កាលពីម្សិលមិញ និស្សិតច្បាប់ម្នាក់បានប៉ុនប៉ងដាក់ពាក្យបណ្តឹងទៅកាន់សាលារាជធានីភ្នំពេញដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់កោះត្រល់ និងកោះក្រចកសេះទៅឲ្យប្រទេសវៀតណាម។
និស្សិត នាង សុខុន អាយុ២៥ឆ្នាំ ដែលជាសមាជិកនៃក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា តុលាការបានបដិសេធមិនទទួលពាក្យបណ្តឹងរបស់ខ្លួនឡើយដោយលើកឡើងថា ពាក្យបណ្តឹងរបស់គាត់មិនទាន់ពេញលេញគ្រប់គ្រាន់។
និស្សិត សុខុន បាននិយាយថា “តុលាការមិនទទួលយកសំណុំរឿងរបស់ខ្ញុំទេ ហើយខ្ញុំមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធតុលាការកម្ពុជា”។ ដោយមិនព្រមបោះបង់ចោលការប៉ុនប៉ងរបស់ខ្លួន និស្សិត សុខុន បាននិយាយថា ខ្លួននឹងព្យាយាមដាក់ពាក្យបណ្តឹងម្តងទៀត។
ពាក្យបណ្តឹងមានខ្លឹមសារថា “ប្តឹងហ៊ុន សែន អាយុ៦៣ឆ្នាំដែលរស់នៅក្បែរវិមានឯករាជ្យតាមបណ្តោយផ្លូវសុរាម្រឹត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ពីបទផ្តល់កោះត្រល់និងកោះក្រចកសេះទៅឲ្យយួនដោយខុសច្បាប់ និងក្លែងបន្លំឯកសារសាធារណៈដោយឃុបឃិតជាមួយបក្ខពួករបស់លោកដើម្បីអនុញ្ញាតឲ្យយួនចូលមកក្នុង [ប្រទេសកម្ពុជា] ដោយខុសច្បាប់”។
កោះទាំងពីរនេះដែលត្រូវបានកាត់ទៅឲ្យប្រទេសវៀតណាមនៅដើមទសវត្សរ៍ឆ្នាំ១៩៨០គឺជាកោះដែលមានជម្លោះជាយូរមកហើយរវាងប្រទេសទាំងពីរ។
លោក ប្រាក់ សាវុធ ប្រធានក្រឡាបញ្ជីបានពន្យល់ពីហេតុមិនទទួលយកថា “នៅក្នុងពាក្យបណ្តឹងនេះ[លោក សុខុន] បានលើកឡើងថា ខ្លួនបានភ្ជាប់ភ័ស្តុតាងមួយចំនួនមកជាមួយមានដូចជា វីដេអូនិងរូបថត ប៉ុន្តែគាត់មិនបានភ្ជាប់ភ័ស្តុតាងទាំងនេះមកជាមួយពាក្យបណ្តឹងទេ។ យើងមិនដែលច្រានចោលពាក្យបណ្តឹងឡើយ”។
និស្សិត សុខុន ក៏បានដាក់ពាក្យប្តឹងអាជ្ញាធរដែរ បន្ទាប់ពីការបាញ់ប្រហារដែលបណ្តាលឲ្យអ្នកឈរតាមផ្លូវម្នាក់ស្លាប់អំឡុងការតវ៉ាមួយក្នុងខែវិច្ឆិកា៕ ស៊ុយឈាង