29.3 C
Phnom Penh

រដ្ឋាភិបាល​បដិសេធ​​ថា កង​កម្លាំងសន្តិសុខ​​ខណ្ឌ​មិន​បានប្រើ​អំពើ​ហិង្សាទៅលើ​​បាតុករ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​ដែល​រដ្ឋាភិបាល​បាន​បណ្តេញ​អ្នក​តវ៉ា​ដោយ​ហិង្សា​ចេញ​ពី​ទីលាន​ប្រជា​ធិប​តេយ្យ​កាល​ពីព្រឹក​ថ្ងៃ​សៅរ៍​ ដោយ​​ប្រើ​​មនុស្ស​​ជាង​១០០នាក់​ប្រដាប់​ដោយ​ដំបង​ដែក​ និង​ដំបងឈើ​នោះ​ រដ្ឋាភិបាល​មិន​បាន​​ប្រើ​កង​កម្លាំង​នគរបាល​ទេ​។

នៅពេល​សកម្មជន​ប្រឆាំង​ការ​បណ្តេញ​ចេញ​មួយក្រុម​មាន​គ្នា​ប្រាំនាក់​ត្រូវបានចាប់អូស​​ និង​រុញ​បញ្ចូល​រថយន្ត​​កាលពីព្រឹកម្សិលមិញ​ ហើយដឹក​យកទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​​នៅ​រាជ​ធានីភ្នំពេញ​នោះ​ ក៏​រដ្ឋាភិបាល​មិន​បាន​ប្រើកង​កម្លាំង​នគរបាល​ដែរ​។

ហើយ​កាលពីខែ​តុលា​ នៅពេល​ដែល​និស្សិត​ ស្ត្រី និង​ព្រះសង្ឃ​​ត្រូវ​បាន​វាយ​ពេល​កំពុង​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​លោក ម៉ៅ សុខចាន់​​ ជាអ្នក​ឈរមើល​ហេតុការណ៍​អាយុ​២៩​ឆ្នាំ ដែល​នគរបាល​បាន​បាញ់ស្លាប់​នៅ​ជិត​ស្ពានព្រះមុនីវង្ស​នោះ ​អ្នក​ដែល​បាន​រុញ​​​និង​ដាល់់​​មនុស្ស​ទាំង​នោះ​ ក៏​មិន​មែន​ជា​នគរ​បាល​ដែរ​។

នៅ​ក្នុង​ករណី​ទាំង​នេះ និង​ករណី​ច្រើន​ទៀត​ នៅពេល​ដែល​មាន​អំពើ​ហិង្សា​​លើ​រាង​កាយ​នោះ​ រដ្ឋាភិ​បាល​បាន​ប្រើ​មនុស្ស​វ័យ​ក្មេង​មួយ​ក្រុម​​ស្លៀក​ពាក់​​ឯកសណ្ឋាន​ពណ៌​ខៀវ​ពាក់​មួក​​សុវត្ថិភាព និង​កាន់​ដំបង​។

​នៅ​មុន​ការ​តវ៉ា​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ដែល​បាន​កើន​ឡើង​កាន់​តែខ្លាំង​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​ដ៏​ចម្រូង​ចម្រាសកាល​ពីខែ​កក្កដា​នោះ សន្តិសុខ​ខណ្ឌដូន​ពេញ​ដែល​មាន​ឯកសណ្ឋាន​ ពណ៌ខៀវ​ត្រូវ​បាន​គេ​ប្រើឲ្យ​ដេញ​មនុស្ស​ចេញ​ពីវាល​ស្មៅ​នៅ​តាម​មាត់​ទន្លេ​ និង​​រារាំង​អ្នក​លក់​ដូរ​នៅ​តាម​ផ្លូវ​មិន​ឲ្យ​បិទ​ផ្លូវ​។

ឥឡូវ​នេះ ពួកគេ​ធ្វើ​ជា​អង្គភាព​ពិសេស​នៅ​តាម​ផ្លូវ​​ ត្រូវ​បាន​ដឹក​យក​ទៅ​បង្ក្រាប​បាតុ​កម្ម​​ដោយ​ហិង្សា​ បំភិត​បំភ័យ​ប្រជា​ពល​រដ្ឋ​​ ហើយកាល​ពីម្សិលមិញ​​បាន​ចាប់​ទាញ​​ស្ត្រី​ជា​សកម្ម​ជន​ប្រាំនាក់​​ចេញ​ពី​មហាវិថី​ព្រះ​មុនី​វង្ស​។ ទោះបី​ជា​គោល​​បំណង​ផ្លូវ​ការ​របស់​​សន្តិសុខ​ខណ្ឌ​ គឺដើម្បី​កាត់​បន្ថយ​​បទ​ល្មើស​នៅ​តាម​សហ​គមន៍​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏ពួក​គេ​​បាន​ក្លាយ​ទៅ​ជា​មនុស្ស​គួ​រ​ឲ្យ​ភ័យ​ខ្លាច​។

លោក​ ចាន់ សុវ៉េត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៅ​អង្គការ​អាដហុក​បាន​មាន​ប្រសាសន៍ ​ថា “ត្រូវ​តែ​មាន​ការ​សើុប​អង្កេត​លើ​ការ​ប្រើ​​សន្តិសុខ​ខណ្ឌ​ឲ្យវាយ​ប្រជាជន​នេះ​ ហើយ​ត្រូវ​នាំពួកគេ​ទៅ​ផ្តន្ទាទោស។ ពួកគេ​មិន​មានការ​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ផ្នែក​ច្បាប់​ទេ​ ដូច្នេះ​ហើយ​ពួកគេ​​គ្មាន​​អំណាច​ផ្លូវ​ច្បាប់​ឲ្យ​អនុវត្ត​​វិធាន​ការ​បែប​នេះ​​ទេ​”។

លោកមេធាវី សុក សំអឿន ​ប្រធាន​គណៈ​កម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមា​គម​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍ថា  ទោះ​ជា​ពួកគេ​ស្លៀក​ពាក់​ឯកសណ្ឋាន​ កាន់​ដំបង​ និង​អនុវត្ត​ការងារ​នៅក្រោម​ការ​គ្រប់​គ្រង​ពេញ​លេញ​ពី​រដ្ឋាភិបាល​ក៏​ដោយ​​ ក៏​សន្តិ​សុខ​ខណ្ឌ​ មិន​មែនជា​មន្ត្រី​ច្បាប់​ដែរ​។ លោក សុក សំអឿ​ន បាន​មាន​ប្រសាសន៍​ថា “ពួកគេ​គិត​ថា ប្រសិន​បើ​ពួកគេ​បង្កើត​កង​កម្លាំង​នេះ​ និង​​មាន​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋាភិបាល​ វាគឺ​ជា​កង​កម្លាំង​ផ្លូវ​ការ​។ ប៉ុន្តែ តាម​ទស្សន​ច្បាប់ ​គ្មាន​ច្បាប់​ណា​មួយ​​ផ្តល់​អំណាច​ឲ្យពួកគេ​ឡើយ​”។

លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​សកម្មភាព​របស់​សន្តិសុខ​ខណ្ឌ​ទេ​​ ​រីឯ​អ្នក​នាំពាក្យ​សាលារាជ​ធានី​ភ្នំ​ពេញ​លោក ឡុង​ ឌីម៉ង់ បាន​បដិសេធ​ថា សាលារាជធានី​មិន​បាន​គ្រប់​គ្រង​សន្តិសុខ​ទាំង​នោះ​ទេ​ និង​​បដិសេធ​ថា ពួកគេ​មិន​​​​ដែល​​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្រៅ​ប្រព័ន្ធ​តុលាការ​ទេ​។

លោក​ អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍ថា “មនុស្ស​ ទាំង​នេះ​ប្រហែល​ជា​ពេញ​ចិត្ត​ធ្វើ​ការ​ងារ​មិន​ល្អនេះ​ជាង​”។ លោក​បាន​មាន​ប្រសាសន៍ថា មន្ត្រី​នគរ​បាល​ពិតប្រាកដ​ “ មិន​ចង់​ធ្វើ​ការងារ​ពិបាក​​មួយ​ចំនួន​ទេ​” ។ លោក​បាន​បន្ថែម​ថា តាម​​រយៈ​ការប្រើ​ប្រាស់​សន្តិសុខ​ខណ្ឌ​ ​រដ្ឋាភិ​បាល​ក៏បាន​​សន្សំ​​សំចៃ​លុយ​ដែរ ពីព្រោះ​​ពួកគេ​មាន​ប្រាក់​ខែ​តិច​ជាង​នគរបាល​។

លោក ខាលីល ថៃយ័រ​ អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​​ប្រចាំ​អាស៊ី​អាគ្នេយ៍​នៅ​បណ្ឌិត្យ​​សភា​ កង​កម្លាំង​ការពារជាតិ​អូស្ត្រាលី​បាន​មាន​​ប្រសាសន៍​ថា​ ការ​​ប្រគល់​ការងារ​ដ៏​ចម្រូង​ចម្រាស​របស់​ខ្លួន​ទៅ​ឲ្យ​សន្តិសុខ​ និង​​ជន​សីុវិល​​ជំនួស​ឲ្យ​កង​កម្លាំង​សន្តិសុខ​ផ្លូវការ​របស់​រដ្ឋ​នោះ រដ្ឋាភិបាល​នៅ​​​​តែ​បដិសេធ​ថា មិន​​បាន​ដឹង​។

