31 C
Phnom Penh

សមាជិក​សភា​សហរដ្ឋអាមេរិក​អំពាវ​នាវ​ឲ្យ​លោក ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណៈ​កម្មការ​កិច្ចការបរ​ទេស​អាមេ​រិក បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​  ចុះ​ចេញ​ពី​តំណែង និង​បាន​ថ្កោល​​ទោស​​ការ​ប្រើ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​កម្ពុជា​​ នៅ​ពេល​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​អ្នក​តវ៉ា​ចំនួន​ប្រាំនាក់។

លោក​ អេដ​ រ៉យស៍ (Ed Royce) សមាជិក​សភា​​​​​​និង​ជា​ប្រធាន​គណៈកម្មការ​ការ​បរ​ទេស​​​​អាមេរិក​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​គេហ​ទំព័រ​របស់​គណៈកម្មការ​ការ​បរទេស​អាមេរិក​កាល​ពី​​ថ្ងៃ​អាទិត្យ​ថា “ហ៊ុន​ សែន បាន​ដឹក​នាំ​​ប្រ​ទេស​​​​​​កម្ពុជា​ដល់​មាត់​រណ្តៅ​ហើយ​”។

លោក​បាន​សរសេរ​ថា “ដោយ​លែង​មាន​​​​​ហេតុ​ផលដើម្បី​រក​រឿង​​គណបក្ស​ប្រឆាំង​តទៅ​​មុខ​ទៀត​ គណបក្ស​ប្រជា​ជន​កម្ពុជា​ឥឡូវ​នេះ​​​កំពុង​សម្លាប់​អ្នក​តវ៉ា​ដែល​នាំ​គ្នា​តវ៉ា​ដោយ​​​សន្តិវិធី​ ហើយ​បាន​ចេញ​ដីកា​កោះ​ហៅលោក​ សម​​ សង្ស៊ី​ និង​លោក​ កឹម​ សុខា ដែល​បាន​លាក់​ខ្លួន​ដោយ​សារ​ការ​បង្ក្រាប​​របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​នោះ​”។

លោក​ អេដ រ៉យស៍​ ដែល​មណ្ឌល​របស់​គាត់​មាន​មួយ​ផ្នែកស្ថិត​នៅ​ក្នុង​ទី​ក្រុង​ ឡង​ ប៊ិច​ រដ្ឋកាលី​ហ័្វរញ៉ាជា​ទី​​​​​​​ដែល​​​​​​​​ពលរដ្ឋ​​​ខ្មែរ​រស់​នៅ​ទី​នោះ​ច្រើន​បំផុត​ បាន​មាន​ប្រសាសន៍​ថា “វា​ដល់​ពេល​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​​​និង​បញ្ចប់​ការ​ក្តោប​ក្តាប់​អំណាច​ដែល​មាន​​រយៈ​ពេល​បី​ទសវត្សរ៍ហើយ។ រីឯពលរដ្ឋ​ខ្មែរ​វិញ​ក៏​ដល់​ពេល​ទទួល​បាន​ការ​រីក​ចម្រើន​​ហើយដែរ​”។

ខណៈ​លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​​ខ្លួន​នៅ​តុលា​ការ​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ ដោយសារ​មាន​ជាប់​ពាក់​ព័ន្ធនៅ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​អ្នក​តវ៉ា​នោះ​ ដីកាចាប់​ខ្លួន​លោក​ទាំង​​ពីរ​នៅ​មិន​ទាន់​ត្រូវ​បាន​ចេញ​នៅ​ឡើយ​ទេ​ ដោយ​ផ្ទុយ​ទៅ​នឹង​ការ​អះ​អាង​របស់​សមាជិក​សភា​អាមេរិក​។ ការ​តវ៉ា​កាល​ពី​ថ្ងៃ​សុក្រ​នៅ​តាម​ផ្លូវ ​វ៉េង​ស្រេង ​មិន​មែន​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ទេ​ហើយ​មាន​យុវជន​រាប់​សិប​នាក់​​បាន​គប់​ដុំ​ថ្ម​និង​ដបសាំង​ដាក់​កង​រាជ​អាវុធ​ហត្ថ​ ហើយ​ជា​ការ​ឆ្លើយ​តប​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ដាក់​ក្រុម​យុវ​ជន​ទាំង​នេះ​វិញ ​ដោយ​បណ្តាល​ឲ្យ​បាតុករ​ប្រាំ​នាក់​បាន​ស្លាប់​។

វា​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​លោក អេដ​ រ៉យស៍​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គណ​បក្ស​សង្គ្រោះ​ជាតិ។ ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​រៃ​អង្គាស​ប្រាក់​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ខែធ្នូ​ ដែល​មាន​ការ​ចូលរួម​ពី​លោក​ កឹម​ សុខា​ អនុ​ប្រធាន​បក្ស​ផង​នោះ​ លោក​ អេដ រ៉យស៍ ក៏​បាន​អំពាវ​នាវ​ឲ្យ​លោក​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​ផង​ដែរ​​​ ដោយ​លើក​ឡើង​ពី​មូល​ហេតុ​ចាប់​យក​ដី​ធ្លី​ដោយ​ខុស​ច្បាប់​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ការ​បន្លំ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​​ឆ្នោត​​​ជាតិ​កាល​ពីថ្ងៃ​ទី​ ២៨​ ខែ​កក្កដា ។

កាល​ពី​ម្សិល​មិញ​ ក្រសួង​ការ​បរទេស​បារាំង​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ផង​ដែរ​ ដោយ​លើក​ឡើង​ថា​ ប្រទេស​បារាំង​បាន​តាម​ដាន​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ក្រសួង​ការបរទេស​បារាំង​បាន​លើក​ឡើង​​​ថា “[ប្រទេស​បារាំាង​] បាន​ជំទាស់​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដែល​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់​បង់​ជីវិត​ ហើយ​បាន​លើក​ឡើង​ម្តង​ទៀត​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ចំពោះ​សេរី​ភាព​នៃ​ការ​ធ្វើ​បាតុកម្ម​អហិង្សា”។

ក្រសួង​ការ​បរទេស​បារាំង​បាន​បន្ថែម​ថា “វា​ជា​រឿង​ចាំបាច់​ដែល​ការ​ចរចា​ផ្នែក​នយោ​​​​បាយ​អាចបន្ត​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​​​ ដើម្បី​ជួយ​ឲ្យ​ភាគី​​ដែល​ខ្វែង​គំនិត​អាច​ធ្វើ​ការ​ជា​មួយ​​​គ្នា​បាន​ ដោយ​ស្មារតី​អត់​ធ្មត់​ក្នុងគោល​បំណង​​ធ្វើ​ឲ្យ​​ស្ថាប័ន​នីមួយៗ​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​”។

លោក​ ស៊ាន​ ម៉ាកឃិនតុស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ក៏​បាន​ថ្កោល​ទោសដែរ​ចំពោះ​រឿង​មេ​ដឹក​នាំ​គណ​បក្ស​​ប្រឆាំង​ទទួល​បាន​ដីកាកោះពី​តុលា​ការ​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ដោយ​មាន​ជាប់​ព័ន្ធ​ទៅ​នឹង​ការ​សាក​​សួរ​របស់​តុលា​ការ​លើ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ សហ​រដ្ឋ​អាមេរិក​សុំ​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​តុលា​ការ​ដើម្បី​ធ្វើ​ជា​មធ្យោ​បាយ​បំភិត​បំភ័យ​គូ​ប្រជែងនៅ​ក្នុង​ឆាក​នយោបាយ​​​ ហើយ​យើង​សូម​អំពាវនាវឲ្យ​មាន​ការ​គោរព​ច្បាប់​និង​មាន​តម្លាភាព​នៅ​ក្នុងប្រព័ន្ធ​តុលាការ​”៕ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស