26 C
Phnom Penh

នគរបាល​និង​មន្ត្រីពន្ធនាគារ​បដិសេធ​មិន​បង្ហាញ​ពី​កន្លែង​ឃុំខ្លួន នេះជាការ​រំលោភ​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​គ្រួសារ​កម្ម​ករ​ដែលត្រូវ​បាន​ឃុំទាំង២៣នាក់​ត្រូវ​បាន​ចោ​ទ​ប្រកាន់​​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​មាន​​ស្ថាន​​ទម្ងន់ទោស​​បន្ទាប់ពី​ពួកគេធ្វើការ​តវ៉ា ដែលត្រូវ​បានកង​រាជ​អាវុធ​​ហត្ថបង្ក្រាប​កាលពី​ថ្ងៃព្រហស្បតិ៍ និង​​ថ្ងៃសុក្រកន្លងមក។

លោក​ មឿន តុលា ប្រធាន​កម្ម​វិធី​ការ​ងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហ​គមន៍បាន​មាន​ប្រសាសន៍ថា មេធាវី​ការ​ពារ​មួយ​ក្រុម​មក​ពី​អង្គការ​របស់​លោក​ក៏​បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀតមិន​ឲ្យ​ចូល​ទៅជួបពួកគេ​​ ឬ​មិន​បាន​ទទួល​ព័ត៌មាន​អំពី​អ្នក​ទោស​ទាំង​នោះ​ឡើយ ​រួម​​​ទាំងអ្នក​​​ទោស​​អាយុ​១៧​ឆ្នាំ​​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វេងស្រេង​ផង​ដែរ។ លោក​ មឿន តុលា បាន​ថ្លែង​​ថា ”អាជ្ញាធរ​ កម្ពុជា​​​​ហាក់​​​ដូច​ជា​បាន​បោះ​បង់​ចោល​​លទ្ធិ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ ឬ​​យុត្តិ​ធម៌​​​ហើយ​”។

នក​ស្រី​ ប្រាក់​ សុវណ្ណារី ជា​ភរិយា​របស់​លោក​ វ៉ន​ ពៅ មេដឹកនាំ​សហជីព​ដ៏​ឆ្នើម​មួយ​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​​អង្គការ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ត្រូវ​បាន​ទាហាន​ឆត្រ​យោង​​វាយ​ដំ និង​ចាប់​ខ្លួន​នៅ​ពេល​តវ៉ា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​បាន​និយាយ​ថា អាជ្ញាធរ​បាន​បដិ​សេធ​​មិន​បង្ហាញ​អំពី​កន្លែង​ដែលពួកគេ​​ឃុំ​ខ្លួន​ប្ដី​របស់​អ្នក​ស្រី​ឡើយ​។​ អ្នក​ស្រី​ សុវណ្ណារី​ បាន​មាន​ប្រសា​សន៍​ថា សុខភាព​ប្ដី​របស់​ខ្ញុំ​មិន​ល្អ​ទេ​។

ទាហានទាំង​នោះ​បាន​វាយ​គាត់​ចំកន្លែង​ដែល​គាត់​ទើប​បាន​វះកាត់​របួសតម្រង​នោម​ថ្មីៗ…​ហើយ​ខ្ញុំ​បារម្ភ​អំពី​សុវត្ថិភាព​របស់​​គាត់​ណាស់​”។ លោក​ វ៉ន ពៅ ត្រូវ​ទាហាន​ឆត្រ​យោង​នៅ​កង​ពល​តូច​លេខ​៩១១ដែល​ត្រូវ​បាន​ដាក់​​ពង្រាយ​នៅ​ខាង​ក្រៅ​រោង​ចក្រ​កាត់​ដេរ​​វាយ​​ដំ​និង​ឃុំ​ខ្លួន​។ គាត់​ត្រូវ​បានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សុក្រ​ ។