លោក  ថៃយ័រ​  បានមាន​ប្រសាសន៍ថា រដ្ឋា​ភិបាល​ប៉ុន​ប៉ង​​គេច​ចេញ​ពីការ​បន្ទោស​ដោយ​ផ្ទាល់​​ចំពោះ​ទង្វើ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រជា​ជន​ប្រឆាំង​ស្ថាប័ន​រដ្ឋ​។​ លោក​បានមាន​ប្រសាសន៍ថា “ រដ្ឋាភិបាល​​ធ្វើ​ឲ្យ​បញ្ហា​​នេះ​មិន​ច្បាស់​លាស់​” ។ លោក​​មាន​ប្រសាសន៍​ថា “រដ្ឋាភិបាល​​មិន​អាច ​ឆ​បោក​អ្នក​ដទៃ​អំពី​អ្នក​​បញ្ជា​បាន ​ទេ​។ ប៉ុន្តែ រដ្ឋាភិបាល​ធ្វើ​ឲ្យ​​មាន​ភាព​មិន​ច្បាស់​លាស់​​ចំពោះកង​កម្លាំង​បំពេញ​ការ​ងារ​ និង​រារាំង​មិន​ឲ្យ​គេ​ថត​រូប​នគរបាល​​វាយ​បាតុ​ករ​”។ សូម្បី​តែ​មន្ត្រី​នគរបាល​ និង​កង​រាជអាវុធ​ហត្ថ​ជាន់​ខ្ពស់​ក៏​មិន​ដឹង​ថា ​មាន​ការ​ប្រើ​​អំពើ​ហិង្សា​​ពី​​សន្តិសុខ​​ទាំង​នេះ​ដែរ​។

លោក ម៉ក់ ជីតូ ស្នង​ការ​ស្តីទី​នគរបាល​រាជ​ធានីភ្នំពេញ​ដែល​បាន​ទទួលស្គាល់ថា នគរ​បាល​សហការ​ជាមួយ​សន្តិសុខ​ទាំង​នេះ​បាន​មាន​ប្រសាសន៍​ថា “ ពួកគេ​មិន​ត្រឹម​ត្រូវ​ទេ​នៅពេល​ដែល​ពួកគេ​វាយ​មនុស្ស។ ប៉ុន្តែ វា​ជា​​រឿង​តូចតាច​ ដូច្នេះ​យើង​បិទ​ភ្នែក​ខ្លះទៅ​”។ លោក ខេង​ ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធ​​ហត្ថ​បានមាន​ប្រសាសន៍ថា លោក​ក៏​មិន​ដឹង​ថា សកម្មភាព​របស់​សន្តិសុខ​ខណ្ឌ​​ត្រឹម​ត្រូវ​​តាម​​ច្បាប់​ ឬ​អត់​ដែរ។

លោក​ឧត្តម​សេនីយ​៍ត្រី ខេង​ ទីតូ បាន​មាន​ប្រសាសន៍​អំពី​ការដែល​សន្តិសុខ​ខណ្ឌ​វាយ​អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់​កាល​ពីខែ​តុលា​ និងវាយ​​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​នៅ​ចុង​សប្តាហ៍​នេះ​ថា “យើង​មិន​ដឹង​ច្បាស់​ថា តើ​វា​ត្រឹម​ត្រូវ​ ឬមិន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះ​ទេ​”។ លោក​បាន​មាន​ប្រសាសន៍ថា  “ ប្រសិន​បើ​មានការ​បង្ក​ឲ្យ​មាន​ស្នាម​របួស​ ជន​រង​គ្រោះអាច​ដាក់​ពាក្យ​ប្តឹងពួកគេ​ទៅ​តុលាការ​បាន។ ប៉ុន្តែ ជួនកាល​យើង​ចាត់​ទុក​ពួកគេ​ថា ជា​មន្ត្រី​មាន​សមត្ថកិច្ច​ដូច​យើង​ដែរ​ ដូច្នេះ​យើង​មិន​រារាំង​ពួកគេ​ទេ​”។

ទោះ​ជា​យ៉ាង​ណា​ លោកស្រី ណាលី ពីឡូក​ ប្រធាន​អង្គការ​លីកាដូ​ បានមាន​ប្រសាន៍​ថា ការ​ប្រើ​សន្តិសុខ​​នៅ​ក្នុង​បរិបទ​បែប​នេះ​​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​ទាល់​តែ​សោះ​។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ច្បាប់​ចែង​ថា មាន​តែ​នគរបាល​ កង​រាជ​អាវុធ​ហត្ថ​ និងតុលាការ​ទេ​ដែល​មាន​អំណាច​ចាប់ខ្លួន​ជន​ស៊ីវិល​។
លោ​​កស្រី​ ពីឡូក បាន​មាន​ប្រសាសន៍​ថា “សន្តិសុខ​ និង​ជនស៊ីវិល​ ពួកគេ​គ្មាន​​អំណាច​ចាប់ខ្លួន​ ឃាត់​ខ្លួន ឬ​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​ណាមួយ​ឡើយ​”៕គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស