38 C
Phnom Penh

គ្រូ​បង្រៀន​​​​​​ដែល​​​ជា​​​សមាជិក​​​សមាគម​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​​​​​នឹង​ធ្វើកូដកម្មទាម​ទារ​ដំឡើង​ប្រាក់​ខែ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រូ​បង្រៀន និងសមាគមគ្រូ​បង្រៀន​កម្ពុជា​​​​​​​ឯក​រាជ្យ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា គ្រូ​បង្រៀន​​នៅ​ទូ​ទាំង​ប្រទេស​នឹង​ចាប់​ផ្តើម​​​​ធ្វើ​​​​​​កូដកម្ម​ឡើង​វិញ​នៅ​ថ្ងៃនេះ​ ដើម្បី​​​​​ទាម​ទារ​ដំឡើង​ប្រាក់​ខែឲ្យ​បាន​​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​។

គ្រូ​បង្រៀន​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​យ៉ាង​​​ហោច​ណាស់​ក្នុង​ខេត្ត​ចំនួន​ប្រាំទៀត​ កាល​ពី​ថ្ងៃច័ន្ទ​បាន​ចាប់​ផ្តើម​ធ្វើ​កូដ​កម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​បន្ទាប់ពី​ លោក រ៉ុង​ ឈុន ប្រធាន​សមា​​​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​​​​​​​កាល​ពី​សប្តាហ៍មុន។ ទោះ​​​ជា​​​​យ៉ាងណា កូដ​កម្ម​កាល​ពី​ថ្ងៃច័ន្ទ​មិន​ត្រូវ​បាន​សម្រប​សម្រួល​​ទេ ​បន្ទាប់ពី​លោក រ៉ុង ​​ឈុន នៅតែ​មិន​អាច​ទាក់ទង​​បាន​​អស់​រយៈ​​​​​​​​​ពេល​បី​ថ្ងៃហើយ​​​​ចាប់​​​តាំង​​​​ពី​ចុង​​សប្តាហ៍​​​​មក​​​។

កាល​ពីសប្តាហ៍​មុន លោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យមក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៤​​ ខែមករា ជុំវិញការ​ចោទ​ប្រកាន់​ទាក់​​​ទង​​​ទៅ​នឹង​សកម្មភាព​របស់​លោក​​។ ដោយ​​សំដៅដល់​ព័ត៌មាន​​ដែល​ថា កម្លាំង​សន្តិសុខ​ត្រូវ​បាន​​ដាក់​ពង្រាយ​នៅ​តាម​សាលា​​​​រៀន​យ៉ាង​ហោច​ណាច់​ចំនួន​ពីរ​ដែល​មាន​កូដកម្ម​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ លោក រ៉ុង​ ឈុន បាន​មាន​ប្រសាសន៍​ កាល​ពីម្សិល​​​មិញថា “យើង​នឹង​បន្ត​ធ្វើ​កូដ​កម្ម​ទៀត​ ប៉ុន្តែ យើង​កំពុង​តែ​ពិនិត្យ​មើល​ស្ថានភាព​។

ប្រសិន​​​​​​​​​​​​​បើ​ពួកគេ​ដាក់​ពង្រាយ​កង​កម្លាំង​បន្ថែម​នោះ​ យើង​នឹង​ប្រាប់​​ [គ្រូបង្រៀនទាំងអស់] ឲ្យ​នៅ​ស្ងៀម​ស្ងាត់​ ហើយ​អង្គុយ​ក្នុង​ថ្នាក់​​រៀន ប៉ុន្តែ​​​កុំ​បង្រៀន​”។ ​គ្រូ​​ប​ង្រៀនមួយ​ចំនួនដែល​​​​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​​បន្ទាប់​ពី​​​​មិន​​​បាន​​​ដឹង​​​ពី​​​លោក រ៉ុង  ឈុន កាល​ពីថ្ងៃ​ច័ន្ទ​នោះ មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​កាលពីម្សិលមិញដោយ​​លើក​ឡើង​​​​ថា ពួកគាត់​នឹង​ធ្វើ​កូដកម្ម​រហូ​ត​ដល់​​រដ្ឋាភិបាល​​​​​​​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ខ្លួន​។

គ្រូបង្រៀន​ម្នាក់ឈ្មោះ​ ​អ៊ុក ឆាយ៉ាវី ជា​សមា​ជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បង្រៀន​នៅ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា “ [ថ្ងៃ​នេះ​]​ ខ្ញុំ​មិន​បង្រៀន​ទេ ហើយ​ថ្ងៃ​បន្ទាប់​ខ្ញុំ​នឹង​ទៅ​សាលា​រៀន​ តែ​ខ្ញុំ​មិន​​បង្រៀន​”។ គាត់បាន​មាន​ប្រសាសន៍ថា “យើង​នឹង​ធ្វើ​​កូដកម្ម​រហូត​ដល់​រដ្ឋាភិបាល​ផ្តល់​ប្រាក់​​ខែ​គោល​ដល់​ពួកយើង​ឲ្យ​បាន​​២៥០​ដុល្លារ​”។

មាន​គ្រូបង្រៀន​ចំនួន​៨៧.០០០នាក់​បង្រៀន​នៅ​តាម​សាលា​ចំនួន​១១.៣៧០​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មាន​សមាជិក​ច្រើន​ជាង​១០.០០០នាក់​។

លោក សេង ធី ជា​គ្រូបង្រៀន​នៅ​សាលា​បឋ​មសិក្សា​ នរោត្តម រណប្ញទ្ធិ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ​បាន​មាន​ប្រសា​សន៍​ថា គ្រូ​​​បង្រៀន​ចំនួន​៣៨​នាក់​​នៅ​ទី​នោះ​​សម្រេច​ជា​ឯកច្ឆន្ទ​ថានឹង​ធ្វើ​កូដកម្ម​។ លោក សេង ធី បាន​មាន​ប្រសាសន៍​ថា “នាយក​សាលា​បាន​ប្រាប់​យើង​ថា មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​កូដកម្ម ប៉ុន្តែ ប្រសិន​​បើ​យើង​ទាំង​អស់​គ្នា​រួបរួម​គ្នា តើ​គេ​អាច​ធ្វើ​អ្វី​ពួកយើង​បាន​?”។

លោក រស់​ សាលីន ប្រធាន​ខុទ្ទ​កាល័យ​ក្រសួង​អប​រំ​​មាន​ប្រសាសន៍​ថា គ្រូ​បង្រៀន​​​​​​​ទាំង​អស់​តម្រូវឲ្យ​​បង្រៀន​នៅ​ថ្ងៃ​នេះ​​។ លោក​បាន​មាន​ប្រសាសន៍ថា “ [ថ្ងៃ​នេះ​] គឺ​ជាថ្ងៃ​ធ្វើការ​…គ្រូ​បង្រៀន​ទាំង​អស់​ត្រូវ​មក​បង្រៀនដូច​​ធម្មតា​”។ លោក​បាន​បន្ថែម​ថា “ក្រសួង​នឹង​ធ្វើការ​ពន្យល់​អំពី​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដោយ​សារ​ការ​ធ្វើ​កូដកម្ម​របស់​ [គ្រូ​បង្រៀន] ហើយ​យើង​មិន​ទាន់​មាន គម្រោង​ផ្សេង​បន្ទាប់​ពី​​​នេះឡើយ​”៕សារុន
(រាយ​ការណ៍​បន្ថែម​ដោយ អូន ភាព​)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស