26.6 C
Phnom Penh

កង​រាជ​អាវុធ​ហត្ថ​បដិសេធ​ថា មិន​បាន​បាញ់​អ្នក​តវ៉ានៅ​តាម​ផ្លូវ​វេងស្រេងនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​បាន​និយាយ ​កាលពីម្សិលមិញ​ថា នឹង​មិន​មាន​កា​រ​ស៊ើប​អង្កេត​អំពីការ​​បាញ់​​ស្លាប់​​អ្នក​តវ៉ា​ដែល​គប់​ដុំ​ថ្ម​​ប្រាំនាក់​ និង​ការ​ធ្វើ​ឲ្យ​​កម្មករ​ជាង​២០​នាក់​ទៀត​រង​របួស​​កាល​ពីថ្ងៃ​សុក្រនៅ​តាម​ផ្លូវ​វេង​ស្រេង ក្នុង​រាជ​ធានីភ្នំពេញឡើយ ហើយ​ថា កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើ​តាម “ក្រមសីលធម៌” នៅ​ពេល​ដែល​ពួកគេ​បាន​បើក​ការ​បាញ់​​​នោះ​។

លោកឧត្តម​សេនីយ៍​ត្រី ខេង ទីតូ បាន​មាន​​ប្រសាសន៍​ថា កង​រា​ជអាវុធ​ហត្ថ​ដែល​គេ​​ឃើញ​ថា បាន​បាញ់​កំាភ្លើង​អាកា​៤៧​​ត្រូវ​អ្នក​តវ៉ា​ស្លាប់​ និង​រង​របួស​តាម​​ បទ​បញ្ជា​ផ្លូវ​ការ​​នោះគឺ​ “ ធ្វើ​តាម​ក្រម​សីលធម៌​”។

លោកឧត្តម​សេនីយ៍ត្រី ខេង ទីតូ ក៏​បាន​អះអាង​ផង​ដែរ​ថា លោក​មិន​ច្បាស់​ថា អ្នក​ណា​បាន​បាញ់​កម្មករ​ទាំង​ប្រាំនាក់​នោះ​ទេ​​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដែល​បាញ់​​សម្លាប់​មនុស្ស​​ទេ”។ លោក​បាន​បន្ថែម​ថា បើ​ទោះ​ណា​ជា​កង​រាជ​អាវុធ​ហត្ថ​​មាន​អាវុធ​ក៏​ដោយ​ ក៏ពួកគេ​មិន​បាញ់​សំដៅ​ ឬ​បាញ់​សម្លាប់​មនុស្ស​ឡើយ​។ លោក​បាន​អះអាង​ថា “ ដូច្នេះ​ យើង​មិន​ដឹង​ថា នរណា​បាន​សម្លាប់​ពួកគេ​ឡើយ​”។

ទំាង​មន្ត្រី​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​សុទ្ធតែបាន​ធ្វើ​ការ​បដិសេធ​ស្រដៀង​គ្នា​នេះ​ថា មិន​បាន​បាញ់ត្រូវ​កម្មករ​ស្លាប់​នៅ​​ក្នុង​ការ​តវ៉ា​កន្លង​មក​ឡើយ​។
នៅ​ពេល​​ដែល​ស្ត្រី​អ្នក​ឈរ​មើល​ម្នាក់​ត្រូវ​បាន​នគរ​បាល​បាញ់​ស្លាប់​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ អំឡុង​ការ​ប៉ះទង្គិច​ជាមួយ​អ្នក​តវ៉ា​ដែល​​បាន​​គប់​ដុំថ្ម កាលពីខែ​វិច្ឆិកា​​នោះ នគរ​បាល​បាន​បដិសេ​​ធ​​​ថា ការ​​​បាញ់​​​នោះ​​​មិន​​​មែន​​​ជា​​​​គ្រាប់​កាំភ្លើង​របស់​ខ្លួន​ទេ។

ហើយ​នៅ​ក្បែរ​ស្ពាន​ព្រះមុនីវង្ស​កាលពី​ខែ​កញ្ញា​ឯណោះវិញ នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ក៏​បាន​បដិសេធថា ពួកគេ​មិន​បាន​បាញ់​​អ្នក​ឈរ​មើល​ម្នាក់​ អំឡុង​ពេល​មាន​​ហេតុការណ៍​គប់​ដុំថ្ម​នោះ​ដែរ​។ ​​​កា​​​រ​បាញ់​​​​សម្លាប់​​​មនុស្ស​​​​ទាំង​នោះ​មិន​ដែល​​​​មាន​​​ការ​ស៊ើប​អង្កេត​ទេ​ ហើយ​លោក​ឧត្តម​​សេនីយ៍​ត្រី ខេង ទីតូ​ បាន​មាន​ប្រសា​សន៍​ថា មន្ត្រី​កង​រា​ជ​អាវុធ​ហត្ថ​ដែល​បាន​បាញ់​កាលពីថ្ងៃ​សុក្រនោះ នឹង​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ចំពោះការ​​ស្លាប់​កម្មករ​ប្រាំ​នាក់ និង​​​​ការ​​​ធ្វើ​​​ឲ្យ​​​​មនុស្ស​​​​ជាង​២០​នាក់​ទៀតរង​​​របួស​​​​​​នៅ​តាម​​ផ្លូវ​វេង​ស្រេងឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា ទោះ​ជា​យ៉ាង​ណា​ អ្ន​ក​តវ៉ា​ដែល​បានគប់​ដុំថ្ម​ដាក់​កង​រាជ​អាវុធ​ហត្ថ​នឹង​ត្រូវធ្វើការ​​ស៊ើប​អង្កេត​។

លោក​បាន​មាន​ប្រសាសន៍​ថា “នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​រក​អ្នក​ដែល​បាន​បង្ក​អំពើ​ហិង្សា​ និង​ដើម្បី​ស្វែង​រក​អ្នក​ញុះញង់​។ ប្រសិន​ បើ​​​ត្រូវ​​​មានការ​ស៊ើប​អង្កេ​ត​​មែន ​គឺ​​​​ត្រូវ​ស៊ើប​​​អង្កេត​ដើម្បី​ស្វែង​រក​មេខ្លោង​”។ លោក​ឧត្តម​សេនីយ៍​ត្រី​ ខេង ទីតូ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា កង​រាជ​អាវុធ​ហត្ថ​ប្រហែល​៣០​នាក់​ដែល​បាន​រង​របួស​ដោយ​សារ​អ្នក​គប់​ដុំថ្ម​​ ដែល​បាន​ដុត​តុ​ឈើ​និង​ធ្នើរ​យក​មក​ដាក់​រាំង​ផ្លូវ​ ​​​និង​​​​បាន​ប៉ុន​ប៉ង​គប់​ដប​សាំង​ទៀត។

លោក​បាន​មាន​ប្រសាសន៍​ថា “​កង​រាជ​អាវុធ​ហត្ថ​ដែល​រង​របួស​សរុប​៣០​នាក់​ ប៉ុន្តែ​មាន​ខ្លះរបួស​ស្រាល​ ប៉ុន្តែ​ មាន​នគរ​បាល​​ច្រើន​​ ដែល​រង​របួស​​ធ្ងន់​​​​”។
លោក​​បាន​បន្ថែម​ទៀត​ថា “បញ្ជាការ​​​ដ្ឋាន​​​កង​រាជ​​​អាវុធ​​ហត្ថ​រាជ​ធានីភ្នំពេញ” នឹង​ចេញ​ថ្លៃ​​ព្យាបាល​ដល់មន្ត្រី​ដែល​រង​របួស​ស្រាល​ទាំង​នោះ​ ចំណែក​ឯក្រុម​គ្រួសារ​អ្នក​តវ៉ា​ដែល​រង​របួស​នឹង​ត្រូវ​ចេញ​ថ្លៃ​ព្យាបាល​ដោយ​​ខ្លួន​ឯង​។

ដោយ​បដិសេធ​មិននិយាយ​ថា តើ​នរណា​ជា​អ្ន​ក​ចេញ​ថ្លៃ​ព្យាបាល និង​អស់​តម្លៃ​ប៉ុន្មាន​នោះ លោក​ឧត្តម​សេនីយ៍​ត្រី​ ខេង ទីតូ បាន​មាន​ប្រសាសន៍​ថា “អ្នក​មាន​ចិត្ត​សប្បុរស​ដែល​មាន​ការ​អាណិត​អាសូរ​ដល់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​រង​របួស​បាន​ផ្ដល់​ប្រាក់​សម្រាប់​ចេញ​ថ្លៃ​ព្យាបាល​ឲ្យពួកគេ​។

កាលពីថ្ងៃ​សុក្រ គេហទំព័រ​ Cambodia Express News​ បាន​រាយការណ៍​ថា លោក កែប ជុតិមា អតីត​អភិបាល​រាជ​ធានីភ្នំពេញ និង​ជា​សមាជិក​សភា​បច្ចុប្បន្ន​បាន​ផ្ត​ល់ប្រាក់​ប្រហែល​២៥០ដុល្លារ​​ដល់​នគរ​បាល​ដែល​​រង​របួស​ធ្ងន់ និង​ប្រាក់​ប្រហែល​១២៥​ដុល្លារ​ដល់​នគរ​បាល​ដែល​រង​របួស​​ស្រាល​។

លោក ជិន ថាវ ទាហាន​កង​យោធពល​ខេម​រភូមិន្ទ​ឈរ​ជើង​ក្នុង​ខេត្ត​កំពង់​​ស្ពឺ បាន​មាន​ប្រសាសន៍​ថា ប្អូន​ថ្លៃ​ប្រុសរបស់​​លោក​ឈ្មោះ ហឿន កាន់ ​អាយុ​១៩​ឆ្នាំ​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈនៅឡើយ​ បន្ទាប់ពី​​កង​រាជ​អាវុធ​ហត្ថ​បាញ់​ត្រូវត្រង់ភ្លៅ។ លោក​មាន​ប្រសាសន៍​ថា “កម្មករ​រោង​ចក្រ​កាត់​ដេរ​ក្រីក្រ​ណាស់​ ដូច្នេះ​រដ្ឋា​ភិបាល​ដែល​បាន​បញ្ជា​ឲ្យ​ក​ម្លាំង​ប្រដាប់​អាវុធ​បាញ់​ទៅលើ​កម្មករ​រោងចក្រ​កាត់​ដេរ​នោះ​គួរ​​ជួយ​ ចេញ​ថ្លៃ​ថ្នាំពេទ្យ​ឲ្យ​ពួកគេ​ផង​”​៕​សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស