34 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​អញ្ជើ​ញ​​មន្ត្រី​ការទូត​បរទេស​មក​ពន្យល់​ប្រាប់​ពី​ជំហរ​របស់​​បក្ស​ប្រជាជន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ល្ងាច​ម្សិលមិញ​ លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​​មួយ​​ ដែល​មាន​រយៈ​ពេល​ពីរ​ម៉ោង​​ជាមួយ​ក្រុម​មន្ត្រី​ការ​ទូត​បរទេស​ដើម្បី​ពន្យល់​ប្រាប់​ពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើ​បញ្ហា​​មួយ​ចំនួន​​ពាក់​ព័ន្ធ​នឹង​វិបត្តិ​ក្រោយ​ការ​បោះឆ្នោត​ រួម​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ កាលពី​ស ប្ដាហ៍​មុន​ លើ​កម្មករ​​​កម្មការិនី​កាត់​ដេរ​ដែល​ធ្វើ​កូដកម្ម​ និ​ងបាតុកម្ម​របស់​គណ​បក្ស​ប្រឆាំង​​ផង​ដែរ​។

មន្ត្រី​ការទូត​ ឯកអគ្គរដ្ឋទូត​ រាជទូត​​មក​ពី​ប្រទេស​ជាង​២០​រួម​មាន​ទាំង​សហរដ្ឋ​អាេម​រិក​ ចិន​ និង​អូស្ដ្រាលី ផង​ដែរ​​នោះ​​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​បិទ​ទ្វារ​នេះ​​​នៅ​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ចាប់​ផ្ដើម​​ដោយ​ការបិទ​ទ្វារ​នៅ​ម៉ោង​ជាង​៥។​ អ្នក​កាសែ​ត​មិន​​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចូល​រួម​ទេ លើក​លែង​តែ​ទូរ​​​ទស្សន៍​ជាតិ​កម្ពុជា​ប៉ុណ្ណោះ​។

អ្នក​ចូល​រួម​ម្នាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា លោក​ ស ខេង​ បាន​លើក​ឡើ​ងពី​ប្រធាន​បទ​ចំនួន​ប្រាំ​ដាច់​ដោយ​ឡែក​ពី​គ្នា​​ មុន​ពេល​មន្ត្រី​ការទូត​ទាំង​នោះអនុញ្ញាត​ឲ្យ​ទទួល​បាន​ឱកាស​ចូល​រួម​ “ជា​ថ្នូរ​” ។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ប្រធាន​បទ​ដែល​លោក​ ស ខេង​ បាន​លើក​ឡើង​ គឺ​លទ្ធផល​ប្រទាញ​ប្រទង់​គ្នា​នៃ​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ការ​ចរចា​ផ្នែក​នយោ​បាយ​​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ​​ក្រោយ​ពី​ការ​បោះឆ្នោ​ត ការ​បង្ក្រាប​​ក្នុង​ពេល​ថ្មីៗ​នេះ​លើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ ដី​កា​របស់​​តុលាការ​​កោះ​ហៅ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​និង​​លទ្ធភាព​នៃ​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នេះ​។

ប្រភព​នេះ​បាន​បន្ដ​ទៀត​ថា ​​​ចំណុច​ទី​១ “និយាយ​អំពី​ការ​បោះឆ្នោត​និង​ការ​បង្កើត​រដ្ឋសភា​។ នៅ​ត្រង់​ចំណុច​នោះ​លោក​បាន​លើក​ឡើង​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​​ថា ការ​បោះឆ្នោត​​បាន​ប្រព្រឹត្តិ​ទៅ​តាម​ច្បាប់​ ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ពេញ​ចិត្ត​ ហើយ​ថា ព្រះ​មហាក្សត្រ​បាន​អញ្ជើញ​គណប ក្ស​ទាំង​ពីរ​​ឲ្យ​ចូល​កាន់​មុខ​តំណែង​និង​និយាយ​គ្នា​​ដោយ​សន្ដិវិធី​”។

ពួក​គេ​បាន​លើក​ឡើង​ថា ចំណុច​ទី​២គឺ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អំឡុង​ការ​ចរចា​ ដែល​លោក​មាន​ប្រសាសន៍​ថា បាន​ចាប់​ផ្ដើម​ផ្ដោត​លើ​តំ ណែង​ប្រធាន​សភា​។ បន្ទាប់មក​ពួក​គេ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ឯករាជ្យ​​លើ​លទ្ធផល​បោះ​ឆ្នោត​ ហើយ​ការ​ទាមទារ​របស់​ពួក​គេ​បាន​បន្ត​ផ្លាស់​ប្ដូ​រ​ រួម​ទាំង​ឲ្យ​មន្ត្រី​គ.ជ.ប. និង​នាយក​រដ្ឋ​មន្ត្រី​ចុះ​ចេញ​ពី​មុខ​តំណែង​​ផង​ដែរ​។ ចំណុច​ទី​៣ គឺ​និយាយ​ពី​ការ​ផ្អាក​បាតុកម្ម​ជា​បណ្ដោះ​អាសន្ន​”។

កាលពី​ថ្ងៃសៅរ៍ រដ្ឋាភិបាល​បាន​​បញ្ជូន​​បុរស​ស្លៀក​ពាក់​សីុវិល​ប្រដាប់​ដោយ​​បំពង់​ទីប​​ ដំបង ដំបងឆក់​ និងពូថៅ​ ដើម្បី​​បោស​សម្អាត​បាតុករ​ឲ្យ​អស់​ចេញ​ពី​ទីលាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជធានីភ្នំពេញ​ ទីដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​យក​ធ្វើ​ជា​មូលដ្ឋាន​របស់​ខ្លួន​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ចុះចេញ​ពី​តំណែង​អស់​រយៈ​ពេល​បី​សប្ដាហ៍​ជាប់​គ្នា​។

ការ​បោស​សម្អាត​នេះ​ធ្វើ​ឡើ​ងមួយ​ថ្ងៃ​បន្ទាប់ពី​​កង​រាជអាវុធ​ហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​វែង​ AK-47 បាន​បាញ់​សម្លាប់​កម្មករ​​កម្មការិនី​រោងចក្រ​កាត់​ដេរ​​ ដែល​ធ្វើ​កូដកម្ម​ចំនួន​ប្រាំ​នាក់​អំឡុង​ពេល​បង្ក្រាប​ការ​តវ៉ា​​ដ៏​ចលាចល​មួយ​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​រោង​ចក្រ​កាត់​ដេរ​​ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​វេង​ស្រេង​ នៅ​ជាយ​រាជធានី​ភ្នំពេញ​​។ ចាប់​​តាំងពី​ពេលនោះ​មក​កម្លាំង​សមត្ថកិច្ច​​បាន​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំគ្នា​នៅ​តាម​ទីសាធារណៈ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា ​​​​“លោក​បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​ចាំបាច់​ក្នុង​ការ​ធានា​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ សន្ដិសុខ​ជាតិ​ ហើយ​ថា ពួក​គេ​ត្រូវ​បាន​ជំរុញ​ឲ្យ​ចាត់​​​វិធាន​​​ការ​ក្ដៅ​បន្ថែម​ទៀត​​ដូច​វិធានការ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​​ជា​ភស្ដុតាង​ស្រាប់។ សម្រាប់​​ហេតុផល​នេះ​​នឹង​រហូត​ដល់​ស្ថានភាព​​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ទើប​ពួក​គេ​យល់​ថា មាន​សារៈ​សំខាន់​​ក្នុង​ការ​បញ្ឈប់​បាតុកម្ម​​។​ លោក​បាន​មាន​ប្រសា​សន៍​ថា ពួកគេ​មាន​ការ​សោ​កស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​ជីវិតមនុស្ស​។

សំដៅ​ដល់​ប្រធាន​ និង​អនុប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​ និង​​ប្រធាន​សហព័ន្ធ​សហ​ជីព​កម្ពុជា ប្រភព​ដដែល​បាន​បន្ត​ទៀតថា “ចំណុច​ទី​៤ គឺ​វិធាន​ការ​​ផ្លូវ​ច្បាប់​របស់​ពួក​គេ​​ប្រឆាំង​លោក​ សម រង្ស៊ី លោក​ កឹម សុខា និង​លោក​ រ៉ុង​ ឈុន​”។ អ្នកទាំង​បី​ត្រូវ​បាន​​ព្រះរាជអាជ្ញា​កោះ​ហៅ​​ឲ្យ​ចូល​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ដើម្បី​​ធ្វើ​ការ​​សាក​សួរ​​នៅ​ថ្ងៃ​អង្គារ​​ចំពោះ​តួនាទី​របស់​ពួក​គាត់​នៅ​ក្នុង​ការ​ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ដែល​បាន​ផ្ទុះ​ឡើ​ង​កាល​ពី​សប្ដាហ៍​មុន​។

ប្រភព​ដដែល​បាន​បន្ត​ថា “[លោក​ ស ខេង​] បាន​​​មាន​​​ប្រសាសន៍ថា រឿង​នេះ​ត្រូវ​បាន​សម្រេច​ដោយ​សារ​តែ​សកម្មភាព​របស់​បុរស​បី​នាក់​ ដែល​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ ហើយ​ថា រដ្ឋាភិបាល​មាន​ការ​ប្ដេជ្ញា​ចិត្ត​អនុញ្ញាត​ឲ្យ​ប្រជាពល​រដ្ឋ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន​បាន​ក្នុង​ផ្លូវ​មួយ​ដែល​មិន​ប៉ះពាល់​ដល់​អ្នក​ដទៃប៉ុណ្ណោះ។នៅ​ពេល​វា​កើត​ឡើ​ង លោក​​​​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​​ត្រូវ​តែ​ចាត់​វិធាន​ការ​។

លោក​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា អ្នក​ទាំង​បី​នេះ​មិនត្រូវ​បាន​ចោទ​ប្រកាន់​ទេ​ ប៉ុន្តែ​គឺ​គ្រាន់តែ​កោះ​ហៅ​ទៅ​សាកសួរ​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើប​សួរ​ប៉ុណ្ណោះ​”។ ប្រភព​ដដែល​បាន​​លើក​ឡើ​ងថា លោក​ ស ខេង​ បាន​បញ្ចប់​សុន្ទរកថារបស់​លោក​​ដោយ​លើក​ឡើង​ថា ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​វិបត្តិ​នយោបា យ​នេះ​គឺ​ការ​ចរចា​​ដោយ​សន្ដិវិធី​រវាង​គណបក្ស​ទាំង​ពីរ​៕ សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស