កាលពីម្សិលមិញ អ្នកគ្រប់គ្រងនិងម្ចាស់ហាងវៀតណាមមួយចំនួនក្នុងរាជធានីភ្នំពេញបានឲ្យដឹងថា ពួកគេកំពុងតែព្រួយបារម្ភខ្លាចក្រែងហាងរបស់ខ្លួនក្លាយជាគោលដៅនៃការប្រើអំពើហិង្សារបស់អ្នកតវ៉ាដែលសុទ្ធតែមានអារម្មណ៍ស្អប់ជនជាតិវៀតណាមនោះ ប៉ុន្តែពួកេគបានលើកឡើងថា ខ្លួននៅតែបន្តបើកហាងរបស់ខ្លួនជាធម្មតាក្នុងពេលបច្ចុប្បន្ន។
អ្នកស្រី អ៊ុយ ធារី អ្នកគ្រប់គ្រងហាងមួយឈ្មោះថា គឹម លាន ដែលបានបើកកាលពីែខតុលា ហើយលក់ទំនិញដែលនាំចូលពីប្រទេសវៀតណាមនៅតាមបណ្តោយផ្លូវលេខ៩០ បាននិយាយថា “ ខ្ញុំព្រួយបារម្ភ ប៉ុន្តែខ្ញុំនៅតែបើកលក់ជាធម្មតា”។
អ្នកស្រីបានបន្ថែមថា “ អំឡុងការតវ៉ាកាលពីសប្តាហ៍មុន ខ្ញុំបានបិទហាងរបស់ខ្ញុំមួយថ្ងៃ ព្រោះខ្ញុំខ្លាចអ្នកតវ៉ាមួយចំនួនមកវាយកម្ទេចហាងរបស់ខ្ញុំ”។
អ្នកស្រី ធារី អាយុ៤១ឆ្នាំ បានលើកឡើងថា អ្នកស្រីនឹងនៅតែបើកហាងរបស់ខ្លួនប្រសិនបើអ្នកតវ៉ាមិនធ្វើដំណើរមកជិតហាងរបស់អ្នកស្រីឬក៏មិនមានអំពើហិង្សាទៀត។
អ្នកស្រីបាននិយាយថា “ ប្រសិនបើការតវ៉ារីកកាន់តែធំ ខ្ញុំនឹងបិទហាងរបស់ខ្ញុំ”។ គួររំឭកថា អ្នកស្រី ធារី បានចាកចេញពីប្រទេសវៀតណាមមកប្រទេសកម្ពុជាអស់រយៈពេលប្រហែល១២ឆ្នាំកន្លងមកហើយ ប៉ុន្តែអ្នកស្រីបានបដិសេធមិនប្រាប់ឈ្មោះ វៀតណាមរបស់អ្នកស្រីឡើយ។
នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការតវ៉ាប្រឆាំងជនជាតិវៀតណាមមានការកើនឡើងនៅក្នុងចំណោមអ្នកតវ៉ាដែលគាំទ្រគណបក្សប្រឆាំងនិងកម្មករកាត់ដេរដែលបានធ្វើកូដកម្មទូទាំងរាជធានីភ្នំពេញ។ គណបក្សសង្គ្រោះ ជាតិបានប្រឆាំងជនអន្តោប្រវេសន៍វៀតណាមដែលគ្មានលិខិតបញ្ជាក់ច្បាស់លាស់ ហើយបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា មិនយកចិត្តទុកដាក់នឹងបញ្ហានេះ។
កាលពីថ្ងៃសុក្រ នៅពេលអ្នកតវ៉ាចំនួនប្រាំនាក់ត្រូវបានបាញ់សម្លាប់និងជាង៤០ផ្សេងទៀតរងរបួសដោយការបាញ់ប្រហារពីសំណាក់កងរាជអាវុធហត្ថនៅតាមបណ្តោយផ្លូវវ៉េងស្រេងនោះ ក្រោយមកមានអ្នកតវ៉ាដាច់ដោយឡែកមួយក្រុមផ្សេងទៀតបានវាយកម្ទេចហាងកាហ្វេវៀតណាមយ៉ាងតិចមួយកន្លែងនៅក្នុងតំបន់នោះ។
លោក សុខ មីន អាយុ២៧ឆ្នាំជាម្ចាស់ហាងកាហ្វេនេះបាននិយាយថា ការវាយកម្ទេចហាងរបស់ខ្លួនគឺមានជាប់ពាក់ព័ន្ធនឹងការស្អប់ខ្ពើមពូជសាសន៍ ព្រោះរូបគេជាជនជាតិវៀតណាម ម្ចាស់ហាងជនជាតិវៀតណាមរូបនេះក៏បានលើកឡើងដែរថា ក្រុមអ្នកតវ៉ាមិនវាយកម្ទេចហាងណាដែលមិនមែនជារបស់ជនជាតិវៀតណាមឡើយ។
ម្ចាស់ហាងវៀតណាមនៅផ្សារកណ្តាលក្នុងរាជធានីភ្នំពេញ ជាទីកន្លែងដែលមានហាងវៀតណាមយ៉ាងច្រើននោះមិនសូវជាមានការព្រួយបារម្ភទេកាលពីម្សិលមិញ។
ម្ចាស់ហាងធ្វើសក់មួយស្ថិតនៅផ្សារកណ្តាលឈ្មោះ សុខ ចិន្តា អាយុ២៧ឆ្នាំបាននិយាយថា “ យើងនឹងនៅតែបន្តបើកហាងរបស់យើងជាធម្មតាទោះបីជាអ្វីបានកើតឡើងនៅក្នុងប្រទេសក៏ដោយ។ ខ្ញុំដឹងអំពីការតវ៉ា ហើយខ្ញុំដឹងថា ការតវ៉ានេះបានបន្តជារៀងរាល់ថ្ងៃ”។
ម្ចាស់ហាងម្នាក់ទៀតដែលបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួនព្រោះខ្លាចមានការសងសឹកបាននិយាយថា “ ខ្ញុំព្រួយបារម្ភអំពីការតវ៉ា ប៉ុន្តែនេះជារឿងធម្មតា។ ខ្ញុំត្រូវតែបន្តធ្វើការដើម្បីរស់”៕ ស៊ុយឈាង