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​ បាន​លើក​ឡើង​ថា  អង្គការ​នេះត្រូវ​បាន​ច្រាន​ចោល​សំណើ​ម្ដង​ហើយ​​ម្ដង​ទៀត​មិន​ឲ្យ​ចូល​ទៅ​ជួប​អ្នក​ទោសទាំងនោះ​​ដើម្បី​ផ្ដល់​ការ​គាំពារ​សុខភាព​​ឡើយ​។

លោក ប៉ាង​ ដួង​ឡា ដែល​រស់​នៅ​ក្បែរ​ផ្លូវ​វេង​ស្រេង​ កន្លែង​ដែល​​កង​រាជ​អាវុធ​ហត្ថ​​បាញ់​​កំាភ្លើ​ង AK-47 ​ត្រូវ​អ្នក​តវ៉ា​ប្រាំ​នាក់​ស្លាប់​ ​​​និង​​​​​ត្រូវ​​​របួស​​​ជាង​២០​នាក់​ទៀត​​កាល​ពី​ថ្ងៃ​សុក្រ​​នោះបាន​និយាយ​​ថា លោក​កំពុង​ស្វែង​​​​រក​បង​ប្អូន​ប្រុស​របស់​លោក​ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ប៉ះទង្គិច​គ្នា​នោះ​មក។ លោក​បាននិយាយ​ថា “ខ្ញុំ​មិន​ស្គាល់​កន្លែង​ដែល​គេ​ឃុំ​ខ្លួន​គាត់​ឡើយ​ ចាប់​តាំ​ង​ពី​គាត់​ត្រូវ​​ចាប់ខ្លួន​ដោយ​​កម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​ ដែល​បាន​ទម្លាយ​​​​​ទ្វារ​​​ចូល​​​​ចាប់​គាត់​​”។ លោក​បាន​បន្ថែម​ថា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​បាន​ទៅ​ជាមួយ​គាត់​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។

លោ​ក​ ដួង​ឡា បាន​ពន្យល់​ថា “នៅ​ពេល​ខ្ញុំ​ទៅ​ដល់​តុលាការ​ ពួក​គេ​បាន​យក​បង​​ប្អូន​ប្រុស​របស់​ខ្ញុំ​ចេញ​បាត់​ទៅ​ហើយ​ ហើយ​យើង​មិន​ដឹង​ពី​កន្លែង​ដែល​គេ​ឃុំ​ខ្លួន​គាត់​ឡើយចាប់​តាំង​ពី​ពេល​​នោះ​មក​”។

លោក​ កែវ មុនី ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​​រាជធានី​បាន​អះអាង​កាលពី​ថ្ងៃ​​អាទិត្យ​ថា កូដករ​១៣​នាក់​ដែល​បាន​ធ្វើ​ការ​តវ៉ា​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វេង​ស្រេង​កាល​ពី​ថ្ងៃ​សុក្រ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​សៅរ៍។ លោក​បាន​បន្ថែម​ថា ”ឥឡូវ​នេះ​ក្រសួង​មហា​ផ្ទៃ​កំពុង​មើល​ថែ​ពួក​គេ​​”។

លោក​ គុយ ប៊ុនសន អគ្គ​នាយក​​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​​ប្រសាសន៍​ថា លោក​មិន​ដឹង​ពី​កន្លែង​ដែល​គេ​ឃុំ​ខ្លួន​អ្នក​ទោស​ទាំង​២៣​នាក់​នោះ​ឡើយ​។ លោក​ ប៊ុនសន បាន​មានប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ព័ត៌មាន​ជាក់លាក់​អំពី​ពួក​គេ​ទេ។ របាយ​ការណ៍​ដែល​ផ្ញើមក​ពី​ប្រធាន​ពន្ធនា​គារ​ទូទាំង​ប្រទេស​និយាយតែ​ពី​ចំនួន​អ្នក​ទោស​ ដែល​ពួក​គេ​បាន​ឃុំ​ខ្លួន​ និង​ដោះ​លែង​ក្នុង​មួយ​ថ្ងៃៗ​ប៉ុណ្ណោះ”។

លោក ចាន់​ សុវ៉េត​ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា អ្នក​ទោស​ទាំង​២៣​នាក់​នោះ​​ត្រូវ​បាន​គេ​ដឹក​ទៅ​​​កាន់​ពន្ធនា​គារ​ដែល​មាន​ការ​យាម​កាម​តឹងរ៉ឹង​​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ជាពន្ធនាគារ​​​​ដែល​​​​មាន​ឈ្មោះ​អសោច​ខាង​ធ្វើ​បាប​អ្នក​ទោស។ លោក​បានមាន​ប្រសាសន៍​ថា “ប្រភព​សម្ងាត់​មួយ​បាន​ប្រាប់​ខ្ញុំ​ថា អ្នក​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​កំពុង​ត្រូវ​គេ​ឃុំ​ខ្លួន​នៅ​មណ្ឌល​កែប្រែ​៣​ក្នុង​ខេត្ត​កំពង់​​ចាម”។​

លោក​ គា សុវណ្ណា ប្រធាន​មណ្ឌល​កែ​ប្រែ​៣បាន​បដិសេធ​មិន​បញ្ជាក់​ ឬ​បដិសេធ​ថា អ្នក​ទោស​ទាំង​២៣​នាក់​នេះ​​ស្ថិត​​​នៅ​​​ឬ​​​មិ​​ន​​​នៅ​​​​ក្នុង​ពន្ធ​នាគារ​របស់​​លោក​ឡើយ​។

លោក​ រ៉ូភើត អាបបុត អ្នក​ស្រាវ​ជ្រាវ​នៅ​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា អាជ្ញា​ធរមាន​កាតព្វកិច្ច​ត្រូវ​​​គោរព​​​តាម​អនុសញ្ញា​អន្តរ​ជាតិ​ស្ដី​ពី​សិទ្ធិ​ស៊ើវិល​ និង​សិទ្ធិ​នយោ​បាយ​ដែល​ប្រទេស​កម្ពុជា​ជា​​​​ហត្ថលេខី​​​​ដែរ​នោះ​​ ដើម្បី​​​អនុញ្ញាត​ឲ្យ​អ្នក​ទោស​ទាក់​ទង​ក្រុម​គ្រួសារ​ ឬ​មេធាវី​នៅ​ពេល​​ត្រូវ​បាន​ចាប់​ខ្លួន​។

លោក​ អំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​នៅ​អង្គការ​លីកាដូ ដែល​ផ្ដល់​មេធាវី​ការ​ពារ​ដល់អ្នក​ទោស​មួយ​ចំនួន​បាន​យល់​ស្រប​​ថា អាជ្ញាធរ​រំលោភ​ច្បាប់​​ដោយ​បើក​ចំហ​តែម្តងនិង​រំលោភ​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​​​​ចំពោះ​​​ការ​​​បដិសេធ​មិន​បង្ហាញ​​ពី​កន្លែង​ឃុំ​ខ្លួន​អ្នក​ទោស​ទាំង​នោះ​។ លោក​ សំអាត​ បាន​មានប្រសាសន៍​ថា “តាម​ច្បាប់ ​​មេធាវី​ការពារ​មាន​សិទ្ធិ​ដឹង​ពី​កន្លែង​ដែល​គេ​ឃុំ​ខ្លួន​កូន​ក្ដី​របស់​ខ្លួន​ ប៉ុន្តែ​មន្ត្រី​តុលាការ​ និង​មន្ត្រី​ពន្ធនាគារ ហើយ​សូម្បី​​តែ​អគ្គនាយក​ពន្ធនាគារ​ក៏​មិន​ប្រាប់​ដល់​សាច់ញាតិ​របស់​អ្នក​ទោស​ទាំង​នោះ​ឬ​មេធា​វី​ការពារ​របស់​ពួក​គេ​ឡើយ​”៕ សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស