្ម​​នេះ​បាន​យូរ​ប៉ុណ្ណា​ទេ​។ លោក​ អ៊ុក​ ឆាយ៉ាវី​ សមាជិក​​ម្នាក់របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​បង្រៀន​នៅ​សាលា​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល​​បាន​មាន​ប្រសា​សន៍​ថា “យើង​មិន​ដឹង​ច្បាស់​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ​នៅ​ពេល​បន្ទាប់។​ យើង​ត្រូវ​រង់​ចាំ​មើល​សិន​ ពីព្រោះថ្ងៃ​ស្អែក​ជា​ថ្ងៃ​ឈប់​សម្រាក​”។ លោក​បាន​បន្ថែម​ថា បន្ទាប់ពី​​ធ្វើ​ជា​គ្រូបង្រៀន​អស់​រយៈពេល​ជាង​២០​ឆ្នាំ​​ គាត់​ទទួល​បាន​ប្រាក់​ខែ​៧៥​ដុល្លារ​៕ សុខុម

​(រាយការណ៍​បន្ថែម​ដោយ​ ផន បុប្ផា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស