37 C
Phnom Penh

អង្គការ​​សិទ្ធិមនុស្ស​​នៅ​ទី​​ក្រុង​ប៉ារីស​ថ្កោល​ទោស​ចំពោះការ​បាញ់​សម្លាប់​អ្នក​តវ៉ាពីសំណាក់​​​អាជ្ញាធរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​រួមមួយ​ដែល​បាន​​ចេញ​ផ្សាយ​ក្នុង​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ច័ន្ទ សហព័ន្ធ​​សិទ្ធិមនុស្ស​​អន្តរជាតិ​ (FIDH)​ ព្រម​ទាំង​​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​អាដ​​ហុក ​និង​លីកាដូ កាល​ពី​ថ្ងៃសុក្របាន​ថ្កោល​ទោស​ចំពោះ​​ការ​បាញ់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ដែល​បាន​​ធ្វើ​ការ​​តវ៉ាពី​សំណាក់​អាជ្ញាធរ​។

លោក ការីម ឡាហ៊ីធី ប្រធាន​ FIDH បាន​​លើកឡើង​នៅក្នុង​សេចក្តីថ្លែង​ការ​ណ៍​នោះ​ថា “ការ​បាញ់​សម្លាប់​បាតុករ​ពី​សំណាក់​អាជ្ញា​ធរ​​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​​បាន​ឡើយ។ រដ្ឋាភិបាល​ត្រូវ​តែ​ប្រើ​ប្រាស់​ការ​ចរចា មិន​មែន​ប្រើ​អាវុធ​ និង​ដំបង​ ដើម្បី​ដោះ​ស្រាយ​ការ​ទាម​ទារ​របស់​កម្មករ​ និង​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​​អ្នក​​ប្រឆាំង​ផ្នែក​​នយោបាយ​បែបនេះ​ឡើយ”។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ទៅលើ​កម្មករ​រោង​ចក្រកាត់​ដេរ​មួយ​ក្រុម​ដែល​ធ្វើការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​។ អ្នក​តវ៉ា​បាន​បិទ​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​គប់​ដុំថ្ម​ដាក់​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​បាញ់​កាំ​ភ្លើង​អាកា-៤៧តប​វិញ​ដោយ​ប្រើ​​គ្រាប់​ពិត​ធ្វើ​ឲ្យ​កម្មករ​ប្រាំ​នាក់​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ទៀត។ អង្គការ​អាដហុក​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ការ​បាញ់​សម្លាប់​នេះ។

លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​នេះ​ថា “រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​ ដោយ​ហ្មត់​ចត់ និង​ដោយ​ឯក​រាជ្យ​ចំពោះ​ការ​បាញ់​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករាកន្លង​មកនេះ ហើយ​​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​​ហេតុការ​ណ៍​នោះ”។

បើ​ទោះ​ណា​មាន​សាក្សី រូបថត​ និង​រូប​ភាព​ វីដេអូ​អំ​ពីការ​បាញ់​នោះ​ក៏ដោយ ក៏​លោក​ឧត្តម​សេនីយ៍ត្រី ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ ​អាវុធ​ហត្ថ​បាន​បដិសេធ​ថា កង​កម្លាំង​របស់​រដ្ឋាភិបាល​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់ នោះឡើយ ហើយ​បាន​លើក​ឡើង​​ថា ក៏មិន​មាន​​ការ​ស៊ើប​អង្កេត​​ពី​ហេតុការ​ណ៍​នោះ​ដែរ។​ ក្រសួង​ការ​បរទេស​បារាំង​ សមាជិក​សភា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរ​ទេស​អាមេរិក និង​អង្គការ​សហប្រជា​ជាត​ិ​ក៏បាន​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​របស់​​អាជ្ញាធរ​កាល​ពី​ពេល​ថ្មី​ៗនេះ​ដែរ៕​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស