34 C
Phnom Penh

សហជីព​ប្រាប់កម្មករ​​ទាំង​អស់​​ឲ្យ​ផ្អាក​កូដកម្ម​ជា​បណ្តោះ​អាសន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​នៅ​ពី​ក្រោយ​កូដកម្ម​នៅ​តាម​រោង​ចក្រកាត់​ដេរ​កាលពី​សប្តាហ៍​មុន បាន​លើក​ឡើង​ថា សមាជិក​មួយ​ចំនួន​ធំ​របស់​ខ្លួន​បាន​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​​នៅ​សប្តាហ៍​នេះ ប៉ុន្តែ ពួកគេ​មិន​បាន​ច្រាន​ចោល​លទ្ធ​ភាព​នៃការ​បន្ត​ធ្វើ​កូដកម្ម​​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​នៅ​ក្នុង​ខែ​នេះទេ។

កម្មករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​កូដកម្ម​ដោយ​ចាប់​ផ្តើមកាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដើម្បី​ទាម​ទារ​​សុំ​ដំឡើង​ទ្វេដង​លើ​ប្រាក់​ខែ​អប្បបរមា​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ឲ្យដល់​១៦០ដុល្លារ​ ជា​​កត្តា​បងំ្ខឲ្យ​រោង​ចក្រ​មួយ​ចំនួន​ក្នុង​ចំណោម​​​រោង​ចក្រ​ជាង​៥០០នៅ​ទូទាំង​ប្រទេស​ត្រូវ​បិទ​​ទ្វារ​ ហើយ​រោង​ចក្រ​ជាច្រើន​ទៀត​ត្រូវ​កាត់​បន្ថយ​ផលិតកម្ម​។

កូដកម្ម​នេះ​បាន​ផ្ទុះ​អំពើ​ហិង្សា​ នៅ​ពេល​កង​រាជអាវុធ​ហត្ថ​បាន​បើកការ​បាញ់​​ប្រហារ​តម្រង់​ទៅ​លើ​ក្រុម​បាតុករដែល​គប់​ដប​សាំង​ និង​ដុំថ្ម​ដាក់​សមត្ថកិច្ច​នៅ​ខាង​ក្រៅ​រោង​ចក្រ​​​​មួយ​​​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​សុក្រ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​​​បាត់​បង់​ជីវិត និង​ជាង​៤០នាក់​​​រង​របួស។

លោកស្រី ឆេង ឡាងអនុប្រធាន​សម្ព័ន្ធ​សហជីព​វាយន ភណ្ ឌឯករាជ្យ​ជាតិ​កម្ពុជា​​ ជា​សហជីព​មួយ​ក្នុង​ចំណោម​សហ​ជីព​ចំនួន​ប្រាំមួយ​នៅ​ពីក្រោយ​កូដ​កម្ម​នេះ​បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​ គិត​រហូតមក​​ទល់​នឹង​ថ្ងៃ​ច័ន្ទសប្តាហ៍​នេះ កម្មករ​កាត់​ដេរ​ប្រមាណ​៨០ ភាគរយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ជាង​ពាក់​កណ្តាល​​​នៅ​តាម​​បណ្តា​​​ខេត្ត​បាន​ត្រឡប់​ទៅ​ធ្វើការ​​នៅ​តាម​រោង​ចក្រ​របស់​ខ្លួន​វិញ​ហើយ​។

លោកស្រី​មាន​ប្រសាសន៍​ថា “កម្មករ​ភាគ​ច្រើន​បាន​វិល​ត្រឡប់ទៅ​​ធ្វើការ​វិញ​ហើយ​[កាលពី​ថ្ងៃ​ច័ន្ទ]”​។ លោកស្រី​លើក​ឡើង​ថា សហជីព​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​សមាជិក​របស់​ខ្លួន​វិល​ត្រឡប់​ទៅ​ធ្វើការវិញ​អំឡុង​ដើម​ខែ​នេះ ជា​ពេល​ដែល​រោ​ង​ចក្រ​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ហើយ​នឹង​សម្រេច​ក្នុង​ពេល​ឆាប់​ៗនេះថា តើ​នឹង​បន្ត​កូដកម្ម​របស់​ខ្លួន​ដោយ​វិធី ណា និង​នៅ​ពេល​ណា​។

លោកស្រី​មាន​ប្រសាសន៍​ថា “ ប្រធាន​[សហជីព​] របស់​ខ្ញុំ​មាន​គម្រោង​ជួប​ជាមួយ​មេដឹក​នំា​សហជីព​ផ្សេង​ៗទៀត​ដើម្បី​ពិភាក្សា​គ្នា​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​បន្ត​ធ្វើ​បាតុកម្ម​ ហើយ​យើង​នឹង​ធ្វើ​សន្និសីទ​កាសែត​​ក្នុង​បំណង​​ប្រាប់​សាធារណជន​ថា យើង​នឹង​មិន​លាក់​ខ្លួន​ ឬរត់​គេច​ពីការ​ចាប់​ខ្លួន​ឡើយ​” ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា ពួកគេ​មិន​ទាន់​កំណត់​កាលបរិច្ឆេទសម្រាប់​​កិច្ច​ប្រជុំ​នោះ​នៅ​ឡើយ​ទេ។

កាលពីថ្ងៃ​ទី​៣០ ខែ​ធ្នូ ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ដើម្បី​ផ្តល់​អនុ​សាសន៍ឲ្យ​លោក​ដកអាជ្ញាប័ណ្ណ​របស់​សហ​ជីពដែល​​នៅ​ពីក្រោយ​កូដកម្ម​ និង​ឲ្យ​កាត់​ទោស​មេដឹក​នាំ​សហជីព​ទាំង​នោះ​ទៅ​តាម​ច្បាប់​ ប្រសិន​បើ​ពួកគេ​មិន​បញ្ឈប់​កូដកម្ម។

ចាប់​តាំង​ពី​នោះ​មក ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក រ៉ុង​ ឈុន ប្រធាន​​សហ​​ព័ន្ធ​សហជីព​កម្ពុជា​ ឲ្យ​ចូល​ខ្លួនឆ្លើយ​បំភ្លឺ​ជុំវិញ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​កន្លែង​តវ៉ា​មួយ​ចំនួន​។

កាល​ពី​ម្សិលមិញ​ លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា លោកមិន​ទាន់​ដឹងថា ​តើ​នៅ​ពេល​បន្ទាប់​សហ​​ជីព​នឹង​ធ្វើ​អ្វី​នោះ​ទេ។ លោក​លើក​ឡើង​ថា “យើង​ចង់​ឲ្យ​កម្មករ​រក្សា​ភាព​ស្ងប់​ស្ងាត់​ ហើយ​យើង​មិន​ទាន់​ដឹង​ពី​ផែនការ​បន្ទាប់​របស់​យើង​នៅ​ឡើយ​ទេ”។

ទោះ​ជាយ៉ាង​ណា​ លោក​មាន​ប្រសា​សន៍​ថា ​លោក​នឹង​គោរព​តាម​ដីកាកោះ​ហៅ​របស់​​សាលា​ដំបូង​រាជធានីភ្នំពេញ ចុះ​ថ្ងៃ​ទី​៤​ ខែ​មករា ហើយ​បាន​បដិសេធ​ការ​អះអាង​ក្នុង​ពេល​ថ្មី​ៗនេះ​ដោយ​សហជីព​មួយ​ទៀត​ដែល​បាន​លើក​ឡើង​ថា លោក​បាន​សម្ងំ​លាក់​ខ្លួន​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​កន្លង​មក​នេះ។ លោក​បានមាន​​ប្រសាសន៍​ថា គេ​មិន​អាច​ទាក់​ទង​លោក​បាន​ដោយ​សារ​តែ​ថ្ម​ទូរស័ព្ទ​របស់​លោក​​ខូច​។

លោក អ៊ូម វិសាល មន្ត្រី​ផ្នែក​ច្បាប់​នៅ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅកាត់​ថា ស៊ីខៅឌូ ក៏​បាន​អះ​អាង​ដែរ​ថា បាតុកម្ម​នឹង​បន្ត​ដើម្បី​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ និង​ដើម្បី​ប្រឆាំង​ការ​បាញ់​សម្លាប់​បាតុករ​កាលពី​ថ្ងៃសុក្រ​។

លោក​បាន​ថ្លែង​ថា “កម្មករ​បាន​សន្យា​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​អាជ្ញាធរ​ ពីព្រោះ​ពួកគេ​បាន​ប្រើ​ប្រាស់​អាវុធ​សម្លាប់​បាតុករ​ដៃ​ទទេ ហើយ​យើងមិន​អាច​ទទួល​យក​ចរិត​ឃោរ​ឃៅ​បែប​នេះ​បាន​ឡើយ​។ យើង​មិន​បញ្ឈប់​ការ​តវ៉ា​ទេ យើង​គ្រាន់​តែ​អនុញ្ញាត​ឲ្យ​កម្មករ​សម្រាក​ប៉ុណ្ណោះ​ ដើម្បី​រង់​ចាំ​សេចក្តីសម្រេច​ពី​កិច្ច​ប្រជុំ​បន្ទាប់​របស់​យើង​”។

លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោង​​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ ​​មាន​ប្រសា​សន៍​ថា កម្មករ​រោង​ចក្រកាត់​ដេរចន្លោះ​ពី​៥០​ទៅ​៦០ភាគរយ​បាន​ចូល​ធ្វើការ​វិញ​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​ថា កូដកម្ម​បាន​ឈាន​ដល់​​ទី​បញ្ចប់​ហើយ។ លោក​មាន​ប្រសាសន៍បន្ត​​​​​ថា “អ្វី​ដែល​យើង​បារម្ភ​រហូត​មក​ទល់​ពេល​នេះ​បាន​ចប់​ហើយ​”។

ពាក់​ព័ន្ធ​ចំណុច​ថា ​តើ​កម្មករ​​ធ្វើ​កូដកម្ម​គួរ​តែ​ទទួលបាន​ប្រាក់​ឈ្នួល​សម្រាប់​ពេល​ដែល​​ពួកគេ​មិនបាន​បំពេញ​ការងារ​ ឬ​យ៉ាង​ណា​នោះ​ លោក កែន លូ ​​​ បាន​បញ្ជាក់​​ថា ជំហរ​របស់​​សមា​គម​​រោង​ចក្រកាត់ដេរ​នៅ​កម្ពុជា​ ដែល​ផ្អែក​លើ​ច្បាប់​ការងារ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺ​នៅ​តែ​ដដែល​។

លោក​មាន​ប្រសាសន៍​ថា “គោលការណ៍​ជាមូលដ្ឋាន​របស់​យើង​គឺ​ច្បាស់​លាស់​ណាស់។ មិន​ធ្វើការមិន​បាន​លុយ”។ លោក​លើក​ឡើង​​ថា សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាសជូន​ដំណឹង​ដល់​​សមាជិក​របស់​ខ្លួនដើម្បី​​ផ្តល់​អនុសាសន៍​ដល់​ពួកគេ​ពាក់​ព័ន្ធ​ច្បាប់​នេះ និង​កុំ​ឲ្យ​ពួកគេ​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​សម្រាប់​ពេល​ដែល​ពួកគេ​មិន​បាន​បំពេញការងារ។

លោក​បាន​មាន​ប្រសាសន៍​ថា សមាគម​នេះ​ក៏​បាន​ជួប​ប្រជុំ​គ្នា​ដែរ​កាលពី​ព្រឹក​ម្សិល​មិញ​ដើម្បី​វាយ​តម្លៃ​ពីទំហំ​​ខូច​ខាត​ដែល​បាតុករ​​បាន​បង្ក​ឡើង​ទៅ​លើ​រោង​ចក្រ​នានា​ ដើម្បី​ត្រៀម​ទាមទារ​ប្រាក់​សំណង​នៅ​ក្នុង​ពាក្យ​បណ្តឹង​ក្នុង​ពេល​ឆាប់​ៗ​របស់​ខ្លួន​ប្តឹង​សហជីព​ទាំង​នេះ​។

តំណាង​សហជីព​បាន​លើក​ឡើង​ថា ពេល​​នេះ​មិន​ទាន់​អាចនិយាយបាន​​​ថា តើ​រោង​ចក្រ​​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​ខ្លះ​ ឬ​ទាំង​អស់​សម្រាប់ពេល​ដែល​ពួកគេ​មិន​បាន​បំពេញ​ការងារ​ឬ​យ៉ាង​ណាទេ។

លោកស្រី ឆេង ឡាង​ អនុប្រធាន​សម្ព័ន្ធ​សហជីព​វាយនភណ្ឌ​ឯករាជ្យជាតិ​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា លោកស្រី​ទទួល​បាន​ដំណឹង​ពី​សមាជិក​ម្នាក់​មក​ពី​ខេត្ត​ព្រៃវែងថា រោង​ចក្រ​​នៅ​ទីនោះបើក​​ប្រាក់ឈ្នួល​ឲ្យ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ សម្រាប់​រយៈពេល​បី​ថ្ងៃ​ដែល​ពួកគេ​មិន​បាន​បំពេញការងារ​។

លោក ប្រាក់​ ចាន់​ធឿន អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ដោះ​ស្រាយ​កូដកម្ម​ បាត​ុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ ​បា​ន​យល់​ស្រប​នឹង​សមាគម​រោងចក្រកាត់​ដេរ​នៅកម្ពុជា​ថា រោង​ចក្រ​មាន​សិទ្ធិ​មិន​​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​សម្រាប់​ពេលដែល​​ពួកគេ​ចូល​រួម​ធ្វើកូដកម្ម។

ប៉ុន្តែ​ លោក​បាន​មាន​ប្រសាសន៍​ថា ក្រសួង​ នឹង​ផ្តល់អនុសាសន៍ ឲ្យរោង​ចក្រ​ទាំង​នោះ​​​បើក​ប្រាក់​ឈ្នួល​ឲ្យ​កូដករ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ចំនួន​ដែរ​ សម្រាប់​ថ្ងៃ​ដែល​ពួកគេ​មិន​បានបំពេញ ការ​ងារ​ក្នុង​បំណង​ទប់​ស្កាត់ភាព​​​ចលាចល​បន្ថែម​ទៀត​។

ក្រសួង​ការងារ​គ្រោង​នឹង​ជួប​ចរចា​ជា​មួយ​សហជីព​នៅ​ថ្ងៃ​នេះ​ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ឈប់​ធ្វើកូដកម្ម​បន្ត​ទៀត ​ប៉ុន្តែ​បាន​ពន្យារ​ពេលជំនួប​នេះ​ដោយ​សារ​តែ​លោក​ អ៊ិត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជាប់​រវល់។

សមាគម​រោង​ចក្រកាត់ដេរ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ស្ថាន​ភាពចលាចល​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ បាន​ធ្វើ​ឲ្យ​រោងចក្រ​ខាត​បង់​ប្រាក់​ប្រមាណ​២០០លាន​ដុល្លារ​ ហើយ​ការ​បញ្ជា​ទិញ​ពី​រោង​ចក្រ​ទាំងនេះនឹងធ្លាក់​ចុះ​រហូត​ដល់​៣០ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ៕ សុខុម

(រាយការ​ណ៍​បន្ថែម​ដោយ  Zsombor Peter )

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស