28.4 C
Phnom Penh

នគរ​បាល​បិទផ្លូវ​​ឆែក​ឆេរ​រថយន្ត​​​ដឹក​​​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​មក​ភ្នំពេញ​វិញ​​​​បន្ទាប់​ពី​​ស្ងប់​ស្ងាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ និង​កាល​ពី​​ថ្ងៃ​អាទិត្យ នគរ​បាល​​មូលដ្ឋាន​ក្នុង​ខេត្ត​ស្វាយ​រៀង​បាន​ដាក់​កុង​ត្រូល​​នៅតាម​ផ្លូវ​ជាតិ​លេខ​១​ដើម្បី​ឃាត់​និង​ឆែក​ឆេរ​រថយន្ត​វ៉ែន​ដែល​ដឹក​កម្ម​ករ​រោង​ចក្រកាត់​ដេរ​ពី​ស្រុក​កំណើត​របស់​​ពួក​គេ​​មក​កាន់​​រាជ​ធានីភ្នំពេញ​វិញ។

លោក ហាស់ ណាលី អធិការ​រង​នគរ​បាល ​ស្រុក​ស្វាយទាប​ បាន​មាន​​ប្រសាសន៍​ថា នគរ បាល​បាន​ដាក់កុង​ត្រូល​​ឆែក​ឆេរ​រថយន្ត​ដឹក​កម្មករ​ដើម្បីរកអាវុធ​ ពីព្រោះ​ពួក​គេ​បារម្ភ​​ខ្លាច​ កម្មករ​​ធ្វើ​ការ​តវ៉ា​​​ដើម្បី​ទាមទារប្រាក់​ខែ​​គោល​ទៀត​។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​មិន​ហាមឃាត់ពួកគេ​មិន​​ឲ្យ​ធ្វើ​ដំណើរ​នោះ​ទេ ប៉ុន្តែ យើង​បាន​ឆែក​ឆេរ​រថយន្ត​វ៉ែន​ដែល​ពួកគេ​ជិះដើម្បី​ពិនិត្យ​មើល​ក្រែង​ពួក​គេ​មាន​​ដឹក​អាវុធ​​”។ លោក ណាលី  មា​ន​ប្រសាសន៍​ថា  “យើង​ ​បារម្ភ​ខ្លាច​រថយន្តទាំង​នោះ​ដឹក​កម្មករ​មក​ធ្វើ​បាតុកម្ម​។យើង​ចង់​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន តួនាទី និង​អត្តសញ្ញាណ​របស់​កម្មករ​”។

នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រុំ​ ឯណោះ​វិញ​ លោក ផាន់​ ផាន់ណា​ អនុប្រធា​ន​នគរ​បាល​សណ្តាប់​ធ្នាប់​សាធារណៈ​បាន​មាន​ប្រសា​សន៍​ថា នគរ​បាល​ចរាចរ​ខេត្ត​ក៏​បាន​ឃាត់​ និង​ឆែក​ឆេរ​រថយន្ត​ដឹក​កម្មករ​រោង​ចក្រ​កាត់​​ដេរ​ផង​ដែរ​។ លោក ថោង​ ចាន់ណា អ្នក​ស៊ើប​អង្កេត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍ថា លោក​ទទួល​​បាន​ព័ត៌មានថា កម្មករ​មួយ​ចំនួន​បាន​ត្រឡប់​ទៅវិញ​បន្ទាប់​ពីមក​ដល់​ចំណុច​កុង​ត្រូល​នោះ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​ភ្នំពេញ​ឡើយ ប៉ុន្តែ​លោក​ ណាលី បាន​បដិសេធ​​រឿង​នេះ​។

លោក ចាន់ណា បាន​មាន​ប្រសាសន៍​ថា កម្មករ​​ភាគច្រើន​​​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្វាយ​​រៀង​​ពេល​កើត​មាន​អំពើ​ហិង្សា​ នៅ​​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ​កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ ប៉ុន្តែ មាន​បំណង​ត្រឡប់​មក​ធ្វើ​ការ​វិញ​កាល​ពីម្សិលមិញ​។ លោក មឿន តុលា​ ប្រធាន​កម្ម​វិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​បាន​មាន​ប្រសាសន៍ថា លោក​មិន​មាន​ព័ត៌មាន​ជាក់​លាក់​អំពី​ការ​ឆែក​ឆេរ​រថយន្ត​​ទាំង​នោះ​ទេ ប៉ុន្តែ លោក​នឹង​ស៊ើប​អង្កេត​​​​អំពី​សេចក្តី​រាយការណ៍​នេះ​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស